ស្ថាប័នអាស៊ីសេរី ស្វាគមន៍ការដោះលែងអតីតបុគ្គលិកពីរនាក់របស់ខ្លួន ប៉ុន្តែនៅតែចាត់ទុកថា របបលោក ហ៊ុន សែន រំលោភសេរីភាពសារព័ត៌មាន ដោយសារការចាប់ និងឃុំខ្លួនអ្នកទាំងពីរទាំងអយុត្តិធម៌ ដែលរបបនេះ មិនគួរធ្វើតាំងពីដំបូង។
នាយករបស់ស្ថាប័នអាស៊ីសេរីទាំងមូល ដែលគ្រប់គ្រងការផ្សាយជា ៩ភាសា រួមទាំងវិទ្យុអាស៊ីសេរីជាភាសាខ្មែរផង អ្នកស្រី លីប៊ី លូ (Libby Liu) គាំទ្រការដោះលែងអតីតបុគ្គលិកអាស៊ីសេរី ជាភាសាខ្មែរពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ប៉ុន្តែ អ្នកស្រីនៅតែចាត់ទុកថា អ្នកទាំងពីរមិនទទួលបានយុត្តិធម៌ តាំងពីដំបូងមកម្ល៉េះ។
នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី២១ ខែសីហា អ្នកស្រី លីប៊ី លូ បង្ហាញការសាទរ លាយឡំនឹងការខកចិត្ត ជុំវិញការចាប់ខ្លួនអ្នកទាំងពីរនេះ៖ «យើងស្វាគមន៍ការដោះលែងអ្នកទាំងពីរ ប៉ុន្តែ យើងក៏ត្រូវទទួលស្គាល់ដែរ ថា អតីតអ្នកសារព័ត៌មានទាំងពីរនាក់នេះ មិនគួរណាគេចាប់ឃុំខ្លួន តាំងពីដំបូងមកម្ល៉េះ។ អ្នកទាំងពីរ ត្រូវគេឃុំឃាំងក្នុងពន្ធនាគារ ជាច្រើនខែ ដោយរស់យ៉ាងលំបាកវេទនា គ្មានគ្រួសារនៅក្បែរ គ្មានថ្នាំសង្កូវព្យាបាលជំងឺគ្រប់គ្រាន់ គ្មានប្រាក់ចំណូល និងរស់នៅក្នុងស្ថានភាពអស់សង្ឃឹមយ៉ាងយូរ។ ការយកនរណាម្នាក់ ដែលធ្វើការជាអ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជា មកធ្វើជាមុខសញ្ញា ដើម្បីធ្វើទុក្ខបុកម្នេញ និងការបំភិតបំភ័យ វាគឺជាការរំលោភបំពាន ដល់សិទ្ធិសេរីភាព ផ្នែកសារព័ត៌មាន យ៉ាងច្បាស់ក្រឡែត។ បើផ្អែកទៅតាមអ្វីដែលកំពុងវិវត្តចុងក្រោយនេះ យើងសង្ឃឹមថា រាល់បទចោទប្រឆាំងនឹងអ្នកទាំងពីរ នឹងត្រូវទម្លាក់ចោល និងលើកលែងការចោទប្រកាន់ពួកគាត់ជាបន្ទាន់»។
អតីតអ្នកយកព័ត៌មានអាស៊ីសេរី ទាំងពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ បានត្រឡប់ទៅជួបជុំគ្រួសារវិញ កាលពីយប់ថ្ងៃទី២១ ខែសីហា ក្រោយពីត្រូវបានដោះលែង នៅល្ងាចថ្ងៃដដែល។
ទោះបីជាអ្នកទាំងពីរ ត្រូវបានតុលាការដោះលែងមែន ប៉ុន្តែការដោះលែងនេះ គឺជាការអនុញ្ញាត ឲ្យនៅក្រៅពន្ធនាគារ ជាបណ្ដោះអាសន្នប៉ុណ្ណោះ។ បទចោទប្រឆាំងពួកគាត់ ទាំងប៉ុន្មាន គឺនៅដដែល។ ពេលនេះ អ្នកទាំងពីរ ត្រូវបានតុលាការ ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ដែលមានន័យថា ពួកគាត់នៅតែរងការរឹតត្បិតសិទ្ធិសេរីភាពជាច្រើន រួមទាំងការមិនអនុញ្ញាត ឲ្យផ្លាស់លំនៅឋានដោយគ្មានការអនុញ្ញាត ពីចៅក្រមស៊ើបសួរ មិនត្រូវចេញទៅក្រៅប្រទេស ត្រូវបង្ហាញខ្លួននៅសប្ដាហ៍ទី១ ជារៀងរាល់ខែ នៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យជាដើម។ ក្នុងករណីអ្នកទាំងពីរ មិនបានអនុវត្តតាមការបង្គាប់នេះ ពួកគាត់អាចនឹងត្រូវចាប់ខ្លួនឡើងវិញ។
គិតត្រឹមថ្ងៃដែលត្រូវបានដោះលែង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ អ្នកទាំងពីរបានជាប់ឃុំក្នុងពន្ធនាគារព្រៃស អស់រយៈពេល ២៨០ថ្ងៃ ឬជាង៩ខែ ដោយមិនទាន់ទទួលបានការជំនុំជម្រះនៅឡើយ។ ម្យ៉ាងទៀត ក្នុងរយៈពេលឃុំខ្លួនយ៉ាងយូរនេះ តុលាការគ្មានបង្ហាញភស្តុតាង ដើម្បីដាក់បន្ទុកលើអ្នកទាំងពីរ ប៉ុន្តែ នៅតែមិនព្រមទម្លាក់ចោលការចោទប្រកាន់។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អំពាវនាវឲ្យរបបលោក ហ៊ុន សែន ទម្លាក់បទចោទប្រកាន់ទាំងស្រុង ដើម្បីឲ្យអ្នកទាំងពីរ មានសេរីភាពពេញលេញដូចដើមវិញ។ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃទី២២ ខែសីហា ថាការដោះលែង លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ឲ្យបាននៅក្រៅឃុំ បណ្ដោះអាសន្ន គឺបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំងពីរ ពិតជាគ្មានកំហុសអ្វីទាំងអស់។ ដូច្នេះអ្នកទាំងពីរ គួរតែត្រូវបានលើកលែងការចោទប្រកាន់ ដើម្បីឲ្យពួកគាត់មានសិទ្ធិសេរីភាពពេញលេញ ដូចជាពលរដ្ឋទូទៅឡើងវិញ។
ចំណែកនាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចូលរួមត្រេកអរជាមួយក្រុមគ្រួសារលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ដែលបានជួបជុំគ្នាវិញ។ ប៉ុន្តែ លោកខកចិត្ត ចំពោះការឃុំខ្លួន និងចោទប្រកាន់អ្នកទាំងពីរ ទាំងអយុត្តិធម៌បែបនេះ។ លោក ប្រ៊ែដ អាដាម នៅតែប្រកាន់ជំហរថា គ្មានរឿងអ្វី ដែលត្រូវគេចាប់ខ្លួន អ្នកទាំងពីរ តាំងពីដំបូងមកម្ល៉េះ ព្រោះពួកគាត់គ្មានបានប្រព្រឹត្តិកំហុសអ្វីទាំងអស់ ហើយការចោទប្រកាន់លើពួកគាត់ទៀតសោត គឺជាការប្រឌិតឡើង ដើម្បីធ្វើបាបពួកគាត់ប៉ុណ្ណោះ។ លោកបន្តថា គ្រាន់តែធ្វើជាអ្នកកាសែត និងរាយការណ៍ព័ត៌មានពិត តើមានកំហុសអី? ដូច្នេះ ចំពោះលោក ហ៊ុន សែន ឲ្យតែនរណា ធ្វើជាអ្នករាយការណ៍ព័ត៌មាន ឲ្យអាស៊ីសេរី នៅស្រុកខ្មែរ គឺដឹងតែមានទោសទាំងអស់ ឲ្យគាត់ចង់ចាប់។
លោក ប្រ៊ែដ អាដាម ស្នើឲ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលរាល់ការចោទប្រកាន់ ដែលលោកបញ្ជាក់ថា ជាការចោទក្លែងក្លាយ និងគ្មានមូលដ្ឋាន មកលើអ្នកទាំងពីរ នេះដែរ៖ «ការដោះលែងអ្នកទាំងពីរ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ គឺជាល្បែងរបស់លោក ហ៊ុន សែន ក្នុងការបន្តលេង ដើម្បីជាការគំរាមកំហែង ដល់អ្នកទាំងពីរ និងអ្នកសារព័ត៌មានឯទៀត ឲ្យនៅបន្តភ័យខ្លាចរហូត។ នៅពេលណាដែលលោក ហ៊ុន សែន មិនសប្បាយចិត្ត គាត់ច្បាស់ជាឲ្យគេចាប់ខ្លួនអ្នកទាំងពីរម្ដងទៀតភ្លាម តាមតែអំពើចិត្ត»។
របបលោក ហ៊ុន សែន រងការរិះគន់យ៉ាងខ្លាំង ថាបានយកប្រព័ន្ធតុលាការ មកធ្វើជាឧបករណ៍នយោបាយ ដើម្បីធ្វើទុក្ខបុកម្នេញអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និង គណបក្សប្រឆាំង ដើម្បីលោក ហ៊ុន សែន អាចបន្តក្រាញអំណាច បានយូរតទៀត។
ភ្លាមៗក្រោយរបបនេះ រងការថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មបន្ថែម ពីសហគមន៍អន្តរជាតិ ដោយសារការរៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាស និងត្រូវបានគេចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ គ្រាន់តែបង្គ្រប់កិច្ចនោះ របបនេះចាប់ផ្ដើមដោះលែងអ្នកជាប់ឃុំជាបណ្តើរៗ ដែលអ្នកវិភាគយល់ថា របបនេះ ប្រហែលជាចង់បន្ធូរស្ថានការណ៍តានតឹង និងសម្ពាធអន្តរជាតិ។
ទោះជាយ៉ាងនេះក្តី មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី នៃរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន អះអាងថា ការដោះលែងអ្នកជាប់ឃុំណាមួយ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ និងគ្មានការលូកលាន់ ពីស្ថាប័ននីតិប្រតិបត្តិនោះឡើយ។ លោក ផៃ ស៊ីផាន បន្ថែមថា របបនេះគ្មានរងឥទ្ធិពលអ្វីទាំងអស់ ពីសហគមន៍អន្តរជាតិ។
ប៉ុន្តែ លោក ប្រ៊ែដ អាដាម ហៅការចាប់ខ្លួន និងដោះលែងមនុស្សតាមតែអំពើចិត្តបែបនេះ មិនអាចធ្វើឲ្យសហគមន៍អន្តរជាតិ ព្រមជឿតាមល្បិចកលរបស់លោក ហ៊ុន សែន នោះឡើយ។ លោកថា សហគមន៍អន្តរជាតិ ស្គាល់លោក ហ៊ុន សែន ច្បាស់ណាស់ ថា ជាមេដឹកនាំផ្ដាច់ការ និងអាក្រក់។ លោកថា អ្វីដែលរបបលោកហ៊ុន សែន ត្រូវធ្វើ គឺត្រូវឈប់ធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង ដែលតវ៉ា និងរិះគន់តាមបែបប្រជាធិបតេយ្យ និងមិនត្រូវចាប់គេដាក់គុក ដោយគ្រាន់តែប្រើសេរីភាពបញ្ចេញមតិ ដែលធានាដោយច្បាប់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
