របប​ក្រុងភ្នំពេញ​ច្រាន​ចោល​កង្វល់​អ្នកស្រី រ៉ូណា ស្មីត ជុំវិញ​ដំណើរការ​ក្តី​លើ​មន្ត្រី​បក្ស​ប្រឆាំង

ដោយ អាស៊ីសេរី
2020-11-27
Share
ជិន ម៉ាលីន ៩២២ លោក ជិន ម៉ាលីន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​២២ មេសា ២០២០។
រូប​ថត​ពី​ហ្វេសប៊ុក​អង្គភាព​​អ្នកនាំពាក្យ​រដ្ឋាភិបាល

មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ​ច្រានចោល​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជុំវិញ​កង្វល់​អំពី​ការរំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ក្នុង​ដំណើរការ​ក្តី​លើ​សកម្មជន​បក្ស​ប្រឆាំង​ជាង ១០០នាក់។

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​លើ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា​ថា សេចក្ដី​ថ្លែងការណ៍​របស់​អ្នកស្រី រ៉ូណា ស្មីត គឺជា​ការចោទប្រកាន់​ដដែលៗ​ដោយ​គ្មាន​មូលដ្ឋាន​។ លោក​ថ្លែង​ការពារ​ថា សមត្ថកិច្ច​មាន​មូលដ្ឋាន​ច្បាប់​រឹងមាំ និង​ច្បាស់លាស់​ក្នុង​ដំណើរការ​នីតិវិធី​លើ​សកម្មជន​បក្ស​សង្គ្រោះជាតិ។ លោក​បញ្ជាក់​ថា ការ​ចេញ​ដីកា​ជា​បន្តបន្ទាប់​ថ្មីៗ​នេះ អាច​ស្ថិត​ក្នុង​គោលដៅ​នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​តុលាការ​ដើម្បី​ពន្លឿន​នីតិវិធី មិនមែន​ក្នុង​គោលដៅ​ធ្វើទុក្ខបុកម្នេញ ឬ​រឹតត្បិត​សិទ្ធ​សេរីភាព​របស់​សកម្មជន​នយោបាយ​នោះ​ទេ​។ លោក​អះអាង​ទៀត​ថា សិទ្ធិ​ទទួល​បាន​យុត្តិធម៌ និង​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់ ត្រូវ​បាន​ធានា​យ៉ាង​ពេញលេញ​ដល់​សកម្មជន​បក្ស​ប្រឆាំង តាមរយៈ​ការ​ផ្ដល់​មេធាវី​ការពារ​ក្តី​ឱ្យ​ពួកគេ​។ លោក ជិន ម៉ាលីន ជំរុញ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​ចូលរួម​ក្នុង​នីតិវិធី​តុលាការ ជាជាង​បដិសេធ និង​រត់គេច​ខ្លួន។

មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ​លើកឡើង​បែបនេះ ឆ្លើយតប​ទៅ​នឹង​អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត ដែល​បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា​ថា ដំណើរការ​ក្តី​ប្រឆាំង​នឹង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នោះ ទំនងជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បំភិតបំភ័យ និង​បំបាក់មុខ​គូប្រជែង​របស់​រដ្ឋាភិបាល។ អ្នកស្រី​បន្ត​ថា ដំណើរការ​ក្តី​នេះ​ទំនងជា​កើត​ចេញពី​ហេតុផល​នយោបាយ ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ និង​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ទទួល​បាន​សវនាការ​ដោយ​យុត្តិធម៌។

អ្នកវិភាគ​នយោបាយ​ចាស់​វស្សា និង​ជា​អ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជំនាញ​ផ្នែក​ច្បាប់ បណ្ឌិត ឡៅ ម៉ុងហៃ សង្កេត​ឃើញ​ថា ការយល់ឃើញ​ខុសគ្នា​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ គឺ​ដោយសារ​អ្នក​រិះគន់​យក​មូលដ្ឋាន និង​ក្របខ័ណ្ឌ​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ក្នុ​ងប្រទេស​ប្រជាធិបតេយ្យ​សេរី​មក​វាយតម្លៃ។ ចំណែក អ្នក​វាយបក​វិញ និយាយ​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់ និង​នីតិរដ្ឋ​ក្នុង​ប្រទេស​កុម្មុយនិស្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល