ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិបានព្រមានថា ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងគ្រាមានអាសន្ននឹងអាចត្រូវអាជ្ញាធរ ប្រើប្រាស់ដើម្បីរំលោភសិទ្ធិឯកជន រឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិដោយសេរី និងការជួបប្រជុំដោយសន្តិវិធី។ ចំណែកគណបក្សប្រឆាំងវិញថា សេចក្ដីព្រាងនេះ នឹងត្រូវប្រើប្រាស់ដើម្បីរក្សាអំណាចត្រកូលហ៊ុន។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលនិយាយថា ច្បាប់នេះគឺដើម្បីការពារសេចក្ដីសុខរបស់ពលរដ្ឋនៅទូទាំងប្រទេស។
អ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសិទ្ធីមនុស្សនៅកម្ពុជាអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថា វិធានការនានាដែលដាក់ចេញក្នុងស្ថានភាពមានអាសន្នត្រូវតែជាការចាំបាច់នឹងសមាមាត្រទៅនឹងវិបត្តិនានាដែលត្រូវស្វែងរកដំណោះស្រាយ។
អ្នកស្រីបារម្ភថា ច្បាប់នឹងអាចត្រូវបានយកមកប្រើដើម្បីរំលោភសិទ្ធិមនុស្សឯកជន រឹតត្បិតដោយមិនចាំបាច់នូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពខាងសមាគម និងសិទ្ធិជួបប្រជុំដោយសន្តិវិធី។
ចំណែកគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៧ មេសា នេះ បានចាត់ទុកសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពមានអាសន្ននេះ គឺក្នុងគោលបំណងដើម្បីការពារអំណាចរបស់លោក ហ៊ុន សែន និងក្រុមគ្រួសារ ជាជាងការពារផលប្រយោជន៍ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជាទាំងមូល។
គណបក្សប្រឆាំងមួយនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការរបស់ខ្លួនថា ការណ៍ដែលលោក ហ៊ុន សែន យកលេសថា បង្កើតសេចក្តីព្រាងច្បាប់នេះដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ គ្រាន់តែជាលេសបិទបាំងបំណងទុច្ចរិតរបស់ខ្លួនប៉ុណ្ណោះ ដែលចេតនាពិតប្រាកដច្បាប់នេះគឺដើម្បីបង្ក្រាបការតវ៉ានានាក្នុងពេលដែលលោក ហ៊ុន សែន ផ្ទេរអំណាចទៅឱ្យលោក ហ៊ុន ម៉ាណែត។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បញ្ជាក់ថា នៅក្នុងពេលព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៩៧ដើម្បីបណ្ដេញព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិចេញពីមុខដំណែងលោក ហ៊ុន សែន មិនដែលធ្វើច្បាប់ដាក់ប្រទេសកម្ពុជាឱ្យស្ថិតក្នុងស្ថានភាពគ្រាមានអាសន្នទេ។ ប៉ុន្តែពេលនេះ ច្បាប់នេះគឺដើម្បីផ្ទេរអំណាចទៅឱ្យកូនប្រុសរបស់លោកគឺលោក ហ៊ុន ម៉ាណែត៖ «គាត់ឆ្លៀតឱកាសនៅពេលដែលកំពុងរីករាលដាលនៃជំងឺនេះ គឺគាត់ត្រូវតែជំរុញឱ្យធ្វើច្បាប់នេះសម្រាប់ប្រើប្រាស់នៅពេលដែលអ្នកណាហ៊ានប្រឆាំងនឹងគាត់ពេលដែលគាត់ផ្ទេរអំណាចទៅឱ្យកូនគាត់តែប៉ុណ្ណោះ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ការពារសេចក្ដីព្រាងច្បាប់ដាក់ប្រទេសជាតិក្នុងស្ថានភាពគ្រាមានអាសន្ននេះគឺធ្វើឡើងដើម្បីប្រយោជន៍ដល់សាធារណៈ និងសមស្របទៅតាមច្បាប់ជាតិ និងអន្តរជាតិ។លោក ជិន ម៉ាលីន ចាត់ទុកសេចក្ដីថ្លែងការណ៍បក្សប្រឆាំងថា គឺជាការរិះគន់យ៉ាងងងឹតងងុល ហើយខុសពីខ្លឹមសារនៃគោលបំណងដើមនៃច្បាប់ដែលកម្ពុជាកំពុងតែធ្វើនេះ៖ «ជាគោលការណ៍ច្បាប់សិទ្ធិមនុស្សអន្តរជាតិគេអនុញ្ញាតឱ្យមានការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋមួយចំនួននៅក្នុងស្ថានភាពគ្រាមានអាសន្នដើម្បីបម្រើផលប្រយោជន៍សាធារណៈ ហើយការរៀបចំច្បាប់របស់កម្ពុជាគឺបំពេញទៅតាមលក្ខខណ្ឌនិងគោលការណ៍មានបញ្ញត្តិនៅក្នុងច្បាប់ទាំងអស់នោះ»។
មេបញ្ជាការកងទ័ពជើងគោកលោក ហ៊ុន ម៉ាណែត និងជាកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរងការចោទប្រកាន់ថា អាចនឹងក្លាយជាអ្នកទទួលអំណាចពីលោក ហ៊ុន សែន នាពេលខាងមុខបានបដិសេធមិនឆ្លើយសំនួរជាមួយអាស៊ីសេរីតាមទូរស័ព្ទ៖ «ហើយបើសួរអីទៀតមិនបាច់សួរទេ សួរម៉ាត់ហ្នឹងចុះ អរគុណ»។
សមាជិកព្រឹទ្ធសភានៃរបបក្រុងភ្នំពេញ កាលពីថ្ងៃទី១៧ មេសា បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្ដីពីការប្រទេសក្នុងគ្រាមានអាសន្ន។ ព្រឹទ្ធសភានឹងបញ្ជូនច្បាប់នេះទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យធម្មនុញ្ញភាព មុននឹងថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រះហត្ថលេខា ជាជាច្បាប់។ ទោះបីយ៉ាងណាព្រះមហាក្សត្រដែលកំពុងពិនិត្យសុខភាពនៅចិន នឹងមិនចុះព្រះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នេះទេ គីទុកឱ្យប្រមុខរដ្ឋ ជាប្រធានព្រឹទ្ធសភា និងអនុប្រធានគណបក្សប្រជាជាតិកម្ពុជា ជាអ្នកធ្វើជំនួស។ គណបក្សសង្គ្រោះជាតិ បានថ្វាយព្រះមហាក្សត្ររួចហើយ កុំឱ្យចុះព្រះហត្ថលេខាលើច្បាប់ដ៏ចម្រូងចម្រាសមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
