អ្នក​ជំនាញ​ អ.ស.ប ​ព្រួយបារម្ភ​រឿង​រដ្ឋាភិបាល​បន្ត​និន្នាការ​បង្ក្រាប​សំឡេង​ប្រឆាំង

ដោយ មាន ឫទ្ធិ
2019-06-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(រូប​កណ្ដាល) ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ក្នុង​ជំនួបជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា កាល​ពីថ្ងៃ​ទី៧ ឧសភា ២០១៩។
(រូប​កណ្ដាល) ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ក្នុង​ជំនួបជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា កាល​ពីថ្ងៃ​ទី៧ ឧសភា ២០១៩។
Photo courtesy of Special Rapporteur Cambodia

មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ព្រួយបារម្ភ​រឿង​រដ្ឋាភិបាល​បន្ត​បំបិទ និង​បង្ក្រាប​សំឡេង​ប្រឆាំង។ ពួកគេ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ស្ដារ​ស្ថានភាព​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ និង​ងាក​មក​រក​វប្បធម៌​សន្ទនា។ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល បាន​សំដែង​ការ​សោកស្ដាយ​ចំពោះ​ការ​លើកឡើង​នេះ ដោយ​ចាត់ទុកថា ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) និង​អ្នករាយការណ៍​ពិសេស​ស្ដីពី​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​នៃ​ការ​បញ្ចេញ និង​សម្ដែង​មតិ លោក ដាវីដ ខេយ៍ (David Kaye) លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញផ្សាយ​ថ្ងៃទី១៩ មិថុនា ថា ខ្លួន​មាន​កង្វល់​ចំពោះ​និន្នាការ​កើន​ឡើង​នៃ​ការគាបសង្កត់​ដោយ​រដ្ឋាភិបាល ទៅលើ​សំឡេង​ប្រឆាំង។ មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ​ទាំងពីរ​រូប​នេះ ហៅ​និន្នាការ​នេះ​ថា ទំនងជា​ការប៉ុនប៉ង​របស់​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ ក្នុង​ការ​បំភិតបំភ័យ ឬ​បំបិទ​សំឡេង​ក្រុម​អ្នកនយោបាយ​គណបក្សប្រឆាំង។អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ទាត់ចោល​កង្វល់​ដែល​លើកឡើង​ដោយ​មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ​នា​ពេល​នេះ​។ លោក​ហៅ​ការ​លើក​ឡើង​​នេះ​​ថា ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ថា​គណបក្សប្រឆាំង​នៅ​កម្ពុជា ពុំ​មាន​សិទ្ធិ​សេរីភាព​នោះ។ ដោយ​មិន​និយាយ​សំដៅ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​គណបក្សប្រឆាំង​នោះ សម្រាប់​លោក ផៃ ស៊ីផាន លោក​ថា គណបក្សប្រឆាំង​នៅ​កម្ពុជា ដែល​ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ផ្ដល់ និង​ពិគ្រោះ​យោបល់​នោះ កំពុងតែ​ប្រតិបត្តិ​ដោយ​សេរី​នៅ​កម្ពុជា៖ «ជា​ការ​សោកស្ដាយ​មួយ ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​វា​ប្រាសចាក​ពី​ការពិត ហាក់បីដូចជា​មានបំណង​លាក់បាំង​អ្វីមួយ​។ ចំណុច​ទី​មួយ ដែល​លើកឡើង​ថា មាន​ការ​បិទ​សេរីភាព​ចំពោះ​គណបក្សប្រឆាំង គឺ​ខុស​ទាំងស្រុង​តែម្ដង ដ្បិត​អី កម្ពុជា​ហ្នឹង គណបក្ស​ប្រឆាំង​កំពុងតែ​ប្រតិបត្តិការ​ដោយ​សេរី ហើយ​គណបក្សប្រឆាំង​ដែល​ជា​សមាជិក​នៃ​ឧត្ដមក្រុមប្រឹក្សា​ផ្ដល់​យោបល់ ទទួល​បាន​ប្រាក់​បំណាច់​ថែមទៀត​ដើម្បី​ធ្វើ​ចលនា​នយោបាយ​របស់​លោក​។ រីឯ​គណបក្ស​មួយទៀត ដែល​គេ​ហៅថា គណបក្ស​ដែល​ត្រូវ​បាន​រម្លាយ​ដោយ​តុលាការ​កំពូល ជា​រឿង​ដាច់ដោយឡែក​នោះ​ទេ​។ មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​គណបក្សប្រឆាំង​នៅ​កម្ពុជា​នោះ​ទេ»

កង្វល់ និង​ក្ដី​ព្រួយបារម្ភ​របស់​មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ​នៅ​ពេល​នេះ កើត​មាន​ឡើង ក្រោយ​ពេល​ដែល​អាជ្ញាធរ និង​តុលាការ​នៃ​របប​ក្រុងភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ជា​បន្តបន្ទាប់​សរុប​ជាង ១៤០​នាក់ ជុំវិញ​ករណី​ដែល​ពួកគេ​បាន​ប្រមូល​ផ្តុំ​គ្នា​ហូប​នំ​បញ្ចុក និង​ត្រៀមខ្លួន​ចាំ​ទទួល​មេដឹកនាំ​របស់​ខ្លួន​ត្រលប់​ចូល​ស្រុក​វិញ។ អាជ្ញាធរ​របប​ក្រុងភ្នំពេញ ហៅ​ការ​ជួបជុំ​នេះ ជា​ទង្វើ​ផ្ទុយ​នឹង​សាលដីកា​តុលាការ​កំពូល ដែល​បាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ។

យ៉ាងណាក៏ដោយ មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ​ទាំងពីរ​រូប​នេះ គូស​បញ្ជាក់​ថា ពួកគេ​មាន​កង្វល់​អំពី​ការប្រើប្រាស់​ច្បាប់ព្រហ្មទណ្ឌ ដើម្បី​ដាក់​គោលដៅ​ទៅលើ​ការ​និយាយ​ស្តី​ដោយ​សេរី ទាំង​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត និង​ទាំង​នៅ​ក្នុង​សង្គម​ធម្មតា​។ មន្ត្រី​ជំនាញ​ទាំងពីរ​រូប​នេះ​គូស​បញ្ជាក់​ថា ការ​រឹតត្បិត​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ត្រូវ​តែ​មាន​ដែន​កំណត់ និង​ត្រូវ​កំណត់​និយមន័យ​ឱ្យ​បាន​ច្បាស់លាស់ ហើយ​ថា ការណ៍​គ្រាន់តែ​គាំទ្រ​មេដឹកនាំ​នយោបាយ មិន​ស្ថិត​ក្រោម​ការកំណត់​បែប​​នោះ​ឡើយ។

មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ​ទាំងពីរ​រូប​នេះ ហៅ​ការ​កោះហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ទ្រង់ទ្រាយ​ធំ​នេះ ថា​ទំនងជា​ធ្វើឡើង​ផ្ទុយ​នឹង​គោលការណ៍​ស្ដីពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ជាពិសេស​គោលការណ៍​សិទ្ធិ​ស្មើ​គ្នា និង​សិទ្ធិ​មាន​ពេលវេលា និង​មធ្យោបាយ​គ្រប់គ្រាន់​សម្រាប់​ការ​ត្រៀម​ការពារ​ខ្លួន​របស់​ពួកគេ​ក្នុង​ពេល​មានដំណើរ​ការ​តតាំង​ក្ដីក្ដាំ​នៅ​ចំពោះ​មុខ​ច្បាប់។

មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ​ទាំងពីរ​រូប​នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល ឱ្យ​ស្ដារ​និន្នាការ​នៃ​ការ​ធ្លាក់​ចុះ​បច្ចុប្បន្ន ជាពិសេស​ពាក់ព័ន្ធ​នឹង​សិទ្ធិ​នយោបាយ និង​សេរី​ភាពជា​មូលដ្ឋាន​។ ពួកគេ​ក៏​មិន​ភ្លេច​ដាស់តឿន​រដ្ឋាភិបាល ឱ្យ​ងាក​មក​ដឹកនាំ​ផ្ដោត​លើ​វប្បធម៌​សន្ទនា​ជាជាង​ផ្ដោត​លើ​បញ្ហា​បុគ្គល ដើម្បី​ធានា​ថា​ កម្ពុជា​មាន​សន្តិភាព​យូរអង្វែង និង​ការអភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

khmer military men+1,750,000 layoff workers will overthrow tmil Hun Sen after the EBA/GPS sanctionc coming

If,tmil Hun Sen rogue govm't lose EBA/GPS sanctions then everything will turn upside down,specially the 1,750,000 khmer workers who get layoff will do mass protest to against this fascist govm't and pressure him to step down or resign immediately.Otherwise,all khmer the military units will uprising to overthrow this fascist dictator regime and bring him to face a justice.

Jun 20, 2019 10:22 AM

គេហទំព័រ​ទាំងមូល