មន្ត្រី​ជាន់​ខ្ពស់​អ.ស.ប​ស្នើ​​ឲ្យ​ពិនិត្យ​ករណី​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​មណ្ឌល​ស្ដារ​នីតិសម្បទា​កម្ពុជា

ដោយ សេក បណ្ឌិត
2017-11-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ។
ជនអនាថា​​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ។
Photo: RFA

ប្រធាន​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ប្រចាំ​នៅ​កម្ពុជា ស្នើ​ឲ្យ​ពិនិត្យ​ករណី​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​នៅ​កម្ពុជា និង​ត្រូវ​មាន​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ស្វាគមន៍​ចំពោះ​សំណើរ​នេះ និង​គាំទ្រ​ឲ្យ​ដាក់​វិធានការ​មាន​ប្រសិទ្ធភាព ខណៈ​ពួកគេ​សង្កេត​ឃើញ​ថា មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស។

​ក្តី​កង្វល់​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស​នេះ បាន​លើក​ឡើង​នៅ​ចំពោះ​មុខ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី កាល​ពី​ថ្ងៃ​ពុធ ទី​២៩ ខែ​វិច្ឆិកា។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កត្តា អ៊ន បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ជំនួប​រវាង​លោក កែវ រ៉េមី ជាមួយ​ប្រធាន​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក សៃមិន វ៉កគើរ៍ (Simon Walker) ថា ប្រធាន​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​រូប​នេះ ទទួល​បាន​របាយការណ៍​អំពី​ករណី​រំលោភ​សិទ្ធិមនុស្ស និង​បញ្ហា​ជា​ច្រើន​ទៀត​នៅ​ក្នុង​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា ជាពិសេស​មណ្ឌល​នៅ​ព្រៃស្ពឺ ក្នុង​រាជធានី​ភ្នំពេញ។ អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​កម្ពុជា  សន្យា​ថា នឹង​ឆ្លៀត​ពេល​ចុះ​ទៅ​ដោយ​ផ្ទាល់ ដើម្បី​ពិនិត្យមើល​មជ្ឈមណ្ឌល​ស្តារនីតិសម្បទារ​ទាំង​នោះ។

​ទាក់ទង​ករណី​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគមន៍​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា  អង្គការ​របស់​លោក​ធ្លាប់​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន ថា​មាន​ធ្វើ​ទារុណកម្ម​នៅក្នុង​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ស្នើ​ឲ្យ​មានការ​កែប្រែ​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​ទាំង​អស់ និង​រៀបចំ​ឲ្យ​ក្លាយ​ជា​កន្លែង​បន្សាប​គ្រឿង​ញៀន ព្រម​ទាំង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាដើម៖ «»។

នៅ​ក្នុង​ចំណោម​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​ទាំង​អស់ គឺ​មណ្ឌល​អប់រំ​វិជ្ជាជីវៈ​ព្រៃ​ស្ពឺ រង​ការ​រិះគន់​ថា មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​មាន​ការ​ធ្វើ​ទារុណកម្ម​លើ​អ្នក​ជាប់​ឃុំ។

​ស្ត្រី​ម្នាក់​ដែល​លួច​រត់​ចេញ​ពី​មណ្ឌល​ព្រៃ​ស្ពឺ បាន​ថ្លែង​មិន​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​អាស៊ីសេរី ដឹង​ថា មន្ត្រី​ធ្វើ​ការ​នៅ​ក្នុង​មណ្ឌល​ព្រៃស្ពឺ តែងតែ​ប្រើ​ហិង្សា​លើ​អ្នក​ជាប់ឃុំ ឬ​អ្នក​ដែល​ត្រូវ​គេ​យក​ទៅ​ឲ្យ​រស់​នៅ​ទី​នោះ។ លោកស្រី​បន្ត​ថា លើស​ពី​នេះ​ទៀត នៅ​ទីនោះ​ក៏ មាន​ករណី​មនុស្ស​ស្លាប់​ដោយ​អត់​អាហារ និង​គ្មាន​ការព្យាបាល​ជំងឺ​ត្រឹមត្រូវ​ជាដើម៖ «»។

​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rohna Smith)  កាល​ពី​អ្នកស្រី​មក​បំពេញ​ទស្សនកិច្ច​ក៏​បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា មណ្ឌល​សង្គមកិច្ច​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា មណ្ឌល​អប់រំ​វិជ្ជាជីវៈ​ព្រៃស្ពឺ មាន​ស្ថានភាព​អាក្រក់​ជាង​មុន។ អ្នកស្រី រ៉ូណា ស្មីត  ដែល​បាន​ចុះ​ទៅ​អង្កេត​នៅ​ទីនោះ​និយាយ​ថា មណ្ឌល​ព្រៃស្ពឺ មាន​មនុស្ស​រស់​នៅ​ច្រើន​ចង្អៀត​ណែន។  អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​រស់​នៅ​ក្នុង​មណ្ឌល​ព្រៃស្ពឺ មិន​ទទួល​បាន​សេវា​ថែទាំ​បាន​ត្រឹមត្រូវ​នោះ​ទេ។

​មណ្ឌល​នេះ​បាន​ទាញ​ការ​ចាប់​អារម្មណ៍​ដល់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ឲ្យ​កែប្រែ​ស្ថានភាព​គ្រប់គ្រង។ ប៉ុន្តែ​នៅ​តែ​មាន​សេចក្ដី​រាយការណ៍​ជា​បន្ត​បន្ទាប់​មក​ថា នៅក្នុង​មជ្ឈមណ្ឌល​នេះ​នៅតែ​បន្ត​ធ្វើ​ទារុណកម្ម អំពើ​ហិង្សា និង​ផ្ដល់​អាហារ​ហូបចុក​មិន​គ្រប់គ្រាន់​ដល់​អ្នក​ជាប់​ឃុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល