ពលរដ្ឋ​ខ្មែរ​ម្នាក់​ទើប​បាន​ចូល​សញ្ជាតិ​អាមេរិក ក្រោយ​បញ្ជូន​ត្រឡប់​ពី​កម្ពុជា

អតីតជន​ភៀសខ្លួន​ខ្មែរ​ម្នាក់ ដែល​មាន​ទោស​ពី​បទ​ជួញដូរ​គ្រឿងញៀន បាន​ស្បថ​ចូល​ជា​សញ្ជាតិ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា។

លោក ភន ទេ​ម (Phorn Tem) អាយុ ៣៨​ឆ្នាំ ត្រូវ​បាន​កាសែត The Sacramento Bee ដកស្រង់​សំដី​ថា ខ្លួន​មិន​នឹក​ស្មាន​ថា ត្រូវ​បាន​បញ្ជូន​ត្រឡប់​ពី​កម្ពុជា និង​បាន​ចូលសញ្ជាតិ អាមេរិក​នោះ​ទេ​។ លោក​ត្រូវ​បាន​បញ្ជូន​មក​សហរដ្ឋ​អាមេរិក​វិញ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្រោយពី​សមត្ថកិច្ច​អន្តោប្រវេសន៍ និង​គយ (ICE) បាន​បញ្ជូន​ទៅ​កម្ពុជា កាលពី​ខែ​តុលា ឆ្នាំ​២០១៧។

ទេម គឺជា​ជនភៀសខ្លួន​ម្នាក់ ក្នុងចំណោម​៤​នាក់ ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​សហរដ្ឋអាមេរិក​វិញ។ កាលពី​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ កន្លង​មក​នេះ អតីតជន​ភៀសខ្លួន​ខ្មែរ​ម្នាក់ គឺ​លោក ធី ជា អាយុ ៥០​ឆ្នាំ ក៏បាន​វិលត្រឡប់ មក​ជួប​ជុំ​ក្រុម​គ្រួសារ ក្នុង​រដ្ឋ​ម៉ាស្សាឈូសេត (Massasuchett) សហរដ្ឋអាមេរិក​វិញ ក្រោយពី​សមត្ថកិច្ច​អន្តោប្រវេសន៍​អាមេរិក បញ្ជូន​ទៅ​កម្ពុជា ជិត​២​ឆ្នាំ។

ទេម កើត​នៅ​ជំរំ​ជនភៀសខ្លួន ខ្មែរ​នៅ​ព្រំដែន​កម្ពុជា​និង​ថៃ​។ ក្រុម​គ្រួសារ​លោក​បាន​មក​រស់នៅ​ក្នុង​រដ្ឋ​កាលីហ្វរនីញ៉ា (California) សហរដ្ឋអាមេរិក នៅ​ពេល ទេម អាយុ​ទើបបាន​៥​ឆ្នាំ​។ កាលពី​អាយុ ២៤​ឆ្នាំ ទេម ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ពី​បទ​ជួញដូរ​គ្រឿងញៀន​កញ្ឆា។

ករណី​បញ្ជូន​ពលរដ្ឋ​ខ្មែរ ដែល​ប្រព្រឹត្ត​បទល្មើស និង​ពុំ​មាន​សញ្ជាតិ​អាមេរិកាំង​នេះ គឺ​បាន​ចាប់ផ្តើម​កាល​ពី​ឆ្នាំ​២០០២ ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក​។ ទិន្នន័យ​របស់​សមត្ថកិច្ច​អន្តោប្រវេសន៍ និង​គយ (ICE) ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៨ មាន​ពលរដ្ឋ​ដើមកំណើត​ខ្មែរ សរុប ១១០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កម្ពុជា​វិញ​។ តួលេខ​នេះ កើន​ឡើង​ដល់​ទៅ ២៨០% ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ដែល​មាន​សរុប​ត្រឹមតែ ២៩​នាក់​។ បច្ចុប្បន្ន មាន​ពលរដ្ឋ​ដើមកំណើត​ខ្មែរ​សរុប​ដល់​ទៅ ១​ពាន់ ៩​រយ​នាក់ មាន​ដីកា​បណ្ដេញ​ចេញពី​សហរដ្ឋ​អាមេរិក​ជា​ស្ថាពរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។