មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម សរសេរសៀវភៅផ្តល់ចំណេះដឹងដល់ខ្មែរក្រោម ដើម្បីទាមទារសិទ្ធិសម្រេចវាសនាដោយខ្លួនឯង
2021.01.29
ព្រះសង្ឃ និងជាមន្រ្តីជាន់ខ្ពស់សហព័ន្ធខ្មែរកម្ពុជាក្រោម ទើបបញ្ចាប់សរសេរសៀវភៅមួយក្បាល មានចំណងជើងថា “ពន្លឺសិទ្ធិសម្រេចវាសនាដោយខ្លួនឯង”។ សៀវភៅនេះ បង្ហាញពីរបៀបនៃការទាមទារ សិទ្ធិសម្រេចវាសនាដោយខ្លួនឯង ប្រវត្តិនៃដែនដីកម្ពុជាក្រោម និងអត្ថបទផ្សេងៗ ដើម្បីដាស់ស្មារតីពលរដ្ឋខ្មែរក្រោមឲ្យចេះប្រើប្រាស់នូវសិទ្ធិរបស់ខ្លួន ក្នុងនាមជាជនជាតិដើម។ សៀវភៅនេះក៏ជាឧបករណ៍មួយជួយយុទ្ធនាការសហព័ន្ធខ្មែរកម្ពុជាក្រោមដើម្បីទាមទារ សិទ្ធិស្វ័យសម្រេចចិត្តដោយខ្លួនឯងជូនដល់ពលរដ្ឋខ្មែរក្រោម ពីរដ្ឋាភិបាលវៀតណាម។
អ្នកនិពន្ធសៀវភៅ ព្រះភិក្ខុ ថាច់ ប្រីជា គឿន គ្រោងនឹងបោះពុម្ពសៀវភៅនេះ ចំនួន ១ពាន់ក្បាល ហើយព្រះភិក្ខុនឹងចែកជូនសៀវភៅនេះដល់ពលរដ្ឋខ្មែរក្រោមនៅស្រុកកំណើត និងកម្ពុជាដោយឥតគិតថ្លៃ។ ព្រះភិក្ខុ ថាច់ ប្រីជា គឿន មានថេរដីកាថា ព្រះអង្គនិពន្ធសៀវភៅនេះឡើង ដើម្បីនាំយកពន្លឺនៃសិទ្ធិសម្រេចវាសនាដោយខ្លួនឯង ទៅផ្សព្វផ្សាយបំភ្លឺពលរដ្ឋនៅទូទាំងដែនដីកម្ពុជាក្រោមរាប់លាននាក់ ដែលកំពុងរស់នៅក្នុងគុកឥតជញ្ជាំងរបស់រដ្ឋាភិបាលវៀតណាម។ ព្រះអង្គបន្តទៀតថា ពលរដ្ឋខ្មែរក្រោមនឹងទទួលបានចំណេះដឹងគ្រប់គ្រាន់ ដើម្បីស្វែងរកការសម្រេចវាសនាដោយខ្លួនឯងទៅថ្ងៃអនាគត ពេលអានសៀវភៅនេះចប់៖ »អាត្មាគិតថា ពលរដ្ឋខ្មែរក្រោម គាត់មានគំនិតស្រឡាញ់ជាតិ ចេះការពារជាតិ ចេះប្រើប្រាស់សិទ្ធិ និងចេះប្ដឹងទៅរដ្ឋាភិបាលយួន ដើម្បីអនុវត្តសិទ្ធិសម្រេចវាសនាដោយខ្លួនឯង។ អាត្មាគិតថា សៀវភៅនេះ ជាពន្លឺមួយសម្រាប់ផ្តល់ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅទីងងឹត ដែលគ្រប់គ្រងដោយរបបអាណានិគមយួន ហើយក៏ជាផ្លូវមួយ និងជាគម្ពីរមួយ សម្រាប់ឲ្យខ្មែរក្រោមធ្វើដំណើរចាប់ពីពេលនេះតទៅ»។
ព្រះភិក្ខុ ថាច់ ប្រីជា គឿន បានប្រើប្រាស់រយៈមួយឆ្នាំសរសេរ និងឈានទៅបោះពុម្ពជូនពលរដ្ឋនៅដើមខែកុម្ភៈខាងមុខនេះ។ សៀវភៅ “ពន្លឺសិទ្ធិសម្រេចវាសនាដោយខ្លួនឯង” មាន ២២០ទំព័រ និងចែកចេញជាបីវគ្គ។ វគ្គទីមួយ និយាយអំពីសិទ្ធិសម្រេចវាសនាដោយខ្លួនឯង ទីពីរនិយាយអំពី ប្រវត្តិនៃដែនដីកម្ពុជាក្រោម តាំងពីដើមរហូតដល់សម័យបច្ចុប្បន្ន និងវគ្គចុងក្រោយ ជាការប្រមូលផ្តុំឯកសារ ដែលបានចុះផ្សាយនៅលើទំព័រ កាសែត និងគេហទំព័រ វិទ្យុសំឡេងកម្ពុជាក្រោម។
សៀវភៅ “ពន្លឺសិទ្ធិសម្រេចវាសនាដោយខ្លួនឯង” មិនមែនជាសៀវភៅលើកដំបូងរបស់ព្រះភិក្ខុ ថាច់ ប្រីជា គឿន ទេ។ កាលពីឆ្នាំ ២០២០ ព្រះអង្គក៏បាននិពន្ធសៀវភៅកំណាព្យ ដែលមានចំណងជើងថា “ខ្លួនទីពឹងខ្លួន”។ ព្រះអង្គបានបោះពុម្ពសៀវភៅកំណាព្យចំនួន មួយពាន់ក្បាល ដើម្បីចែកជូនពលរដ្ឋខ្មែរក្រោម និងតម្កល់ទុកនៅតាមបណ្ណាល័យ និងស្ថាប័នរដ្ឋមួយចំនួននៅកម្ពុជា ដើម្បីទុកជាឯកសារប្រវត្តិសាស្ត្ររំលឹកឡើងវិញ ពីការធ្វើទុក្ខបុកម្នេញរបស់វៀតណាមមកលើពលរដ្ឋខ្មែរក្រោម។
ព្រះភិក្ខុ ថាច់ ប្រីជា គឿន សព្វថ្ងៃគង់នៅវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ (San Jose) រដ្ឋកាលីហ្វ័រញ៉ា (California)។ ព្រះអង្គជានិពន្ធនាយកសារព័ត៌មានព្រៃនគរ និងជាអនុប្រធាននាយកដ្ឋានព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម។ ព្រះភិក្ខុ ជាកូនកសិករខ្មែរក្រោម ប្រសូតកាលពីឆ្នាំ១៩៨១ នៅខេត្តព្រះត្រពាំង។ ព្រះអង្គចាប់ផ្ដើមបួសជាសង្ឃ កាលពីឆ្នាំ១៩៩៧ រហូតក្លាយជាគ្រូបង្រៀនភាសាបាលី នៅវត្តចម្ប៉ាបុរី។ ព្រះអង្គបានភៀសព្រះកាយពីស្រុកកំណើតមកកម្ពុជា ដោយសារតែ អាជ្ញាធរវៀតណាមតាមចាប់ព្រះកាយ ដោយចោទប្រកាន់ពីបទ ឃោសនាប្រឆាំងរដ្ឋកុម្មុយនិស្តវៀតណាម។ ពេលមកដល់កម្ពុជា ព្រះភិក្ខុ ថាច់ ប្រីជា គឿន បានបង្កើត សារព័ត៌មាន ព្រៃនគរ ហើយសរសេរអត្ថបទរិះគន់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជាក្រោម ទើបបណ្ដាលឲ្យអាជ្ញាធរវៀតណាម និងខ្មែរតាមចាប់ព្រះកាយ រហូតដល់ព្រះអង្គរត់មកគង់នៅសហរដ្ឋអាមេរិក មកទល់សព្វថ្ងៃនេះ។
សៀវភៅ “ពន្លឺសិទ្ធិសម្រេចវាសនាដោយខ្លួនឯង” ក៏នឹងក្លាយជាឧបករណ៍មួយ ដើម្បីជាជំនួយដល់យុទ្ធនាការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ទាមទារសិទ្ធិស្វ័យសម្រេចរបស់ពលរដ្ឋខ្មែរក្រោម ពីវៀតណាមដែរ។ ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា សៀវភៅ “ពន្លឺសិទ្ធិសម្រេចវាសនាដោយខ្លួនឯង” នឹងរឹតតែធ្វើឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ងាយស្រួលធ្វើយុទ្ធនាការនៅឆាកអន្តរជាតិ និងក្នុងស្រុក ដើម្បីទាមទារសិទ្ធិជាជនជាតិដើមកំណើតដល់ពលរដ្ឋខ្មែរក្រោម៖ «សៀវភៅនេះបានពន្យល់យ៉ាងលំអិតអំពីសិទ្ធិស្វ័យសម្រេចវាសនាខ្លួនដោយខ្លួនឯង ទាក់ទងនឹងច្បាប់អន្តរជាតិ និងប្រវត្តិសាស្ត្រ នៃទឹកដីកម្ពុជាក្រោម ដូច្នោះហើយពេលបានបោះពុម្ពផ្សព្វផ្សាយហើយ គឺបានផ្តល់ពន្លឺសេរីភាពដល់ពលរដ្ឋខ្មែរក្រោម ដែលកំពុងតែរស់នៅក្រោមអាណានិគមមួយហ្នឹង បានសិក្សាបន្ថែមទៀត ដើម្បីឲ្យយល់ច្បាស់ពីសិទ្ធិសម្រេចវាសនាដោយខ្លួនឯង»។
អាណានិគមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឱ្យវៀតណាមត្រួតត្រាទាំងខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ វៀតណាមបានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីបំបាត់វប្បធម៌ អត្តសញ្ញាណ សាសនា និងទំនៀមទម្លាប់ខ្មែរក្រោមចាប់តាំងពីបានសិទ្ធិគ្រប់គ្រងពីបារាំងមក។ មកទល់ថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០ ខ្មែរក្រោមបានបាត់បង់ទឹកដីរយៈពេល ៧១ឆ្នាំមកហើយ។ ព្រះភិក្ខុ ថាច់ ប្រីជា គឿន មានថេរដីកាថា ទោះបីពលរដ្ឋខ្មែរក្រោមត្រូវការប្រើប្រាស់រយៈពេលវែងក្នុងការតស៊ូទាមទារសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត ប៉ុន្តែប្រសិនបើខ្មែរក្រោមភាគច្រើនយល់ដឹងពីវិធីនៃការតស៊ូទាមទារ សិទ្ធិស្វ័យសម្រេចដោយខ្លួនឯងនោះ ខ្មែរក្រោមនឹងទទួលបានជ័យជំនៈជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។