ព្រះសង្ឃមួយអង្គ ដែលគេស្គាល់តាមបង្ហាញសង្គមមានព្រះមានថា ក្រញូងព្រៃឡង់ បានភៀសព្រះកាយរកកន្លែងមានសុវត្ថិភាពក្រោយពីបានបង្ហោះកំណាព្យរិះគន់រឿងកូវីដ១៩ នៅលើបណ្ដាញសង្គម។
ព្រះតេជព្រះគុណ វឿន វាសនា គង់នៅវត្តសេរីពោធិព្រឹក្ស ស្រុកកៀនស្វាយ ខេត្តកណ្តាល បានភៀសខ្លួនយ៉ាងតក់ក្រហល់ក្រោយពីព្រះអង្គបានទទួលដំណឹងពីមន្ត្រីប៉ូលិសម្នាក់ថា ព្រះអង្គអាចនឹងត្រូវសមត្ថកិច្ចចាប់ខ្លួនទាក់ទិននឹងអត្ថបទកំណាព្យរបស់ព្រះអង្គរឿងកូវីដ១៩។
ព្រះតេជព្រះគុណមានថេរដីកា ប្រាប់អាស៊ីសេរី ពីកន្លែងលាក់ខ្លួនមកថា ព្រះអង្គបានទៅដល់ទីកន្លែងសុវត្ថិភាពហើយតែនៅមិនប្រាកដថា អាជ្ញាធរនឹងចាប់ព្រះអង្គនៅពេលណានៅឡើយទេ។
ព្រះតេជព្រះគុណបានបន្តថា មូលហេតុដែលអាជ្ញាធរតាមចាប់ខ្លួនព្រះអង្គនេះដោយសារតែកាលពីថ្ងៃទី២០ មីនាកន្លងទៅនេះ ព្រះអង្គបានបង្ហោះកំណាព្យតាមគេហទំព័រហ្វេសប៊ុក អំពីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល និងការចូលរួមរបស់ព្រះអង្គដើម្បីទាមទារឱ្យដោះលែងសកម្មជនបរិស្ថានលោក អ៊ូច ឡេង កាលពីពាក់កណ្តាលខែមីនា កន្លងទៅ នៅពីមុខតុលាការខេត្តក្រចេះ៖ «ចំណាត់ការពីរដ្ឋាភិបាលមកលើអាត្មាដែលជាអ្នកស្រឡាញ់ធនធានធម្មជាតិរួច ជារូបអាត្មាគឺវាអយុត្តិធម៌ណាស់របបរាល់ថ្ងៃគឺរបបព្រៃផ្សៃមែនទែន»។
នៅក្នុងអត្ថបទកំណាព្យដែលមានចំណងជើងថា«ព្រោះតែកូរ៉ូណា»ដែលសូត្រដោយព្រះតេជគុណ វឿន វាសនា បានធ្វើការប្រៀបធៀបជំងឺកូវីដ១៩ថ្មី នេះកំពុងកើតឡើងនេះបានបង្កភាពវឹកវរដល់ព្រះឥន្ទដែលមិនអាចដោះស្រាយបាន៖ «ព្រោះតែកូរ៉ូណា ទេព្ដាញាក់សាច់ ព្រះឥន្ទប្រកាច់ស្ទើរដាច់ខ្យល់ហើយ អ្នកតាស្រែកយំទុក្ខធំឥតស្បើយ អារក្សដង្ហោយស្រែកឱ្យគេជួយ»។
ព្រះតេជព្រះគុណ វឿន វាសនា ធ្លាប់ជាអតីតបេក្ខភាពក្រុមប្រឹក្សាស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១៧ កូតាគណបក្សសង្គ្រោះជាតិ។ ព្រះអង្គក៏ធ្លាប់បានចូលរួមសកម្មភាពការពារព្រៃឈើជាមួយលោកឈុត វុទ្ធី និង លោក កែម ឡី កាលអ្នកទាំងពីរមិនទាន់ត្រូវបានឃាតកបាញ់សម្លាប់។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) បញ្ជាក់ថា លោកបានទទួលព័ត៌មាននេះពីព្រះអង្គផងដែរ តែនៅមិនទាន់ដឹងថា ដំណើររឿងនេះយ៉ាងណានោះទេ។ តែទោះជាយ៉ាងណាលោកស្នើសុំឱ្យរដ្ឋាភិបាលគួរតែបើសិទ្ធិសេរីភាពក្នុងការសំដែងមតិដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ៖ «អាជ្ញាធរមិនគួរមានចំណាត់ការទៅលើព្រះអង្គទេ ផ្ទុយទៅវិញគួរតែមានការបើកចិត្តឱ្យទូលាយទទួលនូវរាល់ព័ត៌មានដែលបានលើកឡើងអំពីបញ្ហាទុក្ខកង្វល់ អំពីការព្រួយបារម្ភហ្នឹងទាំងអស់ទៅវិញទេដើម្បីរកនូវដំណោះស្រាយពីព្រោះក្នុងនាមជារដ្ឋាភិបាលដឹកនាំរដ្ឋ គួរតែមានការទទួលនូវមតិរិះគន់ឬក៏មតិបញ្ចេញនៅយោបល់ទាំងអស់ហ្នឹងដើម្បីរកនូវដំណោះស្រាយ ដើម្បីឱ្យឆ្លើយតបទៅហ្នឹងបញ្ហាព្រួយបារម្ភនឹងកង្វល់ទាំងអស់ហ្នឹងគឺជារឿងដែលគួរធ្វើហើយជារឿងដែលល្អប្រសើរបំផុត»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បញ្ជាក់ថា រាល់ការបញ្ចេញសារណាមួយដែលមិនត្រឹមត្រូវនឹងត្រូវទទួលទោស៖ «ការភៀសខ្លួននេះជួនកាលគាត់ភ័យខ្លួនគាត់ ជូនកាលគាត់មានខ្លួនៗ គាត់ក៏ថាបាន ប៉ុន្តែវាអាស្រ័យទៅលើសាររបស់គាត់នោះទេ។ បើសារបញ្ចេញមតិធម្មតាវាមិនអីទេក្រែងលោសារនោះក្នុងចេតនាទុច្ចរិតបង្ក ភាពចលាចល បាតុភាពផ្សេងៗក្នុងសង្គមអាហ្នឹងអាចនាំឱ្យគាត់ទទួលខុសត្រូវតាមផ្លូវច្បាប់»។
ការសម្រេចចិត្តភៀសខ្លួនរបស់ព្រះតេជព្រះគុណ វឿន វាសនា បានកើតមានឡើងក្រោយពីរបបក្រុងភ្នំពេញបានចាប់ខ្លួនមនុស្សចំនួន ២៤ជាបន្តបន្ទាប់ ចាប់តាំងពីដើមខែមករារហូតដល់ចុងខែមីនានេះ ដោយសារតែពួកគេបានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទិននឹងរឿងជំងឺកូវីត១៩ និងពីបទរួមគំនិតក្បត់ជាមួយលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ។ មានសំណុំរឿងខ្លះបានកើតមានឡើងតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ក៏សមត្ថកិច្ចយកមកធ្វើជាដើមចមសម្រាប់ចាប់មនុស្សយកទៅដាក់ក្នុងមន្ទីរឃុំឃាំងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។