តុលាការ​ចោទ​ប្រកាន់​យុវជន​ឈ្មោះ យិន ហេង ពី​បទ​ញុះញង់​នាំ​ឱ្យ​មានការ​រើសអើង

ដោយ ទីន ហ្សាការីយ៉ា
2019-02-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន ហេង យិន ពេល​សមត្ថកិច្ច​នាំ​ខ្លួន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩។
យុវជន ហេង យិន ពេល​សមត្ថកិច្ច​នាំ​ខ្លួន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩។
photo Facebook

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់ យុវជន​ឈ្មោះ  យិន ហេង ពី​បទ​ញុះញង់​ឱ្យ​មានការ​រើសអើង​នៃ​ក្រមព្រហ្មទណ្ឌ ក្នុង​សំណុំរឿង​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជេរប្រមាថ​ជាតិ​សាសន៍​ខ្មែរ។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​យល់ថា ការអនុវត្ត​ច្បាប់​នេះ​ជា​រឿង​ត្រឹមត្រូវ ក៏ប៉ុន្តែ​ការ​សួរ​ចម្លើយ​ជនសង្ស័យ បង្ហាញ​ជា​សាធារណៈ គឺជា​រំលោភ​សិទ្ធិ​ជនសង្ស័យ។

ការ​ចោទ​ប្រកាន់​យុវជន​ឈ្មោះ ហេង យិន ហៅ​ចំប៉ី​ខ្មៅ នេះ​ធ្វើឡើង បន្ទាប់ពី​យុវជន​រូប​នេះ​បាន​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជេរប្រមាថ​ជាតិ​សាសន៍​ខ្មែរ ដែល​នាំ​ឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្លះ​ខឹងសម្បា រហូត​សមត្ថកិច្ច​ក្រុងភ្នំពេញ​ឃាត់ខ្លួន​យុវជន​រូប​នោះ​បញ្ជូន​ទៅ​តុលាការ កាលពី​ថ្ងៃទី៥ កុម្ភៈ។

ខ្លឹមសារ​វីដេអូ​រយៈពេល​ជាង ១​នាទី ដែល​យុវជន​ឈ្មោះ ហេង យិន ជេរប្រមាថ​ជាតិ​សាសន៍​ខ្មែរ បង្ហោះ​តាម​បណ្ដាញ​សង្គម ភ្ជាប់​ពាក្យពេចន៍ ខឹង​សម្បា​នឹង​យុវជន ៣​នាក់ ដែល​ឆ្មក់​វាយ​ក្បាល​ខ្លួន​រួច​រត់​ទៅ​៖ «ឥឡូវ​វា​មក​ខោក​ក្បាល​ខ្ញុំ​ឡើង​ពក សួរ​ថា​សម​អត់ ឈាម​ហ្នឹង​ដែល​ហៅថា ឈាម​ខ្មែរ​ហ្នឹង​មែន? ពូជ​អា​ខ្មែរ​តិរច្ឆាន ពូជ​ជា​ខ្មែរ​ថោកទាប អាណា​បំផ្លាញ​ពួក​ហែង​ក្រៅពី​ពួក​អា​ហែង​ហ្នឹង វា​សម​ណាស់​ថា ប្រទេស​ពួក​ហែង​បាត់​ទឹកដី បាត់​ទឹកដី​ប៉ុណ្ណឹង​នៅ​ស្ទើរ​បើ​រលាយ​កាន់តែ​ល្អ»

ក្រោយពី​ការ​ចាប់ខ្លួន​យុវជន​ឈ្មោះ យិន ហេង សមត្ថកិច្ច​ក្រុងភ្នំពេញ បាន​អនុញ្ញាត​ឱ្យ​អ្នកកាសែត ក្រុម​ប៉ូលិស និង​ក្មួយ លោក ហ៊ុន សែន ឈ្មោះ ហ៊ុន ជា អង្គុយ​ទល់មុខ​ដោយ​យកដៃ​ចង្អុលមុខ​ជនសង្ស័យ សួរចម្លើយ​ជា​សាធារណៈ​ថត​បង្ហោះ​តាម​បណ្ដាញ​សង្គម។ បញ្ហា​នេះ រង​ការរិះគន់​ពី​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ថា ជា​ទង្វើ​រំលោភ​សិទ្ធិ​ជនសង្ស័យ ដែល​ត្រូវ​បាន​ការពារ​តាម​ផ្លូវ​តុលាការ​។

ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា តំណាង​អយ្យការ បាន​បើក​ការ​ស៊ើបសួរ ដោយ​ចោទប្រកាន់ យុវជន​ឈ្មោះ យិន ហេង ពី​បទ ញុះញង់​ឱ្យ​មានការ​រើសអើង តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។

ចំណែក​អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក សឹង សែនករុណា យល់ថា ការ​ប្រើ​អំណាច​របស់​ក្រុម​ប៉ូលិស និង​ក្មួយ​នាយករដ្ឋមន្ត្រី ចេញមុខ​សាកសួរ​ជនសង្ស័យ​ដោយ​ផ្ទាល់​មាត់ និង​បង្ហោះ​ជា​សាធារណៈ គឺជា​ទង្វើ​រំលោភ​សិទ្ធិ​ជនសង្ស័យ​ធ្ងន់ធ្ងរ។ លោក​ថា រូបភាព​សួរ​ចំ​ឡើយ​បែបនេះ ហាក់​ប្រើ​អំណាច​ដាក់​សម្ពាធ​លើ​ជនសង្ស័យ ខុស​នីតិវិធី​នាំ​ឱ្យ​ជនសង្ស័យ​ដែល​មាន​តែ​ម្នាក់​ឯង​ភ័យខ្លាច និង​បាក់​ស្មារតី។ លោក​ពន្យល់​ថា បើ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​នោះ ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​ត្រូវ​ការពារ​សិទ្ធិ​ជនសង្ស័យ​ដោយ​លាក់បាំង ព្រមទាំង​ការពារ​សុវត្ថិភាព​ជាដើម៖ «ទោះបីជា​អ្នក​ហ្នឹង​មានទោស​ក៏ដោយ និង​មិន​មានទោស​ក្ដី គឺ​អត់​អាច​ធ្វើ​អី​ទៅតាម អំពើ​ចិត្ត​អ៊ីចឹង​ទេ ព្រោះ​ទុក​ឱ្យ​តុលាការ ជា​ស្ថាប័ន​អនុវត្ត​ច្បាប់ ហើយ​គេ​មាន​សិទ្ធិ​កាត់​សេចក្ដី និង​កំណត់​ជន​ហ្នឹង​មានទោស​ឬ​មិន​មាន​ទោស ហើយ​ជន​ដទៃ​ទៀត​មិន​គួរ​ប្រើ​កាយវិការ​សកម្មភាព​បែប​ហ្នឹង​ទេ»

ចំពោះ​បញ្ហា​នេះ​មិនមែន​មានតែ​ក្រុម​សង្គម​ស៊ីវិល រិះគន់​នូវ​របៀប​សួរចម្លើយ​ជនសង្ស័យ​ចំប៉ី​ខ្មៅ របស់​សមត្ថកិច្ច​នគរបាល​នោះ​ទេ ប៉ុន្តែ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ​ក៏​សម្ដែង​ការ​មិន​ពេញចិត្ត​ដែរ។

លោក នុត សវនា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​សរសេរ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​សំដែង​ការ​ខក​ចិត្ត៖ «សូម្បីតែ​ឈ្លើយសឹក​សង្គ្រាម​ក៏​សិទ្ធិ​របស់​គេ​ត្រូវ​បាន​ការពារ​ដោយ​អនុសញ្ញា​ក្រុង​ហ្សឺណែវ និង​ពិធីសារ​បន្ថែម​ឆ្នាំ​១៩៧៧ ល្អ​ជាង​ជន​ត្រូវ​ចោទ​ម្នាក់​នេះ​ដែរ។ ទង្វើ​របស់​មន្ត្រី​មាន​សមត្ថកិច្ច ដូច​ខាងក្រោម​នេះ​គឺជា​ការរំលោភ​សិទ្ធិ​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​ជនសង្ស័យ និង​ជន​ត្រូវ​ចោទ ដែល​ចាត់ទុកថា​មិនទាន់​មានទោស​នៅឡើយ»

សំណេរ​របស់​លោក នុត សវនា បន្ត​ទៀត​ថា «កង្វះ​វិជ្ជាជីវៈ​របស់​មន្ត្រី​សមត្ថកិច្ច និង​អ្នកសារព័ត៌មាន​មួយ​ចំនួន​ជា​សញ្ញា​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ បន្ថែម​លើ​កង្វះ​សីលធម៌ និង​ការ​ញុះញង់​ឱ្យ​ប្រើ​អំពើ​ហិង្សា​ក្នុង​សង្គម​កម្ពុជា ដែល​កំពុង​ខ្វះខាត​ស្រាប់​នា​ពេល​បច្ចុប្បន្ន ធ្វើ​ឱ្យ​សង្គម​មួយ​នេះ​កាន់តែ​ដើរ​ថយក្រោយ ចាក​ឆ្ងាយ​ពី​ភាព​ស៊ីវិល័យ​សក្ដិសម​នឹង​ដំណើរ​ការ​វិវឌ្ឍ​ជា​សកល។ ខ្ញុំ​មានការ​ខកចិត្ត​ខ្លាំង ដែល​ជនរួមជាតិ​ខ្ញុំ​បច្ចុប្បន្ន​ពូកែ​បានតែ​ជាមួយ​មនុស្ស​ទន់ខ្សោយ ព្រួត​គ្នា​ចំអកឡកឡឺយ​ដោយ​គ្មាន​ចិត្ត​មេត្តា អត់​អោន ឬ​រួមគ្នា​អប់រំ​ដោយ​មនុស្សធម៌»

ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់​វិញ ប្រធាន​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់ថា មាន​ស្តង់ដារ​ពីរ​នៅ​កម្ពុជា។ លោក​សង្កេត​ឃើញ​ថា បុគ្គល​ខ្លះ​ទៀត​ក៏​ធ្លាប់​ជេរប្រមាថ​ជាតិ​សាសន៍​ខ្មែរ​ស្រដៀង​គ្នា​នេះ​ដែរ ក៏ប៉ុន្តែ​ពុំ​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​ផ្លូវច្បាប់​អ្វី​ឡើយ​នោះ​ទេ៖ «ការអនុវត្ត​ច្បាប់​ជា​ការ​អនុវត្ត​ច្បាប់ តែ​ការអនុវត្ត​ច្បាប់​សូម​ឱ្យ​ស្មើភាព​គ្នា​គ្រប់​បុគ្គល​ទាំងអស់ បុគ្គល​ណា​ក៏​ដោយ​មិន​អាច​រំលោភបំពាន​ច្បាប់​បាន​ទេ។ បុគ្គល​មួយ​ចំនួន​ក៏​ប្រើ​ពាក្យពេចន៍​ស្រដៀង​គ្នា គួរតែ​ពិនិត្យ​ពិចារណា​ឱ្យ​មាន​តម្លាភាព និង​យុត្តិធម៌»

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា កុំ​មានការ​រើសអើង​និន្នាការ​នយោបាយ និង​វណ្ណៈ​សង្គម​ក្នុង​ការ​អនុវត្ត​ច្បាប់ ពីព្រោះ​ការ​អនុវត្ត​ច្បាប់​ដោយ​មិន​ស្មើភាព​គ្នា វា​​នឹង​ធ្វើ​ឲ្យ​មាន​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម​កាន់​តែ​ច្រើន ហើយ​អំពើ​និទណ្ទភាព ឬ​ភាព​គ្មាន​ទោសភ័យ ក៏​នឹង​បន្ត​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា​ត​ទៅ​មុខ​ទៀត​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ចុះពេលណាទេីបឃាត់និងចាប់ខ្លួនកូនមីរលាយ ខឹម វាសនា?

Feb 08, 2019 08:41 AM

គេហទំព័រ​ទាំងមូល