តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ យុវជនឈ្មោះ យិន ហេង ពីបទញុះញង់ឱ្យមានការរើសអើងនៃក្រមព្រហ្មទណ្ឌ ក្នុងសំណុំរឿងបង្ហោះវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជេរប្រមាថជាតិសាសន៍ខ្មែរ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ថា ការអនុវត្តច្បាប់នេះជារឿងត្រឹមត្រូវ ក៏ប៉ុន្តែការសួរចម្លើយជនសង្ស័យ បង្ហាញជាសាធារណៈ គឺជារំលោភសិទ្ធិជនសង្ស័យ។
ការចោទប្រកាន់យុវជនឈ្មោះ ហេង យិន ហៅចំប៉ីខ្មៅ នេះធ្វើឡើង បន្ទាប់ពីយុវជនរូបនេះបានបង្ហោះវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុក ជេរប្រមាថជាតិសាសន៍ខ្មែរ ដែលនាំឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកខ្លះខឹងសម្បា រហូតសមត្ថកិច្ចក្រុងភ្នំពេញឃាត់ខ្លួនយុវជនរូបនោះបញ្ជូនទៅតុលាការ កាលពីថ្ងៃទី៥ កុម្ភៈ។
ខ្លឹមសារវីដេអូរយៈពេលជាង ១នាទី ដែលយុវជនឈ្មោះ ហេង យិន ជេរប្រមាថជាតិសាសន៍ខ្មែរ បង្ហោះតាមបណ្ដាញសង្គម ភ្ជាប់ពាក្យពេចន៍ ខឹងសម្បានឹងយុវជន ៣នាក់ ដែលឆ្មក់វាយក្បាលខ្លួនរួចរត់ទៅ៖ «ឥឡូវវាមកខោកក្បាលខ្ញុំឡើងពក សួរថាសមអត់ ឈាមហ្នឹងដែលហៅថា ឈាមខ្មែរហ្នឹងមែន ? ពូជអាខ្មែរតិរច្ឆាន ពូជជាខ្មែរថោកទាប អាណាបំផ្លាញពួកហែងក្រៅពីពួកអាហែងហ្នឹង វាសមណាស់ថា ប្រទេសពួកហែងបាត់ទឹកដី បាត់ទឹកដីប៉ុណ្ណឹងនៅស្ទើរបើរលាយកាន់តែល្អ»។
ក្រោយពីការចាប់ខ្លួនយុវជនឈ្មោះ យិន ហេង សមត្ថកិច្ចក្រុងភ្នំពេញ បានអនុញ្ញាតឱ្យអ្នកកាសែត ក្រុមប៉ូលិស និងក្មួយ លោក ហ៊ុន សែន ឈ្មោះ ហ៊ុន ជា អង្គុយទល់មុខដោយយកដៃចង្អុលមុខជនសង្ស័យ សួរចម្លើយជាសាធារណៈថតបង្ហោះតាមបណ្ដាញសង្គម។ បញ្ហានេះ រងការរិះគន់ពីអ្នកឃ្លាំមើលសិទ្ធិមនុស្សថា ជាទង្វើរំលោភសិទ្ធិជនសង្ស័យ ដែលត្រូវបានការពារតាមផ្លូវតុលាការ។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា តំណាងអយ្យការ បានបើកការស៊ើបសួរ ដោយចោទប្រកាន់ យុវជនឈ្មោះ យិន ហេង ពីបទ ញុះញង់ឱ្យមានការរើសអើង តាមមាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ចំណែកអ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក សឹង សែនករុណា យល់ថា ការប្រើអំណាចរបស់ក្រុមប៉ូលិស និងក្មួយនាយករដ្ឋមន្ត្រី ចេញមុខសាកសួរជនសង្ស័យដោយផ្ទាល់មាត់ និងបង្ហោះជាសាធារណៈ គឺជាទង្វើរំលោភសិទ្ធិជនសង្ស័យធ្ងន់ធ្ងរ។ លោកថា រូបភាពសួរចំឡើយបែបនេះ ហាក់ប្រើអំណាចដាក់សម្ពាធលើជនសង្ស័យ ខុសនីតិវិធីនាំឱ្យជនសង្ស័យដែលមានតែម្នាក់ឯងភ័យខ្លាច និងបាក់ស្មារតី។ លោកពន្យល់ថា បើសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យណាម្នាក់នោះ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងត្រូវការពារសិទ្ធិជនសង្ស័យដោយលាក់បាំង ព្រមទាំងការពារសុវត្ថិភាពជាដើម៖ «ទោះបីជាអ្នកហ្នឹងមានទោសក៏ដោយ និងមិនមានទោសក្ដី គឺអត់អាចធ្វើអីទៅតាម អំពើចិត្តអ៊ីចឹងទេ ព្រោះទុកឱ្យតុលាការ ជាស្ថាប័នអនុវត្តច្បាប់ ហើយគេមានសិទ្ធិកាត់សេចក្ដី និងកំណត់ជនហ្នឹងមានទោសឬមិនមានទោស ហើយជនដទៃទៀតមិនគួរប្រើកាយវិការសកម្មភាពបែបហ្នឹងទេ»។
ចំពោះបញ្ហានេះមិនមែនមានតែក្រុមសង្គមស៊ីវិល រិះគន់នូវរបៀបសួរចម្លើយជនសង្ស័យចំប៉ីខ្មៅ របស់សមត្ថកិច្ចនគរបាលនោះទេ ប៉ុន្តែ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃក៏សម្ដែងការមិនពេញចិត្តដែរ។
លោក នុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកដោយសំដែងការខកចិត្ត៖ «សូម្បីតែឈ្លើយសឹកសង្គ្រាមក៏សិទ្ធិរបស់គេត្រូវបានការពារដោយអនុសញ្ញាក្រុងហ្សឺណែវ និងពិធីសារបន្ថែមឆ្នាំ១៩៧៧ ល្អជាងជនត្រូវចោទម្នាក់នេះដែរ។ ទង្វើរបស់មន្ត្រីមានសមត្ថកិច្ច ដូចខាងក្រោមនេះគឺជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរទៅលើជនសង្ស័យ និងជនត្រូវចោទ ដែលចាត់ទុកថាមិនទាន់មានទោសនៅឡើយ»។
សំណេររបស់លោក នុត សវនា បន្តទៀតថា «កង្វះវិជ្ជាជីវៈរបស់មន្ត្រីសមត្ថកិច្ច និងអ្នកសារព័ត៌មានមួយចំនួនជាសញ្ញាមួយគួរឱ្យព្រួយបារម្ភ បន្ថែមលើកង្វះសីលធម៌ និងការញុះញង់ឱ្យប្រើអំពើហិង្សាក្នុងសង្គមកម្ពុជា ដែលកំពុងខ្វះខាតស្រាប់នាពេលបច្ចុប្បន្ន ធ្វើឱ្យសង្គមមួយនេះកាន់តែដើរថយក្រោយ ចាកឆ្ងាយពីភាពស៊ីវិល័យសក្ដិសមនឹងដំណើរការវិវឌ្ឍជាសកល។ ខ្ញុំមានការខកចិត្តខ្លាំង ដែលជនរួមជាតិខ្ញុំបច្ចុប្បន្នពូកែបានតែជាមួយមនុស្សទន់ខ្សោយ ព្រួតគ្នាចំអកឡកឡឺយដោយគ្មានចិត្តមេត្តា អត់អោន ឬរួមគ្នាអប់រំដោយមនុស្សធម៌»។
ទាក់ទងនឹងការអនុវត្តច្បាប់វិញ ប្រធានការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត យល់ថា មានស្តង់ដារពីរនៅកម្ពុជា។ លោកសង្កេតឃើញថា បុគ្គលខ្លះទៀតក៏ធ្លាប់ជេរប្រមាថជាតិសាសន៍ខ្មែរស្រដៀងគ្នានេះដែរ ក៏ប៉ុន្តែពុំឃើញអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់អ្វីឡើយនោះទេ៖ «ការអនុវត្តច្បាប់ជាការអនុវត្តច្បាប់ តែការអនុវត្តច្បាប់សូមឱ្យស្មើភាពគ្នាគ្រប់បុគ្គលទាំងអស់ បុគ្គលណាក៏ដោយមិនអាចរំលោភបំពានច្បាប់បានទេ។ បុគ្គលមួយចំនួនក៏ប្រើពាក្យពេចន៍ស្រដៀងគ្នា គួរតែពិនិត្យពិចារណាឱ្យមានតម្លាភាព និងយុត្តិធម៌»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា ទទូចឱ្យអាជ្ញាធរកម្ពុជា កុំមានការរើសអើងនិន្នាការនយោបាយ និងវណ្ណៈសង្គមក្នុងការអនុវត្តច្បាប់ ពីព្រោះការអនុវត្តច្បាប់ដោយមិនស្មើភាពគ្នា វានឹងធ្វើឲ្យមានអំពើអយុត្តិធម៌នៅក្នុងសង្គមកាន់តែច្រើន ហើយអំពើនិទណ្ទភាព ឬភាពគ្មានទោសភ័យ ក៏នឹងបន្តកើតមាននៅក្នុងសង្គមកម្ពុជាតទៅមុខទៀតដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
