[អានអត្ថបទជា ភាសាអង់គ្លេស ៖ Cambodia further restricted rights of citizens in 2024: report]
សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) រកឃើញថា លំហសេរីភាពបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធីកាន់តែធ្លាក់ចុះ និងគាបសង្កត់ធ្ងន់ធ្ងរ ដោយសារអាជ្ញាធរមូលដ្ឋានមួយចំនួនអនុវត្តផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។ ក្រុមសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលទទួលយករបាយការណ៍នេះទៅកែលម្អបញ្ហាសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋឱ្យប្រសើរវិញសម្រាប់ផលប្រយោជន៍ជាតិ។
សមាគមការពារសិទ្ធិមនុស្សអាដហុកចេញផ្សាយរបាយការណ៍នៅថ្ងៃទី១០ ខែកុម្ភៈ បង្ហាញថាសកម្មភាពផ្សព្វផ្សាយ អំពីប្រជាធិបតេយ្យ សិទ្ធិពលរដ្ឋ និងនយោបាយ សម្រាប់សហគមន៍មូលដ្ឋាន ចំនួន៣១១វគ្គ ស្ថិតក្នុង២៩៦ភូមិ ១១១ឃុំ ៦៦ស្រុក នៅក្នុងខេត្តចំនួន២២ នៅក្នុងឆ្នាំ២០២៤ គឺមានអត្រាជាង៩០% ដែលអាជ្ញាធរមូលដ្ឋានបានរឹតត្បិត និងរំលោភបំពានសេរីភាពបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី។ អាដហុកថា សកម្មភាពរបស់អាជ្ញាធរមូលដ្ឋានទាំងនោះរំលោភគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសពួកគេអនុវត្តផ្ទុយនឹងសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃកាលពីឆ្នាំ២០១៨ ស្តីពីការធ្វើសកម្មភាពរបស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាននានា។
របាយការណ៍របស់សមាគមអាដហុក បានកំណត់សូចនាករ ដែលរាប់បញ្ជូលជាសកម្មភាពរឹតត្បិត រំលោភបំពានសេរីភាពសហគមន៍មូលដ្ឋាន ក្រោមរូបភាពដូចជា អាជ្ញាធរមូលដ្ឋានសួររកលិខិតអនុញ្ញាត រារាំងមិនឱ្យធ្វើកម្មវិធីជួបជុំផ្សព្វផ្សាយ មេភូមិតម្រូវឱ្យជូនដំណឹងមុនធ្វើការផ្សព្វផ្សាយ។ ក្រៅពីនេះ អាជ្ញាធរធ្វើសកម្មភាពតាមថតរូប សុំបញ្ជីវត្តមានអ្នកចូលរួម ឃ្លាំមើលនៅកន្លែងផ្សព្វផ្សាយ សុំលេខទូរសព្ទអ្នកចូលរួមក្រោយផ្សព្វផ្សាយរួច និងគំរាមកំហែងដោយហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចូលរួមកម្មវិធីផ្សព្វផ្សាយជាដើម។
ការរឹតត្បិតសេរីភាព
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែកុម្ភៈថា គោលបំណងសំខាន់នៃរបាយការណ៍នេះ គឺចង់បង្ហាញរដ្ឋាភិបាលពីទិន្នន័យច្បាស់លាស់ ពាក់ព័ន្ធការរឹតត្បិតលើសេរីភាពបញ្ចេញមតិ និងសេរីភាពជួបប្រជុំជាដើម។ លោក យិន ម៉េងលី ជំរុញឱ្យក្រសួងមហាផ្ទៃ គួរតែចាត់វិធានការដោះស្រាយបញ្ហានេះឱ្យបានត្រឹមត្រូវឡើងវិញ ព្រោះថាការរឹតត្បិតបែបនេះពុំផ្ដល់ផលចំណេញអ្វីដល់ប្រទេសជាតិនោះទេ។
លោក យិន ម៉េងលី៖«យើងពិនិត្យ៩ចំណុចទៅលើមន្រ្តីភូមិឃុំ មន្រ្តីប៉ុស្តិ៍ អ៊ីចឹងយើងមានវិធីសាស្ត្រក្នុងចងក្រងពិនិត្យច្បាស់ណាស់នៅក្នុងរបាយការណ៍របស់យើងនេះ។ បើសិនបញ្ហាកើតឡើងហើយ បង្ហាញហើយអត់មានការដោះស្រាយ ចាត់វិធានការទេ បង្កឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរទៅៗ វាអាចប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល ក៏ដូចជាក្រសួងសាមីមួយចំនួនដែរ ដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់ ហើយអាចនិយាយថាជាការរំលោភសិទ្ធិមនុស្សពាក់ព័ន្ធបញ្ចេញមតិ និងសិទ្ធិជួបជុំ»។
ទាក់ទងរឿងនេះ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃលោក ទូច សុឃៈ មិនទាន់ឆ្លើយតបនឹងសំណួររបស់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធតេឡេក្រាមនៅឡើយទេនៅថ្ងៃទី១០ ខែកុម្ភៈ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា របាយការណ៍របស់សមាគមអាដហុកឆ្លុះបញ្ចាំងការពិតជាក់ស្តែងដូចនឹងរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលផ្សេងទៀតរកឃើញអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាដែរ។ លោករំលឹកថាសេរីភាពបញ្ចេញមតិ និងការជួបជុំជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យដែលធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានសិទ្ធិមនុស្សនានាដែលកម្ពុជាទទួលយកមកអនុវត្ត។ ប៉ុន្តែក្រុមអ្នកការពារសិទ្ធិមនុស្សព្រួយបារម្ភជាខ្លាំងអំពីការធ្លាក់ចុះការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដោយសារតែអាជ្ញាធរមួយចំនួននៅតែអនុវត្តច្បាប់មិនបានត្រឹមត្រូវ។
លោក អំ សំអាត៖«វាហាក់លំហសេរីភាពទាំងហ្នឹងនៅមានកម្រិត មានន័យថា មានការរឹតត្បិត ហើយមិនមែនតែអង្គការជាតិ អន្តរជាតិទេ សូម្បីក្រុមប្រឹក្សាសិទ្ធិមនុស្ស ក៏លើកឡើងអំពីការរឹតត្បិតនៃសេរីភាពបញ្ចេញមតិ និងការជួបជុំប្រមូលផ្តុំដោយសន្តិវិធីដែរ ដូច្នេះអាជ្ញាធរមូលដ្ឋាន ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃត្រូវតែពិនិត្យមើលថា តើអាជ្ញាធរមូលដ្ឋានហ្នឹងបានអនុវត្តតាមសេចក្តីសម្រេច និងការជូនដំណឹងរបស់ក្រសួងមហាផ្ទៃដែរឬទេ បើអត់ទេត្រូវតែមានវិធានការ បាទ»។
ក្រោយពីអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានផ្ទេរអំណាចឱ្យលោក ហ៊ុន ម៉ាណែត ដឹកនាំបន្តត្រកូលហ៊ុនមក ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិកត់សម្គាល់ឃើញថា ស្ថានភាពសិទ្ធិមនុស្សគ្មានភាពល្អប្រសើរឡើយ។
សេរីភាពនៅកម្ពុជា
បណ្ដាញអង្គការអន្តរជាតិឃ្លាំមើលសិទ្ធិពលរដ្ឋ ហៅកាត់ថា (CIVICUS) បានចេញរបាយការណ៍នៅឆ្នាំ២០២៤ ស្ដីពីអំណាចរបស់ពលរដ្ឋនៅប្រទេសចំនួន១៩៨ រួមទាំងកម្ពុជាផង ដោយបានដាក់ពិន្ទុកម្ពុជា ២៧ពិន្ទុ (២៧ពិន្ទុលើ១០០) ក្នុងចំណោមប្រទេសដែលបិទលំហសិទ្ធិសេរីភាពអាក្រក់ជាងគេ។ កម្ពុជានៅលើប្រទេសប៉ាគីស្ថាន(Pakistan) តែមួយពិន្ទុ និងនៅលើប្រទេសបង់ក្លាដេស(Bangladesh ពិន្ទុ២៤) ដែលរបបផ្ដាច់ការ បង់ក្លាដេសនេះ ទើបតែដួលរលំកាលពីពេលថ្មីៗនេះ តែ៣ពិន្ទុប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង៖
សង្គមស៊ីវិលព្រមានថា បើរដ្ឋាភិបាលភ្នំពេញមិនស្ដារប្រជាធិបតេយ្យទេ គេចមិនផុតពីទណ្ឌកម្មបន្ថែមរបស់អឺរ៉ុបឡើយ
អង្គការអន្តរជាតិផ្នែកសិទ្ធិពលរដ្ឋថា កម្ពុជាជាប្រទេសកៀបសង្កត់សិទ្ធិសេរីភាពកាន់តែធ្ងន់ធ្ងរ
លីកាដូថា រដ្ឋាភិបាលចាប់ខ្លួនពលរដ្ឋជាង១រយនាក់ក្នុងឆ្នាំ២០២៤ ព្រោះការអនុវត្តសិទ្ធិ
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិនេះ ពិនិត្យឃើញទៀតថា រដ្ឋាភិបាលកម្ពុជានៅតែរឹតត្បិតលើសេរីភាពក្នុងការបង្កើតសមាគម ការជួបប្រជុំដោយសន្តិវិធី និងការបញ្ចេញមតិ ចាប់តាំងពីការត្រួតពិនិត្យជាសកលតាមកាលកំណត់(UPR) ឆ្នាំ២០១៩មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
