មន្ត្រីការពារសិទ្ធិមនុស្សអាដហុក (ADHOC) អំពាវនាវឲ្យអ្នកនយោបាយបញ្ឈប់ការ ធ្វើនយោបាយជះកំហឹងដាក់គ្នា ដោយងាកមកចាប់ដៃគ្នាក្នុងការសាងប្រទេសជាតិ និងបញ្ឈប់នូវការចាប់ចង ដែលផ្ទុយពីគោលការណ៍សិទ្ធិមនុស្ស ដែលធានានៅក្នុងរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយនោះ។ ការលើកឡើងបែបនេះ នៅក្រោយពេល មន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៤ ចំនួននាក់ មាន លោក យី សុខសាន្ដ លោក ណៃ វ៉ង់ដា លោក នី សុខា អ្នកស្រី លឹម មុន្នី និងអគ្គលេខាធិការរងគជ.ប លោក នី ចរិយាបានទទួលពានរង្វាន់ ម៉ាទីន អេណល (Martin Ennals) ពីអង្គការអន្តរជាតិចំនួន១០ ដែលធ្វើការលើវិស័យការពារសិទ្ធិមនុស្ស។
មន្ត្រីការពារសិទ្ធិមនុស្សអាដហុក អះអាងកាលពីថ្ងៃទី១២ តុលាថា ពួកលោកនៅតែបន្តបេសកកម្មការងារសិទ្ធិមនុស្សបន្តទៀត ទោះបីជាសំណុំរឿងពួកគាត់មិនទាន់បញ្ចប់នៅតុលាការនៅឡើយក្ដី។
លោក យី សុខ សាន មានប្រសាសន៍ថា លោកមានមោទនភាពលាយឡំ និងភាពឈឺចាប់ ពីព្រោះថា ការងាររបស់ពួកគាត់ជាការងារមនុស្សធម៌ដើម្បីជួយពលរដ្ឋ និងសង្គមមិនខុសពីការងាររបស់កាកបាទក្រហមកម្ពុជាទេ តែបែរជាពួកគាត់ត្រូវបានចោទប្រកាន់ និងទទួលទោសទៅវិញ។
ការប្ដេជ្ញាចិត្តជាថ្មីទៀតនេះ នៅក្រោយពី មន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៤ចំនួននាក់ និងអគ្គលេខាធិការរងគជប លោក នី ចរិយា បានទទួលពានរង្វាន់ ម៉ាទីន អេណល នៅទីក្រុងហ្សឺណេវ (Geneva) ប្រទេសស្វីស (Switzerland) កាលពីថ្ងៃទី១០ តុលា។
ក៏ប៉ុន្តែមន្ត្រីការពារសិទ្ធិមនុស្សអាដហុកទាំង ៤រូប រួមទាំងលោក នី ចរិយា ផង មិនបានទៅទទួលពាន់រង្វាន់នេះដោយផ្ទាល់ទេ ដោយកូនៗរបស់គាត់បានទៅទទួលជំនួសវិញ ដោយសារតែពួកគាត់ ត្រូវបានតុលាការហាមឃាត់មិនឲ្យចាកចេញពីប្រទេសកម្ពុជានៅឡើយ។
មន្ត្រីអាដហុកទាំង ៤រួប និងលោក នី ចរិយា ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីល្ងាចថ្ងៃទី២៩ មិថុនា ក៏ប៉ុន្តែតុលាការបានសម្រេចរក្សាជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយកំណត់កាតព្វកិច្ច ឲ្យជូនត្រូវចោទបីចំណុច គឺទី១ មិនឲ្យផ្លាស់ប្ដូរទីលំនៅឋានដោយគ្មានការអនុញ្ញាតពីតុលាការ ទី២ មិនឲ្យចាកចេញពីប្រទេសកម្ពុជា ដោយគ្មានការអនុញ្ញាតពីតុលាការ និងទី៣ ត្រូវឆ្លើយតប និងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយតុលាការ។
ពាន់រង្វាន់នេះ ត្រូវបានប្រគល់ជូនអ្នកការពារសិទ្ធិមនុស្ស មកពីតំណាងបីប្រទេស ដែលបានជ្រើសរើស គឺមាន ប្រទេសកម្ពុជា ប្រទេសសាវ៉ាឌ័រ (Savader) និងប្រទេសអេស៊ីប (Egypt) ដែលគេចាត់ទុកប្រទេសទាំងនេះថា ជាប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយពួកគាត់បានធ្វើការប្ដូរផ្ដាច់និងភាពក្លាហាន ដើម្បីការពារ និងលើកស្ទួយវិស័យសិទ្ធិមនុស្ស ទោះបីជាប្រឈមនឹងការចាប់ខ្លួនដាក់ពន្ធនាគារក្ដី។
លោក នី សុខា និងលោក យី សុខ សាន្ត សំដែងក្ដីរំភើបដូចគ្នាចំពោះការទទួលបានពានរង្វាន់នេះ ដែលបញ្ជាក់ថា ការងាររបស់ពួកគាត់កន្លងមកត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងជាការលើកទឹកចិត្តដល់អ្នកការពារសិទ្ធិមនុស្ស ពិសេសស្ថានភាពសិទ្ធិមនុស្សកំពុងស្ថិតនៅក្នុងភាពប្រថុយប្រថាននៅឡើយនេះ។
ទោះបីជាបែបនេះក្ដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជាជាប្រទេសសម្រាប់ឋានសួគ៌របស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល។
ប្រធានផ្នែកអង្កេតសិទិ្ធមនុស្សនៃសមាគមអាដហុក លោក នី សុខា ថ្លែងថា កម្ពុជាជាប្រទេសឋានសួគ៌របស់គណបក្សនយោបាយ ឬសង្គមស៊ីវិលយ៉ាងណានោះ គឺជាសិទ្ធិបញ្ចេញមតិរបស់លោក ហ៊ុន សែន ក៏ប៉ុន្តែស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជានាពេលបច្ចុប្បន្ន លោកបញ្ជាក់ថា នៅមានកម្រិតនៅឡើយ ។ លោក នី សុខា នៅតែប្ដេជ្ញាថា ទោះបីជាតុលាការមិនទាន់បញ្ចប់សំណុំរឿងពួកគាត់ ដែលជាកត្តារាំងស្ទះខ្លះដល់ការបំពេញការងាររបស់ពួកគាត់ក្ដី ប៉ុន្តែលោកមិនរាថយចំពោះបេសកកម្មរបស់លោក ក្នុងការងារលើកស្ទួយសិទ្ធិមនុស្សឡើយ។
ទន្ទឹមនឹងនេះ ការិយាល័យនៃឧត្តមស្នងការរបស់អង្គការសហប្រជាជាតិទទួលសិទ្ធិមនុស្សក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃទី១២ ខែតុលានេះ បានសម្ដែងការភ័យព្រួយជាខ្លាំង ចំពោះវិបត្តិនយោបាយបច្ចុប្បន្ន។ អង្គការអន្តរជាតិផ្នែកសិទ្ធិមនុស្សមួយនេះ ទាមទារឲ្យកម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គោរពការពារសិទ្ធិមនុស្ស និងគោរពរដ្ឋធម្មនុញ្ញ ដើម្បីទប់ស្កាត់ការវិលត្រឡប់ទៅរកការដឹកនាំបែបរដ្ឋឯកតោភាគីឡើងវិញ។
ចំពោះ នាយកផ្នែកច្បាប់ និងគោលនយោបាយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ចេម រ៉ូស អះអាងថា ការបង្ក្រាបចុងក្រោយរបស់លោក ហ៊ុន សែន នឹងក្លាយជាអាវុធពិឃាដបិទបញ្ចប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងស្រុងតែម្ដង។ លោកថា ការបោះឆ្នោតជាតិឆ្នាំ២០១៨ នៅសល់តែ ៨ ខែទៀតប៉ុណ្ណោះ នឹងឈានចូលមកដល់។ លោកអំពាវនាវឲ្យ ប្រទេសនានាដែលបានផ្ដួចផ្ដើមឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលមានចែងអំពីគោលការណ៍គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីជួយសង្គ្រោះស្មារតីនៃកិច្ចព្រមព្រៀងនេះ ឲ្យរស់រានឡើងវិញ។
លោក នី សុខា និង លោក យី សុខសាន្ត ទទូចទៅរដ្ឋាភិបាល ឬតុលាការ សុំឲ្យទម្លាក់បទចោទប្រកាន់ទាំងឡាយមកលើពួកលោក ដែលជាសកម្មជនការពារសិទ្ធិមនុស្ស។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ទាំង៤រូប និងលោក នី ចរិយា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស និងពន្ធនាគាររាជធានីភ្នំពេញ (PJ) ក្រោមបទចោទសមគំនិត និងសូកប៉ាន់សាក្សី កាលពីថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០១៦ ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយបានសាកសួរ និងបញ្ជូនឲ្យតុលាការចាត់ការតាមនីតិវិធីបន្តពាក់ព័ន្ធនឹងអំពើពុករលួយ ជុំវិញការចោទប្រកាន់របស់នាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ គិតត្រឹមថ្ងៃដោះលែងកាលពីខែមិថុនានោះ អ្នកទាំង៥រួប ជាប់ពន្ធនាគារមានរយៈពេលជាង១ឆ្នាំ។
ទោះបីជារដ្ឋាភិបាលកម្ពុជាមើលឃើញថា អ្នកទាំង៥នាក់នេះ ជាមនុស្សមានទោសក្ដី ក៏ប៉ុន្តែសហគមន៍អន្តរជាតិ មើលឃើញពីការលះបង់របស់ពួកគាត់ក្នុងការប្ដូរផ្ដាច់ការពារសិទ្ធិមនុស្សឥតខ្លាចរអាទោះស្ថិតនៅក្នុងភាពគំរាមកំហែងក្ដី។
ចំពោះពានរង្វាន់ Martin Ennals Award សម្រាប់អ្នកការពារសិទ្ធិមនុស្ស ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៣ សម្រាប់ផ្តល់ជូនជាលក្ខណៈអន្តរជាតិ ដល់អ្នកការពារសិទ្ធិមនុស្សទាំងឡាយនៅទូទាំងពិភពលោក ដែលហ៊ានធ្វើការ ប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លួន ដោយភាពក្លាហាន និងត្រូវបានការការពារជាសាធារណៈ។
ពាន់រង្វាន់នេះគេផ្ដល់ជូន អ្នកការពារសិទ្ធិមនុស្សដែលមានសេចក្ដីក្លាហានជារៀងរាល់ឆ្នាំនៅទីក្រុង ហ្សឺណេវ ប្រទេសស្វីស ដែលត្រូវបានជ្រើសរើសដោយអង្គការការពារសិទ្ធិមនុស្សអន្តរជាតិចំនួន១០ រួមមាន អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អង្គការហ្រ្វន់ឡាញ (Frontline) និងអង្គការមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។