សកម្មជន​​បក្ស​​ប្រឆាំង​​ម្នាក់​ទៀត​​ ​ត្រូវ​​ជន​​មិន​​ស្គាល់​​មុខ​​វាយ​​បែក​ក្បាល​​របួស​ធ្ងន់​​

0:00 / 0:00

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​ស៊ិន​ ​ខុន​ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​ ៤នាក់​ ​ជិះ​ម៉ូតូ​ ​២​គ្រឿង​ ​ព្រួតគ្នា​វាយ​លោក​នៅ​ចំណុច​ផ្សារ​ដើម​ស្រល់​ ​ជិត​វត្ត​ចាស់​ ​កាលពី​វេលា​ម៉ោង​ ​១​០​​ព្រឹក​ ​ថ្ងៃ​ទី​​១​២​ ខែ​ឧសភា​។​ ​លោក​ថា​ ​ជន​ដៃដល់​ទាំងនោះ​កាន់ដំបង​ទីប​ ​និង​ដែក​រលាស់​ ​វាយ​លោក​ត្រូវ​ក្បាល​ ​បែក​ចិញ្ចើម​ខាងស្តាំ​ ​និង​ដៃឆ្វេង​ ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ ​ដេរ​ ​១​២​ថ្នេរ​។​

លោក​ ​ស៊ិន​ ​ខុន​ ​បន្ថែម​ថា​ ​ក្រោយ​ពី​កើតហេតុ​ ​លោក​បាន​ដាក់ពាក្យបណ្តឹង​ ​នៅ​នគរបាល​ប៉ុស្តិ៍​ជ្រោយ​ចង្វា​រួចហើយ​ ​តែ​រហូតដល់​ល្ងាច​ថ្ងៃ​ដដែល​ ​សមត្ថកិច្ច​នៅ​មិនទាន់​ចាប់ខ្លួន​ជន​ដៃដល់​នៅឡើយ​ទេ​។​ ​លោក​គ្មាន​ជំនឿ​ថា​ ​សមត្ថកិច្ច​នឹង​រក​យុត្តិធម៌​ឱ្យ​លោក​ឡើយ​ ​ព្រោះ​ករណី​នេះ​ជា​រឿង​នយោបាយ​៖​ ​«​ខ្ញុំ​មិន​មាន​ជំនឿ​ចិត្ត​ទេ​ ​ព្រោះ​កន្លងមក​ហើយ​ ​ដែល​ធ្វើបាប​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ពីមុន​ៗ ​មក​ ​វាយ​បាន​ស្រេចតែចិត្ត​ ​ហើយ​អត់មាន​រក​អ្វី​ឃើញ​ជាក់លាក់​ ​សម្រាប់​ផ្តល់​យុត្តិធម៌​ឱ្យ​ពួកគាត់​ដែរ​។​ ​ខ្ញុំ​ក៏​ជា​ជនរងគ្រោះ​នៃ​ការ​វាយ​ ​ដោយ​មិន​ដឹង​មូលហេតុ​ហ្នឹង​ដែរ​។​ ​ខ្ញុំ​អត់មាន​ជំនឿ​ទេ​ ​លើ​ប្រព័ន្ធ​តុលាការ​ ​និង​រដ្ឋបាល​របស់​រដ្ឋាភិបាល​»។

លោក​ ​ស៊ិន​ ​ខុន​ ​វ័យ​ ​៣​១​ ​ឆ្នាំ​ ​គឺជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ហើយ​ក្រោយ​ពីរ​ប​ប​ក្រុងភ្នំពេញ​រំលាយ​គណបក្សប្រឆាំង​ ​យុវជន​រូប​នេះ​ ​តែងតែ​យក​អំណោយ​មនុស្សធម៌​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​ ​ជាពិសេស ពលរដ្ឋ​រស់នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ។

ជុំវិញ​រឿង​នេះ​ ​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក​ ​សាន​ ​សុខ​សីហា​ ​មានប្រសាសន៍ថា​ ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ជា​រួម​ ​មិន​ប្រកាន់​និន្នាការនយោបាយ​នោះ​ទេ។ ​លើស​ពី​នេះ​ ​បញ្ហា​សំខាន់​ជនរងគ្រោះ​ត្រូវ​ដាក់ពាក្យបណ្តឹង​មក​សមត្ថកិច្ច​ ​ដោយ​ត្រូវ​សហការ​ផ្តល់​ព័ត៌មាន​ពិស្តារ​ ​ដើម្បី​ឈាន​ទៅ​រក​ការស្រាវ​ជ្រាវ​​ឱ្យ​​បាន​លឿន​។​ ​លោក​បញ្ជាក់​ថា​ ឱ្យ​តែ​ពលរដ្ឋ​មាន​បញ្ហា​អ្វីមួយ​ ​មក​ប្តឹង​ ​គឺ​សមត្ថកិច្ច​ត្រូវតែ​អនុវត្ត​ច្បាប់​ជា​រួម​ទាំងអស់​ ​មិន​ប្រកាន់​គណបក្ស​នយោបាយ​នោះ​ឡើយ​៖​ ​«បើសិនជា​គាត់​មិន​មានទំនុក​ចិត្ត​លើ​សមត្ថកិច្ច​ ​ថា​តើ​គាត់​មក​ពឹងពាក់​មក​ប្តឹង​ផ្តល់​លើ​សមត្ថកិច្ច​ដើម្បី​អី​ ? សំខាន់​បំផុត​ត្រូវ​មាន​ការចូលរួម​ផ្តល់​ចម្លើយ​​ឱ្យ​ច្បាស់លាស់​ ​ហើយ​មាន​ភាព​ទុកចិត្ត​លើ​សមត្ថកិច្ច​ ​ដើម្បី​ឱ្យ​ងាយស្រួល​សមត្ថកិច្ច​ក្នុង​ការ​ ​អនុវត្ត​ការងារ​ជំនាញ​ហ្នឹង​ ​ព្រោះ​ការ​អនុវត្ត​របស់​សមត្ថកិច្ច​ក៏​ដូចគ្នា​ដែរ​ ​យើង​មិនដែល​មាន​ការរើសអើង​លើ​អ្នកណា​ អ្ន​ន​នោះ​ទេ​។​ ​បញ្ហា​សំខាន់​ឱ្យ​តែ​មាន​ពាក្យបណ្តឹង​មក​ពឹង​លើ​សមត្ថកិច្ច​ ​ដោះស្រាយ​ ​គឺ​យើង​ដោះស្រាយ​ជូន​ជានិច្ច​ »។​

គណបក្សប្រឆាំង​ស្តីបន្ទោស​ ​លើ​គណបក្ស​កាន់អំណាច​ថា​ ​កំពុង​អនុវត្ត​ទ​ស្សនៈ​ទុច្ចរិត​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ធ្វើបាប​ពលរដ្ឋ​ខ្លួនឯង​ ​ក្នុងនាម​ខ្លួន​ជា​អ្នកដឹកនាំ​ប្រទេស​។​ ​ពួកគេ​អះអាង​ថា​ ​ប្រការ​ដែល​ថ្នាក់​ដឹកនាំ​ជាតិ​ ​ប្រើ​គំនិត​ទុច្ចរិត​ដូច្នេះ​ ​មិន​សមស្រប​ទៅ​នឹង​អ្វី​ដែល​មាន​សរសេរ​ ​ក្នុង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​នោះ​ឡើយ​។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាម​រិ​ក​លោក​ ​អ៊ុំ​ ​សំ​អាន​ ​យល់ថា​ ​ទង្វើ​នេះ​ ​ជា​ការរៀបចំ​ជា​ប្រព័ន្ធ​ដោយ​គណបក្ស​កាន់អំណាច​ ​ដើម្បី​គាបសង្កត់​ ​បំភិតបំភ័យ​ ​និង​ ​គំរាមកំហែង​ ​លើ​សកម្មជន​គណបក្សប្រឆាំង​។​ ​លោក​ថា​ ​រដ្ឋាភិបាល​ល្មម​ឈប់​អនុវត្ត​ទស្សន​ទុច្ចរិត​ដូច្នោះ​ ​ប្រឆាំង​នឹង​ពលរដ្ឋ​ខ្លួនឯង​ ​ហើយ​ងាក​មក​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​៖​ ​«​លប​វាយប្រហារ​នេះ​ ​គឺជា​ការរៀបចំ​ជា​ប្រព័ន្ធ​តែម្តង​របស់​គណបក្សប្រជាជន​ ​ដូច្នេះ​ហើយ​ ​បានជា​ការ​មិន​អាច​ចាប់គ្នា​គេ​មក​ ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​នោះ​ទេ »។​

អាស៊ី​សេរី​មិនទាន់​អាច​ទាក់ទង​ម​ន្រ្តី​នាំពា​ក្យ​បក្ស​កាន់អំណាច​លោក​ ​សុខ​ ​ឥ​សាន​ ​ដើម្បី​សាក​សួរ​រឿង​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី​១​២ ខែ​ឧសភា​នេះ​ ​ប៉ុន្តែ​កន្លងទៅ​ ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​លោក​ ​សុខ​ ​ឥ​សាន​ ​លើកឡើង​ថា​ ​គណបក្សប្រជាជន​កម្ពុជា​បាន​ចិញ្ចឹម​ឆ្កែ​សម្រាប់​ខាំ​ក្បាល​ក្រុម​ចោរ​ ​និង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែល​តែងតែ​មក​យាយី​បំផ្លាញ​ប្រទេសជាតិ​ខ្មែរ​។​ ​លោក​ថ្លែង​បែប​នេះ​ ​ព្រោះ​ក្រុម​ប្រឆាំង​ដែល​លោក​ហៅថា​ ​ជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ ​បាន​ប្រមាថ​មក​លើ​រូបលោក​។​

នាយក​រង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​សិទ្ធិមនុស្ស​លី​កា​ដូលោក​ អំ ​សំអាត​ ​ផ្តល់​អនុសាសន៍​ថា​ ​អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​ករណី​នេះ​ ​ដោយ​ស៊ើប​អង្កេត​រក​ជន​ដៃដល់​ ​មក​ផ្តន្ទាទោស​តាមច្បាប់​ ​ដើម្បី​កាត់បន្ថយ​ការរិះគន់​ទាំងឡាយ​ ​ទាក់ទិន​ការរើសអើង​និន្នាការនយោបាយ​។​ ​លោក​ថា​ ​ប្រសិនបើ​សមត្ថកិច្ច​មិន​ចាត់វិធានការ​ច្បាប់​ក្នុងករណីនេះ​ទេ​ ​ការរិះគន់​ទាំងឡាយ​ ​ក្នុង​រឿង​ធ្វើទុក្ខបុកម្នេញ​ ​លើ​សកម្មជន​គណបក្សប្រឆាំង​នឹង​គ្មាន​ទី​បញ្ចប់​ឡើយ​៖​ «ករណី​​នេះ​​យើង​​ឃើញ​​ហើយ​​សូម្បី​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក៏​មានការ​សម្តែង​កង្វល់​ដែរ​ ​ចំពោះ​អំពើ​ហិង្សា​លើ​សកម្មជន​គណបក្សប្រឆាំង​ ​ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ហ្នឹង​មិន​ត្រូវ​បាន​វែកមុខ​ ​ហើយ​យកទៅ​អនុវត្ត​តាម​ផ្លូវច្បាប់​។​ ​អា​ហ្នឹង​វា​ជា​រឿង​អំពើ​ហិង្សា​ហ្នឹង​ ​នៅតែ​កើតឡើង​ជាបន្តបន្ទាប់​ »​។

មន្ត្រី​សង្គម​ស៊ីវិល​សង្កេតឃើញ​ថា​ ​មកទល់​ពេលនេះ​ជាង​ ​១០ករណី​មក​ហើយ​ ​ដែល​សកម្មជន​គណបក្សប្រឆាំង​ ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ប្រើ​ហិង្សា​ ​និង​ព្រួតគ្នា​វាយ​ធ្វើបាប​ ​រហូត​មាន​អ្នកខ្លះ​ពិការ​អស់មួយជីវិត​ ប៉ុន្តែ​សមត្ថកិច្ច​ចាប់​ជន​សង្ស័យ​បានតែ​មួយ​ករណី​ ​ហើយ​ជន​សង្ស័យ​ផ្សេងទៀត​សមត្ថកិច្ច​មិនទាន់​អា​ចចាប់​ពួកគេ​មក​ផ្តន្ទាទោស​បាន​នៅឡើយ​។​ ​សង្គម​ស៊ីវិល​ព្រមាន​ថា​ ​ប្រសិនបើ​អាជ្ញាធរ​មិន​ចង់ឲ្យ​ជនរងគ្រោះ​ ​ចោទប្រកាន់​ថា​ ​សមត្ថកិច្ច​រើសអើង​នយោបាយ​ ​សមត្ថកិច្ច​ត្រូវតែ​ស្វែងរក​ជន​សង្ស័យ​យកមក​ផ្តន្ទាទោស​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។