ម្ដាយកុមារា កាក់ សុវណ្ណច្ឆ័យ ដែលជាប្រពន្ធមន្ត្រីគណបក្សសង្រ្គោះជាតិកំពុងជាប់ឃុំពន្ធនាគារព្រៃស គឺលោកស្រី ព្រុំ ចាន់ថា ថ្លែងថា សមត្ថកិច្ចជាង ២០ នាក់បានចូលទៅចាប់កូនប្រុសលោកស្រីដល់ក្នុងផ្ទះទាំងយប់ ដោយមិនប្រាប់មូលហេតុ និងមិនបង្ហាញដីកាពីតុលាការឡើយ។
លោកស្រី ព្រុំ ចាន់ថា ដែលជាប្រពន្ធមន្ត្រីបក្សប្រឆាំង គឺលោក កាក់ កុម្ភារ បន្តថា ប៉ូលិសប៉ុស្តិ៍សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ដែលមានមន្ត្រីស្នងការនរគបាលក្រុងភ្នំពេញ រួមទាំងព្រះរាជអាជ្ញាតុលាការរាជធានីភ្នំពេញម្នាក់ផង បានចុះទៅចាប់កូនប្រុសលោកស្រីនៅវេលាម៉ោងជាង ៨ យប់ ថ្ងៃទី២៤ ខែមិថុនា ក្នុងផ្ទះ ស្ថិតនៅភូមិត្នោតជ្រុំ៣។ ប៉ុន្តែនៅពេលលោកស្រីតាមទៅដល់ប៉ុស្តិបឹងទំពុនទី២ លោកស្រីមិនបានជួបកូនឡើយ ហើយមន្ត្រីប៉ុស្តិ៍ប្រាប់ថា គេបានបញ្ជូនកូនលោកស្រីទៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីសាកសួរបន្ត៖ « គ្រាន់តែចូលដល់ក្នុងផ្ទះខ្ញុំ ៦ នាក់ ចាប់ក្រៀកខ្ញុំ ៣ នាក់ ចូលដាក់ខ្នោះដល់ក្នុងបន្ទប់គ្នាដេកឡៅតឿ អត់មានដីកាទាំងអស់ ហើយមកនេះ មានព្រះរាជអាជ្ញាមួយហ្នឹង នឹងស្នងការរង លឺសូមេប៉ុស្តិ៍និយាយ ខ្ញុំមិនដឹងទេ។ មានឡាន២ ម៉ូតូ ៧ គ្រឿង ប៉ូលិសស្លៀកពាក់ស៊ីវិលឯកសណ្ឋានផងគ្នាប្រហែលចូល ២០ នាក់។ អត់មានប្រាប់ថា ពីបទអីគ្រាន់តែហៅទៅប៉ុស្តិ៍។ ដាក់ខ្នោះចាប់ទៅទាំងបំពាន»។
លោកស្រី ព្រុំ ចាន់ថា អះអាងថា ការចាប់ខ្លួនកូនប្រុសលោកស្រីនៅពេលនេះ ទំនងជាមានការរៀបចំ ដែលលោកស្រីសង្ស័យថា ពាក់ព័ន្ធនិងការប្រើប្រាស់បណ្ដាញសង្គមតេឡេក្រាម (Telegram) ដែលបានចងក្រងជាក្រុម ពីព្រោះកូនលោកស្រីមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ លោកស្រីថា ទង្វើនេះគឺជាការគំរាមកំហែង បំបាក់ស្មារតីដល់គ្រួសារលោកស្រី៖ « ចាប់កូនខ្ញុំគឺទាក់ទងនឹងការគំរាមកំហែងមកលើរូបខ្ញុំផង និងចង់បំបាក់ស្មារតី ក្រុមគ្រួសារខ្ញុំ កូនខ្ញុំតែម្ដង។ និយាយរួមទៅ កូនខ្ញុំវាក្មេង បើសិនជាគាត់មានលើសលួសអីតិចតួចធម្មតាក្មេងវាមានជំងឺអ៊ីចឹងផង ហើយចាប់ឪពុកដាក់គុក ហើយធ្វើបាបទៅលើម្ដាយអ៊ីចឹងទៀត គឺគាត់ឈឺចាប់ណាស់។ ធ្លាប់ចាប់គាត់ម្ដងហើយ គប់គាត់បែកក្បាល ២០ ថ្នេរហើយ គាត់តែងតែមានការនិយាយស្ដីខ្លះហើយ។ តាមតេឡេក្រាមគាត់មានការនិយាយខ្លះដែរ ព្រោះធម្មតាជេរឪពុកគាត់សុទ្ធតែឧទ្ទាម សុទ្ធតែក្បត់ជាតិ ធម្មតាគាត់ខឹងគាត់ចេះតែជេរហើយ។ ខ្ញុំថា នេះគឺជាការរៀបចំឲ្យកូនខ្ញុំចូលអន្ទាក់គេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្នងការនរគបាលរាជធានីក្រុងភ្នំពេញលោក ស ថេត និងអ្នកនាំពាក្យស្នងការដ្ឋាននរគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ដើម្បីសាកសួរបន្ថែមបានទេជុំវិញរឿងនេះ នៅយប់ថ្ងៃទី២៤ ខែមិថុនា។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា តាមការអះអាងរបស់គ្រួសារដែលសមត្ថកិច្ចដាក់កម្លាំងច្រើនលើសលុបក្នុងពេលចុះចាប់ខ្លួនកុមារា កាក់ សុវណ្ណច្ឆ័យ ដោយមិនបញ្ជាក់ប្រាប់មូលហេតុដល់គ្រួសារ គឺជារឿងមិនត្រឹមត្រូវតាមច្បាប់ឡើយ។ លោកថា មានហេតុផលមួយចំនួនដែលសមត្ថកិច្ចគួរតែដោះលែងកុមារារូបនេះ៖ « សុវណ្ណច្ឆ័យនេះធ្លាប់បានសមត្ថកិច្ចចាប់ខ្លួនម្ដងហើយ ហើយក៏ដឹងថា កុមារនេះមានស្មារតី វិបល្លាស គាត់មានកើតជំងឺអូទីហ្សឹម ដែលជាជំងឺមួយដែលមានការផ្ចង់អារម្មណ៍ស្រលាញ់អី គឺគាត់ផ្ដោតទៅអ្វីដែលជាការស្រលាញ់របស់គាត់ តែងការពារអ្វីដែលគាត់ស្រលាញ់ជាដើម។ ចំណុចទាំងអស់នេះ សមត្ថកិច្ចធ្លាប់ដឹងហើយគួរតែពិចារណា ក្នុងការប្រព្រឹត្តរបស់កុមារហ្នឹង។ សមត្ថកិច្ចគួរតែធ្វើការដោះលែង ព្រោះមានការដោះលែងរូបគាត់មួយសារហើយ ណាមួយគ្រួសារគាត់យើងឃើញហើយឪពុករបស់គាត់កំពុងជាប់ឃុំ គ្រួសារគាត់កំពុងជួបផលលំបាកជាច្រើន»។
កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ កុមារា កាក់ សុវណ្ណច្ឆ័យ ដែលបច្ចុប្បន្នអាយុ ១៦ ឆ្នាំ ត្រូវបានប៉ូលិសសង្កាត់ចាក់អង្រែលើ ប្រើហិង្សាទៅលើរាងកាយនៅក្នុងពេលចាប់ខ្លួនរូបគេ ដែលជាប់ពាក់ព័ន្ធថា បានចូលទៅប្រមូលទង់គណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការកណ្ដាលគណបក្សនេះ។ កាក់ សុវណ្ណច្ឆ័យ មានជំងឺអូទីហ្សឹម (Autism) តាំងពីកំណើត និងមានខួរក្បាលខុសប្រក្រតីជាញឹកញាប់ ដែលនិយាយប៉ប៉ាច់ប៉ប៉ោចទៅតាមអារម្មណ៍របស់ខ្លួន។ ពេលនោះ ប៉ូលិសប៉ុស្តិ៍ចាក់អង្រែលើ បានឃុំខ្លួន កាក់ សុវណ្ណច្ឆ័យ មួយយប់ និងបញ្ជូនទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមួយយប់ទៀត ហើយបង្ខំឲ្យធ្វើកិច្ចសន្យា និងថតវីដេអូសុំទោសមុននឹងដោះលែងរូបគេវិញ។
បន្ទាប់មកនៅពីថ្ងៃទី២៧ ខែមេសា កាក់ សុវណ្ណច្ឆ័យ បានជួបគ្រោះថ្នាក់ម្ដងទៀត ដោយត្រូវជនមិនស្គាល់មុខមានគ្នាពីរនាក់ ជិះម៉ូតូលបគប់នឹងដុំថ្មពីក្រោយខ្នងបណ្តាលឱ្យបែកក្បាលដេរ ២០ ថ្នេរ ពេលដែលរូបគេធ្វើដំណើរជាមួយម្តាយនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចាប់តាំងពីដើមឆ្នាំ២០២០ រហូតមកដល់ពេលនេះ យុវជនសកម្មជនសង្គម បរិស្ថាន សកម្មជននយោបាយបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិល ជិត៨០នាក់ហើយ ដែលត្រូវបានចាប់ខ្លួន។ ពួកគេជាប់ចោទពីបទផ្សំគំនិតក្បត់ បទក្បត់ជាតិ បទញុះញង់ បង្ករភាពវឹកវរដល់សន្តិសុខសង្គម និងបទប្រមាថព្រះមហាក្សត្រ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។