អាជ្ញាធរ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​១​អង្គ​នៅ​កំពង់ចាម​ក្រោម​ហេតុផល​ល្មើស​វិធានការ​បង្ការ​កូវីដ​១៩

ដោយ យន់ សាមៀន
2021-09-05
Share
អាជ្ញាធរ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​១​អង្គ​នៅ​កំពង់ចាម​ក្រោម​ហេតុផល​ល្មើស​វិធានការ​បង្ការ​កូវីដ​១៩ ព្រះសុខុមញ្ញាណ ប៉ាង សុដា ព្រះសង្ឃ​ខ្មែរ​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ឃ្លាំង​ កម្ពុជា​ក្រោម និង​ជា​ព្រះ​ចៅ​អធិការ​វត្ត វង្សគត​បុរី​សេរី​ភ្នំពេញ ខេត្ត​កំពង់ចាម ដែល​អាជ្ញាធរ​​ខេត្ត​នេះ​ចាប់​ព្រះកាយ នៅ​ថ្ងៃ​ទី២ ខែសីហា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក នឹក​កម្ពុជាក្រោម

អាជ្ញាធរ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ១​អង្គ នៅ​ខេត្ត​កំពង់ចាម ក្រោម​ហេតុផល​ល្មើស​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩។ អង្គការ​សមាគម​ខ្មែរក្រោម ច្រានចោល​ការ​ចោទប្រកាន់​នេះ ហើយ​ចាត់​ទុក​ករណីនេះ​គឺ ជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ​ខ្មែរក្រោម​។ មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ករ​ណី​នេះ​បង្កើត​នូវ​មន្ទិលសង្ស័យ​ជាច្រើន​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​សិទ្ធិ​របស់​ព្រះអង្គ។

អាជ្ញាធរ​នៅ​មិន​ទាន់​បង្ហាញ​ទី​កន្លែង​ឃុំ​ព្រះ​កាយ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ព្រះចៅ​អធិការ​វត្ត វង្សគតបុរី​សេរី​ភ្នំពេញ​ព្រះអង្គ ប៉ាង សុដា នៅឡើយ​ទេ ក្រោយ​ព្រះអង្គ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​និង​ផ្សឹក កាល​ពី​ថ្ងៃទី​ថ្ងៃទី២ កញ្ញា។

ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​កំពង់ចាម លោក ស្រី សុភ័ក្ត្រ ថ្លែងប្រាប់​អាស៊ីសេរី​ថា មន្ត្រី​សង្ឃ​និង មន្ទីរ​ខេត្ត​បាន​ផ្សឹក​ព្រះអង្គ ប៉ាង សុដា ស្របតាម​ពុទ្ធបញ្ញត្តិ​ដើម្បី​ឱ្យ​គាត់​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ លោក​បន្ត​ថា ការ​ផ្សឹក​នេះ​អនុវត្ត​តាម​ដីកា​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ចេញ​ដីកាចាប់ខ្លួន​ដើម្បី​យក​ទៅ​សាកសួរ​ជុំវិញ​បទចោទប្រកាន់​ល្មើស​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩​។ លោក​ឱ្យ​ដឹង​ថា មន្ត្រីខេត្ត​ត្រឹមតែ​ជួយ​សម្របសម្រួល​ផ្សឹក ចំណែក​កិច្ចការ​បន្ទាប់​គឺជា​ភារកិច្ច​របស់​តុលាការ​និង​ស្ថាប័ន​ផ្សេងទៀត៖ «សមត្ថកិច្ច​គេ​សំណូមពរ​ឱ្យ​មន្ត្រី​សង្ឃ​ជួយ​សម្របសម្រួល​ឱ្យ​ព្រះអង្គ ប៉ាង សុដា លាចាក​សិក្ខាបទ​ដើម្បី​គេ​អនុវត្ត​ដីកា​ពីព្រោះ​គេ​អត់​ចង់​ធ្វើ​ជា​លោកសង្ឃ​ដែល​អាច​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា ការ​លាចាក​សិក្ខា​បិទ​ហ្នឹង​ក្រោម​ការ​សម្របសម្រួល​របស់​មន្ត្រី​សង្ឃ នៅពេល​ព្រះរាជអាជ្ញា​គេ​ចេញ​ដីកា​ចោទប្រកាន់​មានន័យថា​គាត់​មាន​បញ្ហា​ជាមួយ​ផ្លូវច្បាប់​ជាមួយ​រាជការ អ៊ីចឹង​គឺ​តាម​វិន័យ​សាសនា​ឱ្យ​គាត់​ចេញ​ទៅ​តតាំង​អី​សិន​ទៅ»

ប្រធាន​លេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះតេជព្រះគុណ ឃឹម សន មាន​ថេរ​ដីកា​ថា​ព្រះអង្គ​មិនដឹង​មូលហេតុ​ឈាន​នៃ​ការ​ចាប់​ព្រះកាយ​ព្រះអង្គ​នោះ​ទេ ចំណែក​របាយការណ៍​ជុំវិញ​រឿង​នេះ​គណៈសង្ឃ​ខេត្ត ព្រះអង្គ​ក៏​មិនទាន់​ទទួល​បាន​ដែរ​។ ព្រះអង្គ​បន្ត​ថា ប្រសិន​ព្រះសង្ឃ​ធ្វើ​ខុស​ធម្ម​វិន័យ​ត្រូវ​ផ្សឹក​ជា​មុន​សិន ប៉ុន្តែ​ប្រសិនបើ​អាជ្ញាធរ​រដ្ឋ​រក​មិន​មាន​កំហុស​ព្រះអង្គ ប៉ាង សុដា អាច​បួស​ជា​ព្រះសង្ឃ​ឡើង​វិញ​បាន។

អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ព័ត៌មាន​អំពី​ការ​ចាប់ខ្លួន​នេះ​បាន​ទេ នៅ​ថ្ងៃទី៤ កញ្ញា ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ព្រះអង្គ ប៉ាង សុដា ត្រូវ​បាន​មន្ត្រី​សង្ឃ​ខេត្តកំពង់ចាម ២​អង្គ​ចាប់​ផ្សឹក​ហើយ​សមត្ថកិច្ច​ខេត្ត​និង​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​ព្រះ​កាយ​មក​ភ្នំពេញ​កាល​ពី​ថ្ងៃទី​០២ កញ្ញា ដោយ​ធ្វើឡើង​យ៉ាង​តក់ក្រហល់​តែ​រហូត​មក​ដល់​ថ្ងៃនេះ មិនទាន់​បាន​បង្ហាញ​ទីកន្លែង​ដែល​អាជ្ញាធរ​ឃុំ​ព្រះអង្គ​នៅ​ឡើយ​ទេ។

ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ឡែន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បន្ទាប់​ពី​មន្ត្រី​សង្ឃ​ចាប់​ផ្សឹក​និង​ឃុំ​ព្រះ​កាយ​មក ព្រះអង្គ ប៉ាង សុដា បាន​ទាក់ទង​មក​លោក​នៅ​ថ្ងៃទី​៤ កញ្ញា​នេះ ដោយ​ប្រាប់​ថា ព្រះអង្គ​មាន​សុខភាព​ធម្មតា ប៉ុន្តែ​ព្រះអង្គ​មិនអាច​បញ្ជាក់​អំពី​កន្លែង​ដែល​សមត្ថកិច្ច​ឃុំ​ព្រះ​កាយ​បានទេ​។ លោក​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​អាជ្ញាធរ​ដែល​ចោទប្រកាន់​ព្រះអង្គ ប៉ាង ស​ដា រឿង​ល្មើស​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​។ លោក​ឱ្យ​ដឹង​ថា ព្រះអង្គ​គ្រាន់តែ​និមន្ត​សូត្រ​មន្ត ឬ​ស្រោច​ទឹក​រំដោះគ្រោះ​កន្លង​មក តប​តាម​ការ​និមន្ត​របស់​ពុទ្ធបរិស័ទ​ដែល​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​។ លោក​សង្កេត​ឃើញ​ថា ករ​ណី​នេះ​ធ្វើឡើង​ដោយ​លាក់បាំង​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​ព្រះសង្ឃ​។ លោក​ស្នើ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះលែង​ព្រះអង្គ​មាន​សេរី​ឡើងវិញ ព្រោះ​ព្រះអង្គ​គ្មាន​កំហុស​ដូច​ការចោទប្រកាន់​នោះ​ទេ៖ «ប្រើ​កម្លាំង​ទៅ​ចាប់​ព្រះអង្គ​តក់ក្រហល់​ដោយ​ខ្វះ​ការ​ពិនិត្យ​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ពី​ច្បាប់ ដល់​មែនទែន​ទៅ​ការអនុវត្ត​ច្បាប់​ហាក់បីដូចជា​មិន​បាន​ពង្រឹង​និង​មិន​ស្រប​តាម​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា កន្លែង​នេះ​ដែល​ធ្វើ​ឱ្យ​យើងខ្ញុំ​ក្នុងនាម​សមាគម​ខ្មែរក្រោម​ក៏​ដូច​ក្នុង​នាម​ខ្លួន​ខ្ញុំ​ជា​ខ្មែរក្រោម​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ទាំងអស់​នេះ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ក៏​សង្កេត​ឃើញ​ថា ការ​ចាប់​ខ្លួន​ព្រះសង្ឃ​ខ្មែរក្រោម​នេះ បាន​បង្កើត​ឲ្យ​មានរឿង​មន្ទិលសង្ស័យ​ច្រើន។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា អាជ្ញាធរ ចាប់​ព្រះ​កាយ​ព្រះអង្គ ប៉ាង សុដា ដោយ​មិន​ផ្តល់​ព័ត៌មាន​ច្បាស់លាស់ ដល់​សាច់ញាតិ​និង​ពុទ្ធបរិស័ទ ជាពិសេស​អាជ្ញាធរ​មិន​បាន​បង្ហាញ​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ចោទប្រកាន់ ករណី​ល្មើស​បំរាម​កូវីដ​១៩​នៅ​ឡើយ ប្រការ​នេះ​នឹង​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធ​របស់​ព្រះអង្គ​។ លោក​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ព្រះសង្ឃ​អាច​និមន្ត​សូត្រ​មន្ត​តាម​ផ្ទះ​ពលរដ្ឋ​ដោយ​មិន​ល្មើស​បំរាម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នោះ​ទេ​។ លោក​ថា អង្គការ​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ការ​ចំពោះ​សកម្មជន​ដីធ្លី និង​សង្គម និង​ព្រះសង្ឃ​តែងតែ​រង​ការ​ចាប់ ឬ​ឃុំខ្លួន​ពី​អាជ្ញាធរ​ដែល​កំពុង​អនុវត្ត​ច្បាប់​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩​នេះ៖ «សង្គម​ស៊ីវិល​យើង​ចង់​ឱ្យ​មាន​តម្លាភាព​ទាក់ទង​ទៅ​នឹង​ការ​ចាប់ និង​ឃុំ​ព្រះ​កាយ​ព្រះអង្គ ព័ត៌មាន​ឱ្យ​ពិតប្រាកដ​ថា​តើ​មូលហេតុ​អ្វី​បានជា​ចាប់ និង​ការ​ឃុំខ្លួន​ព្រះអង្គ​ហ្នឹង បើ​មិន​អ៊ីចឹង​ទេ​មន្ទិល​នឹង​មាន​ច្រើន ហើយ​ការរិះគន់​ក៏ដូចជា​ការ​លើកឡើង​ពី​បញ្ហា​ហ្នឹង​អាច​ផ្សេងៗ​គ្នា»

ព្រះតេជព្រះគុណ ប៉ាង សុដា តែងតែ​ជួយ​សកម្មភាព​សង្គម ដូចជា​ឧបត្ថម្ភ​ថវិកា ស្បៀងអាហារ និង​សម្ភារៈ ដល់​ពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ​១៩​។ លើស​ពី​នេះ ព្រះអង្គ​យក​ព្រះទ័យ​ទុកដាក់​ទុក​លើ​ពលរដ្ឋ​ខ្មែរក្រោម​តាមរយៈ​ធ្វើ​ការងារ​ជាមួយ អង្គការ​សមាគម​ខ្មែរក្រោម និង​កម្មវិធី​មនុស្សធម៌​នានា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល