អាជ្ញាធរខេត្តបាត់ដំបងបានដោះលែងសកម្មជន ៦នាក់ឲ្យមានសេរីភាពវិញ ក្រោយពីបានចាប់ឃាត់ខ្លួនអស់រយៈពេលជាង ៣ម៉ោង កាលពីថ្ងៃទី៩ ឧសភាមក។ ការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយពីព្រះសង្ឃ និងសកម្មជនចំនួន ១៤នាក់ បានធ្វើដំណើរទៅត្រឡប់ទៅវត្តដំរីស ក្រោយធ្វើកូដកម្មបង្អត់អាហារនៅមុខសាលាខេត្តកាលពីព្រឹកថ្ងៃទី៩ ឧសភា។ ក្រុមព្រះសង្ឃ និងយុវជនធ្វើកូដកម្មនេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលអន្តរាគមន៍ជួយពន្យារពេលសងប្រាក់បំណុលធនាគារដល់ពលរដ្ឋ ដែលជួបវិបត្តិដោយការរាតត្បាតជំងឺកូវីដ១៩។
សមាជិកចលនា ខ្មែរថាវរៈ ព្រះតេជព្រះគុណ កើត សារ៉ាយ ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចបានតម្រូវឲ្យក្រុមសកម្មជនធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព តទៅទៀត ក្រោយពីបានចាប់ខ្លួនយកទៅសាកសួរនៅអធិការនគរបាលក្រុងបាត់ដំបងអស់រយៈពេលជាងបីម៉ោងរួចមក។
ព្រះតេជព្រះគុណមានថេរដីកាថា ការឃាត់ខ្លួននេះជាការរំលោភសិទ្ធិសេរីភាពនៃការប្រមូលផ្តុំ ព្រោះក្រុមសកម្មជន គ្រាន់តែធ្វើកូដកម្មបង្អត់អាហារដោយសន្តិវិធី៖ « ទាក់ទិននឹងកិច្ចសន្យាហ្នឹងមិនមានមាតិកាអីច្រើនទេ គេគ្រាន់តែដាក់ថា សូមឲ្យយើងហ្នឹងកុំធ្វើអីដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម និងកុំឱ្យធ្វើអីដែលខុសច្បាប់ទៅប៉ុន្តែគ្រាន់តែថាគ្រាន់តែថាសមាជិករបស់ពួកយើងហ្នឹងគាត់អត់បានផ្ដិតមេដៃគាត់អត់បានផ្ដិតមេដៃទាំងអស់គ្នាដោយសារតែគាត់គិតថាអត់មានខុសអីទេ » ។
ក្រុមព្រះសង្ឃ និងសកម្មជនចលនា ខ្មែរថាវរៈ ចំនួន ១៤នាក់ បានធ្វើកូដកម្មបង្អត់អាហារ និងធម្មយាត្រាដោយសន្តិវិធី ដើម្បីទាមទារឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ ពន្យារពេលទារប្រាក់ពីប្រជាពលរដ្ឋ ក្នុងគ្រាជំងឺ covid-19 កំពុងរាតត្បាត។

ក្រុមព្រះសង្ឃ និងយុវជនទាំងនោះ មានអ្នកខ្លះកាន់ទង់ជាតិខ្មែរ និងពាក់មួកស្លឹកត្នោតប្រមូលផ្ដុំធ្វើដំណើរ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តនេះ នាំកម្លាំងប៉ូលិស និងប៉េអិមប្រមាណ ៣០នាក់ ស្ទាក់ជាប់ម្ដុំអគារមីក្រូហិរញ្ញវត្ថុប្រាសាក់ (Prasac) នៅកណ្ដាលទីរួមខេត្តបាត់ដំបង។

អភិបាលក្រុងបាត់ដំបង លោក ផែង សុទ្ធី មានប្រសាសន៍ថា ការរារាំងនេះ គឺដោយសារព្រះសង្ឃ និងក្រុមយុវជនទាំងនោះ មិនមានច្បាប់អនុញ្ញាតពីអាជ្ញាធរដែនដី៖ « ខ្ញុំករុណាមិនថាអីទេ តេជគុណចូលរួមកិច្ចការសង្គមកិច្ចសាសនាទាំងឡាយ ប៉ុន្តែមិនទាន់មានច្បាប់ យើងធ្វើបែបនេះ វាស្នើនឹងព្រះតេជព្រះគុណធ្វើឱ្យចលាចលទៅវិញ។ ពួកខ្ញុំថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់អត់មានថ្ងៃសៅ អត់មានថ្ងៃអាទិត្យ ហើយព្រះតេជព្រះគុណធ្វើថា ដើម្បីប្រជាពលរដ្ឋ ខ្ញុំក៏ជាប្រជាពលរដ្ឋដែរអត់បានឈប់សម្រាកថ្ងៃសៅថ្ងៃអាទិត្យទេ » ។
ទោះជាយ៉ាងណា ក្រុមអ្នកធ្វើកូដកម្ម បានដាក់ពាក្យស្នើសុំទៅសាលាខេត្តបាត់ដំបងរយៈពេល ៣ថ្ងៃហើយ ក៏ប៉ុន្តែអាជ្ញាធរពុំមានការឆ្លើយតបនោះទេ ទើបពួកគាត់សម្រេចចិត្តនាំគ្នាធ្វើកូដកម្មតែម្ដង។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី ចាត់ទុកទង្វើរបស់អាជ្ញាធរខេត្តបាត់ដំបងនេះថា ជាការរំលោភលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយខុសច្បាប់៖ « សកម្មភាពហ្នឹងវាអត់ប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់អីទេ មនុស្សជាង ១០នាក់ទេ គាត់អត់បានធ្វើឱ្យស្ទះចរាចរណ៍អត់បានយកផ្លូវធ្វើជាចំណាប់ខ្មាំងទេ។ តាមពិតពាក្យថា សណ្ដាប់ធ្នាប់សាធារណៈនេះខ្ញុំឃើញថា អាជ្ញាធរពេញចិត្តថា មិនប៉ះពាល់ដល់ណាមិនពេញចិត្តលោកថា ប៉ះពាល់ទៅ ដូចការ ធ្វើរោងការបិទផ្លូវមួយ ផ្សារយកផ្លូវធ្វើជាកន្លែងលក់ដូរទាំងអស់ហ្នឹង ហើយវាប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ » ។
រដ្ឋធម្មនុញ្ញមាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ ពីអង្គការរដ្ឋ ហើយច្បាប់ក៏បើកផ្លូវឱ្យពលរដ្ឋអាចប្រមូលផ្តុំ ឬធ្វើបាតុកម្មដោយសន្តិវិធីផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។