កម្មករ​ខ្មែរ​ធ្វើ​ការ​នៅ​ក្រៅ​ស្រុក​រិះគន់​លោក ហ៊ុន ម៉ាណែត ថា មិន​ដឹង​អំពី​ទុក្ខ​លំបាក និង​ផល​ប្រយោជន៍​ពួកគេ

ដោយ យ៉ង ចាន់តារា
2023.09.04
កម្មករ​ខ្មែរ​ធ្វើ​ការ​នៅ​ក្រៅ​ស្រុក​រិះគន់​លោក ហ៊ុន ម៉ាណែត ថា មិន​ដឹង​អំពី​ទុក្ខ​លំបាក និង​ផល​ប្រយោជន៍​ពួកគេ ទិដ្ឋភាពពលករខ្មែរត្រៀមរៀបចំឆ្លងដែន វិលទៅស្រុកកំណើត ឱកាសពិធីបុណ្យ​ទាន នាពេលកន្លងទៅ។
រូប៖ ហ្វេសប៊ុក​អង្គការសង់ត្រាល់

ពលករ​ខ្មែរ​ធ្វើការងារ​នៅ​ប្រទេស​​នៅ​ប្រទេស​ថៃ និង​កូរ៉េខាងត្បូង​មួយចំនួន​រិះគន់​លោក ហ៊ុន ម៉ាណែត ថា និយាយ​រឿង​មិន​ពិត​ ទាក់ទង​ស្ថានភាព​ការងារ​ពួកគេ ដើម្បី​បំភ័ន្ត​ភ្នែក និង​កេង​ចំណេញ​នយោបាយ។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី១ ខែ​កញ្ញា លើក​ឡើង​ថា រដ្ឋាភិបាល​ផ្ដោត​សំខាន់​លើ​ការ​បង្កើត​ការងារ និង​តែងតែ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពលករ​ដែល​ធ្វើការងារ​នៅ​ក្រៅ​ប្រទេស​ដោយ​មិន​ទុក​អ្នក​ណា​ម្នាក់​ចោល​នោះ​ទេ។

ពលករ​ខ្មែរ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ឱ្យ​ដឹង​ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មិន​សូវ​យកចិត្ត​ទុកដាក់​គិតគូរ​ពី​សុខទុក្ខ​ពលករ​ដូច​រដ្ឋាភិបាល​ប្រទេស​ផ្សេង​ទៀត​នោះ​ទេ។ ពួកគេ​បញ្ជាក់​ថា ការ​ដែល​រដ្ឋាភិបាល​លើកឡើង​ពី​ការ​ការពារ​កម្មករ​នៅ​ក្រៅ​ប្រទេស​នោះ គឺ​ផ្ទុយ​ពី​ការពិត​ជាក់ស្តែង​ដែល​​កម្មករ​បាន​ជួប​ប្រទះ និង​រង​គ្រោះ។

ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​លោក យាំ បូផាន់ រៀបរាប់​ថា ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ភាគច្រើន​ប្រើ​កម្លាំង​បាយ​ប្តូរ​យក​ប្រាក់​ឈ្នួល​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និង​ដោះបំណុល​នៅ​ស្រុក​កំណើត។ លោក​បន្ត​ថា ចាប់តាំង​ពី​លោក​មក​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ជាង​២ឆ្នាំ​មក​នេះ មន្រ្តី​ស្ថាន​ទូត​ខ្មែរ​អសកម្ម​ក្នុង​ការ​ចុះ​ជួយ​អន្តរាគមន៍​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​កម្មករ ជាក់ស្តែង​លោក​បាន​ចំណាយ​លុយ​ពឹងពាក់​មេធាវី​ឯកជន​ដើម្បី​ដោះស្រាយ​ករណី​ថៅកែ​កូរ៉េ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ដោយ​មិន​បើក​ប្រាក់​ឈ្នួល ពីព្រោះ​មន្ត្រី​ស្ថានទូត​កម្ពុជា​មិន​បាន​អើពើ​ជួយ​ដោះស្រាយ​សំណើ​របស់​ពលករ។

លោក យាំ បូផាន់៖ «ខ្ញុំ​មាន​ផល​លំបាក​ច្រើន​ដែរ ពីព្រោះ​យើង​មក​នៅ​ស្រុក​គេ​ដឹង​ស្រាប់​ហើយ​ទាំង​ការងារ និង​រដ្ឋាភិបាល​កម្ពុជា និង​ស្ថានទូត​អី គឺ​គេ​មិន​មាន​ការ​ជួយ​ជ្រោមជ្រែង​ទេ​នៅ​ពេល (ពលករ​ខ្មែរមាន​បញ្ហា​អ្វីមួយ​នៅ​ក្នុង​ប្រទេស​នេះ (កូរ៉េខាងត្បូង) យើង​តែងតែ​ស្វែង​រក​ជំនួយ​ពី​គេ (ស្ថានទូត​ខ្មែរ) ប៉ុន្តែ​គេ​តែងតែ​បដិសេធ​រហូត ហើយ​គេ (ហ៊ុន ម៉ាណែតបាន​និយាយ​ថា គេ​បាន​ជួយ​ជ្រោមជ្រែង​ដល់​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ក៏​ដូចជា​ពលករ​ខ្មែរ​ដែល​មក​ធ្វើការ​នៅ​ក្រៅ​ប្រទេស អាហ្នឹង​គឺ​ជា​ការ​សម្តែង​ទាំង​ស្រុង​តែ​ម្តង»

ស្រដៀង​គ្នា​នេះ​ដែរ ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​លោក ពៅ សុភ័ណ្ឌ ថ្លែង​ថា មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​មក​ធ្វើការ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ​ទាំង​ប្រថុយប្រថាន ដោយសារ​ការងារ​ក្នុង​ស្រុក​មិន​សូវ​មាន និង​បាន​ប្រាក់​ឈ្នួល​ទាប ដែល​មិន​អាច​ដោះស្រាយ​ជីវភាព​បាន។ លោក​ឱ្យ​ដឹង​​ថា កម្មករ​ខ្មែរ​នៅ​ទីនោះ​ប្រឈម​បញ្ហា​ឯកសារ​ធ្វើការ​ស្រប​ច្បាប់ និង​ថៅកែ​រំលោភបំពាន​សិទ្ធិ​ជា​បន្តបន្ទាប់ ប៉ុន្តែ​គ្មាន​មន្ត្រី​ការងារ​រូប​ណា​អើពើ​អន្តរាគមន៍​ដោះស្រាយ​ទុក្ខ​លំបាក ពួកគាត់​ដូច​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត នោះ​ទេ។ 

លោក ពៅ សុភ័ណ្ឌ៖ «ពលករ​នៅ​តំបន់​លោក​ព្រលឹម​ឡើង​រង់ចាំ​ថៅកែ​មក​​ដឹក​យក​ទៅ​ធ្វើការ ហើយ​ពេល​ខ្លះ​ក៏​អត់​បាន​ការងារ​ធ្វើ​ពីរ​បី​ថ្ងៃ​ឬ​មួយ​សប្តាហ៍​អ៊ីចឹង​ទៅ តើ​គាត់ (មន្រ្តី​ស្ថានទូត)ចុះ​​ទៅ​សួរ​សុខទុក្ខ​ពលករ​ក្រុម​ហ្នឹង​អត់ គឺ​គាត់​អត់​សោះ ហើយ​គាត់ (ហ៊ុន ម៉ាណែត) មក​ប្រកាស​ថា ក្រុម​ការងារ​របស់​គាត់​ចុះ​មក​សួរសុខទុក្ខ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ គឺ​អត់​មាន​ទេ គឺ​មាន​តែ​ក្រុម​គាត់​ប្រហែល​៦០ ទៅ ១០០នាក់​ហ្នឹង​ឯង បើ​ឱ្យ​ខ្ញុំ​សរសើរ​ស្ថានទូត​ខ្មែរ អាជ្ញាធរ​ខ្មែរ​ប្រចាំការ​​ប្រទេស​ថៃ​វិញ គឺ​ខ្ញុំ​ឱ្យ​ពិន្ទុ​សូន្យ»

ប្រតិកម្ម​របស់​ពលករ​នេះ​ធ្វើឡើង​ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា បាន​ប្រកាស​ពី​គោល​នយោបាយ​គាំទ្រ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ធ្វើការ​នៅ​ក្រៅប្រទេស​ដើម្បី​ឱ្យ​មាន​ការងារ​ធ្វើ ហើយ​ករណី​បែប​នេះ​លោក​ថា មិនមែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ។ ទន្ទឹម​នឹង​នេះ​លោក​អះអាង​ថា កន្លង​ទៅ​មន្ត្រី​របស់​លោក​ដែល​ប្រចាំការ​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​ប្រទេស​ថៃ កូរ៉េខាងត្បូង ជប៉ុន និង​ម៉ាឡេស៊ី​បាន​ចិត្តទុក​ដាក់​ចំពោះ​​សុខទុក្ខ​ពលករ​ខ្មែរ​ចំណាក​ស្រុក​តាមរយៈ​ការ​អន្តរាគមន៍​ផ្តល់​ជំនួយ​ផ្លូវ​ច្បាប់ ម្ហូប​អាហារ និង​ផ្តល់​សេវា​ផ្សេង​ទៀត។

លោក ហ៊ុន ម៉ាណែត៖ «កន្លង​ទៅ​យើង​ចរចា​នៅ​ទីផ្សារ (ការងារជាមួយ​ជប៉ុន កូរ៉េ ជាមួយ​កាណាដា និង​ប្រទេស​ផ្សេង​ទៀត ដើម្បី​ឱ្យ​បងប្អូន​មាន​ឱកាស គឺ​មិនមែន​ជា​ការ​បង្ខិតបង្ខំ​នោះ​ទេ បងប្អូន​របស់​យើង​ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស គឺ​យើង​មាន​ទូត ទីប្រឹក្សា​ពលករ ទីប្រឹក្សា​ការងារ​នៅ​តាម​ស្ថានទូត ហើយ​ប្រទេស​មួយចំនួន​ដែល​មាន​ប្រជា​ពលករ​ច្រើន យើង​គិត​ដើម្បី​បង្កើន​ចំនួន​បន្ថែម​ទៀត​នៃ​ទីប្រឹក្សា​ការងារ​ដើម្បី​ឱ្យ​ពួកគាត់​អាច​ចុះ​ជួប»។

ទោះ​បី​លោក ហ៊ុន ម៉ាណែត ថ្លែង​បែប​នេះ​ក្តី ប៉ុន្តែ​កន្លង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថ្មី គឺ​លោក ហេង សួរ ដែល​មាន​តួនាទី​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់​តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទ្វីប​អាស៊ី​ខាង​កើត និង​អាគ្នេយ៍​តំណាង​លោក ហ៊ុន ម៉ាណែត នោះ​មាន​ឈ្មោះ​អាស្រូវ​ដើរ​អូស​ទាញ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស រួម​មាន​ថៃ កូរ៉េខាងត្បួង (South Korea) និង​ជប៉ុន (Japan) ឱ្យ​មក​គាំទ្រ​រដ្ឋាភិបាល និង​ស្រាវជ្រាវ​រកមុខ​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​ដើម្បី​គំរាម​កំហែង​ផង​ដែរ។

ក្រុម​ពលករ និង​មន្រ្តី​សង្គម​ស៊ីវិល​មើលឃើញ​ថា កូនចៅ​របស់​លោក ហ៊ុន ម៉ាណែត តែងតែ​យក​តួនាទី​រដ្ឋ​បម្រើ​បក្ស​កាន់​អំណាច​ជាង​ការពារ​ផលប្រយោជន៍ និង​ដោះស្រាយ​ទុក្ខ​លំបាក​របស់​កម្មករ។

ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍ អង្គការ​សង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា ថ្លែង​ថា មតិ​របស់​កម្មករ​ជា​រឿង​ពិត​ដែល​បាន​កើត​ឡើង ពីព្រោះ​កន្លងមក​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។ លោក​ជំរុញ​ដល់​រដ្ឋាភិបាល​ថ្មី​ស្តាប់​សំឡេង​របស់​កម្មករ និង​ទទួល​​យក​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល​ទៅ​កែ​លម្អ​ទាក់ទង​នឹង​ភាព​អសកម្ម​របស់​មន្ត្រី​ស្ថានទូត​ដែល​មាន​តួនាទី​ការពារ​សិទ្ធិ​កម្មករ។

លោក ឌី ថេហូយ៉ា៖ «ពលករ​នៅ​ស្រុក​គេ​ហាក់​​តែលតោល​គ្មាន​ទីពឹង​ដោយ​មិនដឹង​ទៅ​រក​អ្នក​ណា​អាច​ជួយ​ពួកគាត់​បាន។ ពលករ​ធ្វើការ​នៅ​ស្រុក​គេ​នេះ​ពួកគាត់​ដូច​ជា​មិន​ទទួល​បាន​ការ​គាំពារ​ផ្នែក​ច្បាប់​ផ្សេងៗ ជាពិសេស​ការ​ផ្តល់​សេវា​លើ​ឯកសារ​ស្រប​ច្បាប់​ជា​ដើម ដោយ​គាត់​ត្រូវ​ចំណាយ​ច្រើន ប្រឈម​មុខ​នឹង​ចាញ់​បោក​គេ ជា​ដើម​អ៊ីចឹង​ទៅ»។

របាយការណ៍​ក្រសួង​ការងារ​បង្ហាញ​ថា មក​ទល់​ពេល​នេះ ពលករ​កម្ពុជា កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ជាង ១លាន ៣សែននាក់ (១.៣២១.៥០៦) ក្នុង​នោះ​នៅ​ប្រទេស​​ថៃ​មាន​ចំនួន​ជាង ១លាន ២សែន​នាក់ និង​នៅ​ប្រទេស​កូរ៉េខាងត្បូង​មាន​ចំនួន​ជិត ៥ម៉ឺន​នាក់។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិ​ពលករ​វិញ​បង្ហាញ​ថា ចំនួន​ពលករ​កម្ពុជា​នៅ​ក្រៅ​ប្រទេស​អាច​មាន​ទៅ​ដល់​ជាង ២លាន​នាក់​ដោយ​រាប់​ទាំង​ពលករ​ស្របច្បាប់ និង​មិន​ស្រប​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។