មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ប្រារព្ធ​ពិធី​រម្លឹក​ខួប​គម្រប់​៧​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី

0:00 / 0:00

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹង​ប្រារព្ធ​ពិធី​រម្លឹក​ខួប​គម្រប់​៧​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី តាមរយៈ​សកម្មភាព​ផ្សេងៗ​គ្នា​ចំនួន​៥ ដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ ការ​នឹករលឹក និង​ការ​ទាមទារ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR គ្រោង​នឹង​រៀបចំ​ពិធី​រម្លឹក​ខួប​៧​ឆ្នាំ នៃ​មរណភាព​លោក​បណ្ឌិត កែម ឡី តាមរយៈ​សកម្មភាព ៥​ផ្សេងៗ​គ្នា ដើម្បី​លើកកម្ពស់​ស្មារតី​ប្រជាពលរដ្ឋ និង​យុវជន​យក​គំរូ​ភាព​លះបង់​របស់​លោក​បណ្ឌិត ក្នុង​ការ​លើក​កម្ពស់​សេរីភាព​បញ្ចេញមតិ និង​លទ្ធិប្រជាធិបតេយ្យ។

សកម្មភាព​ដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​គ្រោង​ធ្វើ​ទាំងនោះ​រួមមាន ១. ការប្រកួតប្រជែង​និពន្ធ ឬ​តែង​កំណាព្យ​បង្ហាញ​ពី​ការ​នឹក​រឭក​ទៅដល់​វីរភាព​បណ្ឌិត កែម ឡី ចាប់ពី​ថ្ងៃទី​១៦ មិថុនា ដល់​ថ្ងៃទី​១ កក្កដា ។ ទី​២. ការ​ដាក់​តាំង​រូប​បណ្ឌិត​កែម ឡី នៅ​លើ​រូបភាព​គម្រប​ហ្វេសប៊ុក​របស់ CCHR ពេញ​មួយ​ខែ​កក្កដា​។ ៣. ការ​បង្ហោះ​សម្រង់​សម្ដី​បណ្ឌិត កែម ឡី ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៩ កក្កដា នៅ​លើ​ហ្វេសប៊ុក​ផេក CCHR។ ៤. ការរៀបចំ​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃទី​៦ ខែ​មិថុនា និង​សកម្មភាព​ចុងក្រោយ​គេ គឺ​ការ​បង្ហោះ​ខ្សែ​វីដេអូ​ខ្លី ក្រោម​ចំណងជើង​ថា ពាក្យពិត និង​កម្មវិធី​ពិភាក្សា​អំពី​ការ​នឹក​រឭក​ទៅដល់​បណ្ឌិត កែម ឡី តាម​វិទ្យុ​។​

ជុំវិញ​រឿង​នេះ នាយក​ផ្នែក​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លោក សួន យុធ្យា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែមិថុនា ថា ការ​ប្រារព្ធ​ពិធី​រំឭក​ខួប​មរណភាព​បណ្ឌិត កែម ឡី មិន​ត្រឹមតែ​មាន​បំណង​បង្ហាញ​ពី​គំរូ​ភាព​របស់​បណ្ឌិត កែម ឡី ទៅ​ដល់​ប្រជាពលរដ្ឋ និង​អ្នកការពារ​សិទ្ធិមនុស្ស​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏​ជា​យុទ្ធនាការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល ស្វែងរក​យុត្តិធម៌​ជូន​លោក បណ្ឌិត កែម ឡី ផង​ដែរ។ លោក​បន្ថែម​ថា ការ​មិន​ផ្ដល់​ភាព​យុត្តិធម៌​សម្រាប់​គ្រួសារ​លោក​បណ្ឌិត កែម ឡី គឺជា​ការ​បន្ត​អំពើ​និទ្ទណ្ឌភាព ហើយក៏​ជា​ការ​គំរាមកំហែង​ទៅ​ដល់​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​អ្នក​លើក​កម្ពស់​សេរីភាព​បញ្ចេញមតិ​ផង​ដែរ។

«មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​យើង​នៅតែ​ធ្វើការ​ដើម្បី​យុត្តិធម៌​បណ្ឌិត កែម ឡី គឺ​យើង​នៅតែ​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​ជូន​លោក និង​ការ​អំពាវនាវ​ឱ្យ​អ្នកទទួលខុសត្រូវ ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ហ្នឹង គឺ​ត្រូវតែ​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​ជូន​លោក​បណ្ឌិត កែម ឡី។ យើង​ចង់បាន​មូលហេតុ​ពិត​ដែល​លោក កែម ឡី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់»។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារម៉ា​ត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច (Caltex) ក្នុង​ទីក្រុង​ភ្នំពេញ​។ ការ​បាញ់​ប្រហារ​នេះ កើតឡើង​ក្រោយ​ពី​អ្នកវិភាគ​រូប​នេះ​បាន​ផ្តល់​ការ​អធិប្បាយ​ដល់​បណ្ដាញ​ព័ត៌មាន​អំពី​ការ​កាន់កាប់​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ក្រុម​គ្រួសារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លាតត្រដាង​នៅក្នុង​របាយការណ៍​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីតណេស (Global Witness)​។ សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​នេះ តុលាការ​បាន​ផ្ដន្ទាទោស​បុរស​ម្នាក់​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ផ្អែក​តាម​ចម្លើយ​សារភាព​របស់​បុរស​រូប​នោះ​ដែល​ថា គាត់​ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី ដោយសារ​លោក កែម ឡី មិន​ព្រម​សង​ប្រាក់​ជំពាក់​ចំនួន ៣.០០០​ដុល្លារ។ ប៉ុន្តែ​ក្រុម​គ្រួសារ​លោក កែម ឡី និង​សូម្បីតែ​ក្រុម​គ្រួសារ​របស់​លោក អឿត អាង មិន​ជឿ​ថា ជា​ការ​ពិត​នោះ​ទេ ព្រោះ​លោក អឿត អាង គឺជា​មនុស្ស​ក្រីក្រ​រស់នៅ​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្ត​សៀមរាប មិនដែល​ស្គាល់គ្នា និង​គ្មាន​លុយ​ឯណា​ឱ្យ​លោក កែម ឡី ខ្ចី​នោះ​ទេ​។ ក្រោយ​មាន​ការ​រិះគន់​ខ្លាំងៗ ពី​សាធារណជន តុលាការក្រុង​ភ្នំពេញ​បានសម្រេច​បំបែកសំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​យក​មក​កាត់ទោស ក៏ប៉ុន្តែ​តុលាការ​មិនបាន​ផ្ដល់​ព័ត៌មាន​ស្ដីពី​ការ​វិវឌ្ឍ​នៃ​សំណុំរឿង​ទី​ពីរ​នេះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក សុខ ឥសាន បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​នោះ​ទេ នៅ​ថ្ងៃទី​២៣ ខែមិថុនា ដោយ​ទូរស័ព្ទ​ចូល ក៏ប៉ុន្តែ​មិន​មាន​អ្នកទទួល។

ដោយឡែក ក្រុម​យុវជន​សកម្ម​នឹង​ការងារ​សង្គម ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ និង​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខែ្មរ ក៏​គ្រោង​រៀបចំ​ពិធី​រំឭក​ខួប​នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​ថ្ងៃទី​១០ ខែ​កក្កដា ខាងមុខនេះ​ផង​ដែរ។

យុវជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា លើកឡើង​ថា ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ នឹង​ចូលរួម​ពិធី​រំឭក​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក បណ្ឌិត កែម ឡី ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ភាព​យុត្តិធម៌​ទៅដល់​លោក​បណ្ឌិត។ លោក​បន្ថែម​ថា យុវជន​ចលនា​មាតា​ធម្មជាតិ នឹង​ចូលរួម​ការ​ប្រារព្ធ​ខួប​មរណភាព​បណ្ឌិត កែម ឡី តាមរយៈ​ការ​តស៊ូ​មតិ​នៅ​លើ​បណ្ដាញ​សង្គម និង​សកម្មភាព​នៅ​ទី​សាធារណៈ។

លោក ថុន រដ្ឋា៖ «ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នេះ​យើង​អត់​ទាន់​ជឿជាក់ ហើយក៏​យើង​អត់​ទាន់​ទទួល​បាន​យុត្តិធម៌​ដែល​មើល​ឃើញ​ថា គឺ​ត្រូវ​បាន​ផ្ដល់​យុត្តិធម៌​មក​ដល់​លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​ហ៊ាន​និយាយ​ពី​ការពិត​នៅក្នុង​សង្គម អ្នក​ដែល​ជា​គំរូ​ភាព វីរភាព​សម្រាប់​ពួក​យើង»។

កន្លងមក ភរិយា​របស់​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា បាន​ចោទប្រកាន់​ត្រង់ៗ តាម​ហ្វេសប៊ុក​របស់​គាត់ និង​ចេញ​ជា​សេចក្ដីថ្លែងការណ៍​ថា គ្រួសារ​របស់​លោក ហ៊ុន សែន និង​របប​លោក ហ៊ុន សែន គឺជា​អ្នក​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​សម្លាប់​ប្ដី​លោកស្រី ដូច្នេះហើយ​ទើប​អ្នក​ផ្ដួច​ផ្ដើមគំនិត អ្នកផ្ដល់​មធ្យោបាយ និង​ជន​ដៃដល់​ពិតប្រាកដ ក្នុង​ការ​សម្លាប់​ប្ដី​របស់​លោកស្រី បន្ត​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។