មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បង្ហោះវីឌីអូអប់រំមួយស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដែលមានចំណងជើងថា សិទ្ធិរបស់ខ្ញុំយុត្តិធម៌របស់ខ្ញុំ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស៊ីស៊ីអេចអរ (CCHR) នៅថ្ងៃទី១៥ កក្កដា បានផ្សព្វផ្សាយវីឌីអូអប់រំប្រវែង ១៤នាទី ក្នុងគោលបំណងបង្ហាញពីរបៀបដែលមនុស្សគ្រប់រូបដែលរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌមានសិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយយុត្តិធម៌។ វីឌីអូរឿងប្រឌិតនេះបានផ្ដោតសំខាន់លើសិទ្ធិចំនួន៥ ជាចម្បង ដើម្បីធានានូវសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដែលមានចែងនៅក្នុងច្បាប់ជាតិនិងអន្តរជាតិ។
សិទ្ធិទាំងនោះមានដូចជា សិទ្ធិយល់ដឹងអំពីប្រភេទ និងមូលហេតុនៃការចោទប្រកាន់មកលើខ្លួន រួមទាំងសិទ្ធិទទួលបានមេធាវី សិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈ សិទ្ធិទទួលបានការជំនុំជម្រះដោយសាលាជម្រះក្ដីឯករាជ្យ និងមិនលម្អៀង សិទ្ធិទទួលបានការជំនុំជម្រះដោយគ្មានការពន្យារពេល និងសិទ្ធិទទួលបានពេលវេលាសមរម្យ និងមធ្យោបាយគ្រប់គ្រាន់ដើម្បីរៀបចំការពារក្ដី។ ក្រៅពីនេះ ជនដែលរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ក៏នឹងទទួលបានសិទ្ធិសំខាន់ៗ ជាច្រើនទៀតដែរ។
លោកអ្នកនាងអាចចូលទៅមើលវីឌីអូអប់រំនោះ តាមរយៈគេហទំព័រមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលមានអាស័យដ្ឋាន CCHRCAMBODIA.ORG ឬតាមយូធូប (YouTube) CCHRCAMBODIA រួចចុចយកវីឌីអូដែលមានចំណងជើងជាភាសាអង់គ្លេសថា My Rights, My Justice ឬមានន័យថា សិទ្ធិរបស់ខ្ញុំយុត្តិធម៌របស់ខ្ញុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។