អ្នក​គោរព​ស្រឡាញ់​លោក ជា វិជ្ជា ប្រកាស​ប្ដេជ្ញា​បន្ត​ទាមទារ​យុត្តិធម៌​សម្រាប់​លោក

ដោយ ខាន់ លក្ខិណា
2025.01.22
អ្នក​គោរព​ស្រឡាញ់​លោក ជា វិជ្ជា ប្រកាស​ប្ដេជ្ញា​បន្ត​ទាមទារ​យុត្តិធម៌​សម្រាប់​លោក លោក ជា មុនី ប្រធាន​គណបក្ស​កម្លាំង​ជាតិ អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធបង​ប្រុស​ គឺ​លោក ជា វិជ្ជា នៅ​ទីតាំង​រូបសំណាករបស់​លោក នៅ​សួន​ខាង​លិច​វិមានឯករាជ្យ នៅ​ថ្ងៃ​ទី២២ ខែមករា ឆ្នាំ២០២៥។ លោក ជា វិជ្ជា ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្បែរ​កែង​របង​វត្ត​លង្កា​កណ្ដាល​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី២២ ខែមករា ឆ្នាំ២០០៤។
រូបពីពលរដ្ឋ

[អាន​អត្ថបទ​ជា​ភាសា​អង់គ្លេស៖ Anniversary of Cambodian labor leader's killing marked by union members, activists]

ទោះបី​ជា​អំពើ​ឃាតកម្ម​លើ​លោក ជា វិជ្ជា មាន​រយៈ​ពេល ២១ឆ្នាំ​ហើយ​ក៏​ដោយ សំឡេង​នៃ​ការ​ទាមទារ​រក​យុត្តិធម៌ សម្រាប់​ប្រធាន​សហជីព​សេរី​កម្មករ​រូប​នេះ នៅ​តែ​ខ្លាំង​ក្លា និង​ប្ដេជ្ញា​ជំរុញ​រហូត​ទាល់​តែ​រដ្ឋាភិបាល អាច​ចាប់​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ អ្នក​ចូលរួម​ទាមទារ​យុត្តិធម៌ ជិត ១០០នាក់ ភាគ​ច្រើន​ជា​កម្មករ មន្ត្រី​សហជីព មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល បាន​អុជ​ធូប​និង​ដាក់​កម្រង​ផ្កា គោរព​វិញ្ញាណ លោក ជា វិជ្ជា នៅ​កន្លែង​តម្កល់​រូប​សំណាក​របស់​លោក ក្បែរ​របង​វត្ត​លង្កា​រាជធានី​ភ្នំពេញ។ ការ​បន្ត​ទាមទារ​យុត្តិធម៌​នេះ គឺ​ដោយសារ​តែ​រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​អ្វី​ទាំងអស់ ករណី​ឃាតកម្ម​លើ​លោក ជា វិជ្ជា។

អំពើ​ឃាតកម្ម​សម្លាប់​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ដែល​មាន​រយៈ​ពេល ២១ឆ្នាំ​ហើយ មិន​ទាន់​មាន​សញ្ញា​ពន្លឺ​យុត្តិធម៌​នៅ​ឡើយ​ទេ ប៉ុន្តែ​សំឡេង​ និង​សកម្មភាព​ចម្រុះ នៃ​ការ​ទាមទារ​យុត្តិធម៌ នៅ​តែ​ខ្លាំង​ក្លា និង​សកម្ម។ សំឡេង​ និង​សកម្មភាព​ទទូច​រក​យុត្តិធម៌​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ពលរដ្ឋ សហជីព កម្មករ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី២២ ខែមករា ឆ្នាំ២០២៥។

សំឡេង​ក្នុង​អំឡុង​ប្រារព្ធ​កម្មវិធី៖ «លុប​បំបាត់​នូវ​វប្បធម៌​និទ្ទណ្ឌភាព និង​ការ​ចូលរួម​ពង្រឹង​នីតិរដ្ឋ យុត្តិធម៌​សង្គម​ពិត​នៅ​ក្នុង​ប្រទេស​កម្ពុជា»

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ និង​ជា​អតីត​សហការី​ជិត​ស្និទ្ធ​របស់​លោក ជា វិជ្ជា គឺ​លោក រ៉ុង ឈុន ស្នើ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ស៊ើបអង្កេត ពីព្រោះ​លោក​ថា ទាំង​ក្រុម​គ្រួសារ​លោក ជា វិជ្ជា កម្មករ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ រួម​ទាំង​សហគមន៍​អន្តរជាតិ ដូចជា អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ជា​ដើម កំពុង​ទន្ទឹង​រង់ចាំ​យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា។

លោក រ៉ុង ឈុន៖ «ក្នុង​នាម​បក្ស​ប្រឆាំង​អ្នក​តស៊ូ​មតិ អត់​បញ្ឈប់​ទេ ទោះបី​ជា ២១ឆ្នាំ ឬ​មួយ​ទៅ​មុខ​បន្ត​បន្ទាប់ យើង​នៅ​តែ​ថ្លែង​និង​ទាមទារ​រហូត លុះ​ត្រា​តែ​រក​ឃាតករ​អ្នក​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស ទោះបីជា​ជំនាន់​ខ្ញុំ​រក​មិន​ឃើញ ខ្ញុំ​គិត​ថា យុវជន​​ទាំងអស់ នៅ​ជំនាន់​បន្ត​បន្ទាប់ នឹង​បន្ត​ជំរុញ​រក​ទៀត»

ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ទាវ វណ្ណុល អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ប្រើ​គ្រប់​មធ្យោបាយ វែក​រកមុខ​ឃាតករ​ពិត​ប្រាកដ យក​មក​ផ្ដន្ទាទោស​ឱ្យ​សម​នឹង​ការ​អះអាង​ថា កម្ពុជា​ជា​សង្គម​សន្តិភាព  ទោះបី​អំពើ​ឃាតកម្ម​លើ​លោក ជា វិជ្ជា កើត​ឡើង​ដោយ​ហេតុ​ផល​អ្វី​​ក៏ដោយ។

លោក ទាវ វណ្ណុល ៖«រឿង​ហេតុ​អ្វី​ដែល​រក​ឃាតករ​មិន​ឃើញ ខ្ញុំ​មិន​ដឹង​ថា ការ​មក​ពី​មូល​ហេតុ​អ្វី​ដែរ វា​អាច​សមត្ថកិច្ច​អសមត្ថភាព​ក្នុង​ការ​ស៊ើប និង​ស្វែង​រក​ឃាតករ​ពិត​ប្រាកដ​ឬ​មួយ​ក៏​មាន​រឿង​នយោបាយ​នៅ​ពី​ក្រោយ​ខ្នង ឬ​យ៉ាង​ម៉េច»

ចំណែក​ប្រធាន​គណបក្ស​ជំនាន់​ថ្មី​លោក មាជ សុវណ្ណារ៉ា ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត  ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​អាថ៌កំបាំង​នៃ​ការ​សម្លាប់​លោក ជា វិជ្ជា ដើម្បី​គោល​ដៅ​យុត្តិធម៌ បើ​ទោះ​បី​ជា​ឃាតកម្ម​លើ​មេ​ដឹក​នាំ​សហជីព​រូប​នេះ កើត​មាន​តាំង​ពី​សម័យ​លោក ហ៊ុន សែន នៅ​ជា​នាយក​រដ្ឋមន្ត្រី​ក្ដី។

លោក មាជ សុវណ្ណារ៉ា៖ «ទោះ​បី​វា​យូរ​មក​ដល់ ២១ឆ្នាំ ក៏​វា​មិន​ទាន់​ហួស​ពេល​ដែរ នៃ​បទ​ឧក្រិដ្ឋ​បាញ់​សម្លាប់​មនុស្ស​ដូច​សត្វ​ធាតុ វា​អត់​មាន​អាយុ​កាល​ថា ត្រូវ​តែ​ឈប់​ស្រាវជ្រាវ ស៊ើបអង្កេត ឬ​ក៏​ស្វែង​រក​ចាប់​ឧក្រិដ្ឋជន​​មក​កាត់​ទោស នៅ​លើ​ប្រព័ន្ធ​តុលាការ​មួយ​ឯករាជ្យ ដើម្បី​សេរី យុត្តិធម៌»

អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា លោក ជា វិជ្ជា ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត ក្បែរ​កែង​របង​វត្ត​លង្កា​កណ្ដាល​រាជធានី​ភ្នំពេញ ខណៈ​លោក​កំពុង​អាន​កាសែត កាល​ពី​ព្រឹក​ថ្ងៃ​ទី២២ ខែមករា ឆ្នាំ២០០៤។ ឃាតកម្ម​នេះ កើត​ឡើង​ក្នុង​ពេល​ប្រទេស​កម្ពុជា កំពុង​ជួប​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ធំ ៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី ដែល​ជាប់​គាំង​មិន​អាច​សម្របសម្រួល​គ្នា បង្កើត​រដ្ឋាភិបាល​ ថ្មី​បាន នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ២០០៣ ពេល​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី កាល​នោះ រួម​គ្នា​ប្រកាស​បដិសេធ​លទ្ធផល​បោះ​ឆ្នោត។

ប្រមាណ​មួយ​សប្ដាហ៍​ក្រោយ​អំពើ​ឃាតកម្ម ឃាតករ​សិប្បនិមិត្ត​ពីរ​នាក់ គឺ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ឱ្យ​ទទួល​ខុស​ត្រូវ។ ឃាតករ​សិប្បនិមិត្ត​ទាំង​ពីរ​នាក់ ត្រូវ​បាន​តុលាការ​កំពូល ដោះលែង​ឱ្យ​មាន​សេរីភាព ក្នុង​ខែ​កញ្ញា ឆ្នាំ២០១៣ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​ដោយ​គ្មាន​កំហុស​ជិត ៦ឆ្នាំ។

អតីត​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ លោកស្រី រឿន កូលាប បាន​លើក​ឡើង​ថា សហជីព​សេរី​កម្មករ ដាក់​ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​រដ្ឋាភិបាល ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ស៊ើបអង្កេត រហូត​ទាល់​តែ​បាន​យុត្តិធម៌ សម្រាប់​លោក ជា វិជ្ជា។

លោកស្រី រឿន កូលាប៖ «ជា​រៀង​រាល់​ឆ្នាំ​ពេល​គោរព​វិញ្ញាណក្ខន្ធ គឺ​បាន​ដាក់​លិខិត​ទៅ​សាលា​ក្រុង ហើយ​នឹង​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ឱ្យ​គាត់​ស្វែង​រក​យុត្តិធម៌។ សហព័ន្ធ​សហជីព ដែល​បាន​ចូលរួម ក៏​គាត់​ចង​ស្វែង​រក​យុត្តិធម៌ ដើម្បី​ឱ្យ​លោក ជា វិជ្ជា និង​ក្រុម​គ្រួសារ​គាត់​ដែរ។ យើង​ឃើញ​ហើយ​ពី​មុន​មក បាន​គាត់​ធ្វើ​កូដកម្ម ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ ទាំង​អស់»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​បំភ្លឺ​ពី​អគ្គស្នងការ​នគរបាល​ជាតិ​លោក ស ថេត អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន និង​អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុឃៈ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២២ ខែមករា ជុំវិញ​ដំណើរ​ការ​ស៊ើបអង្កេត​សំណុំ​រឿង​ឃាតកម្ម​លើ​លោក ជា វិជ្ជា។

កាល​ពី​ឆ្នាំ២០១៥ លោក ហ៊ុន សែន កាល​នោះ ជា​នាយករដ្ឋមន្ត្រី បាន​បង្កើត​គណៈកម្មការ​ពិសេស​មួយ ឱ្យ​ចុះ​ស្រាវជ្រាវ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​លើ​អង្គហេតុ និង​អង្គច្បាប់ ដើម្បី​ប្រមូល​ព័ត៌មាន និង​ភស្តុតាង​ទាក់ទង​នឹង​ឃាតកម្ម​លើ​លោក ជា វិជ្ជា។ គណៈកម្មការ​ពិសេស​នេះ មាន​សមាស​ភាព​ពី​ក្រសួង​មហាផ្ទៃ ក្រសួង​ការងារ ក្រសួង​យុត្តិធម៌ ទីស្ដីការ​គណៈរដ្ឋមន្ត្រី អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រួម​ទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន។

មក​ដល់​ពេល​នេះ គណៈកម្មការ​ពិសេស​របស់​លោក ហ៊ុន សែន មាន​អាយុ​ ១០ឆ្នាំ​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​បង្ហាញ​ព័ត៌មាន​អ្វី​ទាំងអស់ ក្នុង​រឿង​ឃាតកម្ម​សម្លាប់​លោក ជា វិជ្ជា នៅឡើយ រីឯ​រដ្ឋាភិបាល​ថ្មី ដែល​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី​កូន គឺ​លោក ហ៊ុន ម៉ាណែត ក៏​មិន​ទាន់​បាន​បង្ហាញ​សញ្ញា​ណា​មួយ អំពី​ការ​ប្រឹងប្រែង​ ស៊ើបអង្កេត​រក​ឃាតករ​ពិត​នៅ​ឡើយ​ដែរ។ 

មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក យី សុខសាន្ត លើក​ឡើង​ថា អង្គការ​សង្គម​ស៊ីវិល នៅ​តែ​តាម​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ និង​ទទូច​ឱ្យ​រដ្ឋាភិបាល​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​យក​ទៅ​ផ្ដន្ទាទោស​តាមច្បាប់ កុំ​ឱ្យ​ចេះ​តែ​កើត​មាន​និទ្ទណ្ឌភាព​ភាព​នៅ​ប្រទេស​កម្ពុជា។

លោក យី សុខសាន្ត៖ «រដ្ឋាភិបាល​ហាក់​ដូច​ជា​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ស្វែង​រក​យុត្តិធម៌ ប៉ុន្តែ​គណៈកម្មការ​នេះ ហាក់​ដូច​ជា គ្រាន់​តែ​កំពុង​តែៗៗ។ អា​ការ​គ្រាន់​តែ​កំពុង​តែ វា​អត់​មាន​ពេល​វេលា​ណា​មួយ​ជាក់លាក់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ទេ»

ប្អូនប្រុស​លោក ជា វិជ្ជា គឺ​លោក ជា មុនី ដែល​ជា​ប្រធាន​ស្ដី​ទី​គណបក្ស​កម្លាំង​ជាតិ​បច្ចុប្បន្ន លើក​ឡើង​ថា គណៈកម្មការ​ពិសេស​របស់​រដ្ឋាភិបាល បង្កើត​ឡើង​គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ ពីព្រោះ​លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល​មាន​បំណង​រក​ឃាតករ​ពិត និង​អ្នក​នៅ​ពី​ក្រោយ​អំពើ​ឃាតកម្ម​នេះ នោះ​សមត្ថកិច្ច​គួរ​តែ​សហការ​ជាមួយ​ក្រុម​គ្រួសារ​លោក ជា វិជ្ជា ដែល​មាន​តម្រុយ​នៃ​ក្រុម​មនុស្ស​គោល​ដៅ​បាញ់​សម្លាប់​ លោក ជា វិជ្ជា។ លោក ជា មុនី ធ្លាប់​ប្រៀបធៀប​ការ​សម្លាប់​លោក ជា វិជ្ជា ទៅ​នឹង​ការ​ធ្វើ​ឃាត ក្នុង​ប្រព័ន្ធ​ឃាតកម្ម​មួយ ឬ​ជា​ការ​ប្រហារ​ជីវិត ដោយ​មាន​ការ​រៀបចំ​ទុក​ជា​មុន។

លោក ជា មុនី៖ «កាល​ណា​សមត្ថកិច្ច​ចង់​ធ្វើ​អ្វី​មួយ ទាល់​តែ​មេ​បញ្ជា បើ​មេ​បញ្ជា​ស៊ើប​ភ្លាម ហើយ​បើ​មេ​អត់​បញ្ជា​អត់​ស៊ើប​ទេ។ អ្វីៗ នៅ​ក្នុង​ករណី​ឃាតកម្ម​លោក ជា វិជ្ជា ដូច​ជា​មិន​ពិបាក​ក្នុង​ការ​ឆ្ងល់​ទេ សម្រាប់​ខ្ញុំ។ បើ​សមត្ថកិច្ច​ខ្នះខ្នែង​ធ្វើ​ចាប់​បាន​ភ្លាម»

ក្នុង​ខួប ២១ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក នូវ​ខ្សែ​ភាពយន្ត​ ស៊ើបអង្កេត​ជា​ភាសា​ខ្មែរ អំពី​ការ​សម្លាប់​លោក ជា វិជ្ជា។ ខ្សែ​ភាពយន្ត​ស៊ើបអង្កេត​នេះ ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក​កាំង ឈ្មោះ ឡៅដ៍ ម៉ៅស៍ ហ្វីមស៍ (Loud Mouth Films) ក្នុង​នោះ ក៏​បាន​ស្រង់​សម្ដី​សាក្សី​នៅ​កន្លែង​កើត​ហេតុ គឺ​អ្នក​លក់​ កាសែត​លោកស្រី សុធី។ លោកស្រី​បាន​និយាយ​អំពី​បុគ្គល​ក្នុង​ផែនការ​ឃាតកម្ម ដែល​បាន​ទូរស័ព្ទ​រាយការណ៍ ទៅ​ថ្នាក់​លើ​របស់​គេ បន្ទាប់​ពី​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា។

អ្នក​លក់​កាសែត​លោកស្រី សុធី៖ «គេ​ឈរ​ទូរស័ព្ទ​នៅ​ហ្នឹង តែ​គេ​និយាយ​ទៅ​អ្នក​ណា ខ្ញុំ​អត់​ដឹង​ទេ នៅ​ពេល​បាញ់​ហើយ​ភ្លាម ប្រហែល​ជា ៥នាទី​ក្រោយ នៅ​ពេល​ហ្នឹង​គេ​ចាប់​ផ្ដើម​យក​ចេញ​ហើយ ហើយ​ថ្នាក់​លើ​បញ្ជា​មក​ថា ឱ្យ​យក​ចេញ​ភ្លាមៗ សព​ហ្នឹង អត់​ទុក​នៅ​ហ្នឹង​ទេ»

ក្រោយ​ពី​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា មេ​ដឹក​នាំ​សហជីព​មូលដ្ឋាន​ពីរ​រូប​ទៀត ក៏​ត្រូវ​បាន​បាញ់​សម្លាប់ គឺ​លោក រស់ សុវណ្ណារ៉េត ក្នុង​ខែឧសភា ឆ្នាំ២០០៤ និង​លោក ហ៊ី វុទ្ធី ក្នុងឆ្នាំ២០០៧។

អត្ថបទដែលទាក់ទង៖

រយៈពេល ៩ឆ្នាំ គណៈកម្មការដែលលោក ហ៊ុន សែន បង្កើតឡើងឱ្យរកឃាតករសម្លាប់លោក ជា វិជ្ជា គ្មានលទ្ធផលអ្វីទាំងអស់

ឃាតករសម្លាប់លោក ជា វិជ្ជា អាចរកឃើញ នៅក្រោយពេលលោក ហ៊ុន សែន ធ្លាក់ពីអំណាច

ភរិយាលោក ជា វិជ្ជា មិនរំពឹងថា ទទួលបានយុត្តិធម៌ពីរបបដឹកនាំបច្ចុប្បន្នរកឃាតករពិត

តុលាការកំពូលចេញដីកាបង្គាប់ឱ្យស៊ើបអង្កេតរឿងក្ដីសម្លាប់លោក ជា វិជ្ជា ឡើងវិញ

CCHR៖ រដ្ឋាភិបាលមិនឱ្យបញ្ចាំងកុនឯកសារ តើនរណាសម្លាប់ ជា វិជ្ជា

តុលាការ​ក្រុងភ្នំពេញស៊ើបអង្កេតករណីឃាតកម្មលើលោក ជា វិជ្ជា ឡើងវិញ

មតិ​ជុំវិញ​ការ​ដោះលែង ប៊ន សំណាង និង សុខ សំអឿន ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ លោកស្រី ទូច សើ លើក​ឡើង​ថា ការ​បាត់​បង់​ លោក ជា វិជ្ជា និង​មេ​ដឹក​នាំ​សហជីព​ផ្សេងៗ​ទៀត គឺ​ជា​ការ​បាត់​បង់​បង្អែក​ដ៏​រឹង​មាំ ក្នុង​ការ​ការពារ​សិទ្ធិ និង​ប្រយោជន៍​កម្មករ។

លោកស្រី ទូច សើ៖ «សង្គម​យើង​បច្ចុប្បន្ន វា​ពិបាក​មិន​ងាយ​រក​ភាព​យុត្តិធម៌ ឱ្យ​អ្នក​ដែល​មាន​ភាព​ស្មោះ​ត្រង់ ជាមួយ​នឹង​កម្មករ ក៏​ដូច​ជា បងប្អូន​យុវជន​ខ្មែរ​យើង​ទាំងអស់ គឺ​មិន​មាន​ភាព​ល្អ​ប្រសើរ។ ខ្ញុំ​យល់​ឃើញ​ថា ចំណុច​កន្លែង​នេះ នៅ​មាន​ការ​ខ្វះ​ខាត»

អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក ហេង ពៅ ធ្លាប់​ប្រាប់​កាសែត​ បរទេស មុន​ពេល​លោក ហ៊ុន សែន ចាប់​ខ្លួន​លោក​ពី​ប្រទេស​ម៉ាឡេស៊ី​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ២០០៦ថា អតីត​អគ្គស្នងការ​នគរបាល​ជាតិ​លោក ហុក ឡង់ឌី បាន​បញ្ជា​ ឱ្យ​លោក​ចាប់​លោក សុខ សំអឿន និង​លោក ប៊ន សំណាង ឱ្យ​ទទួល​ខុស​ត្រូវ​ លើ​ការ​សម្លាប់​លោក ជា វិជ្ជា។

ជុំវិញ​រឿង​ឃាតកម្ម​លើ​មេ​ដឹក​នាំ​សហជីព​លោក ជា វិជ្ជា ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​រិះគន់​ថា អតីត​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​មាន​ ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ទៅ​នឹង​ករណី​ធ្វើ​ឱ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​នៅ​ក្នុង​សង្គម​កម្ពុជា ហើយ​ក៏​បង្ហាញ​ដែរ​ថា វប្បធម៌​និទ្ទណ្ឌភាព​នេះ បន្ត​រហូត​មក​ដល់​រដ្ឋាភិបាល​កូន ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន ម៉ាណែត។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​បាន​ចេញ​របាយការណ៍​ថា អំពើ​ឃាតកម្ម​ជិត ៣០ឆ្នាំ​មក​នេះ ដូចជា ការ​ធ្វើ​គត់​ព្រះ​សង្ឃ សំ ប៊ុនធឿន ការ​សម្លាប់​លោក ឈុត វុទ្ធី លោក​បណ្ឌិត កែម ឡី លោក ជា វិជ្ជា និង​ប្រធាន​សហជីព​កម្មករ​មួយ​ចំនួន​ទៀត មាន​ចរិត​នយោបាយ និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ក្នុង​រដ្ឋាភិបាល។ អំពើ​ឃាតកម្ម​ទាំង​នេះ រួម​ទាំង​ការ​សម្លាប់​អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ចុង​ក្រោយ គឺ​លោក លិម គិមយ៉ា សុទ្ធ​តែ​ត្រូវ​អ្នក​ឃ្លាំមើល​ ទាញ​ភ្ជាប់​នឹង​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។