សង្គម​ស៊ីវិល​ថា គោល​នយោបាយ​លើកកម្ពស់​សុខុមាល​ភាព​កុមារ​មិន​ទាន់​មាន​ប្រសិទ្ធភាព

ដោយ ទីន ហ្សាការីយ៉ា
2019-06-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន  ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។
លោក ហ៊ុន សែន ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។
រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស​លើកឡើង​ថា បទបញ្ជា​របស់​មេដឹកនាំ​ក្រុងភ្នំពេញ គឺ​លោក ហ៊ុន សែន ពាក់ព័ន្ធ​ការ​លើក​កម្ពស់​អំពី​សុខុមាលភាព​របស់​កុមារ​កម្ពុជា នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​។ ការ​លើក​ឡើង​នេះ ដោយសារ​មន្ត្រី​សង្គម​ស៊ីវិល បាន​សង្កេតឃើញ​ពី​ការ​រំលោភបំពាន​សិទ្ធ​កុមារ​នៅតែ​កើតមាន​ច្រើន​ដដែល ដោយ​មិន​មាន​ការ​ថយ​ចុះ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​អាស៊ីសេរី​ថា បញ្ហា​រំលោភ​សិទ្ធិ​កុមារ​នៅ​កម្ពុជា កាន់​តែ​មាន​សភាព​ខ្លាំង​ឡើង ក្នុង​នោះ​រួមមាន ការរំលោភ​សេពសន្ថវៈ ការ​ប្រើ​ហិង្សា និង​ការ​រំលោភបំពាន​កម្លាំង​ពលកម្ម​កុមារ​ជាដើម។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា បញ្ហា​ទាំងនេះ​ភាគច្រើន​កើតឡើង​ទៅលើ​កុមារ​ក្រីក្រ និង​ដោយសារ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​នៅ​ធូររលុង៖ «ជាពិសេស​ស្ថាប័ន​ពាក់ព័ន្ធ​យើង​គិត​ថា មិនមែន​មានតែ​ក្រសួងមហាផ្ទៃ​តែមួយ​នោះ​ទេ យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅលើ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ទាំងអស់ រួម​ទាំង​ក្រសួង​កិច្ចការ​នារី ដែល​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​កិច្ច​គាំពារ​កុមារ។ ពីព្រោះ​កុមារ​ជា​ជន​ដែល​ងាយ​រងគ្រោះ ជា​ទំពាំង​ស្នង​ឫស្សី​នៅ​ថ្ងៃ​អនាគត មានន័យថា​កុមារ​ជា​អ្នក​ស្នង​តំណែង​នៃ​អ្នកដឹកនាំ​បន្ត​ទៅ​ទៀត បើសិនជា​កុមារ​ត្រូវ​បាន​រង​នូវ​ច្រើន​អីចឹង គឺ​ប៉ះពាល់​ទៅដល់​ធនធានមនុស្ស​សម្រាប់​ជាតិ»

លោក​បន្ត​ថា នៅ​ឆ្នាំ​២០១៩​នេះ បញ្ហា​ការរំលោភ​សិទ្ធិ​របស់​កុមារ​នឹង​បន្ត​កើន​ឡើង​ទៀត បើ​ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ដាក់​បទបញ្ជា​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ​​​​​ឱ្យ​សហការ​គ្នា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​កុមារ​​​​​​ឱ្យ​ប្រសើរ​ឡើង​ក៏​ដោយ​។​

កាលពី​ថ្ងៃ​២៩ ឧសភា​កន្លងទៅ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក​ ហ៊ុន សែន បាន​ផ្ដល់​អនុសាសន៍​គាំទ្រ​ខួប​លើក​ទី​៧០ ទិវា​កុមារ​អន្តរជាតិ​ថ្ងៃ ១​មិថុនា ដោយ​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​បន្ត​ដឹកនាំ​ចាត់ចែង​អនុវត្ត​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ ផ្សព្វផ្សាយ និង​ពង្រឹង​ការអនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ នឹង​ការ​ការពារ​កុមារ​ជាមួយ​ក្រសួង ស្ថាប័ន​ដៃគូ​អភិវឌ្ឍ​សង្គម​ស៊ីវិល ប្រកបដោយ​ប្រសិទ្ធភាព។ ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ មាតាបិតា អាណាព្យាបាល សហគមន៍​និង​កុមារ ត្រូវ​សហការ​ស្វែងរក​ដំណោះស្រាយ បង្កើត​យុទ្ធសាស្ត្រ​ផ្លាស់ប្ដូរ​ឥរិយាបថ​សង្គម តាមរយៈ​ការអប់រំ​ទូន្មាន​ប្រៀនប្រដៅ​បែប​វិជ្ជមាន​ចំពោះ​កុមារ និង​ត្រូវ​រួមគ្នា​ដោះស្រាយ និង​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​គ្រប់​រូបភាព និង​​​​​​ឱ្យ​បាន​ទាន់​ពេល​វេលា។ អាជ្ញាធរ​ត្រូវ​បន្ត​លើកកម្ពស់​ការ​យល់ដឹង និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ និង​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា សម្រាប់​អនុវត្ត​ច្បាប់​​​​​​ឱ្យ​មាន​ប្រសិទ្ធភាព។ ពង្រឹង​ការអនុវត្ត​ដើម្បី​ទប់ស្កាត់​និង​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ រួមចំណែក​ក្នុង​ការ​កាត់បន្ថយ​និង​ឈាន​ទៅ​លុបបំបាត់​អំពើ​ហិង្សា​លើ​កុមារ​គ្រប់​រូបភាព​ជាដើម។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ទទួលបន្ទុក​ផ្នែក​កុមារ​នឹង​ស្ត្រី​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ អ្នកស្រី ប៊ិន សុភ័ណ ប្រាប់​អាស៊ីសេរី​ថា អនុសាសន៍​របស់​លោក ហ៊ុន សែន ធ្វើ​​​​​ឱ្យ​តែ​ល្អមើល​ប៉ុណ្ណោះ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង​គឺ​មិន​ដូច្នេះ​ឡើយ ព្រោះ​កុមារ​នៅ​ក្នុង​ខេត្ត​ដែល​អ្នកស្រី​ទទួលបន្ទុក មាន​ជាច្រើន​នាក់​ហើយ ដែល​រងគ្រោះ​ដោយសារ​ការរំលោភ​សេពសន្ថវៈ​នោះ។ អ្នកស្រី បន្ត​ថា កុមារ​រស់នៅ​ទី​ដាច់ស្រយាល និង​តំបន់​អានាធិបតេយ្យ​រងគ្រោះ​ច្រើន​ជាងគេ ជាពិសេស​នៅ​ក្រុង​ប៉ោយប៉ែត​តែម្ដង។ អ្នកស្រី​បន្ថែម​ថា បញ្ហា​ទាំងនេះ​ចេះតែ​កើតឡើង​មិន​ឈប់ឈរ បណ្ដាលមកពី​អាជ្ញាធរ​នៅ​មូលដ្ឋាន​មិនសូវ​ឈឺឆ្អាល​ជួយសង្គ្រោះ​ដល់​ក្រុម​គ្រួសារ​របស់​កុមារ ជាពិសេស​នៅ​ពេល​ប្ដឹង​​​​​​ឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​ជនល្មើស ដោយ​ជាទូទៅ​អាជ្ញាធរ​តែងតែ​ព្រងើយកន្តើយ ដែល​នាំ​​​​​ឱ្យ​ជនល្មើស​មិន​ខ្លាច​ច្បាប់៖ «រដ្ឋាភិបាល​គាត់​គួរតែ​មាន​កន្លែង​ណាមួយ​ដើម្បី​ផ្ដល់​ការអប់រំ​ជាពិសេស​កុមារ​ក្រីក្រ ដើម្បី​ប្រមូល​ពួកគាត់​ឬ​​​​​​ឱ្យ​គាត់​បាន​រៀន​សូត្រ នៅ​តំបន់​ដែល​ពួកគាត់​រស់នៅ ព្រោះ​អី​កុមារ​ជាច្រើន​ដែល​យើង​ស្នើសុំ​ឪពុកម្ដាយ​យក​ទៅ​ដាក់​តាម​មណ្ឌល​កុមារ​កំព្រា ដូចជា​អង្គការ​តំណក់ទឹក អង្គការ​គ្រួសារ​ថ្មី ដើម្បី​​​​​ឱ្យ​ពួកគាត់​បាន​រៀន​សូត្រ ដែល​ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុវត្ថិភាព​របស់​ពួកគេ»

អ្នកស្រី​បន្ត​ថា រយៈពេល​៥​ខែ​ក្នុង​ឆ្នាំ​២០១៩​នេះ យ៉ាងហោចណាស់​មានការ​រំលោភ​សេពសន្ថវៈ​កុមារ​ចំនួន ៤​ករណី​ហើយ ដែល​អាណាព្យាបាល​បាន​ប្ដឹង​​​​​​ឱ្យ​អ្នកស្រី​ជួយសង្គ្រោះ​ដល់​កុមារ ហើយ​ចំនួន​នេះ គឺ​កើន​ជាង​ឆ្នាំ​កន្លង ដែល​មាន​ពី ២​ទៅ​៣​ករណី​ប៉ុណ្ណោះ។ អ្នកស្រី ព្រួយបារម្ភ​ថា ការរំលោភ​សេពសន្ថវៈ​លើ​កុមារ នឹង​កាន់តែ​សាហាវ​ទៅ ពីព្រោះ​កុមារ​ខ្លះ​ត្រូវ​បាន​ជនល្មើស​ធ្វើ​ទារុណកម្ម និង​សម្លាប់ ដូចជា​ករណី​ការរំលោភ​សម្លាប់​លើ​កុមារ​២​នាក់​នៅ​ខេត្ត​ព្រះសីហនុ ខណៈ​ដែល​ឪពុកម្ដាយ​មិន​នៅផ្ទះ​កាលពី​ថ្ងៃ​ទី​២៩ ឧសភា​ជាដើម។

លោក អំ សំអាត ផ្ដល់​យោបល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​​​​​​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​ពេល​បច្ចុប្បន្ន ទី​២​ត្រូវ​មាន​កិច្ចសហការ​ល្អជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ​និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​រួមគ្នា​ទប់ស្កាត់​ការ​រំលោភបំពាន​គ្រប់​ទម្រង់​រូបភាព​លើ​កុមារ និង​រួមគ្នា​ផ្សព្វផ្សាយ​​​​​​ឱ្យ​សហគមន៍ ​​​​​ឱ្យ​យល់ដឹង​អំពី​ផលវិបាក​ដែល​កើតឡើង​មក​លើ​កុមារ​នៅ​ពេល​អនាគត ដើម្បី​ជំរុញ​​​​​​ឱ្យ​ពលរដ្ឋ​ជួយ​ផ្ដល់​កិច្ចការពារ​សម្រាប់​កុមារ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

stupid=bully=moron=evil

No anyone can fix a stupid person...but u can laugh at it,and don't wast your times for nothing,or do something else...

Jun 03, 2019 04:07 PM

គេហទំព័រ​ទាំងមូល