ប្រជា​សហគមន៍​ក្រីក្រ​នៅ​ទូទាំង​ប្រទេស​បង្ហាញ​ពី​ការ​ប្រឈម​នៃ​ការ​តស៊ូ​មតិ

0:00 / 0:00

ពលរដ្ឋ​នៅ​តាម​សហគមន៍​ក្រីក្រ​នៅ​ទូទាំង​ប្រទេស​បង្ហាញ​ពី​ការ​ប្រឈម​នៃ​ការ​តស៊ូ​មតិ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​ដីស្រែ​ចម្ការ និង​លំនៅឋាន​ពួកគាត់។ ភាព​ផុយ​ស្រួយ​នៃ​ការ​បាត់បង់​ទ្រព្យ​សម្បត្តិ​ទាំង​នេះ និង​បញ្ហា​ប្រឈម​នានា ត្រូវ​បាន​ពួកគាត់​លើក​មក​បង្ហាញ​នៅ​ក្នុង​អង្គ​សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​៩ ដើម្បី​ឲ្យ​មាន​ការ​ចូលរួម​បន្ត​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល និង​ផ្ដល់​ដំណោះស្រាយ​ជូន​ពួកគាត់។

សំឡេង​អំពាវ​របស់​ប្រជា​សហគមន៍​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​កាប់​ព្រៃឈើ បំផ្លាញ​បរិស្ថាន និង​ការ​រំលោភ​ដីធ្លី​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​តែ​កើត​មាន​មិន​ដាច់​ក្នុង​រយៈពេល​ប្រមាណ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក្នុង​បរិបទ​នេះ​ហើយ​ដែល​ធ្វើ​នាំ​ឲ្យ​សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​ការ​តស៊ូ​មតិ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បាន​លើក​យក​ប្រធានបទ​មក​ពិភាក្សា​នោះ​មិន​ចាក​ឆ្ងាយ​ពី​បញ្ហា​ដីធ្លី និង​ធនធាន​ធម្មជាតិ​នោះ​ឡើយ។

សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​៩ ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ បាន​កំណត់​យក​ប្រធានបទ "ធ្វើការ​រួម​គ្នា​ដើម្បី​លើក​កម្ពស់​គណនេយ្យភាព​សង្គម​លើ​អភិបាលកិច្ច​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា"។ កាល​ពី​សន្និសីទ​ថ្នាក់​ជាតិ​លើ​ទី​៨ ឆ្នាំ​២០១៤ បាន​កំណត់​យក​ប្រធានបទ​ស្រដៀង​គ្នា​នេះ​ដែរ គឺ "ធ្វើ​ការ​រួម​គ្នា​ដើម្បី​កំណែ​ទម្រង់​លើ​អភិបាលកិច្ច​ដីធ្លី និង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព"។

អ្នក​ចូលរួម​មួយ​ចំនួន​បញ្ចេញ​ទស្សនៈ​ថា បើ​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ប្រធានបទ​ទាំង​ពីរ​នេះ​ឃើញ​ថា បញ្ហា​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៅ​តែ​មាន​បញ្ហា​ប្រឈម​ខ្លាំង។

សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​៩ ស្ដី​អំពី ធ្វើការ​រួម​គ្នា​ដើម្បី​លើក​កម្ពស់​គណនេយ្យភាព​សង្គម​លើ​អភិបាលកិច្ច​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ វិច្ឆិកា ឆ្នាំ​២០១៥។
សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​៩ ស្ដី​អំពី ធ្វើការ​រួម​គ្នា​ដើម្បី​លើក​កម្ពស់​គណនេយ្យភាព​សង្គម​លើ​អភិបាលកិច្ច​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ វិច្ឆិកា ឆ្នាំ​២០១៥។ (RFA/Sek Bandith)

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​ខេត្ត​មណ្ឌលគិរី លោក តយ ងាន មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​បើក​សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​ការ​តស៊ូ​មតិ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ​បញ្ហា​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មិន​ត្រូវ​អាជ្ញាធរ ឬ​រដ្ឋាភិបាល​ដោះស្រាយ​នោះ​ទេ៖ «»។

​លោក​បន្ត​ថា ការ​តស៊ូ​មតិ​តាម​រយៈ​ការ​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន​ការ​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ជាតិ ដូចជា​រដ្ឋ​សភា​រដ្ឋាភិបាល​ក្រសួង​ពាក់ព័ន្ធ​ជា​ច្រើន​ក៏​នៅ​មិន​ទាន់​ឃើញ​ជា​លទ្ធផល​អ្វី​នៅ​ឡើយ​ទេ៖ «»។

ចំណែក​ប្រជា​សហគមន៍​ឃុំ​ឈើតុម ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ វិញ ក៏​បាន​បង្ហាញ​ពី​ការ​តស៊ូ​មតិ​ប្រឆាំង​នឹង​សកម្មភាព​កាប់​ព្រៃឈើ​ធ្វើ​អាជីវកម្ម និង​ទន្ទ្រាន​យក​ដីធ្លី​រំលោភ​លើ​សម្បត្តិ​រួម​របស់​ប្រជា​សហគមន៍​កំពុង​អាស្រ័យ​ផល បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ម្ចាស់​ស្រុក​ជា​ច្រើន៖ «»។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ រដ្ឋសភា​ស្ថាប័ន​របស់​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ឲ្យ​ចុះ​អង្កេត និង​ចាត់​វិធានការ ប៉ុន្តែ​ជា​ច្រើន​ខែ​មក​ហើយ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​នោះ​ទេ៖ «»។

អ្នក​ចូល​រួម​ដទៃ​ទៀត​បង្ហាញ​ថា នៅ​មាន​ករណី​ស្រដៀង​គ្នា​នេះ​ជា​ច្រើន​ទៀត​ស្ទើរ​ទូទាំង​ប្រទេស​ដែល​មិន​ទាន់​មាន​ការ​ដោះស្រាយ ហើយ​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​តស៊ូ​ទាំង​ទឹក​ភ្នែក​ដើម្បី​ទាមទារ​រក​យុត្តិធម៌។

​ឆ្លើយ​តប​នឹង​បញ្ហា​ទាំង​នេះ ឧកញ៉ា ម៉ុង ឫទ្ធី ជា​ប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធី និង​ជា​ប្រធាន​គណៈកម្មការ​ទី​៣ នៃ​ព្រឹទ្ធសភា បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​កាសែត​ក្នុង​ឱកាស​លោក​អញ្ជើញ​បើក​សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​៩ នោះ​ថា បរិយាកាស​តស៊ូ​មតិ​របស់​ប្រជាពលរដ្ឋ​កន្លង​មក​បាន​ទទួល​លទ្ធផល​ល្អ​ប្រសើរ​ជា​ច្រើន ហើយ​ការ​ខិតខំ​ទៅ​មុខ​ទៀត លោក​ជឿ​ថា នឹង​អាច​បាន​ទទួល​លទ្ធផល​ទៅ​តាម​ការ​ប្រឹងប្រែង​របស់​ពួក​គាត់។

លោក​បង្ហាញ​ទៀត​ថា ករណី​ខ្លះ​ដែល​ដោះស្រាយ​មិន​ទាន់​ចប់​នោះ ដោយសារ​ត្រូវ​ការ​ពេលវេលា និង​ត្រូវ​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ចំណែក​ករណី​ផ្សេង​ទៀត​អាច​បណ្ដាល​មក​ពី​ភាគី​ជម្លោះ​មិន​យោគយល់​គ្នា​តែម្ដង៖ «»។

​លោក​បន្ត​ថា វិបត្តិ​ដែល​កើត​មាន​រវាង​អ្នក​វិនិយោគ និង​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​បើ​មិន​ប្រញាប់​រក​ដំណោះស្រាយ​ទេ​នោះ នឹង​នាំ​ឲ្យ​ខាត​បង់​ប្រយោជន៍​ទាំង​សង​ខាង៖ «»។

លោក​ឧកញ៉ា ម៉ុង ឫទ្ធី ប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធី និង​ជា​ប្រធាន​គណៈកម្មការ​ទី​៣​នៃ​ព្រឹទ្ធសភា ឆ្លើយ​សំណួរ​អ្នក​កាសែត​ក្រោយ​ចប់​សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​៩ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ វិច្ឆិកា ឆ្នាំ​២០១៥។
លោក​ឧកញ៉ា ម៉ុង ឫទ្ធី ប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធី និង​ជា​ប្រធាន​គណៈកម្មការ​ទី​៣​នៃ​ព្រឹទ្ធសភា ឆ្លើយ​សំណួរ​អ្នក​កាសែត​ក្រោយ​ចប់​សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​៩ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ វិច្ឆិកា ឆ្នាំ​២០១៥។ (RFA/Sek Bandith)

ជាមួយគ្នា​នោះ​ដែរ ប្រធាន​អង្គការ​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ បាន​កត់សម្គាល់​ឃើញ​ថា ករណី​ជម្លោះ​ដីធ្លី​នៅ​ឆ្នាំ​២០១៥ នេះ មិន​ទាន់​ថយ​ចុះ​ទេ ប៉ុន្តែ​សកម្មភាព​តស៊ូ​មតិ​របស់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ហើយ​ត្រូវ​បង្ក្រាប​ដោយ​កងកម្លាំង​សមត្ថកិច្ច​នោះ​មាន​ការ​ថយ​ចុះ​ជាង​បណ្ដា​ឆ្នាំ​មុនៗ៖ «»។

​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​វិញ អនុ​ប្រធាន​នាយកដ្ឋាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នៃ​ក្រសួង​បរិស្ថាន លោក គឹម សារិន បាន​ថ្លែង​បញ្ជាក់​ទៅ​កាន់​ប្រជា​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ក្នុង​សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ថា រដ្ឋាភិបាល​នឹង​ពិនិត្យ​មើល​ឡើង​វិញ​លើ​ស្ថានភាព​នៅ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ដោយ​ត្រួត​ពិនិត្យ​ទៅ​លើ​ក្រុមហ៊ុន​ទាំង​ឡាយ​ណា​ដែល​មិន​បាន​គោរព​ច្បាប់ និង​គោលការណ៍​របស់​រដ្ឋាភិបាល​នោះ។ ទាក់ទង​បញ្ហា​នេះ​ដែរ កន្លង​មក​រដ្ឋាភិបាល​ក៏​បាន​ដក​ហូត​ដី​សម្បទាន​ពី​ក្រុមហ៊ុន​មួយ​ចំនួន​រួច​ហើយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។