សង្គមស៊ីវិលដែលឃ្លាំមើលសិទ្ធិមនុស្ស ចង់ឲ្យមានការដាក់ពិន័យធ្ងន់ធ្ងរទៅលើមន្ត្រីអនុវត្តច្បាប់ ឬមន្ត្រីប៉ូលិស ដែលប្រើអំពើហិង្សាលើជនសង្ស័យ ទាំងដៃជាប់ខ្នោះ និងគ្មានហេតុផលច្បាស់លាស់នោះឡើយ។
មន្ត្រីសិទ្ធិមនុស្សឲ្យដឹងថា ករណីប្រើអំពើហិង្សាទៅលើជនសង្ស័យពីសំណាក់មន្ត្រីអនុវត្តច្បាប់ ឬមន្ត្រីប៉ូសិសនោះមានច្រើនករណី ប៉ុន្តែជនសង្ស័យ និងគ្រួសារ សាច់ញាតិមិនហ៊ានដាក់ពាក្យប្ដឹងតបទៅសមត្ថកិច្ច ដើម្បីរកយុត្តិធម៌នោះឡើយ។
អ្នកនាំពាក្យសមាគមអាដហុក លោក សឹងសែន ករុណា មានប្រសាសន៍ថា ការដែលមន្ត្រីអនុវត្តច្បាប់ប្រើហិង្សាទៅលើជនសង្ស័យពេលចាប់ខ្លួន ដោយគេគ្មានលទ្ធភាពតដៃនោះ គឺជាអំពើខុសច្បាប់ និងប្រាសចាក ពីក្រមសីលធម៌ របស់សមត្ថកិច្ចប៉ូលិស។ លោកបន្តថា ទោះជាបែបនេះក្តីគេកម្រឃើញសមត្ថកិច្ចទទួលទោសតាមច្បាប់ ឬក៏រងការដាក់ពិន័យធ្ងន់ធ្ងរនោះឡើយ លុះត្រាតែមានមហាជនច្រើនកុះករបានហេតុការណ៍នោះ ហើយថតបង្ហោះតាមបណ្តាញសង្គម និងមានការរិះគន់ពីមហាជនភាគច្រើន ទើបក្រសួងជាអាណាព្យាបាល ឬរដ្ឋាភិបាលចាត់វិធានការ ដោយគ្រាន់តែហៅមកអប់រំ ឬដាក់ពិន័យតិចតួចប៉ុណ្ណោះ « គាត់មិនមានលទ្ធភាពក្នុងការតតាំង ហើយមានការភ័យខ្លាចអ៊ីចឹងសុខចិត្តទុកចោលអ៊ីចឹងទៅ »។
លោក សឹងសែនករុណា ស្នើសុំឲ្យលុបបំបាត់ទម្រង់នៃការប្រើអំពើហិង្សាគ្រប់រូបភាពលើជនសង្ស័យ និងចង់ឲ្យថ្កោលទោស ឬដាក់ពិន័យធ្ងន់ធ្ងរលើជនប្រព្រឹត្តិខុសច្បាប់ « កុំការពារនូវទង្វើខុសឆ្គងទាំងអស់ហ្នឹង បើមេកើយ ឬថ្នាក់ដឹកនាំចេះតែការពារ មានន័យថា អ្នកទាំងអស់នោះគាត់អត់រាងចាលទេ គាត់អាចប្រព្រឹត្តិកំហុសហ្នឹងតទៅទៀត »។
ការស្នើសុំរបស់មន្ត្រីសិទ្ធិមនុស្សនៅពេលនេះ ក្រោយពេលអ្នកប្រើប្រាស់ហ្វេសប៊ុកផុសវីដេអូបង្ហាញពីសកម្មភាពមន្ត្រីប៉ូលិសមូលដ្ឋាននៃសង្កាត់ក្បាលកោះ ៤នាក់ កាលពីថ្ងៃទី៣០ ខែមិថុនា បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ហើយចាប់បានយុវជនជាជនសង្ស័យម្នាក់វាយខ្នោះដៃទៅក្រោយខ្នង រួចទះកំផ្លៀង ហើយប្រើជង្គង់ជាន់សង្កត់ក ផ្ទប់ទៅនឹងដីនៅកណ្ដាលថ្នល់ ខ្លះយកជើងធាក់ពីក្រោយជាដើម។ មួយសន្ទុះក្រោយមកឃើញមានស្ត្រីម្នាក់រត់សម្រុកចូលមកកន្លែងកើតហេតុ និងព្យាយាមជ្រៀតចូលទៅរារាំងកុំឲ្យវាយយុវជនជាជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀននោះ តែសមត្ថកិច្ចមិនព្រមឈប់ឡើយ ហើយព្យាយាមចាប់ស្រ្តីម្នាក់ ដែលលើទំនងជាម្តាយជនសង្ស័យនោះចេញ មុននឹងចាប់សែងយុវជនម្នាក់នោះដាក់លើម៉ូតូហើយបើកចេញពីកន្លែងកើតហេតុ។
អាស៊ីសេរីពុំទាន់ទាន់អាចរកប្រភពទាក់ទងទៅគ្រួសារ សាច់ញាតិរបស់ជនសង្ស័យនោះ ដើម្បីសុំប្រតិកម្មអំពីរឿងនេះបាននៅឡើយទេ កាលពីថ្ងៃទី១ កក្កដា។ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្ដមសេនីយ៍ ស ថេត ប្រាប់អាស៊ីសេរី នៅថ្ងៃទី១ កក្កដា ថា លោកទទួលស្គាល់ថា សកម្មភាពរបស់មន្ត្រីប៉ូលិស គឺប្រាសចាកពីក្រមសីលធម៌នគរបាលជាតិ។
ទោះយ៉ាងណាក្តី លោកបញ្ជាក់ថា លោកពុំបានដាក់ទោសទណ្ឌក្រុមមន្ត្រីប៉ូលិសទាំងនោះទេដោយគ្រាន់តែបានហៅមកអប់រំ ណែនាំ និងព្រមានជាលាយលក្ខណ៍អក្សរ កុំឲ្យប្រព្រឹត្តិដូច្នេះទៀតទៅថ្ងៃខាងមុខ៖ « ក្រមសីលធម៌នៃការអនុវត្តច្បាប់យើងមានអស់ហើយ ប៉ុន្តែមកពីធាក់គាត់ត្រូវកន្លែងកើតបូសត្រង់ភ្លៅគាត់ឈឺគាត់ ហើយដាក់ជ្រុល ប៉ុន្តែទង្វើនេះមិនមែនថ្នាក់ដឹកនាំ ឬក៏មេគាត់អនុញ្ញាតនោះទេ យើងនាំបានណែនាំជាប់ជាប្រចាំ »។
ហេតុការណ៍នេះ កើតឡើងនៅពេលមន្ត្រីនគរបាលមួយក្រុម នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានចុះទៅបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
