មន្ត្រី​សង្គម​ស៊ីវិល​ប្រាប់​ប្រតិភូ​​អឺរ៉ុប​ថា របប​ភ្នំពេញ​មិន​ស្មោះត្រង់​បើក​លំហ​សេរីភាព​ឱ្យ​ខ្លួន

ដោយ មាន ឫទ្ធិ
2019-06-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

មន្ត្រី​សង្គម​ស៊ីវិល​បាន​ប្រាប់​មន្ត្រី​ប្រតិភូ​បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប ពី​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា​ថា រដ្ឋាភិបាល​មិន​មាន​ភាព​ស្មោះត្រង់​នៅ​ក្នុង​ការ​បើក​លំហ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ​។

ការ​លើកឡើង​នេះ ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ នា​ល្ងាច​ថ្ងៃ​ទី៥ មិថុនា រវាង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦ និង​មន្ត្រី​ប្រតិភូ​បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប ដើម្បី​ពិនិត្យមើល​ស្ថានភាព​វិវឌ្ឍ​ចុងក្រោយ​នៅ​កម្ពុជា មុននឹង​ឈាន​ទៅ​សម្រេច​ថា តើ​ត្រូវ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឬ​យ៉ាងណា​។

លោក សឹង សែនករុណា បដិសេធ​ទម្លាយ​ឱ្យ​ដឹង​ពី​ឈ្មោះ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ តែ​លោ​កថា ភាគច្រើន​មកពី​ផ្នែក​សិទ្ធិមនុស្ស និង​ការ​តស៊ូ​មតិ​។ ក្នុង​ជំនួប​ជិត​ពីរ​ម៉ោង​នេះ លោក​ថា អ្វី​ដែល​មន្ត្រី​ប្រតិភូ​សហភាព​អឺរ៉ុប​ផ្ដោត​សំខាន់​នោះ គឺ​ពី​ដំណើរ​វិវឌ្ឍ និង​ការប្រែប្រួល​ចុងក្រោយ នៃ​ស្ថានភាព​លំហ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​។ លោក​ថា ជា​រួម នៅ​មាន​ស្ថានភាព​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ និង​ការ​គំរាមកំហែង​ផ្នែក​សិទ្ធិ​នយោបាយ ដែល​រដ្ឋាភិបាល​កំពុង​ធ្វើទុក្ខបុកម្នេញ​នៅឡើយ៖ «អ៊ីចឹង​យើង​បាន​លើក​ឡើង​ថា ទោះ​បី​ថា​មាន​លក្ខណៈ​ដូចជា​បើកទូលាយ​នៅ​ថ្នាក់​ជាតិ​មែន ប៉ុន្តែ​យើង​វាស់វែង​ជាមួយ​សកម្មភាព​មួយ​ចំនួន​ហ្នឹង​គឺ​អត់​មាន​ភាព​ស្មោះត្រង់​នៅ​ក្នុង​ការ​បើក​ឱ្យ​មាន​លំហ​ទូលំទូលាយ​នោះ​ទេ​។ ជាក់ស្ដែង​យើង​លើក​ព្រឹត្តិការណ៍​ធំៗ​មួយ​ចំនួន ដែល​ក្រោយពី​ចេញ​លិខិត​ហ្នឹងហើយ មាន​ដូចជា​បុណ្យ ១០ ធ្នូ ទិវា​សិទ្ធិ​នារី ទិវា​ពលកម្ម​អន្តរជាតិ​ជាដើម ជាពិសេស​រឿង​ខ្មែរ​កម្ពុជា​ក្រោម​ដែល​គាត់​ធ្វើ​ទិវា​រំឭក​ខួប​ជាដើម គឺ​សុំ​កន្លែង​សាធារណៈ​ដែល​ដាក់​ថា ទីធ្លា​ន​ប្រជាធិបតេយ្យ ហើយ​បែរជា​មិន​ឱ្យ​មានការ​ជួបជុំ​ប្រមូល​ផ្តុំ ដើម្បី​បញ្ចេញមតិ​។ យើង​គិត​ថា ជា​រឿង​មួយ​ដែល​ឆ្លុះបញ្ចាំង​ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​មាន​ការ​គោរព​សេរីភាព​របស់​សិទ្ធិមនុស្ស»

ជំនួប​ជាមួយ​សង្គម​ស៊ីវិល​លើក​នេះ គឺជា​ផ្នែក​មួយ​នៃ​ដំណើរ​បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា​ជា​លើក​ទី​ពីរ ដើម្បី​បន្ត​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា ក្រោយ​សហភាព​អឺរ៉ុប​បាន​ដំណើរការ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​ខ្លួន​ជា​ផ្លូវការ​កាលពី​ពាក់​កណ្តាល​ខែ​ខែ​កុម្ភៈ​កន្លងទៅ​។ សារព័ត៌មាន​ក្នុងស្រុក រាយការណ៍​ថា មន្ត្រី​ប្រតិភូ​សហភាព​អឺរ៉ុប​គ្រោង​ជួប​ជាមួយ​តំណាង​រដ្ឋាភិបាល ក្នុង​នោះ​មាន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ និង​គ្រោង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រសួង​ការងារ នៅ​ថ្ងៃ​សុក្រ មុននឹង​បិទ​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​នៅ​ចុង ឬ​ដើម​សប្ដាហ៍​ក្រោយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល