ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ឃុំខ្លួន មានក្ដីប្រាថា្នធំបំផុតនោះគឺសុំឱ្យមានការដោះលែងប្ដីឱ្យមានសេរីភាព ជួបជុំគ្រួសារឡើងវិញ។ ពួកគេថា ឆ្នាំថ្មីឆ្នាំនេះជាឆ្នាំទុក្ខសោកសម្រាប់គ្រួសារពួកគេ និងថា បើទោះបីជាគ្រួសារសាពលរដ្ឋខ្មែរផ្សេងទៀតប្រារព្ធពិធីដោយសោះកក្រោះ ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ក្ដី ក៏នៅគ្រាន់បើជាងគ្រួសារពួកគាត់ ដែលកំពុងរងគ្រោះដោយការអនុវត្តច្បាប់ដោយអយុត្តិធម៌របស់អាជ្ញាធរទៅលើគ្រួសារពួកគាត់ដែរ។
ប្រពន្ធលោក ជុំ ចាន់ ជាសកម្មជនម្នាក់កំពុងជាប់ឃុំគឺលោកស្រី ធន ស៊ីនឿន ដែលជាស្ត្រីមេផ្ទះនិយាយដោយអារម្មណ៍ក្ដុកក្ដួលថា គ្រួសារលោកស្រីគ្មានភាពសប្បាយរីករាយទេក្នុងឆ្នាំថ្មីនេះ ដ្បិតប្ដីត្រូវចាប់ខ្លួនចំថ្ងៃ ដំបូងនៃពិធីចូលឆ្នាំជាពេលដែលពលរដ្ឋខ្មែរកំពុងអបអរទទួលទេវតាឆ្នាំថ្មី។ លោកស្រីថាអ្វីដែលធ្វើឱ្យគ្រួសារលោកស្រីកាន់តែឈឺចាប់នោះគឺមិនដឹងថា តើប្ដីលោកស្រីមានកំហុសអ្វី?៖ «ខ្ញុំខ្វាយខ្វល់ណាស់កុំសូម្បីអីតែទទួលទេវតាខ្ញុំអត់បានទទួលផងឆ្នាំហ្នឹង បើគេចាប់គាត់ក្នុងថ្ងៃចូលឆ្នាំហ្នឹងតែម្ដង ម៉ោងប្រហែល៩ហ្នឹង វាត្រូវអាក់ខានទាំងអស់អត់បានរៀបចំអីទេ»។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ជុំ ចាន់ ដែលមានអាយុ៥២ឆ្នាំ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស បន្ទាប់ពីត្រូវអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំ គឺកាលពីថ្ងៃ ទី១៣ ខែ មេសាដោយចោទប្រកាន់ពីបទសមគំនិតក្បត់ជាតិ។
លោក ជុំ ចាន់ គឺជាសមាជិកក្រុមប្រឹក្សាខេត្ត និងជាលេខាបក្សសង្គ្រោះជាតិនៅខេត្តព្រៃវែង ហើយលោកក៏ជាគ្រូបង្រៀនម្នាក់នៅក្នុងចំណោមគ្រូបង្រៀនចំនួន១១នាក់ជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលធ្លាប់ចេញមុខតវ៉ា និងដាក់បណ្ដឹងទៅតុលាការទាមទារឱ្យក្រសួងអប់រំផ្ដល់ក្របខ័ណ្ឌការងារជាគ្រូបង្រៀនឱ្យពួកគាត់វិញ ដោយចាត់ទុកករណីនេះថា អាចជាការរើសអើងនយោបាយ។
លោកស្រី ស៊ី នឿន លើកឡើងថា ក្រោយពេលដែលគណបក្សសង្គ្រោះជាតិត្រូវរម្លាយ ហើយបាត់បង់ការងារ លោក ជុំ ចាន់ តែងរត់ម៉ូតូឌុប ដើម្បីជួយផ្គត់ជីវភាពគ្រួសារ។ អ្នកស្រីថាពេលនេះគ្រួសារលោកស្រី កំពុងជួបការលំបាកខ្លាំង ព្រោះអ្នកដែលរកចំណូលផ្គត់ផ្គង់គ្រួសារជួបបញ្ហាក្នុងនោះកូន៣នាក់បាត់បង់ការងារ ដោយសាររោងចក្របិទទ្វារ និងព្យួរការងារ ចំណែកលោក ជុំ ចាន់ ក៏ត្រូវជាប់ឃុំថែមទៀត។ លោកស្រីថា បានខ្ចីប្រាក់អ្នកចងការប្រាក់ចំនួន ១០ម៉ឺនរៀល ដើម្បីផ្ញើឱ្យប្ដីបន្ទាប់ពីបានទទួលទូរស័ព្ទពីលោក ជុំ ចាន់ ថា ត្រូវការលុយ ដើម្បីទិញម្ហូបអាហារក្នុងពន្ធនាគារ។ លោកស្រីថា ពេលនេះបំណុលកាន់តែកើន តែមិនដឹងថា បានចំណូលពីណា ដើម្បីដោះស្រាយបញ្ហានេះទេ៖ «តាំងពីដើមមកបើនិយាយពីជីវភាពគ្រួសារខ្ញុំ ខាងគណបក្សសង្គ្រោះជាតិគេដឹងគ្រប់គ្នាព្រោះ អីខ្ញុំទីទ័លណាស់រាល់ថ្ងៃ ហើយកូនខ្ញុំក៏គេផ្អាកការងាររោងចក្រអស់ពីរ បីនាក់ហើយ ដល់អ៊ីចឹងខ្ញុំអត់ដឹងដោះស្រាយយ៉ាងម៉េច ហើយខ្ញុំនៅជំពាក់ប្រាក់ធនាគារថែមទៀត»។
នៅក្នុងដីកាចាប់ខ្លួនចេញដោយចៅក្រម ស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានចោទប្រកាន់ លោក ជុំ ចាន់ ពីបទរួមគំនិតក្បត់ ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់។
ប្រពន្ធសកម្មជនម្នាក់ទៀតនៅក្នុងខេត្តកំពង់ឆ្នាំង លោក កែវ ថៃ គឺអ្នកស្រី សំ ចិន្តា រៀបរាប់ដែរថា មិនដឹងថាតើប្ដីអ្នកស្រីទៅប្រព្រឹត្តអំពើក្បត់តាមណា ព្រោះចាប់តាំងពីគណបក្សសង្គ្រោះជាតិរម្លាយទៅលោក កែវ ថៃ ដែលជាគ្រូបង្រៀនពុំបានជាប់ទាក់ទងនឹងរឿងនយោបាយទៀតឡើយ គឺមានតែបង្រៀនសិស្ស។ ស្ត្រីជាគ្រូបង្រៀនដែលត្រូវរាប់រងចិញ្ចឹមកូនជាច្រើននាក់ក្នុងបន្ទុករូបនេះនិយាយថា ចូលឆ្នាំថ្មីឆ្នាំនេះទាំងអ្នកស្រីទាំងកូនរកការសប្បាយមិនឃើញទេ គឺមានតែការនឹករលឹកប្ដី ដែលកំពុងជាប់ឃុំ មិនដឹងសុខទុក្ខយ៉ាងណា ដ្បិតតាំងពីត្រូវឃុំខ្លួនមកអ្នកស្រី មិនដែលបានជួបមុខប្ដីម្ដងនៅឡើយទេ គឺបានត្រឹមផ្ញើប្រាក់ និងថ្នាំសង្កូវបន្តិចបន្តួច សម្រាប់ព្យាបាលជំងឺសម្ពាធឈាមឡើងខ្ពស់ ឬហៅថាលើសឈាម។ អ្នកស្រីប៉ងប្រាថ្នាឱ្យប្ដីមានសេរីភាពវិញ និងចាត់ទុកការឃុំខ្លួនប្ដីអ្នកស្រី នេះជារឿងអយុត្តិធម៌៖ «គាត់ក៏បែកពីប្រពន្ធ ហើយប្រពន្ធក៏បែកពីប្ដី អ៊ីចឹងនឹកឃើញនៅពីចូលឆ្នាំពីដើមយើងដឹងហើយថាការចូលឆ្នាំ យើងជួបជុំប្ដីប្រពន្ធគ្រួសារទៅវត្តទៅអី បើអត់បានទៅវត្តក៏យើងដោយសារមេរោគក៏ដោយ ប៉ុន្តែធ្វើម៉េចឱ្យបានជួបមុខគាត់នៅក្នុងផ្ទះ តែឥឡូវវាអត់បានសោះ អត់ដែលបានជួប។ កូនគេចេះតែរំលឹកដល់ប៉ា ដែលធ្លាប់នៅជាមួយ។ គេចេះតែនឹងឃើញប៉ានៅណោះមិនដឹងថ ការរស់នៅរបស់គាត់មិនយ៉ាងម៉េចអីយ៉ាងម៉េច កូនចេះតែ បារម្ភពីរឿងសុខភាពគាត់ដោយសារគាត់មានជំងឺផងអីផង»។
លោក កែវ ថៃ ជាប្រធានគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង និងជាអតីតសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យត្រូវប៉ូលិសខេត្តនេះឡោមព័ទ្ធចាប់ខ្លួននៅក្នុងផ្ទះកាលពីព្រឹកថ្ងៃទី២៦ ខែ មីនា។ ក្រុមគ្រួសារបញ្ជាក់ថា ក្នុងពេលនោះអាជ្ញាធរពុំបានបង្ហាញដីកា និងមូលហេតុនៃ ការចាប់ខ្លួនឡើយ។
នៅរាជធានីភ្នំពេញ លោក យឹម សារ៉េត ដែលកំពុងធ្វើការជាជាងសំណង់ ក៏ត្រូវចាប់ខ្លួនហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី២៧មីនា។ លោក សារ៉េត គឺជាជំទប់ទី១ជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិនៅឃុំ ចន្ត្រី ស្រុក រមាសហែក ខេត្ត ស្វាយរៀង លោក បានទៅរកការងារធ្វើនៅភ្នំពេញក្រោយពេលរដ្ឋាភិបាលក្រុងភ្នំពេញរម្លាយគណបក្សប្រឆាំងមួយនេះកាលពីចុងឆ្នាំ២០១៧។
ប្រពន្ធលោក យឹម សារ៉េត លោកស្រី អ៊ុក ចន្ធី ឱ្យអាស៊ីសេរីដឹងថា ពេលនេះលោកស្រីរបស់នៅម៉ង់ៗ ម្នាក់ឯងក្នុងផ្ទះជួលកណ្ដាលក្រុងភ្នំពេញ រង់ចាំមើលផ្លូវប្ដីក្រែងអាចត្រូវអាជ្ញាធរដោះលែងឱ្យមានសេរីភាពមកវិញ ព្រោះលោកស្រីក៏នៅតែអះអាងដែរថា ប្ដីគ្មានកំហុសដូចការចោទប្រកាន់។ ស្ដ្រីជាកម្មកររោងចក្ររូបនេះ បារម្ភពីសុខភាពប្ដីដែលមានជំងឺសន្លាក់ឆ្អឹង និងលើសជាតិអាស៊ីតនោះមិនដឹងថា បានថែទាំសុខភាពត្រឹមត្រូវដូចកាលនៅជួបជុំគ្នានោះ ឬយ៉ាងណា។ លោកស្រីថា ចូលឆ្នាំថ្មីឆ្នាំនេះជាឆ្នាំទុក្ខសោក ដែលមិនធ្លាប់ជួបពីមុនមកសម្រាប់គ្រួសារលោកស្រី៖ «គ្មានសប្បាយរីករាយអីទេអូនអើយ បាត់មេគ្រួសារម្នាក់ហើយ ម្យ៉ាងបងនៅធ្វើការគេអត់ឱ្យឈប់ទៀត នៅរោងចក្រ។ គ្មានអារម្មណ៍ណាសប្បាយចិត្តទេ។ ចូលឆ្នាំហ្នឹងគឺសំខាន់បំផុតហើយគឺចង់សុំឱ្យគេដោះលែងគាត់មកវិញ បានគាត់មកវិញហ្នឹងណាអូនជួបជុំគ្រួសារគឺបីយើងគ្មានអីមិនមានអីក៏បានសុខដែរគឺជួបជុំគ្នា»។
ក្រៅពីអ្នកទាំងបីនេះនៅមានសកម្មជនគណបក្សប្រឆាំងជាច្រើននាក់ទៀត ដែលកំពុងជាប់ឃុំដែរក្នុងនោះមានដូចជា លោក ថៃ គន្ធា លោក ឃុត លោក ឡុង ផារី លោក ឃឹម ភាណា និងលោក ងិន ឃាង។ អ្នកទាំង៨នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស ក្នុងក៏មានអ្នកដែលត្រូវជាប់ឃុំដោយអាជ្ញាធរចោទថាបង្ហោះព័ត៌មានក្លែងក្លាយតាមហ្វេសប៊ុកធ្វើឱ្យមានការជ្រួលច្របល់ក្នុងសង្គមទាក់ទងនឹងជំងឺកូវីដ១៩។
នៅពេលដែលប្រពន្ធសកម្មជនគណបក្សប្រឆាំងទាំងទាំងនេះអះអាងថា ពួកគាត់កំពុងមានទុក្ខបាត់បង់ភាពកក់ក្ដៅក្នុងគ្រួសារដោយសារចំណាត់របស់អាជ្ញាធរដែលពួកគេចាត់ទុកថា ពុំមានយុត្តិធម៌នេះ និងថាពួកគេត្រូវតែបានដោះលែងឱ្យមានសេរីភាពនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា ពុំមាននរណាម្នាក់មានសិទ្ធិអំណាចលើចំណាត់ការតុលាការឡើយ លោកណែនាំឱ្យក្រុមគ្រួសាររកមេធាវីដាក់ពាក្យស្នើសុំនៅក្រៅឃុំតាមច្បាប់ ហើយមានតុលាការទេដែលអាចសម្រេចរឿងនេះបាន។
មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សប្រឆាំងលោក សំ សុគង់ ឱ្យដឹងថា លោកបានដាក់ពាក្យសុំនៅក្រៅឃុំឱ្យសកម្មជនគណបក្សប្រឆាំងទាំង៧នាក់រួចហើយ ប៉ុន្តែពុំទាន់មានការឆ្លើយតបពីចៅក្រមស៊ើបសួរនៅសាលាដំបូងគឺ លោក កូយ សៅ នៅឡើយទេ។
ចំពោះលោកស្រី ធន ស៊ីនឿន ដែលប្ដីគឺលោក ជុំ ចាន់ ទើបជាប់ក្នុងឃុំថ្មីៗនិយាយទាំងភាពមិននឹងនរក្នុងចិត្តថា ពេលនេះលោកស្រីទាល់ខ្លាំងគ្មានទាំងលុយកាក់ជាប់ខ្លួនផងមិនដឹងថា នឹងទៅរកមេធាវីឯណានៅឡើយទេ។ លោកស្រីសង្ឃឹមថា នឹងមានអ្នកសប្បុរសមើលឃើញពីទុក្ខលំបាករបស់គ្រួសារលោកស្រីនៅពេលនេះ៖ «ឥឡូវហ្នឹងខ្ញុំវិលវល់ណាស់បង ខ្ញុំអត់ដឹងថា ទៅពឹងពាក់អ្នកណាបានមិនដឹងថាអ្នកណាអាចជួយខ្ញុំ ព្រោះខ្ញុំអត់មានលុយអ៊ីចឹង។ ខ្ញុំចង់ឱ្យបងប្អូនអ្នកនៅក្នុងស្រុក និងក្រៅស្រុកហ្នឹងជួយខ្ញុំ ព្រោះខ្ញុំខ្វះខាតជីវភាពគ្រួសារណាស់ ប្ដីគេចាប់ទៅអត់ដឹងពឹងអីទេណាស់ មួយទៀតចង់ឱ្យគាត់ដែលមានលទ្ធភាពជួយខ្ញុំជាមេធាវីល្អ ព្រោះខ្ញុំអត់ដឹងទៅពឹងអ្នកណាទៀតទេ»។
ស្ត្រីជាប្រពន្ធសកម្មជនបក្សប្រឆាំងទាំងនេះ អំពាវនាវដល់អង្គការជាតិ និងអន្តរជាតិឱ្យជួយយកចិត្តទុកដាក់តាមដាន និងជួយធ្វើអន្តរាគមន៍យ៉ាងណាឱ្យអាជ្ញាធរដោះលែងប្ដីពួកគេឱ្យមានសេរីភាពមកវិញ។
កន្លងទៅនៅក្នុងយុទ្ធនាការបង្ក្រាបសកម្មជនគណបក្សប្រឆាំងកាលពីឆ្នាំ២០១៩ គឺនៅពេលលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិប្រកាសផែនការវិលចូលស្រុកវិញនោះ អាជ្ញាធរបានចាប់ខ្លួនពួកគេជិត១០០នាក់ដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទរួនគំនិតក្បត់ដែរ ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញក្រោយលោក ហ៊ុន សែន ប្រកាសឱ្យដោះលែង។ ទាំងអង្គការ និងអន្តរជាតិមើលឃើញថា ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងទាំងនេះជាការធ្វើទុក្ខបុកម្នេញពួកគេច្រើនជាងការអនុវត្តច្បាប់។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ថ្កោលទោសរដ្ឋាភិបាលកម្ពុជាថា កំពុងប្រើប្រាស់ការរាតត្បាតជំងឺកូវីដ១៩ ដោយមិនត្រឹមត្រូវ ដើម្បីបំបិទមាត់សកម្មជនបក្សប្រឆាំង និងអ្នកបញ្ចេញទុក្ខកង្វល់អំពីមេរោគថ្មីនេះ និងអ្នករិះគន់វិធានការរបស់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
