រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក អ៊ិត សំហេង ថ្លែងទៅកាន់ជនពិការជិត ១០០នាក់ កាលពីថ្ងៃទី១៦ ខែសីហា ក្នុងខួបលើកទី៤ នៃការប្រកាសឲ្យប្រើប្រាស់ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការថា រដ្ឋាភិបាលកម្ពុជា អាណត្តិទី៥ នឹងជំរុញឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជន ចាំបាច់ត្រូវតែទទួលយកជនពិការឲ្យបានចូលបម្រើការងារច្រើនជាង ២%។
លោក អ៊ិត សំហេង បន្តថា ជនពិការបច្ចុប្បន្ន បានទទួលការងារធ្វើនៅក្រសួង ស្ថាប័នរដ្ឋចំនួន ១.៤៧២នាក់ ស្មើនឹង ០,៧៨% នៃចំនួនមន្ត្រីរាជការសរុប៖ «ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ បានប្រកាសឲ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ នស/រកម/០៧០៩/០១០ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៩។ ច្បាប់នេះ គឺមានសារសំខាន់ណាស់ក្នុងការដោះស្រាយការលំបាករបស់ជនពិការនៅក្នុងសង្គម ក៏ដូចជាការជំរុញដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនពិការ ការដាក់បញ្ចូលបញ្ហាពិការភាព ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយកម្មវិធីការងាររបស់គ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់»។
ជនពិការក្នុងសង្គ្រាមស៊ីវិលឆ្នាំ១៩៧៨ មួយរូប គឺ លោក ពុធ សាមឿន ថ្លែងថា ក្រោយពីឈប់ និងធ្លាក់ខ្លួនពិការជើងស្តាំ គាត់មិនទទួលបានប្រាក់ខែពីរដ្ឋាភិបាលសោះ ហើយគាត់រងនូវការរើសអើងនយោបាយទៀត។ លោកបន្តថា ការជំរុញឲ្យរដ្ឋាភិបាលអាណត្តិថ្មីអនុវត្តច្បាប់ការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជាការជួយដល់ជនពិការជំនាន់ក្រោយ។ ចំពោះរូបគាត់ មិនអាចទទួលបានការងារណាមួយធ្វើទេនៅគ្រប់ស្ថាប័ន តែគាត់សង្ឃឹមថា រដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គាត់ ដើម្បីកែប្រែជីវភាពបច្ចុប្បន្ន៖ «ខ្ញុំគិតថា ខ្ញុំហួលពេលហើយ។ ខ្ញុំពេលនេះ មានអាយុ ៦០ឆ្នាំហើយ ដូចថា ហួលពេលធ្វើការ»។
នៅក្នុងទិវាជួបជុំគ្នានោះ មានក្រុមយុវជនពិការមកពីសាលាឡាវ៉ាឡា បានសម្ដែងល្ខោនខ្លីអំពីការប្រកួតប្រជែងរវាងជនពិការ និងអ្នកមានកាយសម្បទាគ្រប់គ្រាន់ ក្នុងការស្វែងរកការងារធ្វើ។
នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន ថ្លែងថា ជនពិការកម្ពុជា នឹងធ្វើជាម្ចាស់ដឹកនាំកិច្ចប្រជុំអាស៊ាន នៅខែកញ្ញា ខាងមុខ។ អង្គការជនពិការកម្ពុជា នឹងផ្តល់នូវយុទ្ធសាស្ត្រមួយចំនួន ទៅក្នុងការប្រជុំអាស៊ាននោះ។ លោកក៏បានបង្ហាញជំហរតំណាងឲ្យជនពិការដែរថា ប្រសិនបើរដ្ឋាភិបាលអាណត្តិទី៥ មិនគិតគូរលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការឲ្យស្មើនឹងជនមានកាយសម្បទាល្អទេនោះ ជនពិការនឹងគិតគូរពីសន្លឹកឆ្នោតរបស់គេវិញដែរ៖ «ធ្វើយ៉ាងម៉េចឲ្យបងប្អូនជនពិការក្នុងប្រទេសកម្ពុជា ដើរចេញផុតពីបន្ទាត់ភាពក្រីក្រ។ ពេលដែលគាត់ដើរចេញផុតពីបន្ទាត់នៃភាពក្រីក្រ មានន័យថា ជនពិការយើងរស់នៅក្នុងភាពថ្លៃថ្នូរដូចអ្នកមិនពិការផងដែរ»។
ក្នុងសន្ទរកថារបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក អ៊ិត សំហេង យោងរបាយការណ៍ពិភពលោកស្ដីពីពិការភាពផ្សាយដោយធនាគារពិភពលោក (World Bank) និងអង្គការសុខភាពពិភពលោក (WHO) នៅឆ្នាំ២០១១ គឺជនពិការមាន ១៥% នៃមនុស្សក្នុងពិភពលោក។ នៅកម្ពុជា មាន ១,៤% នៃចំនួនប្រជាជនសរុប។ មូលហេតុនាំឲ្យពិការ គឺគ្រោះថ្នាក់ដោយសារគ្រាប់មីន គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពិការពីកំណើត ជំងឺ ចាស់ជរា ជាដើម។ លោករដ្ឋមន្ត្រីថ្លែងបន្តថា លោក ហ៊ុន សែន នៅតែជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជា ក្នុងរដ្ឋាភិបាលអាណត្តិទី៥។ លោក ហ៊ុន សែន នឹងអនុវត្តច្បាប់ការពារសិទ្ធិជនពិការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការ ឲ្យបានប្រសើរជាងបច្ចុប្បន្ន ហើយក្រសួង មន្ទីរ និងស្ថាប័នឯកជន ត្រូវតែទទួលយកជនពិការចូលបម្រើការងារបានលើស ២សែននាក់ ហើយនឹងមានថវិកាឧបត្ថម្ភដល់ជនពិការបានប្រសើរជាងបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។