គ្រួសារជនរងគ្រោះខ្មែរក្រោម ដែលនគរបាលបាញ់សម្លាប់ បន្តទាមទារយុត្តិធម៌
2020.11.24

គ្រួសារបុរសខ្មែរក្រោមដែលត្រូវបានមន្ត្រីនគរបាលបាញ់សម្លាប់ កាលពីជិត ២ខែមុននៅក្នុងទីក្រុងភ្នំពេញ ទទូចឲ្យអាជ្ញាធរ ចាប់ខ្លួនជនដៃដល់ផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌សម្រាប់ពួក គាត់។ មន្ត្រីសង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរពន្លឿនដោះស្រាយករណីនេះ ដើម្បីកុំឲ្យសាធារណជន រិះគន់ថា អាជ្ញាធរអនុវត្តច្បាប់ស្តង់ដារពីរ ឬគ្មានឆន្ទៈដោះស្រាយសំណុំរឿង ដែលពាក់ព័ន្ធជាមួយនឹងនគរបាលគ្នាឯង។
បើទោះបីជាអំពើឃាតកម្មលើបុរសខ្មែរក្រោម នៅសង្កាត់បឹងកក់២ ខណ្ឌទូលគោក បានកើតឡើងអស់រយៈពេលជិត ២ខែកន្លងទៅហើយក្តី ក៏ជនដៃដល់មានតួនាទីជាមន្ត្រីនគរបាល នៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ដែលធ្វើឲ្យគ្រួសារជនរងគ្រោះ សោកស្ដាយ និងបន្តឈឺចាប់ក្នុងការទន្ទឹងរង់ចាំយុត្តិធម៌។
ភរិយាជនរងគ្រោះ គឺលោកស្រី ឆាយ សុខម៉េង អាយុ ៤០ឆ្នាំ រៀបរាប់ថា លោកស្រី ហាក់លែងទុកចិត្តទៅលើចំណាត់ការរបស់អាជ្ញាធរ ព្រោះមកទល់ពេលនេះ មិនដែលមានអាជ្ញាធរ ឬប៉ូលិសណា ម្នាក់ មកសួរនាំ ឬផ្តល់ដំណឹងអំពីដំណើរការស៊ើបអង្កេតលើសំណុំរឿងឃាតកម្មប្ដីលោកស្រីឡើយ។ លោកស្រីបន្តថា នៅពេលទូរស័ព្ទទៅសួរប៉ូលិសនៅខណ្ឌទួលគោកម្តងៗ គឺប៉ូលិសចេះតែឆ្លើយ ថា កំពុងស៊ើបអង្កេតរហូត ប៉ុន្តែពុំមានតម្រុយអ្វីទាំងអស់ ដោយអះអាងថា ជនដៃដល់បន្តរត់គេចខ្លួនតាំងពីពេលនោះ៖ «ខ្ញុំសួរថា ចុះអ្នកបាញ់ប្ដីខ្ញុំ គាត់រត់បាត់ហើយ ចុះអ្នកពាក់ព័ន្ធអ្នកឲ្យដៃឲ្យជើងឲ្យម៉ូតូជិះរត់អី។ ចង់និយាយថា ប្រពន្ធគាត់អី ស៊ុមគ្រលុំនឹងអ្វីដែលប្ដីគាត់ធ្វើ តើគិតម៉េច? គេថា អត់មានពាក់ព័ន្ធរឿងហ្នឹងទេ ព្រោះអ្នកណាធ្វើអ្នកនោះទទួល។ ខ្ញុំថា អត់មានពាក់ព័ន្ធយ៉ាងម៉េច បើពេលនោះប្រពន្ធគាត់នៅទីនោះដែរ គាត់អត់ចេញមកឃាត់ប្ដីគាត់ថា កុំឲ្យបាញ់កុំឲ្យអីទេ។ បើប្រពន្ធគាត់ឃាត់ ក៏ប្ដីទៅវិញដែរ តែប្រពន្ធគាត់ ក៏ចូលរួមគំនិតដែរហ្នឹង ហើយប្អូនស្រី ជាអ្នកឲ្យម៉ូតូម្នាក់ប្រុសហ្នឹងជិះរត់ទៀត»។
លោកស្រី ឆាយ សុខម៉េង រំលឹកថា ប្តីលោកស្រី មានឈ្មោះ សុខ សុធន ហៅ កេន មានមុខរបរជាជាងកាត់សក់ អាយុ ៣៤ឆ្នាំ ត្រូវបានជនដៃដល់ ដែលជាមន្ត្រីនគរបាលនៃសង្កាត់វត្តភ្នំ បាញ់ចំនួនមួយគ្រាប់ចំដើមទ្រូង បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ នៅមុខផ្ទះជួល និងជាហាងកាត់សក់ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្រោយការបាញ់ប្រហារនោះ ជនដៃដល់បានឡើងជិះម៉ូតូគេចខ្លួនបាត់ដល់សព្វថ្ងៃ។
ភរិយាជនរងគ្រោះឲ្យដឹងថា គ្រួសារលោកស្រី និងគ្រួសារជនបង្កមានផ្ទះជិតគ្នា ហើយធ្លាប់មានទំនាស់ពាក្យសម្ដីជាមួយគ្នាជាយូរមកហើយពាក់ព័ន្ធនឹងការចតឡានមុខផ្ទះ និងការទុកដាក់សំរាម ប៉ុន្តែក្រោយមកមិនដែលមានរឿងអ្វីទៀតឡើយ គ្រាន់តែមិននិយាយរកគ្នា។ លោកស្រី បន្តថា លុះដល់ថ្ងៃកើតហេតុនោះ គឺជនដៃដល់ បានដើរសំដៅមកផ្ទះលោកស្រី ហើយបានដកកាំភ្លើងបាញ់ប្ដីលោកស្រីតែម្ដង។
ក្រោយមក អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក(Facebook) បានលាតត្រដាងអត្តសញ្ញាណជនដៃដល់រូបនោះថា ជាកងកម្លាំងនគរបាលជាតិ និងមានឋានន្តរជាអនុសេនីយ៍ត្រីពាក់ស័ក្ដិ ១ ឈ្មោះ លី ថារិយ។
ទាក់ទងនឹងករណីនេះ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចកំពុងតាមដានចាប់ជនល្មើសនៅឡើយ ប៉ុន្តែមិនទាន់ដឹងថា កំពុងលាក់ខ្លួននៅទី ណានោះទេ។ លោក ឆាយ គឹមខឿន បញ្ជាក់ថា ជនល្មើសរូបនោះ គឺជាមន្ត្រីនគរបាលនៃសង្កាត់វត្តភ្នំ ក្នុងខណ្ឌដូនពេញ ហើយជនដៃដល់ក៏ត្រូវបានបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិផងដែរ៖ «គ្រួសារគាត់ជាជនរងគ្រោះគាត់ឈឺចាប់អ៊ីចឹងហើយ តែសមត្ថកិច្ច កំពុងស្វែងរកចាប់ខ្លួន។ យើងបានកំណត់អត្តសញ្ញាណរួចហើយអ្នកបាញ់នេះ តែគាត់កំពុងរត់គេចខ្លួន។ បើយើងចាប់អត់ទាន់បាន ធ្វើម៉េចយើងរកយុត្តិធម៌ឲ្យគាត់បាន ប៉ុន្តែសមត្ថកិច្ចកំពុងខិតខំប្រឹងប្រែង ដើម្បីរកយុត្តិធម៌ជូនពួកគាត់ហើយ»។
រីឯអគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងជាមេធាវីការពារក្តី ឲ្យជនរងគ្រោះ គឺ លោក សឺន ជុំជួន ឲ្យដឹងថា ក្រោយកើតហេតុ គឺព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនល្មើសរូបនោះ ប៉ុន្តែដីកាមួយនេះបានផុតកំណត់ ពេលរួចហើយ ដូច្នេះលោក សង្ឃឹមថា សមត្ថកិច្ច នឹងស្នើសុំដីកាតាមចាប់ខ្លួនជនល្មើសតែម្តង។ មេធាវីរូបនេះជំរុញឲ្យអាជ្ញាធរចាត់វិធានការលើរឿងនេះឲ្យបានឆាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ព្រោះករណីនេះ គឺជាអំពើឃាតកម្មគិតទុកជាមុន និងប្រព្រឹត្តដោយមន្ត្រីនគរបាលថែមទៀត៖ «ពិបាកសន្និដ្ឋានបន្តិចប្អូនទាក់ទងនឹងចំណាត់ការរបស់សមត្ថកិច្ច ប៉ុន្តែខ្ញុំជាមេធាវី ជឿជាក់ថា សមត្ថកិច្ចនឹងខិតខំរកជនដៃដល់នេះ មកឲ្យទាល់តែបាន ព្រោះថា ជនដៃដល់នេះគឺជាមន្ត្រីសាធារណៈផង ដើម្បីស្ដារកិត្តិយស និងកសាងស្នាដៃរបស់សមត្ថកិច្ច»។
កាលពីថ្ងៃទី១៥ ខែតុលា លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោមប្រចាំ នៅកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍អំពាវនាវឱ្យសមត្ថកិច្ចចាប់ខ្លួនជនដៃដល់ ដែលបានបាញ់សម្លាប់លោក សុខ សុធន មកផ្ដន្ទាទោសទៅតាមច្បាប់។ អង្គការខ្មែរក្រោមមួយនេះ លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា ពួកគេ មានការព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងពេលបច្ចុប្បន្ននេះ និងនាពេលអនាគត អាចនឹងមានការកើតឡើងជាបន្តបន្ទាប់ទៀត ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចមិនមានវិធានការណាមួយ ទៅតាមនីតិវិធីឱ្យបានទាន់ពេលនោះទេ ពីព្រោះក្នុងរយៈពេលចុងក្រោយនេះ មានខ្មែរក្រោមជាច្រើននាក់ហើយ ដែលត្រូវបានបាត់បង់ជីវិតក្នុងហេតុការណ៍គួរឱ្យរន្ធត់សោកស្ដាយ និងគ្មានយុត្តិធម៌ពេញលេញ។
ទាក់ទងករណីនេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ថ្លែងថា ជនល្មើស ត្រូវបានលាតត្រដាងមុខមាត់ និងអត្តសញ្ញាណទៅហើយ ដូច្នេះសមត្ថកិច្ច គួរតែ អនុវត្តច្បាប់ឲ្យបានឆាប់រហ័ស ដើម្បីផ្តល់យុត្តិធម៌ពេញដល់គ្រួសារជនរងគ្រោះ និងបញ្ចប់វប្បធម៌និទណ្ឌភាព៖ «ធ្វើយ៉ាងណាបង្ហាញឲ្យឃើញថា ក្រុមគ្រួសារជនរងគ្រោះ ជឿទុកចិត្តថា សមត្ថកិច្ចពិតជាមានការចាត់វិធានការលើជនប្រព្រឹត្តពិតប្រាកដ មិនមែនគ្រាន់តែចេះ និយាយថា ខ្លួនបានចាត់វិធានការ ប៉ុន្តែអ្វីៗ ទាំងអស់នោះ ហាក់ដូចជាអត់មានធ្វើសកម្មភាពអ្វីៗ ទាល់តែសោះ»។
ភរិយាជនរងគ្រោះ គឺលោកស្រី ឆាយ សុខម៉េង ឲ្យដឹងថា ក្រោយបាត់បង់ប្ដីដែលជាបង្គោលសំខាន់បំផុត នៅក្នុងគ្រួសារ ធ្វើឱ្យគ្រួសាររបស់លោកស្រី ជួបការលំបាកយ៉ាងខ្លាំងដោយខ្វះខាតលុយបង់ ថ្លៃឈ្នួលផ្ទះជួល និងបង់សងធនាគារ ព្រមទាំងគ្មានសមត្ថភាពឲ្យកូនទៅរៀនឯកជនដូចមុនឡើយ។ បច្ចុប្បន្ននេះ លោកស្រី កំពុងតស៊ូតែម្នាក់ឯងចិញ្ចឹមកូនស្រីតូចៗ ចំនួន ៤នាក់ដែលមានអាយុ ១ឆ្នាំដល់អាយុ ១១ឆ្នាំ។ លោកស្រីទទូចដល់សមត្ថកិច្ចជំនាញ ឱ្យជួយពន្លឿនការអនុវត្តច្បាប់បន្ថែមទៀត ដើម្បីឲ្យលោកស្រី ទទួលបានសំណងសមរម្យសម្រាប់ចិញ្ចឹមកូន និងស្នើសុំឲ្យតាមចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់គ្រួសារលោកស្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។