កម្ពុជា​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស «មិន​សេរី» ខណៈ​ពិន្ទុ​សេរីភាព​​បន្ត​ដាំក្បាល​ចុះ​មួយ​កម្រិត​ទៀត​ក្នុង​ឆ្នាំ២០២១

ដោយ មាន ឫទ្ធិ
2021.03.04
កម្ពុជា​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស «មិន​សេរី» ខណៈ​ពិន្ទុ​សេរីភាព​​បន្ត​ដាំក្បាល​ចុះ​មួយ​កម្រិត​ទៀត​ក្នុង​ឆ្នាំ២០២១ ស្ត្រីដែលជាភរិយាអតីតសកម្មជនគណបក្សប្រឆាំង ចូលរួមតវ៉ាទាមទារឱ្យតុលាការដោះលែងស្វាមីរបស់ខ្លួន។
រូប៖ គេ​ផ្ដល់​ឱ្យ

មិនមែន​ទើប​តែក្នុង​ ឆ្នាំ២០២១ ​នេះទេ ដែល​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​​ជា​ប្រទេស «មិន​សេរី»។ អស់​រយៈពេល​ជាង​កន្លះ​ទសវត្ស​មកហើយ​ ដែល​​កម្ពុជា​​គ្រង​​តំណែង​​នៅ​​ក្នុង​​ចំណាត់ថ្នាក់​របស់​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក Freedom House ជា​ប្រទេស «មិន​សេរី»។ សម្រាប់​ឆ្នាំ​២០២១ ​នេះ ពិន្ទុ​​សេរីភាព​​នៅ​​កម្ពុជា​​ធ្លាក់​​ចុះ​​មួយ​​ពិន្ទុ ក្រោម​ឆ្នាំ២០២០ មក​លេខ ២៤ លើ​ ១០០ពិន្ទុ។ ពិន្ទុ ១០០ មាន​​ន័យ​​ថា មាន​​សេរីភាព​​ពេញលេញ។

សេរីភាព​ដែល​អង្គការ Freedom House វាយតម្លៃនេះ ផ្តោត​ជា​ពិសេស​នោះ គឺ​​សំដៅ​​ដល់​សិទ្ធិ​​នយោបាយ និង​​សិទ្ធិ​ពលរដ្ឋ។ បើ​តាម​អង្គការ​នេះ សិទ្ធិ​នយោបាយ​​របស់​​កម្ពុជា​ធ្លាក់ចុះ​ខ្លាំង​ស្ទើ​តែ​ដល់​កម្រិតសូន្យ។ រីឯសិទ្ធិពលរដ្ឋ​វិញ ក៏​ស្ថិត​ក្នុង​ភាពរិតត្បិត​ដែរ ដែល​​កម្ពុជា​​ទទួល​​បាន​​​ពិន្ទុ​​មិន​ដល់​​ពាក់​កណ្តាល​​ផង​​​នៃ​​​ពិន្ទុ​​​សិទ្ធិ​​​ពលរដ្ឋ​​ពេញលេញ។

អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការវាយតម្លៃ​អំពី​សេរីភាព​របស់​អង្គការ​អន្តរជាតិ​មួយនេះ ដោយសារ​លោក​ពុំ​លើក​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៤ ខែមីនា។ រីឯ​អ្នកនាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ក៏​ពុំ​លើក​ទូរស័ព្ទ​ដូចគ្នា។

ដោយឡែក អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​វាយ​​តម្លៃ​​នេះ ជា​​ការ​មិន​​អាច​​ទទួល​​យក​​បាន​ទេ។ លោកថា លំហ​សេរីភាព​នៅ​កម្ពុជា​សព្វថ្ងៃ​មានភាព​ទូលំទូលាយលើកលែង​តែ​ក្រុម​អ្នកនយោបាយ​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដែល​លោកហៅថា ជាក្រុម​ខុសច្បាប់ «មិនមែនប្រជាជន» «អត់យកសេរីភាពប្រជាជនទូទៅមកនិយាយឯណា។ ក្រុមហ្នុងមិនមែនជាប្រជាជនទូទៅទេ។ បងប្អូនអ្នកសារព័ត៌មានមួយចំនួន ច្រើនតែថារឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ ឬប្រជាជន។ ក្រុមហ្នុង មិនមែនជាប្រជាជនទេ វាអស់សិទ្ធិជាប្រជាជនហើយ ដូចជាក្រុមសមរង្ស៊ី ក្រុមសកម្មជននៅក្រៅប្រទេសមួយចំនួនដែលតែងតែធ្វើសកម្មភាពបម្រើនយោបាយប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ហ្នុង វាអត់មែនជាពលរដ្ឋទូទៅទេ»។ 

ផ្ទុយ​ពី​ការបកស្រាយ​នេះ នាយករង​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការលីកាដូលោក អំ សំអាត ថ្លែងថា ចាប់​តាំង​ពី​មាន​ការរម្លាយ​គណបក្ស​សង្គ្រោះជាតិ នៅ​ឆ្នាំ២០១៧​ មក ពិន្ទុ​សេរីភាព​នៅ​កម្ពុជា មាន​ការធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​ការរិតត្បិត​សិទ្ធិនយោបាយ និង​សិទ្ធិពលរដ្ឋ៖ «មើលទៅ Freedom House នេះ ក៏យោងទៅតាមស្ថានភាព ឬក៏របាយការណ៍ដែលសហគមន៍អឺរ៉ុប ក៏ដូចជាអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលគេទាមទារសុំឲ្យកម្ពុជាស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ អ៊ីចឹង គឺទិដ្ឋភាពទាំងអស់នេះហើយ។ ទិដ្ឋភាពចុងក្រោយគឺប្រហែលជាគេមើលទៅលើការចាប់ខ្លួន និងការចោទប្រកាន់តាមផ្លូវតុលាការទៅលើមេដឹកនាំអតីតគណបក្សប្រឆាំង ហើយនឹងសកម្មជនអតីតគណបក្សប្រឆាំងអីជាដើមដែលលើកឡើងមកថា សិទ្ធិនយោបាយមានការធ្លាក់ចុះជាដើម»

របាយការណ៍​សេរីភាព​ពិភពលោក​ឆ្នាំ២០២១ របស់​អង្គការ Freedom House ពិនិត្យ​មើល​ការអនុវត្ត​សេរីភាព​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ២០២០ កន្លងទៅ។ អង្គការ Freedom House ហៅ​ឆ្នាំ២០២១ នេះ​​ថា ជា​ឆ្នាំ​ដែល​លទ្ធិប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក​កំពុង​ស្ថិត​ក្នុង​ភាព​គំរាមកំហែង។ អង្គការ​នេះ​ថា ជំងឺរាតត្បាត​សាកល អសន្តិសុខ​សេដ្ឋកិច្ច អសន្តិសុខ​ផ្លូវកាយ និង​ជម្លោះ​ហិង្សា បាន​បំផ្លិចបំផ្លាញ​ពិភពលោក​ក្នុង​ ឆ្នាំ២០២០ កន្លងទៅ។ អង្គការ​នេះបន្តថា ក្រុមអ្នក​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​ទទួល​រង​នូវ​ការចាញ់ប្រៀប​យ៉ាង​ធ្ងន់ធ្ងរ​​ក្នុង​ការ​តស៊ូ​របស់​ពួកគេ​ប្រឆាំងនឹង​ក្រុម​មេដឹកនាំ​ផ្តាច់ការ ដែល​ធ្វើ​ឲ្យ​ពិភពលោក​ងាកទៅរក​​ការគ្រប់គ្រង​បែប​ផ្តាច់ការ។

ថ្លែង​ក្នុង​សុន្ទរកថា​ដាក់ចេញ​នូវ​គោលនយោបាយ​ការបរទេស​របស់​អាមេរិក​ជា​លើក​ដំបូង កាលពី​ថ្ងៃទី៣ ខែមីនា រដ្ឋមន្ត្រី​ការបរទេស​​អាមេរិក លោក អេនថូនី ប្ល៊ីនឃិន (Antony Blinken) មាន​​ប្រសាសន៍​​ថា សហរដ្ឋ​​អាមេរិក នឹង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក​ឲ្យ​មាន​សភាព​ដូចដើម​ឡើងវិញ ដោយសារ​តែ​លទ្ធិនេះ កំពុងតែ​ទទួល​រង​នូវ​ការគំរាមកំហែង។ លោក​បាន​និយាយ​យោង​ទៅ​របាយការណ៍​​របស់​​អង្គការ​​ឃ្លាំមើល​​ពិភពលោក Freedom House ដែល​​ជា​​អង្គការ​ឯករាជ្យ ថា​ជា​របាយការណ៍​ដ៏​ល្អ​ដែល​ឆ្លុះបញ្ចាំង​ពី​បញ្ហា​នេះ៖ «របបផ្តាច់ការ អំពើជាតិសាសន៍និយមកំពុងតែកើនឡើងនៅទូទាំងពិភពលោក។ រដ្ឋាភិបាលនានាលែងសូវមានតម្លាភាពជាងមុន ​ធ្វើឲ្យពលរដ្ឋបាត់បង់នូវទំនុកចិត្ត។ ការបោះឆ្នោត បានក្លាយជាចំណុចចាប់ផ្តើមនៃការផ្ទុះអំពើហិង្សាកាន់តែខ្លាំងឡើងៗ។ អំពើពុករលួយក៏ចេះតែកើនឡើង។ ជំងឺរាតត្បាតសាកល កំពុងតែធ្វើឲ្យទំនោរអស់ទាំងនេះ​ កើនឡើងបន្ថែមទៀត»។ 

នៅ​ក្នុង​តំបន់ ពិន្ទុ​សេរីភាព​របស់​កម្ពុជា​អន់ជាង​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬភូមា ប្រ៊ុយណេ (Brunei) ប្រទេសថៃ និង​ប្រទេស​ម៉ាឡេស៊ី (Malaysia) ជាដើម។ ពិន្ទុ​សេរីភាព​របស់​កម្ពុជា គ្រាន់បើ​តែ​ជាង​ប្រទេសកុម្មុយនិស្ត ឡាវ និង​វៀតណាម តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។