សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសិទ្ធិមនុស្សអន្តរជាតិ ស្នើសហគមន៍អន្តរជាតិប្រើឥទ្ធិពលរបស់ខ្លួនជំរុញឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិមនុស្ស សាសនា និងសិទ្ធិជនជាតិដើម។ សំណើនេះធ្វើឡើងស្របពេលដែលប្រទេសអូស្រ្តាលីបានជួបសន្ទនានឹងភាគីវៀតណាមជុំវិញបញ្ហាសិទ្ធិមនុស្ស កាលពីសប្តាហ៍មុន។
សហព័ន្ធខ្មែរកម្ពុជាក្រោមនិងអង្គការសិទ្ធិមនុស្ស(Human Rights Watch) បានអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលីជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ និងឈប់ធ្វើទុក្ខបុកម្នេញជនជាតិដើម។ សំណើនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាល អូស្ត្រាលី និងវៀតណាម បានចាប់ផ្តើមកិច្ចសន្ទនា លើកទី១៧ ស្តីពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសវៀតណាម កាលពីសប្តាហ៍មុន។
សេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្ស (Human Rights Watch) ចេញពីសប្តាហ៍មុនបញ្ជាក់ថា ប្រទេសអូស្រ្តាលីគួរប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីដាក់គំនាបលើរដ្ឋាភិបាលវៀតណាមឲ្យធ្វើសកម្មភាពជាចំបងមួយចំនួន ដើម្បីស្តារឡើងវិញ នៃកំណត់ត្រាស្តីពីសិទ្ធិមនុស្សដ៏អាក្រក់របស់វៀតណាម។ សេចក្តីថ្លែងការណ៍បន្តថា ពលរដ្ឋវៀតណាមត្រូវរងការធ្វើទុក្ខបុកម្នេញដោយសារតែពួកគេប្រើប្រាស់សិទ្ធិជាមូលដ្ឋាន និងសិទ្ធិនយោបាយ ដូច្នោះអូស្រ្តាលីត្រូវតែទាមទារវៀតណាមឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់ព្រមទាំងធ្វើច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសនេះឲ្យមានលក្ខណៈស្តង់ដារអន្តរជាតិ។
អង្គការសិទ្ធិមនុស្ស (Human Rights Watch)រកឃើញថា យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ១៤៦ នាក់កំពុងជាប់ពន្ធនាគារ ដោយសារតែការប្រើប្រាស់ សិទ្ធិមូលដ្ឋាន និងការប្រើប្រាស់បណ្តាញសង្គម។ ក្នុងចំណោមជាងមួយរយករណីនោះ យ៉ាងហោចណាស់ក៏មានជាង ៣០ ករណីជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។ ទំនាក់ទំនងពាណិជ្ជកម្មអូស្រ្តាលី និងវៀតណាម បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អូស្រ្តាលីក្លាយជាដៃគូពាណិជ្ជកម្មកំពូលទី ១០ របស់វៀតណាម។ ទោះបីជាយ៉ាងណា ប្រមុខការទូតអូស្រ្តាលី ដែលបានមកទស្សនកិច្ចនៅវៀតណាម កាលពីវិច្ឆិកា កន្លងទៅ មិនបានលើកពីបញ្ហាសិទ្ធិទៅជជែកនឹងមន្រ្តីវៀតណាមនោះទេ។
នាយករងនៃអង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ប្រាប់វិទ្យុអាស៊ីសេរីកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលវៀតណាមក្រៅពីធ្វើទុក្ខបុកម្នេញពលរដ្ឋខ្លួនឯង រដ្ឋាភិបាលកុម្មុយនីសយ៍មួយនេះ ក៏បានធ្វើទុក្ខបុកម្នេញជនជាតិដើមខ្មែរក្រោមផងដែរ។ លោក ហ្វីល រ៉ូបឺតសុនថា វៀតណាមធ្វើបាបពលរដ្ឋខ្មែរក្រោម ដោយគ្មានស្រាកស្រានឡើយ។ វៀតណាមបានគាបសង្កត់ខ្មែរក្រោមមិនឲ្យសំដែលមតិរឿង វប្បធម៌ជនជាតិដើម សិទ្ធិសាសនា និងគាបឲ្យខ្មែរក្រោម ទទួលយកនិងសម្របសម្រួលការរស់នៅតាមបែបជនជាតិវៀតណាម។ លោក ហ្វីល រ៉ូបឺតសុន បន្ថែមទៀតថា អាជ្ញាធរវៀតណាមក៏ចាត់វិធានការបែបរើសអើងនឹងពលរដ្ឋខ្មែរក្រោម ដែលរងការរំលោភបំពានសិទ្ធិដីធ្លី ហើយព្យាយាមទាមទារសិទ្ធិកាន់កាប់មកវិញ ដោយសារតែពួកគេបានធ្វើកសិកម្មលើដីនោះជាច្រើនឆ្នាំមកហើយ។
យ៉ាងហោចណាស់ក៏មានកសិករខ្មែរក្រោមម្នាក់ ត្រូវបានអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគាររយៈពេលច្រើនឆ្នាំ និងពីរនាក់ទៀតអាចនឹងត្រូវគេចាប់ដាក់ពន្ធនាគារ ដោយសារតែពួកគេតវ៉ាអហិង្សាទាមទារដីស្រែដែលក្រុមអាជ្ញាធរវៀតណាមរឹបអូសទាំងគ្មានសំណងត្រឹមត្រូវតាមច្បាប់។ លោក ហ្វីល រ៉ូបឺតសុន មើលឃើញទៀតថា អាជ្ញាធរវៀតណាម កំពុងមិនទុកចិត្តខ្លួនឯង ហើយចាត់ទុកការទាមទារសិទ្ធិសេរីភាពជនជាតិដើមរបស់ពលរដ្ឋខ្មែរក្រោមថា ជាចេតនាចង់បង្កើតតំបន់ស្វយ័ត ឬចង់បានឯករាជ្យ។ លោកថា វៀតណាមមិនទុកចិត្តខ្មែរក្រោមឡើយ ពីព្រោះខ្មែរក្រោម ជាជនជាតិផ្សេងគ្នា បណ្តាលឲ្យវៀតណាម ត្រូវតែត្រួតត្រាលើពលរដ្ឋខ្មែរក្រោម។
ពាក់ព័ន្ធនឹងសំណើរបស់អង្គការសិទ្ធិមនុស្ស (Human Rights Watch)នេះដែរ ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា ក៏ស្នើសុំឲ្យសហគមន៍អន្តរជាតិជួយប្រើឥទ្ធិពលរបស់ពួកគេ អន្តរាគមន៍ទៅវៀតណាមឲ្យគោរពសិទ្ធិជនជាតិដើម៖ «សហព័ន្ធខ្មែរកម្ពុជាក្រោមសូមអំពាវនាវឲ្យអន្តរជាតិដែលមានពាណិជ្ជកម្មនឹងវៀតណាមជួយធ្វើអន្តរាគមន៍ករណីដែលពលរដ្ឋខ្មែរក្រោមត្រូវអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារ និងបានរឹតត្បឹតសិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោមជាម្ចាស់ស្រុកជនជាតិដើម»។
សំណើអង្គការសិទ្ធិមនុស្សអន្តរជាតិ និងសហព័ន្ធខ្មែរកម្ពុជាក្រោមនេះ ធ្វើឡើងដោយសារតែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមចាប់ផ្តើមធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោមស្ទើគ្រប់វិស័យ។
អាជ្ញាធរវៀតណាមខេត្តព្រះត្រពាំង កាលពីថ្ងៃទី១៤ ខែតុលា បានចាប់ខ្លួនលោក ថាច់ រីន ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ និងការបង្ហោះរូបភាពមេដឹកនាំ ក្នុងចេតនាបង្កឲ្យមានផលប៉ះពាល់ទៅដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ អតីតមេដឹកនាំវៀតណាម។ បច្ចុប្បន្នវៀតណាមកំពុងដាក់ពន្ធនាគារលោកដើម្បីរង់ចាំការកាត់ទោស។ សហព័ន្ធខ្មែរកម្ពុជាក្រោមបដិសេធការចោទប្រកាន់របស់វៀតណាម ហើយថា ការចាប់ខ្លួនលោក ថាច់ រីន នេះ គឺដោយសារតែលោកផ្សព្ធផ្សាយចំណេះដឹងពីសិទ្ធិជនជាតិដើម។
ករណី អាជ្ញាធរវៀតណាម ឃុំខ្លួនលោក ថាច់ រីន ក្នុងពន្ធនាគារនេះ មិនមែនជាករណីទីមួយទេ។ អាជ្ញាធរវៀតណាម កាលពីថ្មីៗនេះ ក៏បានចាប់ខ្មែរក្រោមម្នាក់ទៀតឈ្មោះ ហ្វិន វ៉ាំងឌែប ដាក់ពន្ធនាគារ ដោយសារតែលោកត្រូវអាជ្ញាធរវៀតណាមចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងបាតុកម្មហិង្សាមួយ។ ទោះបីជាយ៉ាងណាក្ដី តំណាងខ្មែរក្រោមអះអាងថា លោក ហ្វិន វ៉ាំងឌែប មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ហើយការចាប់ខ្លួននេះ ជាលេសដោយសារតែលោកបានចូលរួមសំដែងមតិរឿងថ្ងៃបាត់បង់ទឹកដី តាមបណ្ដាញសង្គម ហ្វ៊េសប៉ុក (Facebook)។ បច្ចុប្បន្ន លោក ហ្វិន វ៉ាំងឌែប កំពុងជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។
អាជ្ញាធរវៀតណាម ក៏បានសម្លុតគំរាមកំហែងយុវជនខ្មែរក្រោមជាច្រើនរូប ដោយឲ្យបញ្ឈប់ផ្សព្ធផ្សាយការទាមទារសិទ្ធិជាជនជាតិដើម និងផ្តល់ព័ត៌មានទៅក្រៅប្រទេស រឿងអាជ្ញាធរធ្វើទុក្ខបុកម្នេញខ្មែរក្រោម។ អាជ្ញាធរវៀតណាមកំពុងតែទាមទារយុវជនខ្មែរក្រោមទាំងនោះឲ្យបង់ប្រាក់ពិន័យរាប់រយដុល្លាររឿងពួកគេប្រើប្រាស់បណ្តាញសង្គមផ្សព្ធផ្សាយច្បាប់អន្តរជាតិស្តីពីជនជាតិដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។