HRW អំពាវនាវ​ឱ្យ​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ និង​ទម្លាក់​ចោល​បទ​ចោទ​ទាំង​អស់​ពី​សមាជិក​សហជីព NagaWorld

ដោយ មាន ឫទ្ធិ
2023.03.15
Share on WhatsApp
Share on WhatsApp
HRW អំពាវនាវ​ឱ្យ​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ និង​ទម្លាក់​ចោល​បទ​ចោទ​ទាំង​អស់​ពី​សមាជិក​សហជីព NagaWorld (រូបឯកសារ) កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​កម្មករ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៏ (NAGAWORLD) ពេល​អាជ្ញាធរ​ឃុំ​ខ្លួន។ ថត​កាល​ពី​ថ្ងៃ​ទី៣១ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ដោះលែង​មេសហជីព​ណាហ្គាវើលដ៍ (NagaWorld) កញ្ញា ឈឹម ស៊ីថរ និង​ទម្លាក់ចោល​រាល់​បទចោទ​ព្រហ្មទណ្ឌ​ទាំងអស់​ប្រឆាំងនឹង​កញ្ញា និង​សមាជិក​សហជីព​ណាហ្គាវើលដ៍ ៨នាក់​ផ្សេងទៀត។ ការអំពាវនាវ​នេះ ធ្វើឡើង​ស្របពេល​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​សវនាការ​លើកទីបី​ជុំវិញ​សំណុំរឿង​កូដករ​ណាហ្គាវើលដ៏។

ការអំពាវនាវ​ឱ្យ​ដោះលែង​មេសហជីព​ណាហ្គាវើលដ៍ និង​ទម្លាក់ចោល​រាល់​បទចោទប្រកាន់​ទាំងអស់​មកលើ​ក្រុមសមាជិក​សហជីព​និង​ជាកូដករ​ណាហ្គាវើលដ៍​នេះ ធ្វើឡើង​នៅក្នុង​ក្នុង​សេចក្តីថ្លែការណ៍​មួយ​របស់​អង្គការ យូមែន រ៉ៃតស៍ វ៉ច្ឆ ផ្សាយ​ថ្ងៃទី១៤ ខែមីនា។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃតស៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែងក្នុង​សេចក្តីថ្លែការណ៍​ថា អាជ្ញាធរ​កម្ពុជា​កំពុងតែ​រំលោភ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ ដោយ​ដាក់គោលដៅ​លើ​មេសហជីព និង​សកម្មជន​សិទ្ធិការងារ​ដទៃទៀត។ លោក​បន្តថា មនុស្ស​ដូចជា​កញ្ញា ឈឹម ស៊ីថរ និង​អ្នកតស៊ូមតិ​ ដើម្បី​សិទ្ធិការងារ​ដទៃទៀត កំពុង​ប្រឈមនឹង​យុទ្ធនាការ​ប្រឆាំង​មកលើ​ពួកគេ​កាន់តែខ្លាំងឡើងៗ ​ពីសំណាក់​អាជ្ញាធរ​កម្ពុជា ដោយសារតែ​ការ​ការពារ​សិទ្ធិ​កម្មករ​និយោជិត​របស់​ពួកគេ ស្របពេលដែល​លំហ​សង្គមស៊ីវិល​នៅកម្ពុជា​កាន់តែ​រួមតូចទៅៗ​ នៅមុន​ពេល​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​ខែកក្កដា​មកដល់។

Phil_Robertson_2.jpg
លោក ហ៊្វីល រ៉ូបឺតសុន (Phil Robertson) នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch/Asia)។ RFA

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៤ ខែមីនា បាន​បន្ត​សវនាការ​លើកទីបី​លើ​សំណុំរឿង​របស់​មេសហជីព និង​ក្រុមកូដករ​ណាហ្គាវើលដ៍ ៩នាក់ ជុំវិញ​បទចោទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ មេសហជីព និង​ក្រុម​កូដករ​ណាហ្គាវើលដ៍​ទាំង ៩នាក់​នោះ រួមមាន កញ្ញា ឈឹម ស៊ីថរ កញ្ញា ឈឹម សុខន លោកស្រី ឃ្លាំង សុបិន្ត លោកស្រី រី សុវណ្ណឌី និង​កូដករ​មួយ​ចំនួនទៀត​ដែល​ជាសមាជិក​សហជីព LRSU នៃ​កាស៊ីណូ​ណាហ្គាវើលដ៍។

កញ្ញា ឈឹម ស៊ីថរ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំខ្លួន​ពី​ពន្ធនាគារ​ព្រៃស មក​ចូលរួម​សវនាការ​នេះ។ សវនាការ​លើកទី៣​ នេះ ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ត្រឹម​បញ្ចប់​ការ​ស៊ើបសួរ​​ក្រុម​កូដករ​ចំនួន ២នាក់ គឺកញ្ញា ឈឹម សុខន និង​លោកស្រី ឃ្លាំង សុបិន្ត ជុំវិញ​សកម្មភាព​កូដកម្ម​ និង​ប្រភព​គាំទ្រ​ផ្នែកហិរញ្ញវត្ថុ​ក្នុងការ​​ធ្វើ​កូដកម្ម​របស់​ពួកគេ។ តុលាការ​នៅ​ពុំទាន់​ចេញ​សេចក្តី​សម្រេច​ណាមួយ​នៅឡើយ​ទេ​ ជុំវិញ​សំណុំរឿង​នេះ។ តុលាការ​គ្រោង​នឹង​បន្ត​សវនាការ​លើ​សំណុំរឿង​នេះ​បន្តទៀត​នៅ​ថ្ងៃទី២១ ខែមីនា ខាងមុខ។

អគ្គលេខាធិការ​សហជីព​ណាហ្គាវើលដ៍ លោកស្រី ឃ្លាំង សុបិន្ត ប្រាប់​វិទ្យុអាស៊ីសេរី​ថា លោកស្រី​ហួសចិត្ត នៅ​ពេល​ចៅក្រម​សួរ​សំណួរ​ទាក់ទង​នឹង​ការ​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​​ជាង ១ឆ្នាំ ដែល​មិន​ព្រម​​ទទួល​យក​ប្រាក់​សំណង​ពី​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ព្រោះ​លោកស្រី​បាន​បញ្ជាក់​មក​ជា​រៀង​រហូត​​ហើយ​ថា ការ​តវ៉ា​របស់​ក្រុម​កូដករ មិនមែន​ចង់បាន​ប្រាក់​សំណង​នោះ​ទេ តែ​ចង់​ឱ្យ​មាន​ការ​គោរព​ច្បាប់​ស្តីពី​ការងារ។ លោកស្រី​បន្ថែម​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ គួរ​ចាប់​ថៅកែ​ក្រុមហ៊ុន​ដែល​បាន​ល្មើស​ច្បាប់​ស្តីពី​ការងារ​មក​សួរ​ចម្លើយ​ជុំវិញ​រឿង​រំលោភ​ច្បាប់​ស្តីពី​ការងារ​ទើប​ជា​ការត្រឹមត្រូវ។ លោកស្រី ឃ្លាំង សុបិន្ត ស្នើដល់​តុលាការ​​ឱ្យ​ទម្លាក់​រាល់​បទចោទ​ប្រកាន់​មកលើ​ក្រុមកូដករ​ណាហ្គាវើលដ៍​​ទាំង​អស់ ព្រោះ​លោកស្រី​ថា​ ការ​ធ្វើ​កូដកម្ម​កន្លងមក គឺ​បណ្ដាល​មក​ពី​ថៅកែ​ណាហ្គាវើលដ៍ មិន​គោរព​ច្បាប់​ស្តីពី​ការងារ​តែប៉ុណ្ណោះ។

លោកស្រី ឃ្លាំង សុបិន្ត៖ «ពាក់ព័ន្ធ​ជាមួយ​នឹង​​សំណង ទីមួយ ការ​ទូទាត់​ប្រាក់​ហ្នឹង​ គឺ​មិន​ត្រឹមត្រូវ។ ទីពីរ វា​មិនមែន​ជា​បញ្ហា​កញ្ចប់​ថវិកា​ដែល​ឱ្យ​ទេ បញ្ហា​ធំ ​គឺ​សិទ្ធិ​ការងារ។ មួយទៀត យើង​ចង់​ឱ្យ​ថៅកែ​ដែល​មក​រកស៊ី​នៅ​ស្រុក​យើង ត្រូវតែ​គោរព​ច្បាប់​ប្រទេស»

សវនាការលើកទីបី​នេះ មាន​ការចូលរួម​តាមដាន​ឃ្លាំមើល​ពីសំណាក់​​មន្ត្រី​ការទូត តំណាង​សហភាព អឺរ៉ុប (EU) មន្ត្រី​អង្គការ​សហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ។ រីឯ​នៅ​ខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ ក៏៏មាន​ក្រុម​កូដករ​ណាហ្គាវើលដ៏៍​ជាង ៦០នាក់ មក​លើក​ទឹកចិត្ត​ដែរ ខណៈ​កម្លាំង​សមត្ថកិច្ច​ប្រមាណ ២០នាក់ ត្រូវ​បាន​ពង្រាយ​ដើម្បី​ធានា​សន្តិសុខ​នៅ​ខាង​មុខ​តុលាការ។

វិទ្យុអាស៊ីសេរី​មិនអាច​សុំ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ជុំវិញ​​សំណុំរឿង​​ក្តីក្តាំ​ប្រឆាំង​នឹង​មេ​សហជីព និង​ក្រុម​កូដករ​ណាហ្គាវើលដ៍​ទាំង ៩នាក់​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី១៤ ខែមីនា។

អង្គការ យូមែន រ៉ៃតស៍ វ៉ច្ឆ ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់​ឥរិយាបថ​វាយប្រហារ​កាន់តែ​ខ្លាំង​ឡើងៗ​ ទៅលើ​សហជីព ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ គណបក្ស​ប្រឆាំង និង​ក្រុម​អ្នកការពារ​​សិទ្ធិមនុស្ស ខណៈ​ការបោះឆ្នោត​ជាតិ​កាន់តែ​ខិត​ជិត​មកដល់។ ទន្ទឹម​នឹង​នេះ អង្គការ​នេះ​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ដទៃ​ទៀត ​ឱ្យ​បញ្ជាក់​ជំហរ​​​ច្បាស់លាស់​ថា ការបន្ត​ការគាបសង្កត់​បែបនេះ​នឹង​ប៉ះពាល់​ដល់​ចំណង​ទំនាក់ទំនង​ជាមួយ​ក្រុម​ប្រទេស​ទាំងនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។