អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញអាជ្ញាធរកម្ពុជាឱ្យដោះលែងអ្នកទោសនយោបាយដែលនៅសល់ជាង ៦០នាក់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ ការជំរុញនេះ ធ្វើឡើងស្របពេលដែលអាជ្ញាធរកម្ពុជាទើបបានដោះលែងអ្នកទោសមនសិការ ២៦នាក់ជាបន្តបន្ទាប់ គិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែវិច្ឆិកា។ ក្នុងនោះ រួមមាន មេសហជីពល្បីឈ្មោះ លោក រ៉ុង ឈុន សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ សកម្មជនសង្គម និងក្រុមស្ត្រី «ថ្ងៃសុក្រ» ជាដើម។ ក៏ប៉ុន្តែ អាជ្ញាធរមិនបានទម្លាក់ចោលបទចោទប្រកាន់ទាំងស្រុង ចំពោះសកម្មជនទាំងនោះនៅឡើយទេ ដែលអាចឱ្យពួកគេប្រឈមនឹងការចាប់ដាក់គុកឡើងវិញបាននាពេលអនាគត។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាមស៍ (Brad Adams) ថ្លែងក្នុងសេចក្តីថ្លែងការណ៍របស់អង្គការនេះផ្សាយនៅថ្ងៃទី១៦ វិច្ឆិកាថា ការដោះលែងអ្នកទាំង ២៦នាក់ ដែលត្រូវអាជ្ញាធរចាប់ដាក់គុក ទាំងដែលពួកគេគ្មានទោសកំហុសទាល់តែសោះនោះ គឺជាដំណឹងល្អ។ ប៉ុន្តែ លោកសង្កត់ធ្ងន់ថា អាជ្ញាធរកម្ពុជានៅតែអាចចាប់ខ្លួនពួកគេទាំងនោះដាក់គុកឡើងវិញបានដដែល។
លោក ប៊្រែដ អាដាមស៍ អំពាវនាវឱ្យរដ្ឋាភិបាលនានា ជាពិសេសសហភាពអឺរ៉ុប ដែលនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅក្រុងភ្នំពេញ នៅចុងខែវិច្ឆិកានេះ គួរតែជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យទម្លាក់ចោលរាល់បទចោទ និងដកនូវលក្ខខណ្ឌតុលាការទាំងអស់ ចំពោះអ្នកទោសនយោបាយដែលទើបត្រូវបានដោះលែង។ ទន្ទឹមគ្នានេះ លោកក៏ជំរុញទៅសហភាពអឺរ៉ុបធ្វើយ៉ាងណាទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយដែលនៅសល់ទាំងអស់ដោយឥតលក្ខខណ្ឌ។
បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា មានអ្នកទោសនយោបាយ និងអ្នកទោសមនសិការសរុបជាង ៦០នាក់ បច្ចុប្បន្នកំពុងជាប់ឃុំនៅឡើយ។ ក្នុងនោះរួមមាន សកម្មជនគណបក្សប្រឆាំង សកម្មជនដីធ្លី អ្នកកាសែត និងពលរដ្ឋមួយចំនួន ដែលត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនដោយសារតែពួកគេបានបង្ហោះសាររិះគន់រដ្ឋាភិបាលនៅលើបណ្តាញសង្គម។
លោក ប៊្រែដ៍ អាដាមស៍ គូសបញ្ជាក់ថា ការដោះលែងអ្នកទោសនយោបាយនៅកម្ពុជាថ្មីៗ នេះ បង្ហាញថា រដ្ឋាភិបាលកម្ពុជាទំនងជាបារម្ភពីការរិះគន់ជាអន្តរជាតិក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបកស្រាយប្រាប់សារព័ត៌មានក្នុងស្រុកថា ការដោះលែងមន្ត្រីគណបក្សសង្គ្រោះជាតិ និងសកម្មជនសង្គមផ្សេងៗ គឺជាការអនុគ្រោះរបស់តុលាការ ដើម្បីកាត់បន្ថយការកកស្ទះក្នុងពន្ធនាគារ។ លោកបដិសេធថា ការដោះលែងនេះមិនមែនដោយសារកម្ពុជារងសម្ពាធពីបរទេសនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។