អង្គការការពារសិទ្ធិមនុស្សអន្តរជាតិអំពាវនាវដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យជ្រើសរើសការគោរពសិទ្ធិមនុស្ស ស្របពេលរដ្ឋាភិបាលនេះ កំពុងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ការអំពាវនាវនេះ គឺបន្ទាប់ពីអង្គការនោះរកឃើញថា អាជ្ញាធរកម្ពុជាបានប្រើវិធានការចាប់ចង និងបំបិទសិទ្ធិពលរដ្ឋ ដែលបញ្ចេញទុក្ខកង្វល់រឿងជំងឺរាតត្បាតកូវីដ-១៩។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) ចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៤ មីនា ទាមទារឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការចាប់ខ្លួនពលរដ្ឋ ដែលសម្ដែងការព្រួយបារម្ភពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក្រោមហេតុផលថា ពួកគេផ្សព្វផ្សាយព័ត៌មានមិនពិត។
អង្គការ Human Rights Watch ពិនិត្យឃើញថា ចាប់តាំងពីចុងខែមករាមក អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ហើយ ទាក់ទងនឹងការចែកចាយព័ត៌មានស្ដីពីវីរុសកូរ៉ូណានៅកម្ពុជា។ ក្នុងចំណោមអ្នកទាំងនោះ មាន ៤នាក់ គឺជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលត្រូវរបបក្រុងភ្នំពេញរំលាយចោល ហើយពួកគេកំពុងស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្ន។ ចំណែកអ្នកផ្សេងពីនេះ អាជ្ញាធរបានដោះលែងវិញ ក្រោយពួកគេធ្វើកិច្ចសន្យាបញ្ឈប់ការផ្សាយព័ត៌មានមិនពិតតទៅទៀត និងសុំទោសជាសាធារណៈ។ អង្គការនេះបន្តទៀតថា ការយាយីរបស់រដ្ឋាភិបាលលើអ្នកគាំទ្រ និងសមាជិកបក្សប្រឆាំងក្នុងបរិបទនៃជំងឺកូវីដ-១៩ គឺជាផ្នែកមួយនៃយុទ្ធនាការទ្រង់ទ្រាយធំប្រឆាំងនឹងសកម្មជនសង្គមស៊ីវិល អ្នកសារព័ត៌មានឯករាជ្យ និងប្រជាពលរដ្ឋសាមញ្ញ ដែលបញ្ចេញទស្សនៈលើប្រព័ន្ធអ៊ិនធើណិត និងនៅក្នុងសង្គម។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ការរាតត្បាតជំងឺកូវីដ-១៩ ដោយមិនត្រឹមត្រូវ ដើម្បីបំបិទមាត់សកម្មជនបក្សប្រឆាំង និងអ្នកបញ្ចេញទុក្ខកង្វល់អំពីមេរោគថ្មីនេះ និងវិធានការរបស់រដ្ឋាភិបាល។ លោកថា រដ្ឋាភិបាលកម្ពុជាត្រូវតែបញ្ឈប់ទង្វើរំលោភបំពានលើសិទ្ធិនិយាយស្តីដោយសេរីរបស់ពលរដ្ឋតទៅទៀត ហើយជំនួសមកវិញ រដ្ឋាភិបាលត្រូវផ្ដោតអាទិភាពលើការផ្ដល់ព័ត៌មានអំពីជំងឺកូវីដ-១៩ ជូនសាធារណជនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
គិតត្រឹមថ្ងៃទី១៨ មីនា ក្រសួងព័ត៌មានបានកំណត់ថា មានគណនីហ្វេសប៊ុក (Facebook Account) ចំនួន២៥ និងទំព័រហ្វេសប៊ុក (Facebook Page) ចំនួន២២ ដែលផ្សព្វផ្សាយព័ត៌មានបែបបំភ្លៃ បំភ័ន្ត និងបង្វែរស្ថានការណ៍ ដើម្បីបង្ខូចឈ្មោះរដ្ឋាភិបាល និងបង្កឱ្យពលរដ្ឋមានការភ័យខ្លាច។ ក្រសួងព័ត៌មានបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យតាមដានព័ត៌មានតែពីទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល និងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់ និងទទួលបានព័ត៌មានពិតទាក់ទងនឹងជំងឺកូវីដ-១៩។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ឱ្យដឹងថា ក្រសួងព័ត៌មាននៅតែបន្តស្វែងរកគណនី ឬទំព័រហ្វេសប៊ុកទាំងឡាយណា ដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃ។ លោកថា ក្រសួងបានរាំងខ្ទប់ (Block) គណនី និងទំព័រហ្វេសប៊ុកមួយចំនួនហើយ ហើយក្រសួងក៏កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមច្បាប់លើអ្នកដែលបន្តផ្សាយព័ត៌មានមិនពិតអំពីជំងឺកូវីដ-១៩ នៅកម្ពុជាផងដែរ។ លោកបកស្រាយថា រដ្ឋាភិបាលតែងលើកទឹកឱ្យពលរដ្ឋគ្រប់រូបចូលរួមផ្សព្វផ្សាយព័ត៌មានពិត និងចៀសវាងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក៏ប៉ុន្តែមនុស្សមួយចំនួននៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិតទៀត ហេតុដូច្នេះទើបបានជារដ្ឋាភិបាលជ្រើសរើសយកវិធានការផ្លូវច្បាប់វិញ។
លោក មាស សុភ័ណ្ឌ បន្ថែមថា អ្វីដែលអង្គការ Human Rights Watch បានលើកឡើង គឺជាសិទ្ធិបញ្ចេញមតិរបស់អង្គការនេះ ប៉ុន្តែអ្វីដែលអាជ្ញាធរកំពុងធ្វើ គឺជាការអនុវត្តតាមច្បាប់របស់កម្ពុជា៖ «កម្ពុជាមានកាតព្វកិច្ចក្នុងការអនុវត្តច្បាប់ ក្នុងការពង្រឹងការអនុវត្តច្បាប់ ហើយការដែលលើកឡើងថា ការចាប់នេះសុទ្ធតែជាសកម្មជនរបស់អតីតគណបក្សប្រឆាំងហ្នឹង គឺជាការលើកដាក់ខ្លួនទេ។ កាលណាគាត់អនុវត្តខុសអ្វីដែលជាវិធានផ្លូវច្បាប់ គឺគាត់ត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ស្មើៗ គ្នា។ គ្មានអ្នកណាមួយ ដែលគេចផុតពីការទទួលខុសត្រូវផ្នែកផ្លូវច្បាប់ នៅពេលដែលខ្លួនប្រព្រឹត្តខុសនោះទេ»។
ចំណែក អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន វិញ បានចាត់ទុកសេចក្ដីថ្លែងការណ៍របស់អង្គការ Human Rights Watch នេះថា ធ្វើឡើងក្នុងន័យការពារក្រុមសកម្មជនបក្សប្រឆាំង។ លោកថា រដ្ឋាភិបាលមិនមានយុទ្ធនាការចាប់ខ្លួនអ្នកបញ្ចេញមតិរឿងជំងឺកូវីដ-១៩ នោះទេ ប៉ុន្តែរដ្ឋាភិបាលចាត់វិធានការច្បាប់លើអ្នក ដែលមានចេតនាទុច្ចរិតបង្កចលាចលក្នុងសង្គមតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា អង្គការ Human Rights Watch ពន្យល់ថា ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ រដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចការពារសិទ្ធិសេរីភាពបញ្ចេញមតិ រួមទាំងសិទ្ធិស្វែងរក ទទួលបាន និងចែករំលែកព័ត៌មានគ្រប់ប្រភេទ។ ជាមួយគ្នានេះ រដ្ឋាភិបាលទទួលខុសត្រូវក្នុងការផ្ដល់ព័ត៌មានចាំបាច់សម្រាប់ការពារ និងលើកស្ទួយសិទ្ធិទាំងឡាយ រួមទាំងសិទ្ធិសុខភាពផងដែរ។ អង្គការ Human Rights Watch ថា ការឆ្លើយតបបែបគោរពសិទ្ធិមនុស្សចំពោះរឿងជំងឺកូវីដ-១៩ នេះ គឺរដ្ឋាភិបាលចាំបាច់ត្រូវតែធានាថា ព័ត៌មានពិត និងទាន់សភាពការណ៍អំពីមេរោគ ការទទួលបានសេវាសុខាភិបាល ការបង្ហាញអំពីការខកខានមិនទទួលបានសេវា ព្រមទាំងទិដ្ឋភាពដទៃទៀតនៃការឆ្លើយតបនឹងជំងឺរាតត្បាតនេះ មានរួចជាស្រេច ហើយមនុស្សគ្រប់គ្នាអាចទទួលបានព័ត៌មានទាំងនេះ។
រដ្ឋាភិបាលលោក ហ៊ុន សែន បានរងនូវការរិះគន់ច្រើនពីសាធារណជនជុំវិញការលាក់បាំងព័ត៌មានអំពីករណីមន្ត្រីក្រសួងការបរទេសឆ្លងជំងឺកូវីដ-១៩។ អាជ្ញាធរទើបតែបានទម្លាយព័ត៌មាននេះជាសាធារណៈថ្មីៗ នេះទេ ក្រោយពេលខ្សែអាត់សំឡេងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ និងត្រូវជាកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត បានបែកធ្លាយជាសាធារណៈ ដែលនៅក្នុងនោះមានការបញ្ជាក់ច្បាស់ៗ ថា អគ្គនាយកមួយរូបនៃក្រសួងការបរទេសបានឆ្លងជំងឺកូវីដ-១៩ និងថា ក្រសួងសុខាភិបាលមិនបានត្រៀមខ្លួនគ្រប់គ្រាន់ឡើយ ចំពោះការឆ្លងរាលដាលជំងឺនេះនៅកម្ពុជា។ ជាងនេះទៅទៀត ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងសុខាភិបាលបានចេញផ្សាយលទ្ធផលតេស្តរកជំងឺកូវីដ-១៩ តែនៅពេលយប់ ធ្វើឱ្យអ្នកសារព័ត៌មានពិបាកសួរដេញដោលអំពីករណីឆ្លងថ្មីៗ ទាំងនេះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរកំពុងតែអនុវត្តផ្ទុយទៅនឹងអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជំរុញឱ្យស្ថាប័នរដ្ឋផ្សាយព័ត៌មានពិតឱ្យបានច្រើន ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ។ លោកជឿថា ពលរដ្ឋខ្មែរមួយអាចមានការយល់ដឹងតិចតួចនៅឡើយអំពីជំងឺកូវីដ-១៩ ទើបធ្វើឱ្យពួកគាត់ភិតភ័យ ហើយផ្សព្វផ្សាយព័ត៌មានខ្លះដែលខុសពីការពិត។ លោកថា ក្នុងបរិបទបែបនេះ អាជ្ញាធរមិនគួរយកច្បាប់មកប្រើនោះទេ ប៉ុន្តែគួរអនុវត្តវិធានការអប់រំណែនាំឱ្យបានច្រើន ជាពិសេស គឺផ្សព្វផ្សាយព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងទាន់សភាពការណ៍អំពីជំងឺកូវីដ-១៩៖ «ពួកគាត់តែងតែមានការព្រួយបារម្ភ ភិតភ័យ ហើយដោយខ្លះមិនបានយល់ដឹង គាត់ចេះតែឮតាមគេ ឬក៏គាត់ចេះតែចែករំលែក ឬក៏គាត់ចេះតែបង្ហោះព័ត៌មានជាបន្តបន្ទាប់ទៅនាំឱ្យមានបញ្ហាអ៊ីចឹង។ អ៊ីចឹងខ្ញុំគិតថា វិធានការតឹងរ៉ឹងទាក់ទងរឿងផ្លូវច្បាប់ វាមិនសមហេតុផល។ វាអាចនឹងធ្វើឱ្យមានការរិះគន់ ទាក់ទងនឹងការធ្វើឱ្យប៉ះពាល់សេរីភាពនៃការបញ្ចេញមតិជាដើម។ អ្វីដែលសំខាន់ពេលនេះ គឺការអប់រំប្រជាពលរដ្ឋឱ្យបានយល់»។
អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) រកឃើញថា គិតត្រឹមចុងខែមករា រហូតមកដល់ថ្ងៃទី២៤ មីនា អាជ្ញាធរបានឃាត់ខ្លួនពលរដ្ឋចំនួន ១៩នាក់ហើយ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានអំពីជំងឺកូវីដ-១៩ នេះ។ ក្នុងនោះ មាន ៥នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ និងម្នាក់ទៀតកំពុងស្ថិតក្នុងមន្ទីរពេទ្យក្នុងខេត្តស្វាយរៀង ដោយមានការយាមកាមពីប៉ូលិស ចំណែក ១៣នាក់ផ្សេងទៀត សមត្ថកិច្ចបានដោះលែងវិញ ក្រោយធ្វើកិច្ចសន្យារួចរាល់។ អង្គការលីកាដូពិនិត្យឃើញថា ពលរដ្ឋដែលជាប់ឃុំទាំងនោះ ភាគច្រើនជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ហើយពួកគេរងការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានភាពវឹកវរ និងចលាចលក្នុងសង្គម។
អ្នកការពារសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន មានប្រសាសន៍ថា វាពិតជាគួរឱ្យរន្ធត់មែនទែន ដែលអំឡុងពេលជាតិមានវិបត្តិបែបនេះ រដ្ឋាភិបាលលោក ហ៊ុន សែន បែរជាផ្ដោតខ្លាំងលើរឿងបំបិទសំឡេងរិះគន់លើប្រព័ន្ធអ៊ិនធើណិត ជាជាងបង្កើតយុទ្ធនាការទ្រង់ទ្រាយធំផ្សព្វផ្សាយព័ត៌មានអំពីជំងឺកូវីដ-១៩។ លោកអំពាវនាវដល់រដ្ឋាភិបាលបរទេស និងម្ចាស់ជំនួយ ដែលគិតពីរឿងសិទ្ធិមនុស្ស ឱ្យដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យអនុវត្តវិធីសាស្ត្របែបគោរពសិទ្ធិមនុស្ស ក្នុងការឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ ដោយចាប់ផ្ដើមពីការលើកកម្ពស់សេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។