សហជីព​ថា ពួកគេ​មិន​បញ្ឈប់​គម្រោង​បាតុកម្ម​រឿង EBA ទេ ទោះ​មាន​ការ​គំរាម​ពី​មេ​ប៉ូលិស

0:00 / 0:00

សហជីព​ឯករាជ្យ​អះអាង​ថា ពួកគេ​នឹង​មិន​បោះបង់ចោល​គម្រោង​ធ្វើបាតុកម្ម​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ​ទេ ទោះជា​មានការ​គំរាម​បង្ក្រាប​ពី​សំណាក់​មេ​ប៉ូលិស​កម្ពុជា​យ៉ាងណាក៏ដោយ​។ សហជីព​ថា ការ​អនុគ្រោះ​ពន្ធ EBA ផ្តល់​ប្រយោជន៍​ធំធេង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដូច្នេះ​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ខិតខំ​រក្សា​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ គឺជា​រឿង​ត្រឹមត្រូវ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​មាន​គម្រោង​ដឹកនាំ​បាតុកម្ម​រឿង EBA នោះ អះអាង​ថា លោក​មិន​ខ្លាច​ការ​គំរាម​របស់​សមត្ថកិច្ច​រឿង​បង្ក្រាប​បាតុកម្ម​ឡើយ ពីព្រោះ​លោក​ថា ការ​ទាមទារ​នេះ​ស្រប​ទៅ​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ ហើយ​ធ្វើឡើង​ដើម្បី​ផលប្រយោជន៍​កម្មករ​។ លោក​បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ចង់​ឱ្យ​កម្មករ​ផ្ទុះ​ការ​តវ៉ា​នោះ​ទេ រដ្ឋាភិបាល​ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ត​ទៅ​ទៀត​។ លោក​បញ្ជាក់​ថា ពេលនេះ​សហជីព​របស់​លោក​កំពុង​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហា EBA ប៉ុន្តែ​ការ​ធ្វើ​បាតុកម្ម​ក៏​នឹង​កើតមាន​ដែរ ប្រសិនបើ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​មិន​ទទួល​បាន​លទ្ធផល​ទេ​នោះ៖ «យុទ្ធនាការ​ដើម្បី​ឱ្យ​រក្សា EBA ហ្នឹង​នៅតែ​បន្ត​ជា​រៀងរាល់ថ្ងៃ តាមរយៈ​បែបបទ​រដ្ឋបាល ប៉ុន្តែ​នីតិវិធី​ចុងក្រោយ​វា​អាច​នឹង​ឈាន​ទៅ​ដល់​កូដកម្ម​បាតុកម្ម​ដោយ​សន្តិវិធី ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ដែល​បាន​ស្នើ​ឡើង»។

ថ្នាក់ដឹកនាំ​សហជីព​រូប​នេះ​ថ្លែង​ទៀត​ថា ការ​បង្ក្រាប​មិនមែន​ជា​វិធានការ​សមស្រប​ក្នុង​ការ​ឆ្លើយតប​នឹង​កង្វល់​របស់​កម្មករ​នោះ​ទេ ហើយ​ជា​រឿង​ផ្ទុយ​នឹង​ច្បាប់​ថែមទៀត​។ លោក​ចាត់​ទុក​ផែនការ​របស់​សមត្ថកិច្ច​ថា ការ​គំរាមកំហែង និង​បំបិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ដែល​ជា​រឿង​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា៖ «យើង​មិន​អាច​ឈរ​ឱប​ដៃ​មើល គ្រាន់តែ​អគ្គស្នងការ​នគរបាល​ជាតិ​លើកឡើង​បែបនេះ ហើយ​យើង​ភ័យខ្លាច យើង​មិន​ហ៊ាន​ធ្វើ​អ្វី យើង​មិន​ហ៊ាន​ចេញ​ការពារ​ផលប្រយោជន៍​កម្មករ គ្រូបង្រៀន ផលប្រយោជន៍​ពលរដ្ឋ​នោះ​ទេ​។ យើង​ត្រូវតែ​ធ្វើ​អ្វី​ដែល​យើង​មើល​ឃើញ​ថា វា​មាន​ផល​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ ដល់​ប្រយោជន៍​ប្រជាពលរដ្ឋ»។

លោក រ៉ុង ឈុន បញ្ចេញ​ប្រតិកម្ម​បែបនេះ ដោយសារ​នៅ​ពេល​ថ្មីៗ​នេះ អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ប្រកាស​ពី​គម្រោង​បង្ក្រាប​សកម្មភាព​ទាំងឡាយ​ណា​ដែល​លោក​ចាត់​ទុកថា ជា​ផែនការ​បដិវត្តន៍​ពណ៌​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល ក្នុង​នោះ​ក៏​រួមមាន​ទាំង​ការ​ញុះញង់​ពលរដ្ឋ​ឱ្យ​តវ៉ា​ដីធ្លី និង​ការ​បំផុស​ឱ្យ​មាន​បាតុកម្ម​រឿង​ការ​អនុគ្រោះ​ពន្ធ EBA និង GSP ផង​ដែរ​។ មេ​ប៉ូលិស​កម្ពុជា និង​ត្រូវជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន រូប​នេះ បាន​ស្នើសុំ​ក្រសួងមហាផ្ទៃ​ឱ្យ​គាំទ្រ​វិធានការ​នេះ ហើយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ក៏បាន​ឆ្លើយតប​ភ្លាមៗ​ថា លោក​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​ជួយជ្រោមជ្រែង​ផែនការ​នេះ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន៖ «សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា សភាពការណ៍​សន្តិសុខ​ផ្ទៃក្នុង​អាច​ប្រឈម​ទៅ​នឹង​ការវាយប្រហារ​ (​ ពី​ )​ ក្រុម​អមិត្ត​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជាពិសេស​ញុះញង់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យ​តវ៉ា​ពាក់ព័ន្ធ​ទំនាស់​ដីធ្លី សិទ្ធិ​សេរីភាព លទ្ធិប្រជាធិបតេយ្យ និង​លើក​យក​បញ្ហា EBA និង GSP ដើម្បី​ញុះញង់​កម្មករ​ឱ្យ​ធ្វើ​បាតុកម្ម​បង្ក​ចលាចល ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម»។

តំណាង​កម្មករ​ជួប​ប្រជុំ​ជាមួយ​លោក រ៉ុង ឈុន ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក្សា​ការ​អនុគ្រោះ​ពន្ធ​EBA របស់​សហភាព​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ។
តំណាង​កម្មករ​ជួប​ប្រជុំ​ជាមួយ​លោក រ៉ុង ឈុន ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក្សា​ការ​អនុគ្រោះ​ពន្ធ​EBA របស់​សហភាព​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ។ (Photo courtesy of Rong Chhun Facebook)

ថ្នាក់ដឹកនាំ​សហជីព​ឯករាជ្យ​មួយ​រូប​ទៀត គឺ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា លោក​មិន​គាំទ្រ​វិធានការ​របស់​សមត្ថកិច្ច​នេះ​ឡើយ ព្រោះ​ជា​រឿង​មិន​ត្រឹមត្រូវ​តាមច្បាប់។ លោក​ថា ជា​រឿង​មិន​សមស្រប​ទាល់តែសោះ​ដែល​សមត្ថកិច្ច​កម្ពុជា​ចេះតែ​ភ្ជាប់​ការ​តវ៉ា​របស់​កម្មករ​ទៅ​នឹង​រឿង​បដិវត្តន៍ ដែល​លោក​ថា មក​ទល់​នឹង​ពេលនេះ គ្មាន​លេចចេញ​សញ្ញាណ​ណាមួយ​ដូច​ការ​លើកឡើង​នេះ​ឡើយ៖ «កន្លងមក បើ​វា​កើតមាន​ការ​តវ៉ា​ហ្នឹង គឺ​ដោយសារតែ​គាត់​បាត់បង់​ការងារ គាត់​អត់​មានការ​ងារ​ធ្វើ ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​អ៊ីចឹង​ទេ ហើយ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ទៅ វា​ចប់​ហើយ​។ ដូចជា​មិន​មាន​អ្វី​ដែល​ថា ទៅ​ធ្វើ​បដិវត្តន៍​ពណ៌ ប្ដូរ​រដ្ឋាភិបាល ដូចជា​មិន​មាន​សញ្ញាណ​ហ្នឹង​ទេ​។ យើង​ជា​សហជីព​ក៏​មិន​បាន​តាំងចិត្ត​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ក្នុង​រឿង​ហ្នឹង​ដែរ គ្រាន់តែ​ថា ក្នុងនាម​យើង​ជា​សហជីព យើង​ជួយ​ជា​ផ្លូវច្បាប់ ឬក៏​សម្របសម្រួល​ក្នុង​នីតិវិធី​មួយ​ចំនួន​ក្នុងនាម​ការងារ​យើង​ដែល​ច្បាប់​អនុញ្ញាត»។

លោក អាត់ ធន់ យល់​ឃើញ​ថា កម្ពុជា​ទំនងជា​មិន​អាច​គេច​ផុត​ពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឡើយ ពីព្រោះ​ទាំង​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល និង​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប សុទ្ធតែ​មិន​មាន​អ្វី​ប្រែប្រួល​ជា​ដុំកំភួន​ឡើយ ស្រប​ពេល​ដែល​ការសម្រេច​ចិត្តជា​ចុងក្រោយ​នៅសល់​ពេល​តែ​ជាង​មួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ៖ «ជា​តំណាង​សហភាព​ការងារ​កម្ពុជា ខ្ញុំ​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​ចំពោះ​ការ​ស្នើ​របស់​សហភាព​អឺរ៉ុប ដើម្បី​ដោះស្រាយ​បញ្ហា ឬ​បញ្ចៀស​បញ្ហា​នៃ​ការ​ដក EBA ហ្នឹង​។ យើង​ក៏​ស្នើ​ដល់​សហភាព​អឺរ៉ុប​ដែរ​ត្រូវ​ពិនិត្យមើល ក្នុង​ករណី​ដែល​ចៀស​មិន​ផុត​ត្រូវ​ពិនិត្យ​មើល​ក្នុង​លទ្ធភាព​ណា​ដែល​កុំ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​កម្មករ​ហ្នឹង។ ប៉ះពាល់​ទៅ​មន្ត្រី គឺថា​វា​មិន​ជា​អ្វី​ដូច​ប៉ះពាល់​ដល់​កម្មករ​ទេ»។

សហភាព​អឺរ៉ុប​នឹង​សម្រេច​ចិត្ត​ថា តើ​ត្រូវ​រក្សាទុក ឬ​ព្យួរ​ការ​​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នៅ​ថ្ងៃ​ទី​១២ កុម្ភៈ​ខាងមុខ ក៏ប៉ុន្តែ​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​រួចហើយ​ថា មានតែ​ការ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ ទើប​ជា​លក្ខខណ្ឌ​ដែល​កម្ពុជា​បន្ត​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​អនុគ្រោះ​ពន្ធ​នេះ​។ គណៈកម្មការ​អឺរ៉ុប​ដាក់​ចេញ​នូវ​ជំហរ​ឥត​កែប្រែ​នេះ ដោយសារតែ​រក​ឃើញ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​កំពុង​កើត​មាននៅ​កម្ពុជា ដែល​ផ្ទុយ​ទៅ​នឹង​លក្ខខណ្ឌ​ពាណិជ្ជកម្ម​របស់​អឺរ៉ុប​។

កម្ពុជា​នឹង​ត្រូវ​ខាតបង់​ទឹកប្រាក់​ជិត ៧​រយ​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ ចំពោះ​ការ​នាំ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA មែន​នោះ ហើយ​ការ​បង់ពន្ធ​នេះ​នឹង​ត្រូវ​ចាប់​គិត​ពី​ខែ​សីហា ឆ្នាំ​២០២០ តទៅ។

សមាគម​ថៅកែ​រោងចក្រ​បាន​ព្រមាន​ថា ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ធ្វើ​ឱ្យ​បាត់បង់​ការងារ​ទ្រង់ទ្រាយ​ធំ ក្នុង​វិស័យ​កាត់ដេរ ដែល​នឹង​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ ៧៥​ម៉ឺន​នាក់ និង​គ្រួសារ​របស់​ពួកគាត់​ប្រមាណ ៣​លាន​នាក់​ទៀត​។ ជាមួយ​គ្នា​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏បាន​ប្រកាស​ដែរ​ថា ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​បណ្ដាល​ឱ្យ​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី និង​ប៉ះពាល់​ដល់​កសិករ​ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។