សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យសោកស្ដាយដែលក្រសួងមហាផ្ទៃព្រមាន និងចាត់ទុកការដង្ហែញត្តិរបស់សមាគមកាលពីចុងខែធ្នូ ២០២២ កន្លងទៅ ជាការធ្វើបាតុកម្មដោយខុសច្បាប់។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បើសិនជាសមាគមបន្តធ្វើសកម្មភាព ដែលក្រសួងអះអាងថា មិនស្របតាមលក្ខន្តិកៈរបស់សមាគមដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យចាត់ទុកការចេញលិខិតព្រមានរបស់ក្រសួងមហាផ្ទៃថា ធ្វើឡើងក្នុងន័យគំរាមកំហែងដល់សមាគម និងមិនមែនជាការពង្រឹងឱ្យមានការអនុវត្តច្បាប់នោះឡើយ។
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីថា លោកសោកស្ដាយចំពោះការចេញលិខិតព្រមាន ពីសំណាក់ក្រសួងមហាផ្ទៃមកលើសមាគម និងបានចាត់ទុកការធ្វើបាតុកម្មរបស់សមាគមកន្លងមកនេះ ថា ជាការធ្វើបាតុកម្មដោយខុសច្បាប់។ លោកបន្ថែមថា ការដើរដង្ហែញត្តិរបស់សមាគម ដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការ នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ កន្លងមកនេះ មិនមែនជាសកម្មភាពខុសច្បាប់ឡើយ។ លោក រ៉ុង ឈុន ក៏បានលើកឡើងថា ផ្អែកតាមច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី បុគ្គលដែលចង់ធ្វើបាតុកម្មដោយសន្តិវិធី គ្រាន់តែជូនដំណឹងទៅដល់អាជ្ញាធរតែប៉ុណ្ណោះ និងមិនចាំបាច់មានការអនុញ្ញាតពីអាជ្ញាធរនោះឡើយ។ ជាមួយគ្នានេះ លោកក៏បានអះអាងថា ការដើរដង្ហែញាតិរបស់សមាគមកន្លងមក មិនបានធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនោះឡើយ។
លោក រ៉ុង ឈុន៖ «ទាក់ទងថាបានប៉ះពាល់ដល់សណ្ដាប់ធ្នាប់ ចរាចរណ៍ វាអត់មានអីប៉ះពាល់ទេ ពីព្រោះយើងដើរមានសណ្ដាប់ធ្នាប់ ដើរមួយចំហៀង ទុកឱ្យបងប្អូនយើងធ្វើចរាចរណ៍ធម្មតាទេ មិនមានធ្វើឱ្យខូចសណ្ដាប់ធ្នាប់ ធ្វើឱ្យកកស្ទះណានោះទេ បើយើងធៀបទៅនឹងការហែម៉ុងសាយ ហែអីហ្នឹង អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចក្រសួងហ្នឹង ក៏ត្រូវមើលត្រង់ហ្នឹងដែរ រឿងអីចិនហែម៉ុងសាយ ហែអី វាយក្ដុងក្ដាំងបែរជាមិនមានវិធានការ បែរជាមកព្រមានសមាគមទៅវិញ»។
ដោយឡែកជុំវិញការទាមទារឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដាក់របាយការណ៍ហិរញ្ញវត្ថុ និងសកម្មភាពការងារវិញនោះ លោក រ៉ុង ឈុន ថា ខាងសមាគមកំពុងរៀបចំដាក់ទៅក្រសួងមហាផ្ទៃ ហើយថាការយឺតយ៉ាវនេះ គឺដោយសារសមាគម មិនបានទទួលជំនួយពីម្ចាស់ជំនួយនោះឡើយក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។
លោក រ៉ុង ឈុន៖ «ការដែលខកខានមិនបានផ្ដល់របាយការណ៍ ទៅដល់ក្រសួងមហាផ្ទៃហ្នឹង វាគ្រាន់តែមានការយឺតទេ យើងបានពង្រាង យើងបានរៀបចំរួចហើយ ប៉ុន្តែគ្រាន់តែមិនទាន់បានផ្ញើទៅឱ្យក្រសួងមហាផ្ទៃហ្នឹង»។
ប្រតិកម្មបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី២៦ខែមករាបានចេញលិខិតដាក់កំហិតឱ្យសមាគមត្រូវផ្ដល់របាយការណ៍ ហិរញ្ញវត្ថុ និងសកម្មភាពដល់ក្រសួងក្នុងខែកុម្ភៈ ជាកំហិត។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចាត់ទុកការដង្ហែញត្តិរបស់សមាគមនៅក្នុងរាជធានីភ្នំពេញកន្លងមកនេះថាជាការធ្វើបាតុកម្មដោយខុសច្បាប់។បន្ថែមពីនេះលោក ស ខេង ក៏បានរម្លឹកឱ្យសមាគមត្រូវធ្វើសកម្មភាពឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃនិងច្បាប់នានាផងដែរ។
មាត្រា៥ នៃច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី មិនបានតម្រូវឱ្យអ្នកធ្វើបាតុកម្ម សុំការអនុញ្ញាតពីអាជ្ញាធរជាមុននោះឡើយ។ មាត្រានេះចែងថា "ក្រុមបុគ្គលដែលមានបំណងរៀបចំធ្វើបាតុកម្មដោយសន្តិវិធី នៅទីកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬខេត្តដែលមានសមត្ថកិច្ចគ្រប់គ្រប់ទីកន្លែងនោះ" តែប៉ុណ្ណោះ។
ការចេញលិខិតរបស់ក្រសួងមហាផ្ទៃនេះ ធ្វើឡើងស្របពេលគ្នាដែលក្រសួងមហាផ្ទៃ បានចេញលិខិតដាច់ដោយឡែកមួយទៀតអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យធ្វើធម្មយាត្រា នៅថ្ងៃទី១ ខែកុម្ភៈ ដើម្បីលើកកម្ពស់សីលធម៌សង្គម ក៏ប៉ុន្តែកម្រិតឱ្យមានអ្នកចូលរួមត្រឹមតែ៥០នាក់តែប៉ុណ្ណោះ។ ការធ្វើធម្មយាត្រានេះ ដោយសារពួកគាត់ មើលឃើញថា ក្រមសីលធម៌នៅក្នុងសង្គមកាន់តែធ្លាក់ចុះ ក្នុងនោះរួមទាំងសីលធម៌របស់អ្នកនយោបាយជាដើម ។ជាឧទាហរណ៍ថ្មីៗនេះ អ្នកនយោបាយដែលមានអំណាច នៅតែប្រើប្រាស់ភាសាមិនសមរម្យទៅលើដៃគូរប្រកួតប្រជែងនយោបាយ ហើយថែមទាំងបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីរឹបអូសយកទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងផងដែរ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យល់ឃើញថា ការចេញលិខិតព្រមានពីក្រសួងមហាផ្ទៃបែបនេះ អាចជាការគំរាមកំហែងដល់អ្នកចង់ចូលរួមដង្ហែធម្មយាត្រាជាមួយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលនឹងចាប់ផ្ដើមចេញដំណើរនៅព្រឹក ថ្ងៃទី១ ខែកុម្ភៈខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។