មេធាវី​អន្តរជាតិ ភ្ញាក់​ផ្អើល​ចំពោះ​ការ​បំពាន​នីតិវិធី​យ៉ាង​សម្បើម​របស់​តុលាការ​កម្ពុជា ក្នុង​សំណុំ​រឿង​​កញ្ញា សេង ធារី

ដោយ មួង ណារ៉េត
2021-12-07
Share
មេធាវី​អន្តរជាតិ ភ្ញាក់​ផ្អើល​ចំពោះ​ការ​បំពាន​នីតិវិធី​យ៉ាង​សម្បើម​របស់​តុលាការ​កម្ពុជា ក្នុង​សំណុំ​រឿង​​កញ្ញា សេង ធារី លោក ចារិត ហ្កិនស័រ (Jared Genser) មេធាវីអន្តរជាតិ​ជនជាតិ​អាមេរិក និង​ជាមិត្ត​ភក្តិ​ជិតស្និទ្ធ​របស់​កញ្ញា សេង ធារី ដែល​បានទៅ​ផ្តល់កម្លាំងចិត្ត និង​តាមដាន​សវនាការ​ដោយ​ផ្ទាល់នៅមុខតុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកកញ្ញា សេង ធារី

មេធាវី​អន្តរជាតិ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​បំពាន​នីតិវិធី​យ៉ាង​សម្បើម សូម្បី​តែ​ក្នុង​សវនាការ​ខ្លី​មួយ​ ក្នុង​សំណុំ​រឿង​កញ្ញា សេង ធារី កាលពី​ថ្ងៃទី៧ ខែធ្នូ។ 

លោក ចារិត ហ្កិនស័រ (Jared Genser) ជាមេធាវី​អន្តរជាតិ​ជនជាតិ​អាមេរិក និង​ជាមិត្ត​ភក្តិ​ជិតស្និទ្ធ​របស់​កញ្ញា សេង ធារី ដែល​បានទៅ​ផ្តល់កម្លាំងចិត្ត និង​តាមដាន​សវនាការដោយ​ផ្ទាល់​ ប្រាប់​វិទ្យុអាស៊ី​សេរី​ក្រោយ​សវនាការ​នោះ​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​រំលោភបំពាន​នីតិវិធី​ជា​ច្រើន។ នីតិវិធី​ទាំង​នោះ រួមមាន ការហាមឃាត់​អ្នក​កាសែត​បរទេស មិន​ឲ្យ​ចូល​ស្តាប់​សវនាការ​ ដោយ​សារ​យក​លេស​ថា មិន​បានចុះឈ្មោះ​ជា​មុន ការ​រករឿង​កញ្ញា សេង ធារី មិន​ចង់​ឲ្យ​ចូល​បន្ទប់​សវនាការ​ ដោយសារ​តែកញ្ញាស្លៀកពាក់​សម្លៀកបំពាក់​ជា​អប្សរា និង​បង្គាប់ឲ្យ​កញ្ញា​ដូរ​សម្លៀក​បំពាក់​នេះ​ចេញ នៅ​ពេល​ចូល​សវនាការ​លើក​ក្រោយ​ជា​ដើម។

លោក ចារិត ហ្កិនស័រ ថា​ចំណុច​ទាំង​ពីរ​នេះ មន្រ្តី​តុលាការ​រំលោភ​ច្បាប់​កម្ពុជា​ ដែល​ចែង​ថា​សវនាការសំណុំ​រឿង​ព្រហ្មទណ្ឌ ត្រូវបើក​ចំហរ​ជា​សាធារណៈ ស្របពេល​ដែល​កម្ពុជា​ ពុំមាន​ច្បាប់​ណា​ចែង​ហាម​ឃាត់​ការ​ស្លៀកសម្លៀក​បំពាក់​អប្សរា​ចូល​ក្នុង​សវនាការនោះ​ឡើយ។

មេធាវី​អន្តរជាតិ​រូប​នេះ ថា​ការ​ធ្វើបែប​នេះ គឺជា​ការ​បំពាន​សិទ្ធិរបស់​កញ្ញា សេង ធារី និង​ជន​ជាប់​ចោទ​ដទៃ​ទៀត ក្នុង​ការ​ទទួល​បាន​សវនាការ​ជាសាធារណៈ។

ជាងនេះ​ទៅ​ទៀត លោក​កត់​សម្គាល់​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ករណី​ជូនដំណឹងអំពី​ដីកា​របស់​តុលាការ ដល់​កញ្ញា សេង ធារី និង​កូនក្តីដទៃ​ទៀត។ លោកថា​ ក្នុង​ថ្ងៃសវនាការ​នោះ មេធាវី​ជាច្រើន​របស់​កូនក្តី​ដទៃ​ទៀត បាន​ត្អូញត្អែថា មិនបាន​ទទួល​ដីកា​កោះ ដើម្បី​ឡើង​សវនាការ​នេះ​ទេ។ មួយ​ទៀត​លោក ថាដល់​ថ្ងៃសវនាការ​ទៅហើយ តុលាការ​ដូរចៅក្រម ដោយ​មិន​ជូន​ដំណឹង​កូន​ក្តី​មុន

ចុងក្រោយ​លោក ថា​តុលាការបានបំបែក​សំណុំ​រឿង​ធំ ដែល​មាន​ជនជាប់​ចោទ ៤២ នាក់​នោះ ទៅ​ជា​សំណុំរឿង​បី​ផ្សេង​គ្នាក្នុង​នោះ​កញ្ញា សេង ធារី ត្រូវ​តុលាការ​កំណត់​ឲ្យឡើង​សវនាការ​តែ​ម្នាក់​ឯង​នៅ​ថ្ងៃទី២៨ ខែធ្នូ ដែល​នៅ​ចន្លោះ​ថ្ងៃ​បុណ្យ​អន្តរជាតិ។ លោក ចារិត ហ្កិនស័រ ថា​ការបើក​សវនាការ​កៀក​ថ្ងៃ​សម្រាក​បុណ្យ​អន្តរជាតិ​នេះ ធ្វើឲ្យ​លោក​បារម្ភអំពី​ការ​ថយចុះ​ការតាមដាន​ដំណើរការ​ក្តី​ ព្រោះ​ពលរដ្ឋ​នៅ​លើពិភពលោក ត្រូវ​ឈប់​សម្រាក​បុណ្យ​នេះ។

ទោះជា​យ៉ាង​នេះក្ដី លោក​អំពាវនាវ​ឲ្យពលរដ្ឋខ្មែរ​នៅក្នុង​ប្រទេស​ នាំគ្នា​តាម​ដាន​រឿង​ក្តី​នេះ​ឲ្យ​បាន​ច្រើន​កុះករ​នៅថ្ងៃទី២៨ ខែធ្នូ​ ខាងមុខ ហើយ​លោក​នឹង​ព្យាយាម​ចូលរួម​សវនាការ​នោះ​ទៀត​ បើ​លោក​អាច​លៃ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល