ក្រុម​ស្ត្រី​បម្រើការ​ងារ​វិស័យ​សេវា​កម្សាន្ត​ជួប​បញ្ហា​ជីវភាព​ក្រោយ​ការងារ​របស់​ពួកគេ​ត្រូវ​បិទ

ដោយ ម៉ៅ សុធានី
2020.04.18
Share on WhatsApp
Share on WhatsApp
កន្លែង​កម្សាន្ត ៩២២ កន្លែង​កម្សាន្ត​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ នា​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ​២០២០។
Photo courtesy

ស្ត្រី​មួយ​ចំនួន​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត ឬ​KTVលើកឡើង​ថា ពួក​មិន​ទាន់​មាន​ការងារ​ថ្មី​ធ្វើ​នៅឡើយ​ទេ និង​ត្អូញត្អែរ​ថា ពួកគេ​កំពុងតែ​ជួប​ការ​ខ្វះខាត​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​វិស័យ​នេះ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ហាក់​មិន​បង្ហាញ​ដំណោះស្រាយ​ឱ្យ​ចំ​លើ​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត ឬ​KTV នៅ​ឡើយ​ទេ។

ស្ត្រី​មួយ​ចំនួន​បម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត​ព្រួយបារម្ភ​ថា បើ​ការ​ផ្អាក​ការងារ​របស់​ពួកគេ​នៅតែ​អូស​បន្លាយ​ព្រោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ កំពុង​ធ្វើ​ឱ្យ​ពួកគេ ដាច់​បាយ​ព្រោះ​ឆ្នាំ​បាយ​របស់​ពួកគេ​មិន​ដឹង​ត្រូវ​ផ្កាប់​ចោល​ដល់​ពេលណា​ទៀត​នោះ​ទេ​។ ពួកគេ​ក៏​ចង់​ឃើញ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​គិតគូរ​ដល់​ពួកគេ​ដូច​កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ​ដែរ។

នារី​បម្រើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ ឬKTV​មួយ​កន្លែង​ក្នុង​ក្រុងភ្នំពេញ កញ្ញា ស្រីលក្ខណ៍ រៀបរាប់​ថា ដោយសារ​កន្លែង​ការងារ​របស់​កញ្ញា​ត្រូវ​ផ្អាក​កញ្ញា​គ្មាន​លទ្ធភាព​បង់ថ្លៃ​បន្ទប់​ស្នាក់នៅ ដូច្នេះ​កញ្ញា​បាន​ទៅ​រស់នៅ​រួមគ្នា​ជាមួយ​សាច់ញាតិ​ក្នុង​បន្ទប់​ជួល​តូច​មួយ​ក្នុង​រាជធានី​ដើម្បី​រង់ចាំ​កន្លែង​ការងារ​បើក​ដំណើរការ​វិញ។ កញ្ញា​ឱ្យ​ដឹង​ទៀត​ថា ពេលនេះ​សាច់ញាតិ​កញ្ញា ជា​រាប់​រង​ចេញថ្លៃ​បន្ទប់ ប៉ុន្តែ​ការ​ហូបចុក​ប្រចាំថ្ងៃ​គឺ​កញ្ញា​ត្រូវ​ចំណាយ​លុយ​ខ្លះ​រួមគ្នា​ធ្វើ​បាយ​ម្ហូប​ពិសា​ជុំ​គ្នា៖ «នៅ​បន្ទប់​ជួល​លុយ​នៅសល់​តិចតួច​ចាយ​បណ្ដោះអាសន្ន​មិន​ថ្ងៃ​បើក​គេ​?​មិន​ដឹង​ថ្ងៃ​អស់​លុយ»

កញ្ញា​ឱ្យ​ដឹង​ដែរ​ថា កញ្ញា​បាន​ស្វះ​ស្វែងរក​ការងារ​ថ្មី​ធ្វើ ប៉ុន្តែ​រក​មិន​បានទេ​ក្នុង​ពេល​ស្ថានភាព​ដែល​ជំងឺ​កូវីដ-១៩ កំពុង​រីក​រាលដាល​នេះ​។ នារី​បម្រើ​ការងារ​នៅ​កន្លែង​សេវា​កម្សាន្ត​រូប​នេះ​ឱ្យ​ដឹង​ដែរ​ថា រយៈពេល​ប្រមាណ​១​ខែ នៃ​ការ​អត់​ការងារ​ធ្វើ​នេះ​មិន​ឃើញ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្ដល់​ដំណឹង​ឱ្យ​កញ្ញា​ថា ពួកគេ​នឹង​ផ្តល់​ដំណោះស្រាយ​យ៉ាងណា​ដល់​ក្រុម​កញ្ញា​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ​នៅ​ឡើយ៖ «ប៉ះពាល់​អត់​លុយ​អត់​អី​ចាយ​ពិបាក​រក​លុយ​ចាយ​ទិញ​អង្ករ​ទិញ​ម្ហូប​ប្រចាំថ្ងៃ»

រដ្ឋាភិបាល​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា បាន​ផ្អាក​បណ្ដោះអាសន្ន​រាល់​ការ​ជួបប្រជុំ​តាម​ទីសាធារណៈ ការ​ប្រគុំ​តន្ត្រី​ដែល​មាន​មនុស្ស​កុះករ ផ្អាក​សេវាកម្ម​ក្លឹប​កម្សាន្ត ខារ៉ាអូខេ​(KTV) និង​រោង​ភាពយន្ត។

ស្ត្រី​ម្នាក់ទៀត​ដែល​បម្រើការ​ងារ​ក្នុង​វិស័យ​នេះ​ដែរ តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ចង់​ឃើញ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​ជួយ​ដល់​ក្រុម​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត​ដែរ។ កញ្ញា​ឱ្យ​ដឹង​ដែរ​ថា កញ្ញា​ជា​ជន​បង្គោល​ក្នុង​ការ​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ប៉ុន្តែ​នៅ​ពេល​ជួប​បញ្ហា​ដូច​សព្វថ្ងៃ មិន​ត្រឹមតែ​ប៉ះពាល់​កញ្ញា​ទេ សូម្បីតែ​ឪពុកម្ដាយ​នៅ​ខេត្ត​ក៏​ជួប​​ផល​ប៉ះពាល់​ដែរ៖ «ចង់​ឱ្យ​ដោះស្រាយ​ដូចជា​ការងារ​សង្គម​ជា​ចង់បាន​ពួក​ខ្ញុំ​ចង់បាន​ដូចគ្នា​ដែរ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​មួយ​ខែ​ទៅ​ពីរ​ទៅ​មុខ​ទៀត​ដំណោះ​ស្រាវ​ជីវភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​សម្រាប់​ពួក​ខ្ញុំ»

ចំណែក ស្រី លីន ជា​អ្នកធ្វើការ​នៅ​ក្លឹប​ខារ៉ាអូខេ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ក៏​បាន​ត្អូញត្អែរ​ពី​បញ្ហា​ជំពាក់​លុយ​ធនាគារ ខណៈ​ការងារ​របស់​ខ្លួន​ត្រូវ​បាន​ផ្អាក។ ស្រី លីន បន្ត​ថា ក្រៅ​ពី​ប្រឈម​នឹង​ខ្វះ​ខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ នាង​ក៏​ពុំ​មាន​ប្រាក់​សម្រាប់​បង់​សង​ទៅ​ធនាគារ​ដែរ៖ «ឥឡូវ​គេ​ជិតឈឹង​មិន​ដឹង​ដោះស្រាយ​តាម​វិធី​យ៉ាង​ម៉ិច​ទៀត​ទេ ខ្ញុំ​ក៏​អត់​យល់​ដែរ បើ​ឥឡូវ​យើង​បាត់​ចំណូល​ហើយ​ចំណាយ​ចេញ​រហូត»

ស្ត្រី​ជា​អ្នកធ្វើការ​នៅ​តាម​ក្លឹប​កម្សាន្ត​នានា​លើកឡើង​ថា វិធាន​ការ​ផ្អាក​បណ្ដោះអាសន្ន​នូវ​ទីតាំង​ក្លឹប​កម្សាន្ត​ខារ៉ាអូខេ​(KTV)​ដែល​ជា​វិធាន​បន្ទាន់​របស់​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នោះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ។

កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​ការ​វិធានការ​បន្ថែម​ជួយ​ដល់​វិស័យ​ឯកជន​និង​កម្មករ​និយោជិក​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​រីក​រាល​នៃ​ជំងឺ​កូវីដ១៩ ដោយ​រដ្ឋ​សម្រេច​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ពីរ​ខែ​ចំនួន ៧០​ដុល្លារ​សម្រាប់​កម្មករ និយោជិក​វិស័យ​កាត់ដេរ និង​ប្រាក់​ចំនួន ៤០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កម្មករ​និយោជិក ១​នាក់​ដែល​ធ្វើ​ការងារ​នៅ​ក្នុង​វិស័យ​ទេស​ទេសចរណ៍​ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ភ្នាក់ងារ​ទេសចរណ៍​។ ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នេះ និង​មាន​សុពលភាព​សម្រាប់​រោងចក្រ សហគ្រាស និង​អាជីវកម្ម​ទាំងឡាយ​ណា​ដែល​បាន​ឯកភាព​ព្យួរ​កិច្ចសន្យាការងារ ពី​ក្រសួង​ការងារ​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​មេសា​។ រដ្ឋាភិបាល​បញ្ជាក់​ថា ការ​ផ្តល់​ប្រាក់​នេះ​គឺ​ជូន​ដល់​កម្មករ និយោជិក​បម្រើ​ការងារ​នៅ​តាម​រោងចក្រ សហគ្រាស និង​អាជីវកម្ម​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​ផ្លូវការ​ត្រឹមត្រូវ​និង​មាន​ប័ណ្ណ​សមាជិក ប..ស។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន សង្កេត​ឃើញ​ថា សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​ហាក់​ចែង​មិនសូវ​ច្បាស់​ថា អ្នក​ធ្វើការ​ក្នុង​វិស័យ​សេវា​កម្សាន្ត ឬ​KTV អាច​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៤០​ដុល្លារ ឬ​មិន​អាច​ទទួល​បាន​នោះ​ទេ​។ អ្នកស្រី​បន្ត​ថា កាល​ពី​រដ្ឋាភិបាល​សម្រេច​ផ្អាក​បណ្ដោះអាសន្ន​សេវាកម្ម​ក្លឹប​កម្សាន្ត ខារ៉ាអូខេ​(KTV) និង​រោងភាពយន្ត​គឺ​មាន​ការ​បញ្ជាក់​ច្បាស់លាស់​។ ប្រធាន​សហជីព​រូប​នេះ​យល់ថា រដ្ឋាភិបាល​គួរ​មានការ​បញ្ជាក់​ឱ្យ​ច្បាស់លាស់​ថា អ្នក​ធ្វើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត​ត្រូវ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ ឬ​មិន​ត្រូវ​ទទួល​បាន៖ «យើង​បារម្ភ​ថា តើ​ការចាត់ចែង​ការ​គិតគូរ​របស់​រដ្ឋាភិបាល​មានបាន​គិតគូរ​ល្អិតល្អន់ ទៅដល់​អ្នក​ដែល​គាត់​មិន​អាច​ស្ថិត​ក្នុង​ប្រព័ន្ធ​ដែល​ងាយស្រួល អត់​ច្បាស់ ដូច​កាលពី​ថ្ងៃ​ទី​១៧ គឺ​ច្បាស់ក្រឡែត​ម៉ង​ដល់ពេល​ប្រកាស​ឱ្យ​លុយ​អត់​ច្បាស់​ក្រឡែត​អ៊ីចឹង»

អ្នកស្រី អ៊ូ ទេពផល្លីន ឱ្យ​ដឹង​ថា អ្នកធ្វើការ​ក្នុង​វិស័យ​សេវា​កម្សាន្ត ឬ​KTV ពួកគេ​មិន​មាន​ប័ណ្ណ​សមាជិក ប..ស នោះ​ទេ ប៉ុន្តែ​អ្នកស្រី​យល់ថា ករណី​នេះ​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​នេះ​គ្មាន​ប័ណ្ណ​សមាជិក ប​.​ស​.​ស ជា​ការ​ធ្វេសប្រហែស​របស់​រដ្ឋ​មិន​បាន​ចេញ​វិធានការ​តឹងរ៉ឹង​ទៅ​ថៅកែ និង​តម្រូវ​ឱ្យ​កម្មករ​និយោជិក​ទៅ​ធ្វើ​ប័ណ្ណ​នេះ៖ «ជុំវិញ​ការ​លើកឡើង​ពី​របស់​អ្នកធ្វើការ​ក្នុង​វិស័យ​កម្សាន្ត និង​មន្ត្រី​សហជីព​នេះ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប​.​ស​.​ស លោក ជាវ ប៊ុនរិទ្ធិ និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន មិន​បានទេ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​។ រីឯ​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី​អ្នកស្រី ម៉ាន ចិន្តា ក៏​មិន​អាច​បញ្ជាក់​បាន​ដែរ ដោយ​អ្នកស្រី​សុំ​មិន​ធ្វើការ​ផ្ដល់​បទ​សម្ភាស​តាម​ទូរស័ព្ទ​ដោយ​តម្រូវ​ឱ្យ​ផ្ញើ​សំនួរ​ទៅ​ប្រព័ន្ធ​តេឡេក្រាម ប៉ុន្តែ​អាស៊ីសេរី​ដាក់​សំនួរ​ទៅ​អ្នកស្រី​មិន​ឆ្លើយតប​នោះ​ទេ​។​

អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សេវា​កម្សាន្ត និង​សហជីព​កម្មករ​ក្នុង​ផ្នែក​នេះ​រំពឹង​ថា រដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​ជីវភាព​ក្រុម​ស្ត្រី​ក្នុង​វ័យ​សេវា​កម្សាន្ត ជាង​នេះ​ទៅ​ទៀត​នឹង​ជួយ​សម្របសម្រួល យ៉ាងណា​ឱ្យ​ពួកគេ​អាច​ពន្យារពេល​បង់​ប្រាក់​សងបំណុល​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក​ស្រី សំ សុខា ​អតីត​​អ្នក​ជាប់​ឃុំ​ករណី​​គប់​ស្បែក​​ជើង​លើ​រូប​លោក ហ៊ុន សែន ស្នើ​លោកឱ្យ​ពិចារណា​កំហុស​របស់ខ្លួន​ឡើងវិញ​ថា ហេតុអ្វី​បាន​ជា​ពលរដ្ឋ​គប់​ស្បែក​ជើង​ដាក់​លោក​​
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល