អង្គការ​សង្គមស៊ីវិល​អំពាវនាវ​សុំឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ទប់ស្កាត់​អំពើហិង្សា​ក្នុង​អំឡុង​ធ្វើ​ចត្តាឡីស័ក​

អង្គការសង្គមស៊ីវិលជាង ២០ ស្ថាប័ន​អំពាវនាវសុំឲ្យអាជ្ញាធរ​ចាត់​វិធានការ​ទប់ស្កាត់​ការ​រំលោភបំពានផ្លូវ​ភេទ ការរើសអើង និង​អំពើហិង្សា ក្នុង​អំឡុង​ធ្វើ​ចត្តាឡីស័ក​និង​នៅ​តំបន់​បិទខ្ទប់។​​

សេចក្តីថ្លែងការណ៍រួមរបស់ស្ថាប័នទាំងនោះនៅថ្ងៃទី១៧ ខែមេសា បានបង្ហាញក្តីព្រួយបារម្ភ​ដោយ​សង្កេតឃើញ​ថា ការធ្វើ​ចត្តាឡីស័ក​អាច​បណ្តាល​ឲ្យ​ប្រឈម​នឹង​ផល​វិបាក​ផ្លូវ​ចិត្ត​និង​ផល​រំខាន​នានា​ដែលជា​ហេតុនាំ​ឲ្យមានការ​កើន​ឡើង​នៃ​អំពើ​ហិង្សា ការរំលោភ​បំពាន​ផ្លូវ​ភេទ លើស្ត្រី​និង​កុមារ។​ សេចក្តី​ថ្លែងការណ៍​ដដែល​បញ្ជាក់​ថា ស្ត្រី ​កុមារ ​និង​ក្រុមអ្នកប្តូរភេទ គឺ​ជា​ក្រុម​ដែលងាយ​រងគ្រោះជាង​គេ។ ភាពតានតឹង​របស់​​ឪពុកម្តាយ​ដែល​គ្មាន​ប្រាក់​ចំណូល​និង​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​បណ្តាល​ឲ្យ​ឪពុកម្តា​យប្រើអំពើហិង្សា​លើកូន។ ចំណែកកុមារ​វិញ ក៏ប្រឈម​នឹង​សម្ពាធផ្លូវចិត្ត ធុញថប់ ដោយសារពួកគេ​មិនអាច​ចេញ​ក្រៅផ្ទះ​ និង​ទៅ​រៀន​សូត្រ​ដូចពេ​ល​មុន។

អង្គការ​សង្គមស៊ីវិល​ទាំងនោះ សូមឲ្យ​សមត្ថកិច្ច​គ្រប់ជាន់ថ្នាក់​ យកចិត្តទុកដាក់​បន្ថែម​ដោយ​បង្កើន​យន្តការ​ច្បាស់លាស់​ក្នុងការ​ឆ្លើយតប​ក្នុង​ករណី​អំពើហិង្សា​ផ្តល់​អាទិភាព​ដល់​ស្ត្រី​និង​កុមារ ដើម្បី​ស្វែងរក​និង​ផ្តល់​ទីតាំង​មានសុវត្ថិភាព​ដល់​ពួកគេ​នៅពេល​ផ្ទះពួកគេ​គ្មាន​សុវត្ថិភាព​ក្នុងការ​ធ្វើ​ចត្តាឡីស័ក។ បន្ត​ធានា​ឲ្យ​មាន​ទីធ្លា​សុវត្ថិភាព​និង​ឯកជន​ភាព​គ្រប់គ្រា​ន់​ សំរាប់​អ្នក​ធ្វើចត្តាឡីស័ក​រួម ដូចជា​កន្លែង​គេង​ដែល​កំណត់​ដោយ​ស្ត្រី បុរសម្នាក់ៗ​និង​ក្រុម​គ្រួសារ។​

​បន្ថែមពី​នេះ អង្គការសង្គមស៊ីវិល សូម​អាជ្ញាធរ​បង្កើន​ការ​ផ្សព្វផ្សា​យនិង​មាន​វិធានការ​តឹងរឹង ព្រមទាំង​បង្កើ​ត​វិធីសាស្ត្រថ្មីៗ​ ក្នុងការ​បង្កើន​ការគាំទ្រ​នានា​ដើម្បី​អាច​ជួយ​ទប់ស្កាត់​អំពើ​ហិង្សា ការរំលោភ​បំពាន ការលុប​បំបាត់​ការរើសអើង និង​ការ​មាក់ងាយ។ សំខាន់​ជាងនេះ​ទៀត រដ្ឋាភិបាល​គួរលើកទឹកចិត្ត​និង​គាំទ្រ​កិច្ចសហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល អង្គការ​អន្តរជាតិ ដែល​ជាដៃ​គូ​អភិវឌ្ឍន៍​និង​ក្រុមហ៊ុន​ឯកជន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។