ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានសម្រេចបដិសេធសំណើសុំលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ក្រោមហេតុផលថា វត្ថុចាប់យកទាំងនេះនៅតែមានភាពចាំបាច់ក្នុងដំណាក់កាលស៊ើបសួរ។ មេធាវី និងមន្ត្រីសិទ្ធិមនុស្សរិះគន់ថា ហេតុផលនេះមិនសមទំនងទាល់តែសោះ ព្រោះទាំងលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ ត្រឹមតែជាគ្រឿងសម្គាល់ខ្លួន មិនមែនជាភស្តុតាងនោះឡើយ។
មេធាវីការពារក្តីឱ្យអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី លោក សំ ចំរើន ឱ្យដឹងថា លោកមិនយល់ស្របចំពោះការលើកឡើងរបស់ចៅក្រមស៊ើបសួរនោះឡើយ ព្រោះរាល់វត្ថុចាប់យកទាំងឡាយ ប្រសិនបើមិនមែនជាភស្តុតាង ឬមិនមានវត្ថុតាងក្នុងការស្វែងរកការពិតនោះទេ តុលាការត្រូវតែប្រគល់ឱ្យម្ចាស់ដើមវិញ។ លោកអះអាងថា ការបន្តរក្សាទុកលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រយោជន៍យុត្តិធម៌នៃរឿងក្ដីសម្រាប់កូនក្ដីលោកទាំងពីរ ហើយហេតុផលរបស់ចៅក្រមស៊ើបសួរនេះ គឺជារឿងគួរឱ្យខកចិត្តបំផុត។ លោកបញ្ជាក់ថា ក្នុងអាជីពជាមេធាវីជាង ១៥ឆ្នាំ និងធ្លាប់កាន់សំណុំរឿងជាច្រើននោះ នេះជាលើកទីមួយហើយ ដែលលោកជួបប្រទះករណីចៅក្រមរក្សាទុកវត្ថុចាប់យក ដែលមិនពាក់ព័ន្ធនឹងដំណើររឿងក្តី ជាពិសេស ក្នុងពេលដែលជនជាប់ចោទលែងស្ថិតក្រោមនីតិវិធីត្រួតពិនិត្យតាមផ្លូវតុលាការជាយូរមកហើយនោះ៖ « រហូតមកដល់សព្វថ្ងៃនេះ មិនមានដីកាដោយឡែកណាមួយសម្រេចដកហូតសិទ្ធិសេរីភាពរបស់គាត់ ដូចមាននៅក្នុងដីកាដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យកន្លងមកនោះទេ។ បើមិនមានជាប់កាតព្វកិច្ចតុលាការផង តុលាការបែរជាមិនប្រគល់វត្ថុចាប់យកដែលមិនពាក់ព័ន្ធនឹងរឿងក្ដី ដែលមិនមែនជាភស្តុតាងដូចជាអត្តសញ្ញាណប័ណ្ណ ដូចជាលិខិតឆ្លងដែនហ្នឹងមកឱ្យគាត់ប្រើប្រាស់ នេះគឺជាសេចក្ដីសម្រេចមួយដែលប៉ះពាល់ដល់យុត្តិធម៌នៃរឿងក្ដី និងប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់កូនក្ដីមួយដោយមិនអាចប្រកែកបាន » ។
ហេតុផលសំខាន់ដែលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ លើកឡើងនៅក្នុងដីកាសម្រេចមិនប្រគល់វត្ថុចាប់យក ចុះថ្ងៃទី២៨ មករា ហើយដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី៣ កុម្ភៈ នោះគឺថា ការរក្សាវត្ថុចាប់យកមានភាពចាំបាច់ក្នុងដំណាក់កាលស៊ើបសួរ និងទីពីរគឺស្របតាមយោបល់របស់តំណាងអយ្យការ ដែលក៏មិនឯកភាពតាមសំណើនេះដែរ។
អតីតអ្នកយកព័ត៌មានអាស៊ីសេរីលោក យាង សុធារិន្ទ ប្រតិកម្មថា ទាំងលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណមិនមែនជារបស់ចាំបាច់ក្នុងនីតិវិធីស៊ើបអង្កេតនោះទេ ពីព្រោះមិនមែនជាភស្តុតាង ហើយម្យ៉ាងទៀតតុលាការបានដកហូតយករបស់ទាំងនេះពីពួកលោកជាង២ ឆ្នាំមកហើយ។ ជាងនេះទៅទៀត លោកថា សាលាឧទ្ធរណ៍បានបញ្ជាក់រួចហើយថា ពួកលោកលែងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការជាយូរមកហើយ ដូច្នេះលោកថា គ្មានហេតុផលអ្វីដែលចៅក្រមស៊ើបសួរលោក ពេជ្រ វិជ្ជាធរ ត្រូវរក្សាទុកឯកសារសម្គាល់ខ្លួនទាំងនេះរបស់ពួកលោកទេ។ លោកបញ្ជាក់ថា លោកនឹងប្ដឹងទាស់ការសម្រេចនេះទៅតុលាការជាន់ខ្ពស់បន្តទៅទៀត៖ « ចៅក្រមហាក់ដូចជាមិនចង់ផ្ដល់យុត្តិធម៌សេរីភាពដល់យើងខ្ញុំ ហាក់បីដូចជាខាំពួកខ្ញុំមិនលែង មិនដឹងខឹងយើងខ្ញុំនឹងរឿងអ្វីតាំងពីណាមក។ ករណីយើងខ្ញុំហ្នឹង វាគួរណាស់តែចៅក្រមបន្ធូរបន្ថយ ផ្ដល់សេរីភាពឱ្យយើងខ្ញុំកាន់តែទូលំទូលាយជាងនេះ។ ការស៊ើបអង្កេត វាអត់មានដំណើរការទៅមុខផង ហើយសេរីភាពគួរតែបើកចំហឱ្យយើងខ្ញុំខ្លះ ដើម្បីពួកខ្ញុំបានទទួលនូវសិទ្ធិដែលពួកខ្ញុំជាពលរដ្ឋ » ។
ស្រដៀងគ្នានេះ លោក អ៊ួន ឈិន ថ្លែងថា លោកខកចិត្តចំពោះការសម្រេចរបស់ចៅក្រមស៊ើបសួរ ព្រោះលោកថា លោកត្រូវការអត្តសញ្ញាណប័ណ្ណជាចាំបាច់ ដើម្បីការរស់នៅប្រចាំថ្ងៃ ហើយនិងលិខិតឆ្លងដែនដើម្បីមានសេរីភាពដើរហើរពេញលេញដូចប្រជាពលរដ្ឋទូទៅដែរ។ លោកថា ការសម្រេចនេះ មានន័យថា តុលាការនៅគាបសង្កត់លើសិទ្ធិសេរីភាពរបស់លោកដដែល បើទោះបីជាលោកនៅក្រៅឃុំក៏ដោយ។ លោកបញ្ជាក់ថា លោកក៏ដូចជា លោក យាង សុធារិន្ទ ដែរ គឺនឹងប្ដឹងទាស់សេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរនេះ៖ «ខ្ញុំខកចិត្តណាស់ ចំពោះការសម្រេចនេះ។ យើងគិតថា បើធ្វើអ៊ីចឹង វាដូចតែពួកយើងនៅក្រោមការត្រួតពិនិត្យរបស់តុលាការដដែលហ្នឹង។ ការដែលថា ឈប់ឱ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការហ្នឹង មានអ្វីប្លែក ប្រសិនបើលិខិតឆ្លងដែន ហើយនិងអត្តសញ្ញាណប័ណ្ណពួកខ្ញុំមិនត្រូវបានប្រគល់ឱ្យវិញផងហ្នឹង។ សំខាន់គឺការរស់នៅ ការប្រកបការងារ គឺយើងត្រូវការណាស់ឯកសារអស់ហ្នឹង » ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណា រិះគន់ថា តុលាការហាក់មានចេតនារឹតត្បិតសិទ្ធិសេរីភាពរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប ហើយនេះជារូបភាពនៃអនុវត្តច្បាប់ដោយរើសអើង។ លោកថា តុលាការមិនគួរបន្តរក្សាទុកអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនរបស់អ្នកទាំងពីរនោះទេ ព្រោះពួកគេបានសហការយ៉ាងពេញលេញគ្រប់ដំណាក់កាលនីតិវិធីតុលាការ៖ «ពាក់ព័ន្ធទៅនឹងលិខិតឆ្លងដែន ហើយនិងអត្តសញ្ញាណប័ណ្ណទាំងអស់នេះ វាមិនឆ្លុះបញ្ចាំងជាមួយដំណើរការនីតិវិធីនេះទៀតទេ លុះត្រាថាអ្នកទាំងពីរហ្នឹងមានចេតនាគេចវេះមិនចូលខ្លួនទៅតាមការកោះហៅរបស់អាជ្ញាធរមានសមត្ថកិច្ច ឬក៏តុលាការជាដើមហ្នឹង ប៉ុន្តែយើងមើលទៅផ្ទុយស្រឡះ។ ចេតនាអ្នកទាំងពីរហ្នឹង គឺមានកិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាមួយនឹងតុលាការរួចទៅហើយ » ។
អ្នកការពារសិទ្ធិមនុស្សរូបនេះអំពាវនាវដល់តុលាការក្រុងភ្នំពេញឱ្យពន្លឿននីតិវិធីលើអង្គសេចក្ដី ហើយបើគ្មានភស្តុតាងគ្រប់គ្រាន់នោះទេ តុលាការត្រូវទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងអ្នកទាំងពីរ និងផ្ដល់សេរីភាពពេញលេញដល់ពួកគេវិញដោយឥតលក្ខខណ្ឌ។
សហគមន៍ជាតិ និងអន្តរជាតិបានថ្កោលទោសអាជ្ញាធរកម្ពុជា ដែលចាប់ខ្លួន និងចោទប្រកាន់អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូបដោយគ្មានមូលដ្ឋានទាក់ទងនឹងបទចោទធ្វើចារកម្ម និងផលិតវីដេអូអាសអាភាស។ ជាពិសេសពួកគេរិះគន់ថា ការបន្តសំណុំរឿងនេះមកទល់ពេលបច្ចុប្បន្នមានន័យស្មើនឹងការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មានឯករាជ្យ និងជាការជាន់ឈ្លីប្រព័ន្ធយុត្តិធម៌របស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។