សមាគមព្រះសង្ឃខ្មែរក្រោមនៅអាមេរិកខាងជើង ស្នើឲ្យអាជ្ញាធរវៀតណាមនៅខេត្តលង់ហោរ អនុញ្ញាតឲ្យព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម អាចប្រតិបត្តិព្រះពុទ្ធសាសនា ដោយសេរី និងគ្មានការធ្វើទុក្ខបុកម្នេញ។ សំណើនេះធ្វើឡើង ក្រោយពេលអាជ្ញាធរវៀតណាមបានបន្តរឹតត្បិតសិទ្ធិសេរីភាពផ្នែកសាសនារបស់ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម។ ក្រសួងការបរទេសអាមេរិកនៅដើមខែធ្នូនេះ បានដាក់ប្រទេសវៀតណាម ក្នុងបញ្ជីតាមដានពិសេសនៃប្រទេសដែលរំលោភនិងអនុញ្ញាតឲ្យមានការរំលោភសិទិ្ធសេរីភាពសាសនា។
ព្រះភិក្ខុ ធីធីធម្មោ នាយកអន្តរសាសនាសហព័ន្ធខ្មែរកម្ពុជាក្រោមនិងប្រធានសមាគមព្រះសង្ឃខ្មែរក្រោមអាមេរិកាំងខាងជើងសំណូមពរឲ្យអាជ្ញាធរវៀតណាមនៅខេត្តលង់ហោរកុំឲ្យរើសអើងនឹងព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមដែលជាម្ចាស់ស្រុកក្នុងការប្រតិបត្តិព្រះពុទ្ធសាសនា។ អាជ្ញាធរវៀតណាមកាលពីចុងខែវិច្ឆិកាបានហាមឃាត់ព្រះសង្ឃខ្មែរក្រោមមិនឲ្យនិមន្តបិណ្ឌបាត្រដោយប្រើប្រាស់ម៉ូតូកង់បី។អាជ្ញាធរវៀតណាមបានប្រើប្រាស់កងកម្លាំងប៉ូលិសចាប់និងរឹបអូសម៉ូតូកង់បីដែលព្រះសង្ឃប្រើប្រាស់ជាមធ្យោបាយសម្រាប់ព្រះសង្ឃគង់នៅក្នុងវត្តមណ្ឌលបុរីទ្រនំសេកសម្រាប់និមន្តបិណ្ឌបាត្រនិងទេសនាតាមផ្ទះពលរដ្ឋ។ពេលចាប់រឹបអូសម៉ូតូរបស់វត្តខ្មែរក្រោមបណ្តាលឲ្យពលរដ្ឋនិងព្រះសង្ឃខ្មែរក្រោមបានតវ៉ាប្រឆាំងមិនឲ្យវៀតណាមរឹបអូសម៉ូតូដែរប៉ុន្តែមិនបានសម្រេច។ ព្រះភិក្ខុ ធីធីធម្មោចាត់ទុកទង្វើរបស់វៀតណាមនេះថាជាការស្អប់ខ្ពើមជនជាតិដើមខ្មែរក្រោម៖
«ការរស់នៅទីនោះ វាទាក់ទងហ្នឹងការរើសអើងផង។ ការរើសអើងទាក់ទងនឹងសាសនា និងអក្សរសាស្រ្ត»។
ព្រះភិក្ខុ ធីធីធម្មោក៏សំណូមពរឲ្យវៀតណាមផ្តល់ម៉ូតូកង់បីឲ្យវត្តមណ្ឌលបុរីទ្រនំសេកវិញដើម្បីប្រើប្រាស់បំរើការផ្នែកសាសនា។មកទល់នឹងថ្ងៃទី៥ ខែធ្នូ វៀតណាម មិនទាន់សងម៉ូតូទៅឲ្យវត្តវិញនៅឡើយទេ។ ព្រះសង្ឃ និងពលរដ្ឋខ្មែរអះអាងថាករណីវៀតណាមរឹបអូសម៉ូតូព្រះសង្ឃខ្មែរក្រោមជារឿងរៀបចំដើម្បីធ្វើទុក្ខបុកម្នេញនិងសងសឹកលើពលរដ្ឋខ្មែរក្រោម។
កាលពីខែមីនា ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោមបានលើកគ្នាតវ៉ាប្រឆាំងអាជ្ញាធរវៀតណាមខេត្តលង់ហោរដែលប៉ុនប៉ងកាប់យកដើមគគីរដែលមានអាយុកាលជាង ៧០០ឆ្នាំ ដែលជាកេរ្តិ៍ដំណែលរបស់វត្តមង្គលបុរីទ្រនុំសេក។ អាជ្ញាធរវៀតណាមបានប្រើហិង្សាវាយទៅលើព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមដែលនាំគ្នាអង្គុយព័ទ្ធជុំវិញការពារដើមគគីរនិងចងស្បង់ចីវរព្រះសង្ឃជុំវិញដើមគគីរនោះបណ្តាលឲ្យអាជ្ញាធរចម្រុះវៀតណាមបាននាំគ្នាដកថយទៅវិញ។មកទល់ពេលនេះពលរដ្ឋខ្មែរក្រោមបន្តយាមនិងថែរក្សាដើមគគីរដែលមានអាយុកាលប្រមាណ៧០០ឆ្នាំនេះឲ្យនៅគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ។ អាជ្ញាធរវៀតណាមនៅខេត្តលង់ហោរនេះកាលពីខែតុលាក៏បាននាំគ្នាទៅចង់បំផ្លាញទីតាំងសាលាឆទានរបស់ពលរដ្ឋខ្មែរក្រោមមួយកន្លែងនៅឃុំកំពង់ ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ ដែលចាប់សាងសង់កាលពីដើមឆ្នាំ២០២១។ បច្ចុប្បន្នសាលាឆទាននេះបានបង្រៀនកូនខ្មែរក្រោមជិត១០០នាក់ឲ្យចេះភាសាខ្មែរនិងក្លាយជាទីកន្លែងដែលពលរដ្ឋខ្មែរក្រោមនៅស្រុកប្រមូលផ្តុំគ្នាមកប្រតិបត្តិព្រះពុទ្ធសាសនា។

ការធ្វើទុក្ខបុម្នេញលើសិទ្ធិសាសនាពលរដ្ឋខ្មែរក្រោមពីសំណាក់អាជ្ញាធរម្តងហើយម្តងទៀតនេះហាក់បីជាការព្រងើយកន្តើយនឹងសំណើរបស់ប្រធានគណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក (USCIRF) លោក ហ្វ្រែដឺរិក ដេវី (Frederick Davie) ដែលកាលពីពេលថ្មីៗនេះបានស្នើដល់រដ្ឋាភិបាលវៀតណាមបញ្ឈប់ការព្យាយាមទៅវាយបំផ្លាញសាលាឆទានរបស់ខ្មែរក្រោម។ គណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិកជាទីភ្នាក់ងារឯករាជ្យរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិកបង្កើតឡើងកាលពីឆ្នាំ១៩៩៨ដោយច្បាប់សេរីភាពសាសនាអន្តរជាតិ។ ទីភ្នាក់ងារនេះឃ្លាំមើលសិទ្ធិសេរីភាពសាសនានិងជំនឿជាសកលនិងផ្តល់ជាអនុសាសន៍ដល់ប្រធានាធិបតីរដ្ឋមន្រ្តីក្រសួងការបរទេសនិងសភាដើម្បីតាមដានការអនុវត្តអនុសាសន៍របស់ទីភ្នាក់ងារនេះ។
ពាក់ព័ន្ធនឹងរឿងវៀតណាមបន្តរំលោភសិទ្ធិសាសនាខ្មែរក្រោមនេះដែរ ព្រះភិក្ខុ ធីធីធម្មោមានថេរដីកាថាការរំលោភសិទ្ធិសេរីភាពសាសនានៅវៀតណាមកំពុងកើតមានឡើងជាប្រព័ន្ធប្រឆាំងនឹងជនជាតិដើមខ្មែរក្រោម។ព្រះអង្គព្រមានថាការរំលោភសិទ្ធិសេរីភាពសាសនានិងជនជាតិដើមគ្មានផលប្រយោជន៍សម្រាប់វៀតណាមនោះទេផ្ទុយវិញទង្វើនេះនឹងធ្វើឲ្យខ្មែរក្រោមកាន់តែស្អប់ខ្ពើមវៀតណាមថែមទៀត៖
«នេះចាត់ទុកជាសាររដ្ឋាភិបាលនៅទីនោះជួយសម្រាលឆាប់កាលណាល្អកាលហ្នឹងព្រោះយើងមើលឃើញថាទំនាស់នៅកន្លែងហ្នឹងវាខាតទាំងសងខាង។ប្រសិនបើរដ្ឋាភិបាលវៀតណាមនៅតែមានចេតនាជាន់ឈ្លីទៅលើព្រះពុទ្ធសាសនាខ្មែរក្រោមវាធ្វើឲ្យជំនឿខ្មែរខ្វះការទុកចិត្តរវាងពលរដ្ឋខ្មែរក្រោមនិងរដ្ឋាភិបាល»។

របាយការណ៍សេរីភាពសាសនារបស់ក្រសួងការបរទេសអាមេរិកសម្រាប់ឆ្នាំ២០២១ចេញផ្សាយកាលពីខែមិថុនា សរសេរថា រដ្ឋធម្មនុញ្ញវៀតណាមអនុញ្ញាតឲ្យពលរដ្ឋមានសិទ្ធិជ្រើសរើសជំនឿនិងសាសនាប៉ុន្តែច្បាប់វៀតណាមក៏អនុញ្ញតឲ្យអាជ្ញាធរដាក់កំហិតលើការប្រតិបត្តិសេរីភាពសាសនាដោយសំអាងលើបញ្ហាសន្តិសុខជាតិនិងរបៀបរៀបរយសង្គម។ របាយការណ៍ឲ្យដឹងទៀតថាមេដឹកនាំសាសនាដែលវៀតណាមមិនទទួលស្គាល់តែងតែរងការធ្វើទុក្ខបុកម្នេញរួមទាំងការចាប់ដាក់ពន្ធនាគារនិងទទួលរងអំពើហិង្សាជាដើម។ស្ថានភាពសេរីភាពសាសនាវៀតណាមសម្រាប់ឆ្នាំ២០២០និង ២០១៩មានលក្ខណៈស្រដៀងគ្នាដែរគឺរដ្ឋាភិបាលវៀតណាមនៅតែសកម្មក្នុងការធ្វើទុក្ខបុកម្នេញសេរីភាពផ្នែកសាសនាលើក្រុមសហគមន៍ជនជាតិដើម រួមមានក្រុមម៉ុងតាញ៉ាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។