សហគមន៍ខ្មែរក្រោមសំដែងការសោកស្ដាយ ដែលក្រសួងការបរទេសខ្មែរមិនព្រមអន្តរាគមន៍ទៅវៀតណាម ឲ្យបញ្ឈប់ធ្វើទុក្ខបុកម្នេញខ្មែរក្រោម
2020.07.21
សមាគមខ្មែរកម្ពុជាក្រោមនៅក្នុងប្រទេស និងនៅឯនាយសមុទ្រ សំដែងការសោកស្ដាយ ដែលក្រសួងការបរទេសកម្ពុជា ជាថ្មីម្ដងទៀតមិនព្រមទទួលយកសំណើរបស់អង្គការខ្មែរក្រោម ដែលបានស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាធ្វើកិច្ចអន្តរាគមន៍ទៅវៀតណាម ដើម្បីឲ្យបញ្ឈប់រំលោភសិទ្ធិមនុស្ស និងធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម។ ការលើកឡើងនេះ ដោយសារតែ ក្រសួងការបរទេសរបស់រដ្ឋាភិបាលលោក ហ៊ុន សែន មិនទាន់ឆ្លើយតបនឹងអង្គការខ្មែរក្រោម ដែលបានដាក់សំណើសុំអន្តរាគមន៍តាំងពីចុងខែមិថុនាមកម្ល៉េះ។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ប្រាប់អាស៊ីសេរីថា អង្គការរបស់លោកនឹងដាក់លិខិតរំលឹកទៅក្រសួងការបរទេសកម្ពុជា ជាថ្មីម្ដងទៀត ដើម្បីឲ្យឆ្លើយតបទៅនឹងសំណើរបស់អង្គការ របស់លោក។ លោក សឺន ជុំជួន មានប្រសាសន៍បន្តទៀតថា ខ្មែរក្រោមចាត់ទុករដ្ឋាភិបាលខ្មែរដូចជាឪពុកម្ដាយរបស់ពួកគេ ដែលមានឈាមជ័រខ្មែរតែមួយ ក្នុងការការពារពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើតរបស់ពួកគេ ប៉ុន្តែកំពុងឋិតក្រោមការត្រួតត្រារបស់វៀតណាម៖ «យើងពិតជាសោកស្ដាយចំពោះទង្វើដែលរដ្ឋាភិបាលគាត់មិនយកចិត្តទុកដាក់ទៅលើអន្តរាគមន៍របស់យើងណា។ ប៉ុន្តែ យើងក្នុងនាមជាអង្គការសមាគមខ្មែរក្រោម យើងនៅតែចិញ្ចឹមចិត្តស្នើទៅរដ្ឋាភិបាល។ យើងមិនបោះបង់ចោលទេ»។
សមាគមខ្មែរក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ កាលពីថ្ងៃចន្ទ ទី២៩ មិថុនា បានដាក់របាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោមទៅក្រសួងការបរទេស និងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ស្នើឲ្យសុំឈប់រើសអើង ដោះលែងពលរដ្ឋខ្មែរក្រោមពីកន្លែងឃុំឃាំង និងឈប់រំលោភសិទ្ធិមនុស្សខ្មែរក្រោមបន្តទៀត។ របាយការណ៍ដែលសមាគមដាក់ទៅក្រសួងការបរទេសកម្ពុជា រួមមានករណីរឹបអូសដីធ្លីរបស់កសិករខ្មែរក្រោមនៅខេត្តក្រមួនស រហូតឈានដល់មានការចាប់ខ្លួនបុរសខ្មែរក្រោមម្នាក់។ របាយការណ៍ដដែលក៏បានលើកឡើងការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោមដោយអាជ្ញាធរវៀតណាមបានផាកពិន័យជាប្រាក់លើយុវជនខ្មែរក្រោមពីរនាក់ ក្នុងម្នាក់ៗ ៣០០ដុល្លារ ដោយសារតែអ្នកទាំងនោះ បានបង្ហោះព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុកពីប្រវត្តិទឹកដីកម្ពុជាក្រោម និងព័ត៌មានអំពីស្ថានភាព និងសិទ្ធិសេរីភាពខ្មែរក្រោម។ កាលពីពេលថ្មីៗ នេះ វៀតណាមក៏បានចោទខ្មែរក្រោមម្នាក់ទៀត ពីករណីក្បត់ជាតិ ដោយសារតែលោករិះគន់វៀតណាមថា រើសអើងមិនចែកអំណោយឲ្យខ្មែរក្រោមក្នុងពេលនៃវិបត្តិជំងឺcovid-19។ លោក សឺន ជុំជួន មានប្រសាសន៍បន្តទៀតថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនព្រមធ្វើកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមទៀតនោះ អង្គការរបស់លោកនឹងស្នើសុំជួបមន្ត្រីតំណាងរដ្ឋាភិបាលដោយផ្ទាល់ដើម្បីជជែកពីបញ្ហានេះ ជាបន្តទៅទៀត។ កាលពីថ្ងៃទី១៤ កក្កដា សមាគមខ្មែរកម្ពុជាក្រោម ក៏បានសំដែងការសោកស្ដាយចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនបានស្នើឲ្យមេដឹកនាំវៀតណាម បញ្ឈប់ការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត។
ប្រតិកម្មនេះកើតឡើយក្រោយ ជំនួបកំពូលរវាង លោក ហ៊ុន សែន និងប្រធានាធិបតី និងជាអគ្គលេខាធិការនៃគណបក្សកុម្មុយនិស្ត វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong)។ អ្នកទាំងពីរ បានជជែកពីកិច្ចសហការបង្ការជំងឺ Covid-19 បង្កើនទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងបញ្ហាបោះបង្គោលព្រំដែន។ លោក ហ៊ុន សែន ក៏បានសន្យាបង្កលក្ខណៈងាយស្រួលដល់ជនអន្តោប្រវេសន៍ វៀតណាម ដែលរស់នៅប្រទេសកម្ពុជា ប៉ុន្តែលោក ហ៊ុន សែន មិនបានលើកករណីរំលោភសិទ្ធិមនុស្សខ្មែរក្រោមឡើយ។ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទ រវាងមេដឹកនាំកម្ពុជានិងវៀតណាមភ្លាម ក្រសួងមហាផ្ទៃប្រកាសថា មានជនបរទេស សរុបជិត ៩ម៉ឺននាក់ ដោយមានប័ណ្ណស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងនាមជាជនអន្តោប្រវេសន៍ ដែលភាគច្រើនជាជនជាតិវៀតណាម។លោក សឺន ជុំជួន មានប្រសាសន៍បន្តទៀតថា រដ្ឋាភិបាលោក ហ៊ុន សែន ហាក់ឋិតក្រោមគំនាបវៀតណាម ទើបមិនហ៊ាននិយាយរឿងខ្មែរក្រោមនឹងវៀតណាម៖ «ខ្ញុំគិតថា សម្រាប់ពេលបច្ចុប្បន្ននេះហាក់មានភាពតានតឹង អន្តរាគមន៍របស់រដ្ឋាភិបាល។ សូម្បីតែជំនួបជាផ្លូវការ រវាងថ្នាក់ដឹកនាំជាផ្លូវការ របស់មេដឹកនាំ មិនបានលើកឡើងនៅក្តីកង្វល់របស់យើង»។
លោក សឺន ជុំជួន សង្ឃឹមថា រដ្ឋាភិបាលថ្មី ដែលមកកាន់អំណាចជំនួសរដ្ឋាភិបាលបច្ចុប្បន្នអាចនឹង ធ្វើឲ្យស្ថានភាពខ្មែរក្រោម ដែលកំពុងរស់នៅលើស្រុកកំណើតពេលបច្ចុប្បន្នមានភាពល្អប្រសើរជាងនេះ។ ទាក់ទងនឹងរដ្ឋាភិបាលខ្មែរដែលមិនហ៊ាន ធ្វើអន្តរាគមន៍ទៅវៀតណាម រឿងខ្មែរក្រោមនេះ ទាំងមន្ត្រីនាំពាក្យក្រសួងការបរទេស និងរដ្ឋាភិបាលសុទ្ធតែអះអាងស្រដៀងគ្នាថា ខ្មែរក្រោមឋិតក្រោមការគ្រប់គ្រងរបស់វៀតណាម ដូច្នោះ រដ្ឋាភិបាលកម្ពុជាមិនហ៊ាន ជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងរបស់វៀតណាមឡើយ។ ជុំវិញការមិនយកចិត្តទុក្ខជនជាតិខ្មែរក្រោមពីសំណាក់រដ្ឋាភិបាលខ្មែរនេះដែរ ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ប្រធាននាយករដ្ឋព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម មានថេរដីកាថា ដោយសារតែ ទង្វើរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នេះ បានបណ្ដាលឲ្យវៀតណាមហ៊ានធ្វើទុក្ខបុកម្នេញ ខ្មែរក្រោមស្រេចតែចិត្តចង់។ ព្រះអង្គបន្ថែមទៀតថា ស្ថានភាពនៃការរំលោភសិទ្ធិមនុស្ស ខ្មែរក្រោម ពេលបច្ចុប្បន្ននេះ គ្មានភាពធូរស្បើយឡើយ។ ពលរដ្ឋខ្មែរក្រោមម្នាក់ដែលវៀតណាមចាប់ដាក់ពន្ធនាគារ នៅមិនទាន់ត្រូវបានប៉ូលិសវៀតណាមដោះលែងនៅឡើយទេ ចំណែកយុវជនខ្មែរក្រោមពីរនាក់ផ្សេងទៀត អាចជាប់ពន្ធនាគារដោយសារតែពួកគេមិនទាន់មានប្រាក់បង់ការផាកពិន័យរបស់វៀតណាម៖ «រដ្ឋាភិបាលកម្ពុជា គឺមិនដែលអើពើជួយអន្តរាគមន៍ចំពោះខ្មែរក្រោម។ អាត្មាភាពសំដែងការសោកស្ដាយ។ យើងឃើញថា រដ្ឋាភិបាលវៀតណាមគេមកស្រុកខ្មែរ។ គេសំណូមពរខ្មែរឲ្យជួយមើលការខុសត្រូវ។ តែចំពោះរដ្ឋាភិបាលកម្ពុជាវិញនៅពេលអង្គការសមាគមដាក់ជួយធ្វើអន្តរាគមន៍ ចំពោះខ្មែរកម្ពុជាក្រោម រដ្ឋាភិបាលកម្ពុជាមិនសូវយកចិត្តទុក្ខដាក់»។
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ ធ្លាប់អះអាងថា វៀតណាមកំពុងប្រែក្លាយយុវជនខ្មែរក្រោម ឲ្យទៅជាជនជាតិវៀតណាម ដោយចង់ឲ្យពួកគេបំភ្លេចដើមកំណើតជាជនជាតិខ្មែរ ដើម្បីបានលាភសក្ការក្នុងសង្គម ប៉ុន្តែពេលយុវជនខ្មែរក្រោមមិនព្រមធ្វើតាមអាជ្ញាធរវៀតណាមបែរជាធ្វើទុក្ខបុកម្នេញពួកគេទៅវិញ។ មន្ត្រីសិទ្ធិមនុស្សថា អាជ្ញាធរវៀតណាម ក៏រើសអើងនឹងខ្មែរក្រោម ដោយសារតែខ្មែរជាជាតិសាសន៍ផ្សេង ហើយវៀតណាមខ្លាចខ្មែរក្រោមទាមទារទឹកដីរបស់គេមកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។