សហព័ន្ធ និងយុវជនខ្មែរក្រោមស្នើសុំអន្តរជាតិអន្តរាគមន៍ករណីវៀតណាមរំលោភសិទ្ធិជនជាតិដើមកំណើត
2021.04.28
សហព័ន្ធ និងយុវជនខ្មែរក្រោមស្នើសុំអន្តរជាតិ និងអង្គការសហប្រជាជាតិអន្តរាគមន៍ ករណីវៀតណាមរំលោភសិទ្ធិជនជាតិដើមកំណើត។ សំណើនេះធ្វើឡើងដោយសារតែយុវជនខ្មែរក្រោម និងពលរដ្ឋខ្មែរក្រោមមួយចំនួន បន្តរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម ជុំវិញការបញ្ចេញមតិ និងបញ្ហាដីធ្លី។
សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើជាសាធារណៈឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ អន្តរាគមន៍ទៅវៀតណាម ឲ្យផ្តល់សិទ្ធិឲ្យពេញលេញដល់ពលរដ្ឋខ្មែរក្រោម ជាជនជាតិដើមកំណើត។ សេចក្ដីថ្លែងការណ៍ចេញកាលពីសប្ដាហ៍មុននេះ ជាការឆ្លើយតបនឹងសមត្ថកិច្ចវៀតណាមដែលបានឃាត់ខ្លួនយុវជនខ្មែរក្រោមម្នាក់ និងរឹបអូស សៀវភៅសេចក្ដីប្រកាស របស់អង្គការសហប្រជាជាតិ ស្ដីពី «សិទ្ធិជនជាតិដើម» ចំនួនមួយរយក្បាល ក្រោមបទចោទប្រកាន់ថា លោកបោះពុម្ពសៀវភៅដោយគ្មានច្បាប់អនុញ្ញាត។
កាលពីថ្ងៃទី១៣ មេសា អាជ្ញាធរខេត្តវាលប្រើស ដែលវៀតណាមបានប្ដូរឈ្មោះទៅជាខេត្តដុងណៃ (Dong Nai) បានសម្រុកចូលផ្ទះ និងបានឃាត់ខ្លួន យុវជនខ្មែរក្រោម លោក យឿង ខាយ ដោយគ្មានដីកា ប៉ុន្តែក្រោយមកទៀត បានដោះលែងលោកឲ្យមានសេរីភាពឡើងវិញ ក្រោយបានសម្លុតគំរាមកំហែងលោកឲ្យឈប់បោះពុម្ពសៀវភៅរួចមក។ យុវជនខ្មែរក្រោម លោក យឿង ខាយ ធ្លាប់បានស្ម័គ្រចិត្តធ្វើការងារលើកស្ទួយសិទ្ធិមនុស្សការងារ និងសិទ្ធិបញ្ចេញមតិរបស់កម្មករ និងពលរដ្ឋខ្មែរក្រោមនៅលើទឹកដីកំណើតតាមរយៈការបង្កើតទំព័រហ្វេសប៊ុក ឈ្មោះថា សិទ្ធិការងារខ្មែរក្រោម ដើម្បីផ្ដល់ចំណេះដឹងពីច្បាប់ការងារ។ លោកបានបោះពុម្ពសៀវភៅស្ដីពីសិទ្ធិជនជាតិដើម ដើម្បីចែករំលែកចំណោះដឹងដល់ពលរដ្ឋខ្មែរក្រោម។
ពាក់ព័ន្ធនឹងការឃាត់ខ្លួនយុវជន យឿង ខាយ នេះ សហព័ន្ធខ្មែរកម្ពុជាក្រោមបានស្នើឲ្យសហគមន៍អន្តរជាតិ ជំរុញឲ្យអាជ្ញាធរវៀតណាម ប្រគល់សៀវភៅមួយរយក្បាលឲ្យយុវជនខ្មែរក្រោមវិញដោយឥតលក្ខខណ្ឌ និង អនុញ្ញាតឲ្យខ្មែរក្រោមអាចបោះពុម្ព និងចែកសៀវភៅ និងឯកសារស្ដីពី «សិទ្ធិជនជាតិដើម» ។ សហព័ន្ធក៏ស្នើឲ្យវៀតណាមឈប់ប្រើប្រាស់កងកម្លាំងសមត្ថកិច្ច ចាប់ និងឃុំខ្លួនខ្មែរក្រោម ដែលហ៊ានផ្សព្វផ្សាយសិទ្ធិជាជនជាតិដើមកំណើត ហើយវៀតណាម ដែលជាអ្នកយល់ព្រមអនុញ្ញាតសិទ្ធិជនជាតិដើមកំណើតនេះត្រូវទទួលខុសត្រូវផ្សព្វផ្សាយសិទ្ធិនេះឲ្យបានពេញលេញផងដែរ។ ជាចុងក្រោយ សហព័ន្ធក៏ស្នើឲ្យវៀតណាមបញ្ចប់ប្រើប្រាស់ច្បាប់សន្តិសុខអ៊ិនធឹណែត ដ៏ចម្រូងចម្រាសដើម្បីតាមដានយុវជនខ្មែរក្រោម ដែលប្រើប្រាស់សិទ្ធិចែកព័ត៌មានតាមបណ្ដាញសង្គម ជាពិសេស ព័ត៌មានស្ដីពីសិទ្ធិមនុស្ស។
ជុំវិញសំណើនេះ ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាប្រាប់អាស៊ីសេរីថា សហព័ន្ធបានងាកទៅឲ្យកិច្ចអន្តរាគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិនៅពេលនេះ ដោយសារតែវៀតណាមបានបម្រាមសន្យាដែលប្រទេសនេះថា គោរពសិទ្ធិមនុស្ស និងជនជាតិដើមកំណើត៖ «សហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែអំពាវនាវដល់សហគមន៍អន្តរជាតិ មានអង្គការសហប្រជាជាតិ ដើម្បីឲ្យជួយអន្តរាគមន៍ដល់ពលរដ្ឋខ្មែរក្រោម ដែលវៀតណាមរំលោភសិទ្ធិ រឹបអូសយកដីធ្លី គាបសង្កត់សេរីភាពគ្រប់បែបយ៉ាងទាំងអស់។ ការទាមទាររបស់ខ្មែរក្រោម តុលាការវៀតណាមមិនផ្តល់យុត្តិធម៌ឲ្យទេ ដូច្នោះសហព័ន្ធតែងធ្វើចលនាអន្តរជាតិ ដើម្បីឲ្យគាបសង្កត់វៀតណាម»។
ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាបន្តទៀតថា វៀតណាមចិញ្ចឹមចិត្តចង់បំបាត់វប្បធម៌ និងពូជសាសន៍ខ្មែរក្រោម ដូច្នោះបានជាវៀតណាមមិនចង់ឲ្យខ្មែរក្រោមយល់ពីសិទ្ធិជាជនជាតិដើមកំណើតនេះទេ។ ព្រះបន្តទៀតថា បច្ចុប្បន្ន យុវជនខ្មែរក្រោមមួយចំនួនកំពុងរស់នៅទាំងព្រួយបារម្ភពីសុវត្ថិភាព ក្រោយពេលសមត្ថកិច្ចវៀតណាម បានឃាត់ខ្លួន និងបង្ខំឲ្យពួកគេទទួលកំហុស ទាំងពួកគេមិនបានប្រព្រឹត្តកំហុស៖ «យុវជនខ្មែរក្រោមបច្ចុប្បន្ន ពួកគាត់មានទឹកចិត្តក្លាហានចំពោះសិទ្ធិសម្រេចវាសនាដោយខ្លួនឯង ប៉ុន្តែពួកគាត់នៅតែបារម្ភ ពីសុវត្ថិភាពដោយសារតែអាជ្ញាធរវៀតណាមតែងតែ សម្លុតបំភ័យហៅពួកគាត់ទៅសួរចម្លើយ»។
ទាក់ទងនឹងសំណើរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ខ្មែរក្រោមនេះ យុវជន យឿង ខាយ ស្នើឲ្យវៀតណាមសងសៀវភៅលោកមកវិញ និងត្រូវសងជំងឺចិត្តលោក ដោយសារតែពេលអាជ្ញាធរឃាត់ខ្លួនលោក លោកមិនបានទៅធ្វើការងារហើយបាត់បង់ប្រាក់ចំណូលជាច្រើនថ្ងៃ។ លោកបន្តថា បច្ចុប្បន្ន សមត្ថកិច្ចវៀតណាមកំពុងតាមឃ្លាំមើលគ្រប់ សកម្មភាពរបស់លោក ហើយលោកកំពុងព្រួយបារម្ភពីសុវត្ថិភាពដែរ។
ចាប់តាំងពីចុងឆ្នាំ២០២០ រហូតមកសព្វថ្ងៃមានយុវជនខ្មែរក្រោម ជាច្រើនរូបត្រូវបានសមត្ថកិច្ចវៀតណាមផាកពិន័យមិនឲ្យនិយាយរឿងប្រវត្តិសាស្ត្រខ្មែរក្រោម និងផ្សព្វផ្សាយពីសិទ្ធិជនជាតិដើមកំណើត។ របាយការណ៍សិទ្ធិមនុស្សក្រសួងការបរទេសអាមេរិកឆ្នាំ២០២០ ផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញថា បញ្ហារំលោភសិទ្ធិមនុស្សនៅវៀតណាមបន្តកើតឡើងយ៉ាងធ្ងន់ធ្ងរ ដូចជា ការសម្លាប់ផ្នែកនយោបាយដោយខុសច្បាប់ និងយ៉ាងអនាធិបតេយ្យ ការធ្វើទារុណកម្មដោយភ្នាក់ងាររដ្ឋ ចាប់ និងឃុំខ្លួនយ៉ាងអនាធិបតេយ្យ ការរំលោភសិទ្ធិបញ្ចេញមតិ សារព័ត៌មាន អ៊ិនធឹណិត ការប្រមូលផ្តុំ និងការបង្ខំឲ្យមានពលកម្មកុមារជាដើម។ របាយការណ៍រកឃើញទៀតថា ចំពោះជនជាតិដើមកំណើតរួមទាំងខ្មែរកម្ពុជាក្រោមដែលរស់នៅតាមដីសណ្ដទន្លេមេគង្គផងនោះ បន្តរងគ្រោះពីការធ្វើទុក្ខបុកម្នេញ តាមដាន និងសម្លុតបំភ័យ។ ការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាមនេះហើយ បានបណ្ដាលពលរដ្ឋជនជាតិដើម និងជនជាតិភាគតិច បានភៀសខ្លួនចេញពីវៀតណាមទៅសុំសិទ្ធិជ្រកកោននៅប្រទេសទីបី។ បច្ចុប្បន្នខ្មែរក្រោមរាប់រយនាក់ កំពុងរស់នៅប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោននៅប្រទេសទីបី ដោយសារតែពួកគេមិនអាចស៊ូទ្រាំពីការធ្វើបាបពីសំណាក់អាជ្ញាធរវៀតណាមបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។