សហព័ន្ធខ្មែរកម្ពុជាក្រោមអំពាវនាវឲ្យពលរដ្ឋ និងយុវជនខ្មែរក្រោមបន្តប្រើប្រាស់សិទ្ធិសេរីភាពផ្នែកបញ្ចេញមតិ កុំឲ្យខ្លាចការគំរាមកំហែងរបស់អាជ្ញាធរវៀតណាម។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលអាជ្ញាធរចាប់ផ្ដើមធ្វើទុក្ខបុកម្នេញពលរដ្ឋ និងយុវជនខ្មែរក្រោមណា ដែលហ៊ានក្រោកឡើង បញ្ចេញកំហឹងនៃការឈឺចាប់ដោយសារតែការបាត់បង់ទឹកដី និងប្រវត្តិសាស្រ្តខ្មែរក្រោម។
ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា វៀតណាមកំពុងប្រើប្រាស់យុទ្ធសាស្ត្របំបាត់ពូជសាសន៍ខ្មែរក្រោម តាមរយៈការគំរាមកំហែងចាប់ដាក់ពន្ធនាគារ និងផាកពិន័យធ្ងន់ធ្ងរទៅលើពលរដ្ឋខ្មែរក្រោមណា ដែលហ៊ានផ្សព្ធផ្សាយព័ត៌មាន ពីប្រវត្តិសាស្ត្រនៃទឹកដីខ្មែរកម្ពុជាក្រោម និងការរំលោភសិទ្ធិមនុស្ស។ ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California)ស្នើឲ្យយុវជននិងពលដ្ឋខ្មែរក្រោមក្រោកឡើងតវ៉ាទាមទារសិទ្ធិជាជនជាតិដើមកំណើត តទល់នឹងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម៖ «អ្វីដែលជាការពិត យើងនិយាយទៅគ្មានអ្វីខុសទាស់ទេ។ យើងមិនត្រូវខ្លាច និងចាញ់សម្លុត ការគំរាមកំហែងពីរដ្ឋាភិបាល ឬអាជ្ញាធរវៀតណាមទេ។ អ្វីដែលរដ្ឋាភិបាលធ្វើទៅលើខ្មែរក្រោមសព្វថ្ងៃហ្នឹង ដើម្បីបំភាន់ប្រវត្តិសាស្ត្រ កុំខ្មែរក្រោមស្គាល់ខ្លួនឯងជាខ្មែរក្រោម។"
ការអំពាវនាវឲ្យខ្មែរក្រោមហ៊ានងើបឡើងតវ៉ាទាមទារសិទ្ធិនេះ បន្ទាប់ពីអាជ្ញាធរវៀតណាម បានហៅយុវជនខ្មែរក្រោមចំនួន ៤នាក់ ទៅសម្លុតបំភ័យ និងផាកពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ ដោយគ្រាន់តែយុវជនទាំងនោះ បង្ហោះព័ត៌មានពិតពីប្រវត្តិទឹកដីខ្មែរកម្ពុជាក្រោម និងការបញ្ចេញមតិពីគុណភាពនៃអង្ករវៀតណាម។ យុវជនទាំងនោះ រួមមាន យុវជន លោក លឹម ណាឫទ្ធិ ត្រូវវៀតណាម ដកហូតយកទូរស័ព្ទ កាលពីថ្ងៃទី១៩ មិថុនា និងចោទប្រកាន់ថា បានរំលោភច្បាប់វៀតណាមករណីបង្ហោះព័ត៌មាន វីដេអូ និងចម្រៀងទាក់ទងប្រវត្តិខ្មែរក្រោម និងវីរបុរសខ្មែរក្រោមដែលបានលះបង់ជីវិតដើម្បីការពារទឹកដីកម្ពុជាក្រោម។ យុវជន លោក ថាច់ កឿង ត្រូវអាជ្ញាធរវៀតណាមពិន័យលុយប្រមាណ ៣០០ដុល្លារករណីបង្ហោះវីដេអូចោទអាជ្ញាធរវៀតណាមចែកអង្ករក្លែងក្លាយឱ្យពលរដ្ឋខ្មែរក្រោម។ យុវជន តោ ហ្វាង ចឿង ក៏ត្រូវអាជ្ញាធរវៀតណាមបានបង្ខំឱ្យលោកទទួលកំហុស និងពិន័យលុយប្រមាណ ៣០០ដុល្លារករណីលោកបានបង្ហោះលិខិតរបស់មេដឹកនាំវៀតណាម លោក ហូ ជីមិញ (Ho Chi Minh) កាលពីឆ្នាំ១៩៨៤ ដែលមានខ្លឹមសារថា ដែនដីកម្ពុជាក្រោមស្ថិតនៅក្រោមការគ្រប់គ្រង និងជាកម្មសិទ្ធិរបស់ខ្មែរក្រោម និងការបង្ហោះរូបសញ្ញាកាន់ទុក្ខនៃការកាន់ទុក្ខការបាត់បង់ដែនដីកម្ពុជាក្រោម នៅលើប្រូហ្វាល (Profile) ហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅ។ ចុងក្រោយគឺ យុវជន ថាច់ ថុង ក៏ត្រូវបានអាជ្ញាធរវៀតណាម បញ្ជាឱ្យលុបរូបសញ្ញាកាន់ទុក្ខមានទង់ជាតិកម្ពុជាក្រោម ចេញពីប្រូហ្វាល (Profile) ហ្វេសប៊ុករបស់លោក បើមិនដូច្នេះទេ នឹងគេត្រូវចាប់ខ្លួន។ អាជ្ញាធរវៀតណាម ដោយចោទថា ការដាក់សញ្ញាកាន់ទុក្ខនេះជាសកម្មភាពប្រឆាំងរដ្ឋាភិបាលវៀតណាម ។ យុវជនខ្មែរក្រោម ដែលត្រូវផាកពិន័យនោះ កំពុងព្រួយបារម្ភខ្លាចគ្មានប្រាក់បង់ ហើយអាចជាប់ពន្ធនាគារ។
វៀតណាម បានមកមាត្រាមួយនៃច្បាប់សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត ចេញកាលពីកុម្ភៈឆ្នាំ ២០២០ ដែលបានចែងអំពីការដាក់ទណ្ឌកម្ម ប្រឆាំង នឹងការរំលោភផ្នែករដ្ឋបាល ក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ ព័ត៌មាន និងប្រតិបត្តិការអេឡិចត្រូនិច ដើម្បីផាកពិន័យយុវជនខ្មែរក្រោមនេះ។
រលកថ្មីនេះនៃការបង្ក្រាបពលរដ្ឋខ្មែរក្រោមនេះ ធ្វើឡើងក្រោយពេលខ្មែរក្រោមនៅទូទាំងពិភពលោកប្រារព្ធខួបបាត់បង់ទឹកដី លើកទី ៧១ឆ្នាំ ដែលបារាំងបានកាត់ទឹកដីខ្មែរក្រោមទៅឲ្យវៀតណាមទាំងខុសច្បាប់ កាលពីឆ្នាំ១៩៤៩។ សហគមន៍ខ្មែរក្រោម បានប្រើប្រាស់ខួបនៃថ្ងៃបាត់បង់ទឹកដីនេះ ដើម្បីស្នើសុំរដ្ឋាភិបាលខ្មែរ ឱ្យប្ដឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារ យកដីខ្មែរពីវៀតណាមមកវិញ។
ចំពោះការផាកពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរនេះ ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាបន្តថា យុវជនខ្មែរក្រោម អាចសុំមិនបង់ប្រាក់បាន ដោយសារតែស្ថានភាពជីវភាពប៉ះពាល់ដោយសារតែជំងឺ Covid-19 ហើយម្យ៉ាងទៀត អ្វីដែលយុវជនបានធ្វើនោះ មិនមានទោសរហូតដល់ជាប់ពន្ធនាគារឡើយ៖ «សហព័ន្ធហ្នឹងសុំអំពាវនាវដល់រដ្ឋាភិបាលយួនហ្នឹង ទម្លាក់បទចោទហ្នឹងចេញ មិនអាចផាកពិន័យយុវជនខ្មែរកម្ពុជាក្រោម គ្រាន់តែចែកចាយព័ត៌មានទាក់ទងទឹកដីកម្ពុជាក្រោម ហើយផាកពិន័យទេ។ អានោះជាយុទ្ធសាស្ត្រ ដើម្បីបំបាត់សិទ្ធិសេរីភាពទៅលើពលរដ្ឋកម្ពុជាក្រោម»។
ជុំវិញការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោមនេះ នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ប្រាប់អាស៊ីសេរីថា អាជ្ញាធរវៀតណាម កំពុងប្រើប្រាស់លេសគ្រប់យ៉ាងដើម្បីធ្វើបាបពលរដ្ឋខ្មែរក្រោមណា ដែលហ៊ានរិះគន់រដ្ឋាភិបាល វៀតណាម តាមរយៈ បណ្ដាញសង្គម។ លោកស្នើឲ្យអាជ្ញាធរវៀតណាម ឈប់ធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដោយសារតែការបញ្ចេញមតិតទៅទៀត៖ « ទាំងនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា វៀតណាមតាមដានយ៉ាងយកចិត្តទុក្ខដាក់ ចំពោះការប្រើប្រាស់បណ្ដាញសង្គមរបស់ពលរដ្ឋទូទៅ ហើយវៀតណាមប្រើប្រាស់ច្បាប់ដ៏តឹងរ៉ឹងរបស់គេ ដើម្បីផ្ដន្ទាទោសនរណា ដែលហ៊ាន រិះគន់រដ្ឋាភិបាល។ បច្ចុប្បន្ននេះបណ្ដាញសង្គម (facebook) បានក្លាយជាជម្រើសដ៏សំខាន់មួយដែលគេប្រើប្រាស់ដើម្បីទាក់ទងគ្នា និងចែកចាយព័ត៌មានអំពីព្រឹត្តិការណ៍កើតឡើងនៅប្រទេស វៀតណាម។ ខ្ញុំគ្មានអ្វីភ្ញាក់ផ្អើលនោះទេ ដែលអាជ្ញាធរវៀតណាម ផ្ដន្ទាទោសខ្មែរក្រោម ដោយសារតែការបញ្ចេញមតិ។ ការផ្តន្ទាទោសនេះ ជាការំលោភសេរីភាពនៃការបញ្ចេញមតិ។ ពលរដ្ឋខ្មែរក្រោមទាំងនោះ មិនត្រូវរងការចោទប្រកាន់ទាំងនោះទេ។ តាមពិតអាជ្ញាធរវៀតណាមវិញទេ ដែលត្រូវបកស្រាយពីបញ្ហាអ្វីដែលកើតមាន។ ដូចជាករណី មានការចោទប្រកាន់ថា អង្ករដែលវៀតណាមចែកឱ្យខ្មែរក្រោម នោះគ្មានគុណភាពជាដើម។ ការចោទប្រកាន់ទាំងនោះ អាចជាប់ពាក់ព័ន្ធនឹងករណីអំពើពុករលួយ ឬក៏អាចជាបញ្ហារបស់មន្ត្រីថា្នក់ក្រោម ដែលត្រូវតែត្រួតពិនិត្យ។ ករណីផ្សេងទៀត ខ្មែរក្រោមខ្លះ បានលើកយកព័ត៌មានស្ដីពីសហព័ន្ធខ្មែរក្រោមមកនិយាយ អាជ្ញាធរវៀតណាមមិនត្រូវធ្វើទុកបុកម្នេញពលរដ្ឋខ្មែរក្រោម ដោយសារតែពួកគេស្រង់សំដី របស់អង្គការនៅក្រៅប្រទេស មកនិយាយនោះទេ » ។
លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) បន្តទៀតថា ការបន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរពី សំណាក់អាជ្ញាធរវៀតណាមនេះ ដោយសារតែវៀតណាមរើសអើងពូជសាសន៍ខ្មែរ និងខ្លាចខ្មែរកម្ពុជាក្រោម ទាមទារបំបែករដ្ឋទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។