សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​បាតុកម្ម នៅ​មុខ​ស្ថាន​កុងស៊ុល​វៀតណាម ទាមទារ​ឲ្យ​វៀតណាម​ដោះ​លែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម

ដោយ យន់ សាមៀន
2025.01.25
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​បាតុកម្ម នៅ​មុខ​ស្ថាន​កុងស៊ុល​វៀតណាម ទាមទារ​ឲ្យ​វៀតណាម​ដោះ​លែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម (រូបថតឯកសារ) ខ្មែរ​ក្រោម​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅ​បូរី​ញូវយ៉ក (New York) នៅ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៤ ដើម្បី​ទាមទារ​អាជ្ញាធរ​វៀតណាម​ឱ្យ​ដោះ​លែង​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ១៣អង្គ និង​នាក់ ដែល​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ។
Photo: RFA

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​នឹង​ចាប់​ផ្ដើម​ឡើង​វិញ នូវ​យុទ្ធនាការ​នៅ​ទូទាំង​ពិភព​លោក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម ក្រោយ​តុលាការ​វៀតណាម​បាន​កាត់ទោស​ព្រះសង្ឃ និង​សកម្មជន​ឲ្យ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ។ គម្រោង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​បាន​ស្នើ​​ឲ្យ​វៀតណាម​គោរព​និង​ការពារ​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ និង​ដោះលែង​មនុស្ស​ដែល​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌។

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​នឹង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានកុងស៊ុល វៀតណាម នៅ​ទីក្រុងសានហ្វ្រានស៊ីស្ដូ (San Francisco) នៅ​ថ្ងៃ​ច័ន្ទ​ទី២៧ មករា ដើម្បី​ជំរុញ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម ដែល​វៀតណាម​បាន​ចាប់​ដាក់​ពន្ធនាគារ​​រឿង​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម។

នាយក​គណៈកម្មការ​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ​សឹង យ៉ឹងរតនា មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ខ្មែរ​ក្រោម​នៅ​តាម​ប្រទេស​មួយ​ចំនួន​នៅ​ជុំវិញ​ពិភពលោក​នឹង​ចាប់​ផ្ដើម​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​គំនាប​រដ្ឋាភិបាល​វៀតណាម ដើម្បី​ឲ្យ​ដោះលែង​ព្រះសង្ឃ​និង​សកម្មជន​ខ្មែរ​ក្រោម។

បច្ចុប្បន្ន​មាន​ព្រះសង្ឃ ៥អង្គ រួម​មាន ព្រះចៅ​អធិការ​វត្ត​ទ្រនំ​សេក ព្រះតេជព្រះគុណ ថាច់ ចន្ទតារា ត្រូវ​តុលាការ​វៀតណាម​កាត់​ទោស​ដាក់​ពន្ធនាគារ ៦ឆ្នាំ និង​ព្រះតេជព្រះគុណ យឿង ខាយ ៥ឆ្នាំ និង ៩ខែ និង​សកម្មជន​ខ្មែរ​ក្រោម ៨នាក់​ផ្សេង​ទៀត ឲ្យ​ជាប់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ​អំពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ»។ ប៉ុន្តែ​សហព័ន្ធ​ខ្មែរ​ក្រោម​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ ​គ្រាន់​តែ​ជា​លេស ដើម្បី​គាប​សង្កត់​សិទ្ធិ​ផ្នែក​សាសនា និង​សិទ្ធ​សេរីភាព​របស់​ខ្មែរ​ក្រោម ដើម្បី​កុំ​ឲ្យ​ងើប​ឡើង​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច។

បាតុកម្ម​នេះ ធ្វើ​ឡើង​ស្រប​ពេល ដែល​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទូទាំង​ពិភពលោក មក​ជួប​ប្រជុំ ក្នុង​កិច្ច​ប្រជុំ​ដំណាច់​ឆ្នាំ ដើម្បី​បូក​សរុប​ការងារ​ឆ្នាំ​ចាស់ និង​ដាក់​ទិសដៅ​សម្រាប់​ធ្វើ នៅ​ឆ្នាំ២០២៥ នៅ​ទីក្រុង(San Jose) រដ្ឋ Californiaចាប់​ពី​ថ្ងៃ​ទី២៥ និង ២៦។

ជុំវិញ​យុទ្ធនាការ​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​អាមេរិក និង​វៀតណាម​ទើប​បាន​បញ្ចប់​កិច្ច​សន្ទនា​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស​លើក​ទី២៨ ធ្វើ​ឡើង​កាល​ពី​ដើម​ខែ​មករា។ ក្នុង​កិច្ចប្រជុំ​នោះ​សហរដ្ឋអាមេរិក​បាន​ស្នើ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ជា​មូលដ្ឋាន ក្នុង​នោះ​រួម​មាន​សិទ្ធិ​សំដែង​មតិ សមាគម​និង​សាសនា។ សហរដ្ឋ​អាមេរិក ក៏​បាន​ស្នើ​ឲ្យ​វៀតណាម​ដោះលែង​បុគ្គល​ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ និង​លើក​កម្ពស់​សិទ្ធិមនុស្ស។

ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា រំពឹង​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​នឹង​ជំរុញ​ឲ្យ​វៀតណាម​ងាក​មក​គោរព​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម និង​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ឡើងវិញ។

ដោយឡែក​គណៈកម្មការ​សេរីភាព​អន្តរ​សាសនា​របស់​សហរដ្ឋ​អាមេរិក (United States Commission on International Religious Freedom) កាល​ពី​ធ្នូ​បាន​ក៏​សំដែង​ការ​ភ្ញាក់​ផ្អើល ចំពោះ​សាលក្រម​តុលាការ​វៀតណាម ដែល​ផ្ដន្ទាទោស​ព្រះសង្ឃ​ខ្មែរ​ក្រោម ៥អង្គ ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ»។

គណៈកម្មការ​សេរីភាព​អន្តរ​សាសនា​របស់​សហរដ្ឋ​អាមេរិក បាន​ថ្កោលទោស​រដ្ឋាភិបាល​វៀតណាម ដែល​បាន​កំណត់​ទិសដៅ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សហគមន៍​សាសនា​ឯករាជ្យ។ ប្រធាន​គណៈកម្មការ​សេរីភាព​អន្តរ​សាសនា​របស់​សហរដ្ឋ​អាមេរិក លោក ស្ទ៊ីផេន ស្នែក (Stephen Schneck) ចាត់​ទុក​ទង្វើ​របស់​តុលាការ​វៀតណាម​ថា ធ្វើ​ឡើង​ផ្ទុយ​ទៅ​នឹង​គោល​ជំហរ​វៀតណាម​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ។ លោក​ថា សហរដ្ឋ​អាមេរិក​កំពុង​តាម​ដាន​ស្ថានភាព​ជុំវិញ​ការ​កាត់​ទោស​នេះ ដោយ​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង។ គណៈកម្មការ​សេរីភាព​អន្តរ​សាសនា​របស់​សហរដ្ឋ​អាមេរិក ស្នើ​ដល់​រដ្ឋាភិបាល​អាមេរិក​ឱ្យ​ដាក់​គំនាប​លើ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដោះ​លែង​អ្នកទោស​ផ្នែក​សាសនា និង​ជំរុញ​ឲ្យ​វៀតណាម​កែ​លម្អ​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។