យុវជន​ខ្មែរ​ក្រោម​ប្ដេជ្ញា​ ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ​ទោះបី​អាជ្ញាធរ​វៀតណាម​គំរាម​កំហែង

ដោយ យន់ សាមៀន
2021-03-09
Share
យុវជន​ខ្មែរ​ក្រោម​ប្ដេជ្ញា​ ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ​ទោះបី​អាជ្ញាធរ​វៀតណាម​គំរាម​កំហែង យុវនារី​ខ្មែរ​ក្រោម ប្រារព្ធ​ទិវា​សិទ្ធិ​នារី ៨ មីនា នៅ​កម្ពុជាក្រោ។
រូប៖ ហ្វេសប៊ុក Khmer Krom Woman

យុវជន​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​នារីអន្តរជាតិ ៨ មីនា​ នៅ​លើ​ទឹក​កំណើត​ទោះ​បី​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ព្រះត្រពាំង ​គំរាមកំហែង​ និង​រឹបអូស​សម្ភារៈ​ដែល​យុវជន​ត្រៀម​ប្រើប្រាស់​ក្នុង​ទិវា​នោះ​ក៏​ដោយ។ យុវជន​ខ្មែរ​ក្រោម ធ្វើ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនានេះ ដើម្បី​ចង់​បង្ហាញ​សហគមន៍​អន្តរជាតិ​ថា នាទី​ខ្មែរ​ក្រោម​ចង់​បាន​សិទ្ធិ​ស្មើភាព​នឹង​ស្ត្រី​វៀតណាម និង​សិទ្ធិ​ជា​ជន​ជាតិ​ដើម​កំណើត។

នេះជាលើកទី១ ហើយ ដែល​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ជម្នះ​ឧបសគ្គ ការ​សំឡុត​បំភ័យ និង​ការ​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ដើម្បី​អាច​ប្រារព្ធ​ទិវា​សិទ្ធិ​នារីអន្តរជាតិ ៨ មីនា។ នាទី​ខ្មែរ​ក្រោម​នៅ​ខេត្ត​ចំនួន៣ ​រួមមាន​​ ទីក្រុង​ព្រៃនគរ ខេត្ត​វាល​ប្រើស និង​ខេត្ត​ឃ្លាំង បាន​ប្រមូល​ផ្តុំ​គ្នា​នាំ​គ្នា​ពាក់អាវ ដាក់​អក្សរ​ថា ខ្មែរ​ក្រោម​អបអរ​ទិវា​នារីអន្តរជាតិ។ យុវនារី​ខ្មែរ​ក្រោម​ខ្លះ​ក៏​បាន ច្រៀង​ចម្រៀង​ក្នុង​ន័យ​អបអរ​ទិវា​នាទី​អន្តរជាតិ​នេះ​ដែរ។

យុវជន​ខ្មែរ​កម្ពុជា​ក្រោម តោ ហ្វាងចឿង ជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ប្រាប់​អាស៊ី​សេរី​ថា លោក​ផ្ដើម​​គំនិត​ធ្វើ​ទិវា​នេះ ព្រោះ​លោក​ចង់​ឲ្យ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ទទួល​បាន​សិទ្ធិ​ស្ត្រី​ពេញលេញ​ស្មើភាព​នឹង​ស្ត្រី​វៀតណាម ការ​អប់រំ​ត្រឹមត្រូវ​ និង​សិទ្ធិ​ជា​ជន​ជាតិ​ដើម​កំណើត៖ «យើង​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម​រាល់​ឆ្នាំ​គេ​មិន​ឲ្យ​នាទី​ខ្មែរ​ក្រោម​ប្រារព្ធ​ទិវា​សិទ្ធិ​នាទី​ទេ។ ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា​ដែរ ដូច្នោះ​ទើប​ឆ្នាំ​នេះ​ប្អូន​ផ្ដួចផ្ដើម​បោះ​ពុម្ព​អាវ​យឺត ​​ដើម្បី​ឲ្យ​នាទី​ខ្មែរ​ក្រោម​ដឹង​ថា ថ្ងៃ​ទី៨ មីនា ជា​ថ្ងៃ​សិទ្ធិ​នាទី​អន្តរជាតិ»

ការ​ប្តេជ្ញា​របស់​យុវជន​ខ្មែរ​ក្រោម ធ្វើទិវាសិទ្ធិនារី​អន្តរជាតិ៨ មីនា​នេះ ដោយសារ​តែ​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ព្រះ​ត្រពាំង​បាន​រឹបអូស​អាវ​ដែល​យុវជន​ខ្មែរ​ក្រោម​ត្រៀម ដើម្បី​ពាក់​ក្នុង​ទិវា​នោះ។ អាជ្ញាធរ​វៀតណាម កាល​ពី​ថ្ងៃ​ទី៤ មីនា បាន​រឹប​អូស​អាវ​យឺត​ជាង ១០ ពី​រោងពុម្ព​ខ្មែរ​ក្រោម​នៅ​ខេត្ត​ព្រះត្រពាំង។ ម្ចាស់​រោងពុម្ព​លោក ថាច់ សាង ប្រាប់​អាស៊ី​សេរី​ថា ប៉ូលិស​វៀតណាម បាន​រឹប​អូស​យក​អាវ​យឹត ដែល​លោក​បាន​បោះ​ពុម្ព​ឲ្យ​អតិថិជន ដែល​មាន​តម្លៃ​ប្រមាណ មួយ​រយ​ដុល្លារ ដោយ​មិន​បញ្ជក់​ពី​មូលហេតុ​ត្រឹមត្រូវ។ លោក​ថា ទង្វើ​របស់​អាជ្ញាធរ​វៀតណាម ជា​រឿង​អយុត្តិធម៌៖ «សង្ឃឹម​ថា បង​ខាង​អង្គការ ឬ​មួយ​ក៏​ខាង​ក្រសួង​ណា​មួយ ដើម្បី​ជួយ​រក​យុត្តិធម៌​ត្រង់​ចំណុច​នេះ ព្រោះ​ថា ខ្ញុំ​ជា​អ្នក​រក​ស៊ី។ ហេតុអ្វីបានជា​នគរបាល​ជាន់​ឈ្លី​ខ្ញុំ»

លោក ថាច់ សាង បន្ត​ទៀត​ថា ក្រោយ​ប៉ូលិស​វៀតណាម​រឹបអូស អាវ​យឺត​ហើយ ពួក​គេ​ក៏​បាន​យក​លិខិត​កោះហៅ​លោក​ទៅ​ជួប​អាជ្ញាធរ​នៅ​សាលា​ស្រុក​បន្ថែម​ទៀត​ដោយ​គ្មាន​បញ្ចប់​ពី​មូលហេតុ​ច្បាស់លាស់។ លោក​ចាត់​ទុក​ថា ការ​កោះហៅ​នេះ ជា​ការ​គំរាម​កំហែង​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ប្រកប​របរ​ស្រប​ច្បាប់៖ «ការ​រឹប​អូស​ហ្នឹង​ក៏​ជះ​ឥទ្ធិពល​ដល់​ការ​ប្រកប​របរ​ខ្ញុំ ចិញ្ចឹម​ជីវភាព​ខ្ញុំ​រាល់ថ្ងៃ​ដែរ។ ទី​មួយ មួយ​ចំនួន​គេ​យល់ មួយ​ចំនួន​ខ្លះ​ទៀត​គេ​មិន​យល់។ គេ​ថា ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ។”

ពាក់ព័ន្ធ​នឹង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨នាទីនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​ក្រោម​រាប់​លាន​នាក់ ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត មិន​បាន​ប្រារព្ធ​ទិវា​នេះ ដូច​ស្ត្រី​នៅ​ជុំវិញ​ពិភព​លោក​ទេ។ ជាង​នេះ​ទៅ​ទៀត​ពួក​គេ កំពុង​រស់នៅ​ដោយ​គ្មាន​សិទ្ធិ​សេរីភាព គ្មាន​យុត្តិធម៌ និង​រង​ការ​រើសអើង​ពូជ​សាសន៍។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា អាជ្ញាធរ​បាន​រឹតត្បិត​សិទ្ធិ​សេរី​របស់​ស្ត្រី​ខ្មែរ​ក្រោម មិន​ឲ្យ​មាន​​សេរីភាព​បញ្ចេញ​មតិ​ផ្នែក​នយោបាយ វប្បធម៌ និង​ប្រវត្តិសាស្ត្រ៖ «ស្ត្រី​ខ្មែរ​ក្រោម​យើង​ប្រើប្រាស់​បណ្ដាញ​សង្គម​យើង​និយាយ​ស្ដី​ទៅ​តាម សិទ្ធិ​សេរីភាព​របស់​យើង​ហ្នឹង គឺ​រដ្ឋាភិបាល​វៀតណាម​ហ្នឹង គេ​ហាម​ឃាត់​ហើយ។ ឬ​ក៏​យើង​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ វប្បធម៌ នឹង​ទំនៀម​ទម្លាប់​ហ្នឹង​គេ​ហាមឃាត់​ហើយ»

ភិក្ខុ ស៊ឺង យ៉ឹងរតនា ស្នើសុំ​អាជ្ញាធរ​វៀតណាម​ថា ត្រូវ​បើក​ឲ្យ​ស្ត្រី​ខ្មែរ​ក្រោម​ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ​ជា​ជន​ជាតិ​ដើម​កំណើត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល