ពលរដ្ឋខ្មែរក្រោមនៅអូស្ត្រាលី ធ្វើបាតុកម្មទាមទារអាជ្ញាធរវៀតណាមឱ្យដោះលែងសកម្មជនខ្មែរក្រោម ៤នាក់
2023.10.16

ពលរដ្ឋខ្មែរក្រោមរស់នៅប្រទេសអូស្ត្រាលីជិត ១០០នាក់ ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ក្នុងទីក្រុងកង់បេរ៉ា (Canberra) ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃទី១៦ ខែតុលា ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមដោះលែងសកម្មជនខ្មែរក្រោម ៤នាក់ ដែលកំពុងជាប់ឃុំឃាំងនៅដែនដីកម្ពុជាក្រោម។ ពលរដ្ឋខ្មែរក្រោមទាំងនោះ នាំគ្នាឈរស្រែកតវ៉ា ដោយអ្នកខ្លះលើកទង់ជាតិខ្មែរក្រោម អ្នកខ្លះកាន់រូបថតជនជាប់ឃុំ ហើយអ្នកខ្លះទៀតកាន់បដា ដែលសរសេរថា «ខ្មែរក្រោមជាម្ចាស់ទឹកដី» «អាជ្ញាធរវៀតណាម ត្រូវបញ្ឈប់អំពើហិង្សាព្រៃផ្ស» និង «បញ្ឈប់ការកាត់ទោសលើពលរដ្ឋខ្មែរក្រោមស្លូតត្រង់» ហើយ''អាជ្ញាធរវៀតណាម ត្រូវតែគោរពសិទ្ធិជនជាតិដើម''ជាដើម។
សំឡេងអ្នកតវ៉ា៖ «ជយោ កម្ពុជាក្រោមអមតៈ! សូមដោះលែងសកម្មជនយើងទាំង៤រូប។អាជ្ញាធរយួនត្រូវតែគោរពសិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោម»។
ក្នុងពេលពលរដ្ឋខ្មែរក្រោមតវ៉ានេះ ស្ថានទូតវៀតណាម បានបិទទ្វារដោយមិនមានមន្ត្រីវៀតណាមណាម្នាក់ចេញមកសម្របសម្រួល ឬទទួលញត្តិពីពលរដ្ឋខ្មែរក្រោមឡើយ។
ក្រោយពេលឈរតវ៉ាជាង ២ម៉ោង នៅមុខស្ថានទូតវៀតណាម ក្រុមអ្នកតវ៉ាបាននាំទៅឈរតវ៉ា និងដាក់ញត្តិជូនសភាសហព័ន្ធអូស្ត្រាលីវិញម្ដង។ បន្ទាប់មកតំណាងខ្មែរ ក្រោម ៤នាក់ ក៏បានធ្វើដំណើរទៅដាក់ញត្តិ និងចូលជួបមន្ត្រីក្រសួងការបរទេសផងដែរ។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអូសេអានី លោក យ័ញ បូណាត ថ្លែងថា ក្នុងជំនួបជាមួយមន្ត្រីក្រសួងការបរទេសអូស្ត្រាលីនោះ ពួកលោកបានរៀបរាប់លម្អិតអំពីករណីអាជ្ញាធររៀតណាមធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម និងការចាប់ខ្លួនសកម្មជនខ្មែរក្រោមចំនួន ៤នាក់។ លោកស្នើសុំរដ្ឋាភិបាលអូស្ត្រាលី ឱ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យប្រគល់សេរីភាពជូនសកម្មជនខ្មែរក្រោមទាំង ៤នាក់នោះឡើងវិញ។
លោក យ័ញ បូណាត៖ «មន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានសន្យាថា សំណើ ឬទុក្ខកង្វល់ដែលពួកយើងបានស្នើសុំនេះ គាត់ (មន្ត្រីក្រសួងការបរទេសអូស្ត្រាលី) ថា នឹងបញ្ជូនទៅស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាម ដើម្បីឲ្យស្ថានទូតលើកឡើងពីបញ្ហានេះនៅពេលជួបតំណាងរដ្ឋាភិបាលវៀតណាម»។
សកម្មជនខ្មែរក្រោមទាំង ៤នាក់ ដែលត្រូវបានអាជ្ញាធរវៀតណាម ចាប់ឃុំខ្លួននោះ រួមមាន លោក តោ ហ្វាងចឿង លោក ថាច់ កឿង លោក យ័ញ មិញក្វាង និងលោកស្រី ឌិញ ធីវិន។ មូលហេតុ ដែលអាជ្ញាធរវៀតណាមចាប់សកម្មជនទាំងនេះដោយសារពួកគេ តែងពាក់អាវទង់ជាតិខ្មែរក្រោម និងបង្ហោះព័ត៌មានទាក់ទងនឹងប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងចែកចាយសៀវភៅឯកសារស្ដីពីសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ ព្រមទាំងរឿងទាមទារសិទ្ធិកាន់កាប់ដីធ្លីជាដើម។
ក្រោយអាជ្ញាធរវៀតណាម ចាប់ឃុំខ្លួនសកម្មជនទាំង ៤នាក់នេះ រលកនៃការតវ៉ាពី សំណាក់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្រៅប្រទេស បានផ្ទុះឡើងជាបន្តបន្ទាប់ ដូចជា នៅប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក (USA) បារាំង (France) កាណាដា (Canada) និងនៅសហភាពអឺរ៉ុប (EU) ជាដើម។ ពួកគាត់ ទាមទារឲ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់ការរំលោភសិទ្ធិមនុស្សខ្មែរក្រោម ហើយត្រូវដោះលែងសកម្មជនខ្មែរក្រោមជាបន្ទាន់ និងឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។