សមាគម​ខ្មែរ​ក្រោម​ថា ស្ថានភាព​សិទ្ធិ​ខ្មែរ​ក្រោម​រង​ការ​រំលោភបំពាន​ទាំង​នៅ​ទឹក​ដី​កំណើត​និង​នៅ​កម្ពុជា

ដោយ អាស៊ីសេរី
2020-06-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​រាជធានី​ភ្នំពេញ ធ្វើ​ពិធី​ទិវា​កាន់​ទុក្ខ​ខួប​គម្រប់ ៧១ឆ្នាំ នៃ​ថ្ងៃ​អាណានិគម​បារាំង​ផ្ទេរ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​ត្រួតត្រា​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩ មក​ដល់​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។
ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​រាជធានី​ភ្នំពេញ ធ្វើ​ពិធី​ទិវា​កាន់​ទុក្ខ​ខួប​គម្រប់ ៧១ឆ្នាំ នៃ​ថ្ងៃ​អាណានិគម​បារាំង​ផ្ទេរ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​ត្រួតត្រា​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩ មក​ដល់​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។
រូប៖ ខ្មែរ​ក្រោម

សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​ថ្ងៃ​ទី៣ មិថុនា​នេះ បាន​ធ្វើ​ពិធី​​រម្លឹក​ខួប ៧១ឆ្នាំ ​ដែល​បារាំង​កាត់​ដី​​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង​ទាំង​ខុស​ច្បាប់​​ កាល​ពី​ថ្ងៃ​ទី៤ មិថុនា ឆ្នាំ ១៩៤៩។ មន្រ្តី​សមាគម​លើក​ឡើង​ថា ស្ថានភាព​សិទ្ធិ​ខ្មែរ​ក្រោម​នៅ​តែ​​​​ប្រឈម​នឹង​បញ្ហា​ការ​បំពាន​សិទ្ធិ​​នៅ​ទឹក​ដី​ខ្មែរ​និង​ការ​រំលោភ​បំពាន​​សិទ្ធិ​ពី​អាជ្ញាធរ​វៀតណាម​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម ហើយ​នៅ​កម្ពុជា ពលរដ្ឋ​ខ្មែរ​ក្រោម​ក៏​រង​ការ​រើសអើង​ដែរ។

ការ​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម​នេះ គឺ​មាន​ធ្វើ​ពិធី​សាសនា​និង​ការ​ផ្សាយ​ផ្ទាល់​​​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដើម្បី​រៀបចំ​វេទិកា​សំណួរ​ចម្លើយ​ស្ដីពី​ស្ថានភាព​សិទ្ធិ​ខ្មែរ​ក្រោម។អង្គការ និង​សមាគម​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​នេះ​នៅ​កន្លែង​ផ្សេង​គ្នា​ ថ្ងៃ​ខុស​គ្នា​ដោយ​សារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ covid-19

អគ្គលេខាធិការ​សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍ ​លោក សឺន ជុំជួន ថ្លែង​ក្នុង​ពិធី​នោះ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​សព្វ​ថ្ងៃ​ដែល​កំពុង​រស់​នៅ​ប្រទេស​កម្ពុជា​រួម​មាន៖ រាជធានី​ភ្នំពេញ ខេត្ត​តាកែវ កំពង់ស្ពឺ កំពង់​ឆ្នាំង និង​ខេត្ត​សៀមរាប​ជួប​បញ្ហា​ប្រឈម​បំផុត គឺ​អាជ្ញាធរ​វៀតណាម​​មិន​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ឲ្យ​ពួក​គេ​ទេ។ លោក​បន្ត​ថា​ បញ្ហា​មួយទៀត​គឺ​ការ​រំលោភ​បំពាន​ដីធ្លី​។​ ​លោក​ឱ្យ​ដឹង​ទៀត​ថា នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​ដែល​មាន​ពលរដ្ឋ​ខ្មែរ​​ក្រោម​រស់​នៅ​ច្រើន​​រួមមាន​៖​ ខេត្ត​ព្រះត្រពាំង​ ខេត្ត​ក្រមួនស ខេត្ត​ឃ្លាំង​និង​ខេត្ត​មាត់ជ្រូក​តែង​រង​ការ​គំរាមកំហែង​និង​រំលោភ​សិទ្ធិ​ពី​អាជ្ញាធរ​វៀតណាម៖ «បង​ប្អូន​ខ្មែរ​ក្រោម​​ទាំង​អស់​ហ្នឹង​កំពុង​ប្រឈម​បញ្ហា​ទាំង​អស់​ហ្នឹង​​​បើ​និយាយ​ពី​ស្ត្រី​ខ្មែរ​ក្រោម​វិញ​សឹង​តែ​មិន​ចេះ​រស់​នៅ​ដោយ​ភាព​លំបាក​​តាម​ចិញ្ចឹម​ផ្លូវ​ក្នុង​ការ​លក់​ដូរ​​​​កំប៉ិកកំប៉ុក​អ៊ីចឹង​ទៅ​ជាពិសេស​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​​​ផង»

នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ពលរដ្ឋ​ខ្មែរ​កំពុង​រង​ការ​រំលោភ​បំពាន​ពី​អាជ្ញាធរ​វៀតណាម។ ​ កាល​ពី​ដើម​ខែ​ឧសភា ពលរដ្ឋ​ខ្មែរ​ក្រោម​រស់នៅ​ថ្នាក់​ខេត្ត​ក្រមួន​ស ​ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​​មក​ជា​ខេត្ត កៀង យ៉ាង ត្រូវ​អាជ្ញាធរ​វៀតណាម​បណ្ដេញ​ចេញ​ពី​ដី​ធ្លី​ជាង ១០០​ហិកតារ។ យុវជន​ខ្មែរ​ក្រោម លោក ថាច់ កឿង​ រស់នៅ នៅ​ខេត្ត​ព្រះត្រពាំង ​ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ខេត្ត ​ត្រាវិញ (Tra Vinh) ត្រូវ​អាជ្ញាធរ​​វៀតណាម​ពិន័យ​​លុយ ​ជាង ៧លាន​ដុង ឬ​ប្រមាណ ៣រយ​ដុល្លារ​ករណី​បង្ហោះ​វីដេអូ​​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ចោទ​​អាជ្ញាធរ​វៀតណាម​ចែក​​អង្ករ​ក្លែងក្លាយ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​។ ​ជុំវិញ​ការ​រំលោភ​សិទ្ធិ​ខ្មែរ​ក្រោម​នេះ លោក សឺន ជុំជួន ឲ្យ​ដឹង​ថា លោក​បាន​ដាក់​បញ្ញត្តិ​ទៅ​បណ្ដា​ស្ថានទូត​ប្រទេស​សេរី​ដែល​ឥទ្ធិពល​លើ​វៀតណាម ដែល​មាន​ស្ថានទូត​នៅ​កម្ពុជា​ និង​នៅ​ប្រទេស​វៀតណាម​ឱ្យ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឱ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ត្រូវ​ផ្ដល់​ដី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ។

ជុំវិញ​ការ​លើកឡើង​ថា​ ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ជា​ជនជាតិ​ដើម​ខ្មែរ​មកពី​ទឹកដី​ក្រោម​នៅ​តែ​ពិបាក​ក្នុង​ការ​ទទួល​បាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ពី​អាជ្ញាធរ​ខ្មែរ​​ អាស៊ី​សេរី​បាន​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ អគ្គនាយក​រង​នៃ​អគ្គនាយក​អត្តសញ្ញាណកម្ម​ លោក តុប នេត​ និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។

តាម​ការ​បញ្ជាក់​ពី​លោក សឺន ជុំជួន​ ពលរដ្ឋ​ខ្មែរ​ក្រោម​រស់​នៅ​ប្រទេស​កម្ពុជា​មាន​ជាង​មួយ​​​លាន​នាក់​​ ក្នុង​នោះ​ប្រមាណ ៣០ភាគ​រយ​មិន​ទាន់​ទទួល​បាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ពី​អាជ្ញាធរ​​។ សហគមន៍​ខ្មែរ​ក្រោម​ស្នើ​ទៅ​អាជ្ញាធរ​កម្ពុជា​ពន្លឿន​ដោះស្រាយ​បញ្ហា​នេះ​ដើម្បី​ជៀសវាង​​ការ​ប្រឈម​បញ្ហា ឬ​ការរំលោភ​សិទ្ធិ​នៅ​លើ​ទឹក​កំណើត​របស់​ខ្លួន ខណៈ​ពួក​គេ​បាន​ជួប​បញ្ហា និង​រង​ការ​ជិះជាន់​​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​វៀតណាម​ទៅ​ហើយ​នោះ។

ពលរដ្ឋ​ខ្មែរ​ក្រោម​រស់នៅ​ខេត្ត​ក្រមួនស​ លោក សឺន ចាំង ដែល​កំពុង​មាន​បញ្ហា​ដីធ្លី​​ជាមួយ​អាជ្ញាធរ​វៀតណាម​ឱ្យ​អាស៊ី​សេរី​ដឹង​ថា អាជ្ញាធរ​វៀតណាម​តែង​តាម​ឃ្លាំមើល​ពួក​លោក​​ជាប្រចាំ​​។​លោក​ថា​ ពេល​លោក​ផ្ដល់​ព័ត៌មាន ឬ​ផ្ដល់​បទ​សម្ភាស​មក​អ្នកសារព័ត៌មាន ឬ​មក​អាស៊ី​សេរី​ម្ដងៗ គឺ​លួចលាក់​​រក​​កន្លែង​មាន​សុវត្ថិភាព​និយាយ​ទូរស័ព្ទ។ លោក​ថា​ ប្រសិន​បើ​អាជ្ញាធរ​អាជ្ញាធរ​វៀតណាម​ដឹង​ថា​លោក​បាន​ផ្ដល់​ព័ត៌មាន​ចេញ​ក្រៅ​ពី​បញ្ហា​របស់​លោក ឬ​បញ្ហា​របស់​​ពលរដ្ឋ​ខ្មែរ​ក្រោម​នឹង​ត្រូវ​អាជ្ញាធរ​វៀតណាម​ធ្វើ​ទុក្ខបុកម្នេញ​ឬ​ត្រូវ​ជាប់​ពន្ធនាគារ៖ «តាមដាន​យើង​តាំង​ពី​កន្លែង​ស៊ីម​ទូរស័ព្ទ​ទៀត​ណា ហើយ​ស៊ីម​ទូរស័ព្ទ​សុទ្ធ​តែ​ឲ្យ​យើង​ដាក់​ទីតាំង​យក​កាត​ទៅ​ទៀត​ខ្លាច​យើង​បះបោរ»

កម្ពុជា​បាន​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ឬ​កូសាំងស៊ីន​ដែល​មាន​​ខេត្ត​​​ចំនួន ២១ កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩ ដោយសារ​តែ​បារាំង​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​ទាំង​ខុស​ច្បាប់ និង​គ្មាន​ការ​យល់​ព្រម​ពី​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។

ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី លោក ថាច់ សេដ្ឋា ឱ្យ​អាស៊ី​សេរី​ដឹង​ថា សមាគម​​របស់​លោក​នឹង​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម​នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា​នៅ​ទីស្នាក់ការ​សមាគម​ដោយ​មាន​និមន្ត​ព្រះសង្ឃ ៩អង្គ​ធ្វើ​ពិធី​សាសនា​និង​មាន​តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ ៣០នាក់ ដើម្បី​ចូលរួម​ប្រារព្ធ​ពិធី​នេះ៕

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​រាជធានី​ភ្នំពេញ ធ្វើ​ពិធី​ទិវា​កាន់​ទុក្ខ​ខួប​គម្រប់ ៧១ឆ្នាំ នៃ​ថ្ងៃ​អាណានិគម​បារាំង​ផ្ទេរ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​ត្រួតត្រា​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩ មក​ដល់​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ ខ្មែរ​ក្រោម
ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​រាជធានី​ភ្នំពេញ ធ្វើ​ពិធី​ទិវា​កាន់​ទុក្ខ​ខួប​គម្រប់ ៧១ឆ្នាំ នៃ​ថ្ងៃ​អាណានិគម​បារាំង​ផ្ទេរ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​ត្រួតត្រា​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩ មក​ដល់​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ ខ្មែរ​ក្រោម

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល