សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សមាគម​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ប្រារព្ធ​ខួប​បាត់​បង់​ទឹក​ដី​លើក​ទី ៧២ឆ្នាំ

ដោយ យន់ សាមៀន
2021-06-01
Share
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សមាគម​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ប្រារព្ធ​ខួប​បាត់​បង់​ទឹក​ដី​លើក​ទី ៧២ឆ្នាំ ​ខ្មែរ​ក្រោម​រស់នៅ​កម្ពុជា​​ នៅ​ថ្ងៃ​ទី៣ ខែមិថុនា ឆ្នាំ២០២០ នាំ​ប្រារព្ធ​ខួប​បាត់​បង់​ទឹក​ដី​​កម្ពុជាក្រោម​លើក​​ទី ៧១ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ១៩៤៩។
រូប៖ គេផ្ដល់ឱ្យ

អង្គការ​សមាគម​ខ្មែរ​ក្រោម​នៅ​ក្នុង និង​ក្រៅ​ស្រុក​រួម​ទាំង​យុវជន​ខ្មែរ​ក្រោម​រស់នៅ​លើ​ទឹក​ដី​កំណើត​ប្រារព្ធ​ខួប​បាត់​បង់​ទឹក​ដី​លើក​ទី ៧២ឆ្នាំ​ថ្ងៃ​ទី៤ មិថុនា​ខាង​មុខ។ ​សម្រាប់​ខួប​ ៧២ឆ្នាំ​នេះ ​​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​បំផុស​ចលនា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​​រស់​នៅ​លើ​ទឹក​ដី​កំណើត​រក្សា​អត្តសញ្ញាណ​ជា​ខ្មែរ​ក្រោម​នៅ​លើ​ទឹកដី​កំណើត​ ដើម្បី​ឈាន​ទៅ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​វាសនា​ដោយ​ខ្លួន​ទៅ​ថ្ងៃ​អនាគត។

ពលរដ្ឋ​ខ្មែរ​ក្រោម​បាន​បាត់​បង់​ទឹកដី​ដើម​កំណើត​ដោយសារ​តែ​បារាំង ​(France) ​បាន​កាត់​ទឹក​ដី​ខ្មែរ​ក្រោម​ឲ្យ​វៀតណាម​ទាំង​ខុស​ច្បាប់​អស់​រយៈ​ពេល ៧២ឆ្នាំ​ហើយ គិត​ត្រឹម​ថ្ងៃ​ទី៤ មិថុនា​ខាង​មុខ។ អង្គការ​សមាគម​ខ្មែរ​ក្រោម​ក្នុងស្រុក និង​ក្រៅ​ស្រុក​លើក​ឡើង​ថា ចាប់តាំង​ពី​វៀតណាម​បាន​គ្រប់គ្រង​ទឹក​ដី​ខ្មែរ​ក្រោម​ទាំង​ខុស​ច្បាប់​មក អាជ្ញាធរ​វៀតណាម​បាន​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​បំបាត់ ​អត្តសញ្ញាណ​ខ្មែរ​ក្រោម​ពី​ទឹក​ដី​កំណើត​។  មហិច្ឆតា​របស់​វៀតណាម​ក្នុង​ការ​បំបាត់​ អត្តសញ្ញាណ​ខ្មែរ​ក្រោម​រួម​មាន ការ​កែ​ប្រែ​ឈ្មោះ​ខេត្ត​ពី​ខ្មែរ​ទៅ​ជា​ភាសា​វៀតណាម បំបាត់​វប្បធម៌ ប្រពៃណី​ អក្សរសាស្ត្រ​ និង​សិទ្ធិ​ជា​ជនជាតិ​ដើម​កំណើត​ជា​ដើម។ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ឲ្យដឹង​ថា ដើម្បី​ទប់​ស្កាត់ មហិច្ឆតា​របស់​វៀតណាម​នេះ​ សហព័ន្ធ​នឹង​បំផុស​ស្មារតី​ស្នេហាជាតិ​ដល់​បងប្អូន​ខ្មែរ​ក្រោម​ដែល​កំពុង​រស់​លើ​ទឹកដី​កំណើត​ឲ្យ​ប្រកាន់​ភ្ជាប់​និង​រក្សា​អត្ត​សញ្ញាណ​ជា​ខ្មែរ​ក្រោម។ សហព័ន្ធ​ខ្មែរ​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​នឹង​ជួបជុំគ្នា​នៅ​តាម​សាខា​ក្នុង​រដ្ឋ​នីមួយៗ ផ្សេងៗ គ្នា ដើម្បី​ប្រារព្ធ​ថ្ងៃ​ដ៏​សោកសៅ ក្នុង​ខួប​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។ សហព័ន្ធ​ខ្មែរ​ក្រោម ក៏​នឹង​មាន​វេទិកា​ជជែក​ជុំវិញ​ព្រឹត្តិការណ៍​បាត់បង់​ទឹក​ដី​នេះ នៅ​តាម​បណ្ដាញ​សង្គម​ផង​ដែរ។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា ការ​ថែ​រក្សា​អត្ត​សញ្ញាណ​ខ្មែរ​ក្រោម​ឲ្យ​បាន​គង់វង្ស​នៅ​លើ​ទឹក​កំណើត​នឹង​ជំរុញ​ឲ្យ​ការ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ជោគជ័យ​ទៅ​ថ្ងៃ​ក្រោយ៖ «សារ​សំខាន់​នៅ​ឆ្នាំ​នេះ​គឺ​ថា អំពាវនាវ​ឲ្យ​ខ្មែរ​ក្រោម​ហៅ​ខ្លួន​ឯង​ជា​ខ្មែរ​ក្រោម ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ហៅ​ខ្មែរ​ក្រោម​ថា ខ្មែរ​ក្រោម។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ផ្ដោត​សំខាន់​ហ្នឹង គឺ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ហ្នឹង​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម ហើយ​ហៅ​ពលរដ្ឋ​ខ្មែរ​ក្រោម​ថា ខ្មែរ​ក្រោម»

Son_Yueng_Ratana.jpeg
ព្រះភិក្ខុ សឺង យ៉ឹងរតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។ រូប៖ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

របាយការណ៍​សហព័ន្ធ​ខ្មែរ​ក្រោម​ប្រចាំ​ឆ្នាំ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ២០២០ និង​ដើម​ឆ្នាំ២០២១ អាជ្ញាធរ​វៀតណាម ​បាន​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​យុវជន​ខ្មែរ​ក្រោម មិន​ឲ្យ​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​ពិត​នៃ​ការ​បាត់បង់​ទឹក​ដី និង​សិទ្ធិ​ចែកចាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម។ យុវជន​ខ្មែរ​ក្រោម​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ផាក​ពិន័យ​រាប់​រយ​ដុល្លារ និង​បាន​រឹបអូស​សៀវភៅ​ ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើមកំណើត​ជា​ដើម។ ចំណែក​កសិករ​ខ្មែរ​ក្រោម​ដែល​ត្រូវ​អាជ្ញាធរ​រឹបអូស​យក​ដី​ស្រែ​កេរ្តិ៍​ដូនតា ក៏​ត្រូវ​តុលាការ​វៀតណាម​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រាប់​ឆ្នាំ​ទាំង​អយុត្តិធម៌​ផង​ដែរ។ ព្រះ​ភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា ​រយៈ​ពេល ៧២ឆ្នាំ​នេះ ​រដ្ឋាភិបាល​វៀតណាម​បន្ត​ធ្វើទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដោយ​គ្មាន​ស្រាកស្រាន្ត​ឡើយ៖ «រដ្ឋាភិបាល​វៀតណាម​ហ្នឹង​គេ​មិន​អនុញ្ញាត​ឲ្យ​ទេ ដូច​ជា សាលា​រៀន​រដ្ឋ​មិន​បាន​បើក​ជា​ភាសា​ខ្មែរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​រៀន​អក្សរសាស្ត្រ​ខ្មែរ​ក្រោម​ទេ ហើយ​ការ​គោរព​ព្រះពុទ្ធសាសនា​​នៅ​មាន​កម្រិត ដោយសារ​តែ​រដ្ឋាភិបាល​វៀតណាម​ហ្នឹង គេ​រឹតត្បិត​សិទ្ធិ​សេរី​គ្រប់​បែប​យ៉ាង»

ទាក់ទង​នឹង​ការ​ប្រារព្ធ​ខួប ៧២ឆ្នាំ​ ជា​ថ្ងៃ​កាន់​ទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ​ដែរ អង្គការ​សមាគម​ខ្មែរ​ក្រោម​នៅ​កម្ពុជា ក៏​គ្រោង​នឹង​ជួប​ជុំ​គ្នា​ធ្វើ​ទិវា​ថ្ងៃ​កាន់​ទុក្ខ​នេះ​ដែរ។

នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម ​លោក ថាច់ សេដ្ឋា ប្រាប់​អាស៊ី​សេរី​ថា តាម​គម្រោង​សហគមន៍​គ្រោង​ជួបជុំ​គ្នា​រាប់​បាត្រ​ដល់​ព្រះសង្ឃ ១៩៤៩អង្គ នៅ​ចុង​ខែ​មិថុនា​ដោយសារ​តែ ការ​រាតត្បាត​ជំងឺ Covid-19 មិន​អាច​ធ្វើ​បាន​នៅ​ថ្ងៃ​ទី៤ មិថុនា។ ទោះ​បី​ជា​យ៉ាង​ណា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​នឹង​យក​ជំនួយ​ទៅ​ចែក​ជូន ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​រង​គ្រោះ​ដោយសារ​តែ​ការ​រាតត្បាត​ជំងឺ Covid-19 ​ចាប់ពីថ្ងៃទី៤ មិថុនា​ដល់​ចុង​ខែ​មិថុនា ​និង​ធ្វើ​យុទ្ធនាការ ផ្សព្វផ្សាយ​ការពិត​ពី​ប្រវត្តិ​នៃ​ការ​បាត់​បង់​ទឹក​ដី និង​បង្ហាញ​ថា ខ្មែរ​ក្រោម​ជា​ជន​ដើម​កំណើត​មិន​មែន​ជា​ជនជាតិ​ភាគ​តិច​ជា​ដើម។ លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ថា ខ្មែរ​ក្រោម​បន្ត​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​វៀតណាម មិន​ចេះ​ចប់ មិន​ចេះ​ហើយ​ក្នុង​រយៈ ៧២ឆ្នាំ ​ដែល​វៀតណាម​ធ្វើ​អាណា​និគម​លើ​ទឹក​ដី​កម្ពុជា​ក្រោម៖ «បាទ​អត់​មាន​អ្វី​ស្រាកស្រាន្ត​ទេ ការ​គាបសង្កត់​ជា​រឿង​នយោបាយ​របស់​យួន។ ពី​សម័យ​មួយ​ទៅ​សម័យ​មួយ​គេ​មិន​ដែល​ផ្លាស់​ប្ដូរ​នយោបាយ​គាប​សង្កត់​សិទ្ធិ​សេរីភាព គេ​ខ្លាច​ថា យើង​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ហ្នឹង​ក្នុង​ការ​តវ៉ា​ទាមទារ​ផ្សេងៗ។ ការ​សិក្សា​ដូច​គ្នា​ដែរ គេ​មិន​ឲ្យ​យើង​រៀន​សូត្រ​ទូលំទូលាយ​ទេ។ ខ្លាច​យើង​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​នឹង​ទឹក​ដី។ គេ​ចង់​ឲ្យ​យើង​រស់​នៅ​តាម​បែប​សត្វ​តិរច្ឆាន»

Khmer_Krom_060419.jpg
​លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម ថ្លែង​ក្នុង​ពិធី​រំឭក​ការ​បាត់បង់​ទឹកដី និង​វីរបុរស​ខ្មែរក្រោម កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៩ នៅ​រាជធានី​ភ្នំពេញ។ រូប៖ គេផ្ដល់ឱ្យ

យុវជន​ខ្មែរ​ក្រោម​កំពុង​រស់​នៅ​លើ​ទឹកដី​កំណើត ក៏​គ្រោង​នឹង​ជួបជុំ​គ្នា​ប្រារព្ធ​ថ្ងៃ​បាត់​បង់​ទឹក​ដី​នេះ​ដែរ។ យុវជន​ខ្មែរ​ក្រោម យុវជន តោ ហ្វាងចឿង ប្រាប់​អាស៊ី​សេរី​ថា យុវជន​គ្រោង​នឹង​ជួបជុំ​គ្នា ដើម្បី​រំលឹក​ថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម ប៉ុន្តែ​អាជ្ញាធរ​វៀតណាម បាន​ចាប់​ផ្ដើម​បិទ​ខ្ទប់​តំបន់​ដែល​លោក​រស់​នៅ​ដោយសារ​តែ​ជំងឺ Covid-19។ លោក​ថា យុវជន​ខ្មែរ​ក្រោម​នឹង ​ពិភាក្សា​គ្នា​ម្ដង​ទៀត​អំពី​ការ​ប្រារព្ធ​ទិវា​នេះ៖ «នៅ​កម្ពុជា​ក្រោម យុវជន​និមន្ត​លោក​មក​សូត្រ​ជូន​ដល់​បុព្វបុរស ដែល​លោក​ហ៊ាន​បូជា​ជីវិត ដើម្បី​ជាតិ​សាសនា»

យុវជន តោ ហ្វាងចឿង កាល​ពី​ឆ្នាំ២០២០ ត្រូវ​អាជ្ញាធរ​វៀតណាម​ផាក​ពិន័យ​ជាច្រើន​រយ​ដុល្លារ ដោយសារ​តែ​ពាក់​អាវ​មាន​អក្សរ​ថា ​ខួប​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម និង​មាន​ស្លាក​សញ្ញា​សហព័ន្ធ​ខ្មែរ​ក្រោម។ កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​នេះ អាជ្ញាធរ​បាន​ផ្ញើ​លិខិត​ទារ​លុយ​យុវជន តោ ហ្វាងចឿង ប៉ុន្តែ​លោក​បដិសេធ​មិន​សង​ដោយសារ​តែ​អះអាង​ថា លោក​គ្មាន​កំហុស។ អាណានិគម​បារាំង បាន​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​ត្រួតត្រា​ទាំង​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩។ ចាប់​តាំង​ពី​ពេល​នោះ​មក វៀតណាម​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​បំបាត់​វប្បធម៌ អត្តសញ្ញាណ សាសនា និង​ទំនៀម​ទម្លាប់​ខ្មែរ​ក្រោម។ បច្ចុប្បន្ន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ធ្វើ​ចលនា​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​នៅ​ថ្ងៃ​អនាគត៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល