សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ដែលមានអាជ្ញាធរវៀតណាមនៅពីក្រោយ បានបដិសេធមិនទទួលស្គាល់សាមណេរ យឿង ខាយ ជាព្រះសង្ឃ និងហាមឃាត់មិនឲ្យវត្តខ្មែរក្រោមអនុញ្ញាតឲ្យសាមណេរ យឿង ខាយ គង់។ វិធានការរបស់ សមាគមព្រះសង្ឃវៀតណាមនេះ ធ្វើឡើងស្របពេលដែលអង្គការសិទ្ធិមនុស្សអន្តរជាតិ (HRW) ចេញរបាយការណ៍សិទ្ធិមនុស្សសកលឆ្នាំ២០២៣ ដែលរកឃើញថា វៀតណាមកំពុងបង្កើនការរំលោភបំពានសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។
សហព័ន្ធខ្មែរកម្ពុជាក្រោម និងមន្ត្រីអង្គការសិទ្ធិមនុស្សអន្តរជាតិ (HRW) រិះគន់ទង្វើរបស់រដ្ឋាភិបាលវៀតណាម ដែលបន្តគាបសង្កត់សិទ្ធិមនុស្ស និងសាសនា។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពី សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ប្រចាំខេត្តឃ្លាំង ដែលមានអាជ្ញាធរវៀតណាមនៅពីក្រោយបានចេញសារាចរណែនាំមួយ ផ្ញើទៅព្រះចៅអធិការវត្តនៅទូទាំងខេត្តឃ្លាំងកុំទទួលស្គាល់សាមណេរ យឿង ខាយ ជាព្រះសង្ឃស្របច្បាប់ នៅក្នុងខេត្តឃ្លាំងឡើយ។ សារាចរក៏បន្តថា ប្រសិនបើវត្តអារាម នៅទូទាំងខេត្តដឹងថា សាមណេរ យឿង ខាយ គង់នៅវត្តអារាមណាមួយ ត្រូវរាយការណ៍ទៅសមាគមព្រះសង្ឃស្នេហាជាតិវៀតណាម ជាបន្ទាន់ ហើយប្រសិនបើព្រះចៅអធិការវត្តលាក់បាំងព័ត៌មាន ឬផ្ដល់ទីតាំងឲ្យសាមណេរ យឿង ខាយ គង់នៅ នឹងត្រូវប្រឈមចំពោះមុខច្បាប់។ ការគំរាមកំហែងរបស់សមាគមព្រះសង្ឃស្នេហាជាតិវៀតណាមនេះ ធ្វើឡើងបន្ទាប់ពី សាមណេរ យឿង ខាយ ដែលសកម្មធ្វើការងារផ្នែកសិទ្ធិមនុស្ស និងទាមទារសិទ្ធិស្វ័យសម្រេចរបស់ជនជាតិខ្មែរក្រោម បានទៅសាងផ្នួសនៅវត្តមង្គលបុរីទ្រនំសេកនៅខេត្តលង់ហោរ។ ច្បាប់វៀតណាមតម្រូវឲ្យខ្មែរក្រោមរស់នៅខេត្តណា ត្រូវបួសក្នុងខេត្តនោះ ដោយមានការអនុញ្ញាតពីព្រះសង្ឃវៀតណាមជាមុនសិន។
ពាក់ព័ន្ធនឹងការគំរាមកំហែងព្រះសង្ឃខ្មែរក្រោមនេះ ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា ថ្កោលទោស ទង្វើរបស់ សមាគមព្រះសង្ឃស្នេហាជាតិវៀតណាម។ ព្រះអង្គមានថេរដីកាថា សាមណេរ យឿង ខាយ បានបួសត្រឹមត្រូវស្របតាមវិន័យរបស់ព្រះពុទ្ធសាសនា។
ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ « អាជ្ញាធរវៀតណាមបង្ខំព្រះសង្ឃនៅខេត្តឃ្លាំងចេញលិខិតបដិសេធមិនទទួលស្គាល់សាមណេរ យឿង ខាយ បួសក្នុងព្រះពុទ្ធសាសនា។ នេះជាទង្វើរបស់វៀតណាម ដែលសងសឹកធ្វើទុក្ខបុកម្នេញ។ ជាពិសេស សាមណេរ យឿង ខាយ បានបួសក្នុងព្រះពុទ្ធសាសនាគ្មានខុសវិន័យក្នុងព្រះពុទ្ធសាសនាទេ។ នៅកម្ពុជាក្រោម ប្រសិនបើកុលបុត្រមានចង់បួសនៅខេត្តណា វត្តណានៅទូទាំងដែនដីកម្ពុជាក្រោមគឺគ្មានខុសនឹងច្បាប់វិន័យទេ » ។
សហព័ន្ធខ្មែរកម្ពុជាក្រោមគ្រោងនឹងដាក់លិខិតទៅអង្គការសិទ្ធិមនុស្ស និងក្រសួងការបរទេសអាមេរិកដើម្បីសុំអន្តរាគមន៍កុំឲ្យវៀតណាមបន្តរំលោភសិទ្ធិសាសនាខ្មែរកម្ពុជាក្រោម។
វិធានការរបស់ សមាគមព្រះសង្ឃដែលមានអាជ្ញាធរវៀតណាមនៅពីក្រោយនេះទៅលើសាមណេរ យឿង ខាយ កើតឡើងស្របពេលដែលអង្គការសិទ្ធិមនុស្សអន្តរជាតិ (HRW) ចេញរបាយការណ៍សិទ្ធិមនុស្សសកលឆ្នាំ២០២៣ ដែលរកឃើញថា វៀតណាមកំពុងបង្កើនការបង្ក្រាបសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋនិងអង្គការសង្គមស៊ីវិល។ វៀតណាមក៏រឹតត្បិតការសំដែងមតិការបង្កើតសមាគមការប្រមូលផ្ដុំដោយសន្តិវិធី ការធ្វើដំណើរនិងសាសនា។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ឲ្យវិទ្យុអាស៊ីសេរីដឹងថា រដ្ឋាភិបាលវៀតណាមបន្តធ្វើទុក្ខបុកម្នេញ និងរើសអើងជាប្រព័ន្ធលើសហគមន៍ខ្មែរក្រោម។ ទង្វើទាំងនោះរួមមានការឃុំខ្លួននិងសួរចម្លើយយុវជន មេដឹកនាំសហគមន៍ និងព្រះសង្ឃដែលហ៊ានសំដែងមតិហើយព្យាយាមអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាមូលដ្ឋាន។ រដ្ឋាភិបាលវៀតណាម ក៏តែងតែជ្រៀតជ្រែកក្នុងប្រតិបត្តិការផ្ទៃក្នុងរបស់ពុទ្ធសាសនិកខ្មែរក្រោម និងចង់ត្រួតត្រាពួកគេ បង្អាក់ការអប់រំជាភាសាខ្មែរ និងឃ្លាំមើលជាលក្ខណៈស្អប់ខ្ពើមលើមេដឹកនាំសហគមន៍ខ្មែរក្រោម។ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បន្តទៀតថា វាគ្មានអ្វីចម្លែកទេ ដែលខ្មែរក្រោមខឹងនឹងទង្វើរំលោភបំពានរបស់រដ្ឋាភិបាលវៀតណាម។ វៀតណាមគិតថា ខ្មែរក្រោមមិនស្មោះត្រង់នឹងវៀតណាម ដោយសារតែពួកគេជាជនជាតិខ្មែរ។ លោកស្នើឲ្យវៀតណាមគួរតែបញ្ឈប់ជាបន្ទាន់នូវយុទ្ធនាការបៀតបៀន ទៅលើខ្មែរក្រោម ទម្លាក់ការចោទប្រកាន់បទឧក្រិដ្ឋ លើសកម្មជនខ្មែរក្រោម ដែលជាប់ពន្ធនាគារដោយសារការអនុវត្តសិទ្ធិរបស់ពួកគេដោយសន្តិវិធី និងទទួលស្គាល់អត្តសញ្ញាណសង្គម និងវប្បធម៌ខ្មែរក្រោម។ លោកក៏ស្នើសហរដ្ឋអាមេរិកសហភាពអឺរ៉ុប និងដៃគូពាណិជ្ជកម្ម និងម្ចាស់ជំនួយសំខាន់ៗ ផ្សេងទៀតជាមួយវៀតណាម គួរតែនិយាយជាសាធារណៈអំពីស្ថានភាពលំបាករបស់សហគមន៍ខ្មែរក្រោម ហើយទាមទារឱ្យទីក្រុងហាណូយគោរពសិទ្ធិរបស់ពួកគេ។ ពាក់ព័ន្ធនឹងសាមណេរ យឿង ខាយ វិញ ព្រះអង្គបន្តគង់នៅវត្ត មង្គលបុរីទ្រនំសេក នៅខេត្តលង់ហោរនៅឡើយមកទល់នឹងថ្ងៃទី១៦ មករា។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសាមណេរ យឿង ខាយ ដើម្បីសុំប្រតិកម្មរឿងវៀតណាមមិនទទួលស្គាល់ព្រះអង្គ ជាសង្ឃនៅឡើយទេ ប៉ុន្តែ សាមណេរ យឿង ខាយ សរសេរនៅលើទំព័រ (Facebook) ថា ព្រះអង្គបួសជាសង្ឃស្របតាមវិន័យព្រះពុទ្ធសាសនា ដោយមានព្រះចៅអធិការវត្តទទួលស្គាល់។ សាមណេរ យឿង ខាយ សរសេរបន្តថា វត្តខ្មែរក្រោម កសាងដោយដូនតាខ្មែរក្រោមមិនមែនជាសកម្មសិទ្ធិរបស់វៀតណាមនោះទេ។ សាមណេរ យឿង ខាយ កាលពីមុនបួសជាសកម្មជនសិទ្ធិការងារនិងសិទ្ធិមនុស្ស។ ព្រះអង្គធ្លាប់វៀតណាមកោះហៅទៅសម្លុតគំរាមកំហែងប្រមាណដប់ដង និងផាកពិន័យ ដោយសារសកម្មភាពបម្រើវិស័យសិទ្ធិមនុស្ស។ សាមណេរ យឿង ខាយ បាន សម្រេចព្រះទ័យបួស ដើម្បីបុព្វហេតុសិទ្ធិស្វ័យសម្រេចរបស់ជនជាតិខ្មែរក្រោមទៅថ្ងៃអនាគត៕