អង្គការ​អន្តរជាតិ​អំពាវនាវ​ប្រទេស​ជា​សមាជិក​ អ.ស.ប កុំបោះឆ្នោត​គាំទ្រ​បេក្ខភាព​វៀតណាម​ ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស

0:00 / 0:00

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោមនិង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​ចំនួនបាន​អំពាវនាវ​ឲ្យ​ឯកអគ្គរដ្ឋទូតនិង​តំណាង​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិកុំបោះឆ្នោត​គាំទ្រ​បេក្ខភាព​ប្រទេស​វៀតណាម​ឲ្យ​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។អង្គការ​សិទ្ធិ​ទាំង​នោះ​លើក​ឡើង​ថាប្រទេស​វៀតណាម​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​លើ​ពលរដ្ឋខ្លួន​ឯងនិង​ជនជាតិ​ដើមដែល​ជា​ម្ចាស់​ស្រុករួមមាន ​ពលរដ្ឋខ្មែរ​ក្រោម​ជា​ដើម។

អង្គការ​អន្តរជាតិ​ចំនួន​៧​ បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​មួយបង្ហាញ​ក្តី​កង្វល់​ដល់​ឯកអគ្គរដ្ឋទូត និង​តំណាង​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ជុំវិញ​ប្រទេស​វៀតណាមដែល​ចង់​ក្លាយ​ជា​សមាជិកក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិសម្រាប់​អាណត្តិថ្មី​ពី​ឆ្នាំ២០២៣ដល់​ឆ្នាំ​២០២៥។ អង្គការ​ទាំងនោះ​លើកឡើង​ថាវៀតណាម​មាន​កំណត់ត្រា​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរដូច្នោះ​ប្រសិន​បើ​ប្រទេស​នេះជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​មែន​នោះកិត្តិយស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​កំពូល​ពិភពលោក​មួយ​នេះនឹង​ត្រូវ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ។

ញាតិ្តរបស់​អង្គការ​អន្តរជាតិ​នេះធ្វើឡើង​ក្រោយ​ពេល​ក្រសួង​ការបរទេស​វៀតណាម​ប្រកាស​ថាវៀតណាម​ចង់ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ។ វៀតណាមអះអាង​ថា រដ្ឋាភិបាល​កុម្មុយនិស្ត​មួយ​នេះនឹង​ប្តេជ្ញា​ការពារ​ជនងាយ​រងគ្រោះបំបាត់អំពើ​ហិង្សាលើកតម្កើង​សមភាព​យេនឌ័រ​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពិភពលោក។ វៀតណាម​ធ្លាប់​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​នេះ​ម្តង​រួច​ហើយកាល​ពី​ចន្លោះ​ឆ្នាំ២០១៤ និង​ឆ្នាំ២០១៦។ទោះបី​ជា​យ៉ាង​ណាកាល​ពី​ពេល​ថ្មីៗ​ នេះអ្នករាយការណ៍​ពិសេស​ផ្នែកសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រទេស​វៀតណាមសំដែង​ក្តី​បារម្ភ​ជុំវិញ​ការ​ឃាត់​ខ្លួន​យុវជន​ខ្មែរ​ក្រោម​លោក ដួង ខាយ ដោយ​ចោទ​ប្រកាន់​លោក​រឿង​ចែកចាយឯកសារ​សេចក្តីប្រកាស​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម។ វៀតណាម​បាន​សារភាព​ថាអាជ្ញាធរ​វៀតណាម​ពិត​ជា​បាន​ចាប់​ខ្លួន​លោក ដួង ខាយ ដោយ​សារ​តែការ​ចែក​ចាយ​ឯកសារ​ស្តីពី​សិទ្ធិជនជាតិ​ដើម​មែន។

វៀតណាម​ក៏​បាន​ចាប់​ផ្តើម​កាត់​ទោស​កំរិត​ធ្ងន់ប្រឆាំង​នឹង​សកម្មជន​សិទ្ធិមនុស្ស​ និង​ដីធ្លីពី​បទប្រឆាំង​នឹង​រដ្ឋ​វៀតណាមដែល​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ទង្វើនេះ​ថាជាការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ វៀតណាម​បន្ត​ប្រើប្រាស់​មធ្យោបាយ​ធ្វើទារុណកម្ម​ ដើម្បី​បង្ខំ​​សកម្មជន​សិទ្ធិ​មនុស្ស ឱ្យ​សារភាព​ទទួល​យក​ទោស​កំហុស ​ដែល​ពួកគេ​មិន​បាន​ប្រព្រឹត្ត។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោមដែល​បាន​ចុះហត្ថលេខា​លើ​ញាតិ្តស្នើ​ដល់​ប្រទេសជា​សមាជិក​អង្គការ​ប្រជាជាតិ​កុំឱ្យ​បោះឆ្នោត​គាំទ្រ​បេក្ខភាព​វៀតណាម កាល​ពី​សប្តាហ៍​មុនបាន​ដឹកនាំ​ប្រតិភូ​មួយ​ក្រុម​ទៅ​អង្គការ​សហប្រជាជាតិ​នៅ​បុរី ញូវយ៉ក (New York) ដើម្បី​​តស៊ូមតិ​ប្រឆាំង​នឹង​សមាជិកភាព​របស់​វៀតណាម។ សហព័ន្ធបាន​ដាក់​ញាតិ្ត​ឲ្យ​តំណាង​ប្រទេស​លោក​សេរី​នៅ​អង្គការ​សហប្រជាជាតិដើម្បី​ឲ្យ​ស្វែង​យល់​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​វៀតណាមនិង​បើក​កិច្ចប្រជុំ​ផ្សព្ធផ្សាយ​ព័ត៌មាន​ជុំវិញ​ការ​រំលោភ​បំពាន​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​កម្ពុជា​ក្រោម។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ប្រាក់ សេរីវុឌ្ឍ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថាប្រទេស​សេរី​ជា​ច្រើន​ប្រទេស​បាន​ស្វែង​យល់​អំពីការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​វៀតណាមហើយ​លោក​សង្ឃឹម​ថាប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នឹង​មិន​បោះឆ្នោត​គាំទ្រ​វៀតណាម​នោះ​ទេ៖ « ខ្ញុំស ង្ឃឹម​ថា គេ​នឹង​បោះឆ្នោត​ប្រឆាំង​កុំ​ឲ្យ​ចូល​ជា​អង្គការ​សិទ្ធិ​មនុស្ស​ហ្អឹង…ប៉ុន្តែបើ​វៀតណាម​នៅ​តែ​បាន​ជាប់​ដដែល សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម គ្មាន​អ្វី​ខាត​ទេ។ ពាក្យ​ចាស់​ថា កុំយក​ពងមាន់​ទៅ​ជល់​ហ្នឹង​ថ្ម វា​មិន​ឈ្នះ​ទេ ប៉ុន្តែ​ពង​មាន់​គប់​ច្រើន​ទៅ​ វា​នឹង​ធ្វើ​ឲ្យ​ប្រឡាក់​ថ្ម​ហ្នឹង»។

ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​ក្នុង​ប្រព័ន្ធ​អង្គការ​​សហប្រជាជាតិ ដែល​មាន​តួនាទី​ដើម្បី​ពង្រឹង​លើក​តម្កើងនិង​ការពារ​សិទ្ធិមនុស្ស​ជុំវិញ​ពិភពលោក​ដោះ​ស្រាយ​ការ​រំលោភ​សិទ្ធិមនុស្សនិង​ផ្តល់​អនុសាសន៍​ស្តីពី​បញ្ហា​សិទិ្ធមនុស្ស។ ក្រុម​ប្រឹក្សា​នេះមាន​សមាជិក៤៧ ​មក​ពី​ប្រទេស​ជាសមាជិក​អង្គការ​សហប្រជាជាតិ​ហើយ​តែង​ជួប​ប្រជុំ​គ្នា​មួយ​ឆ្នាំ​ម្តងដើម្បី​ជជែក​បញ្ហា​សិទ្ធិមនុស្ស​ពិភពលោកនៅ​ការិយាល័យអង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង ហ្សឺណែវ ​( Geneva) ប្រទេស ស្វីស (Switzerland)។

ប្រទេស​ជា​សមាជិក​ក្រុម​ប្រឹក្សាអង្គការ​សហប្រជាជាតិ​ជាង​ ១៩០​ប្រទេសនឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្សសម្រាប់​អាណត្តិបី​ឆ្នាំពី​ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ នៅថ្ងៃទី១១ ខែតុលានេះ។ សម្រាប់​អាណត្តិ​នេះមាន​ប្រទេស១៧ រួមទាំង​វៀតណាម​ផងប្រកួត​ដណ្តើម​យក​អាសនៈនៅ​សេសសល់​ចំនួន​១៤ ក្នុង​ចំណោម​សមាជិក​សរុប៤៧​ប្រទេស ​ដើម្បី​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។