ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងធ្វើដំណើរទៅអង្គការសហប្រជាជាតិនៅពេលឆាប់ៗខាងមុខនេះដើម្បីធ្វើយុទ្ធនាការស្វែងរកការគាំទ្រប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមដែលបានដាក់ពាក្យសុំធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណតិ្តបីឆ្នាំចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៥។សហព័ន្ធខ្មែរកម្ពុជាក្រោមលើកឡើងថាវៀតណាមគ្មានសមត្ថភាពធ្វើជា សមាជិក ស្ថាប័នសិទ្ធិមនុស្សកំពូលនេះទេ ដោយសារតែវៀតណាមកំពុងរំលោភសិទ្ធិ មនុស្សពលរដ្ឋខ្លួនឯងជាពិសេសខ្មែរកម្ពុជាក្រោម។
សហព័ន្ធខ្មែរកម្ពុជាក្រោមទទួលបានការគាំទ្រពីអង្គការអន្តរជាតិមួយចំនួនជុំវិញយុទ្ធនាការស្នើឲ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិកុំបោះឆ្នោតគាំទ្របេក្ខភាពវៀតណាមធ្វើជា សមាជិក ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមក៏នឹងធ្វើដំណើរទៅបុរីញ៉ូយ៉កដើម្បីជួបនឹងតំណាងអង្គទូតនិងតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិដើម្បីសុំការគាំទ្រពីប្រទេសទាំងនោះប្រឆាំងនឹងបេក្ខភាពរបស់វៀតណាម។
អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ចៅ មុន្នី ប្រាប់វិទ្យុអាស៊ីសេរីថា សហព័ន្ធធ្វើយុទ្ធនាការប្រឆាំងបេក្ខភាពរបស់វៀតណាមដោយសារតែវៀតណាមបន្តបំពានការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពសន្ធិសញ្ញាសិទ្ធិមនុស្សនិងសិទ្ធិជនជាតិដើម៖ «ធ្វើម្ត៉េចដើម្បីរដ្ឋាភិបាលយួនហ្នឹងគោរពសិទ្ធិមនុស្សដើម្បីឲ្យរដ្ឋាភិបាលយួនគោរពសិទ្ធិមនុស្សមានតែយើងត្រូវយករឿងទាំងអស់ហ្នឹងទៅដើម្បីទៅប្រាប់ប្រទេសមួយចំនួនពីព្រោះវាជាឱកាសរបស់សហព័ន្ធ ។ ក្រៅពីសំបុត្រយើងផ្ញើទៅប្រទេសមួយចំនួនហ្នឹងយើងក៏ដាក់សំណួរឲ្យរដ្ឋាភិបាលយួនហ្នឹងខំប្រឹងធ្វើរឿង ២២ គឺត្រូវគោរពសិទ្ធិមនុស្សសាសនា ទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើមការងារទាំងអស់ហ្នឹង ធ្វើម្ត៉េចបើរដ្ឋាភិបាលវៀតណាមចង់ធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវគោរពសិទ្ធិមនុស្សជាមុនសិន»។
ញ្ញត្តិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមដែលដាក់ទៅតំណាងអង្គទូតប្រទេសសមាជិកអង្គការសហប្រជាជាតិបានសំដែងក្តីបារម្ភជុំវិញបេក្ខភាពរបស់វៀតណាមដែលមានប្រវត្តិរំលោភសិទ្ធិមនុស្ស។ សហព័ន្ធលើកឡើងថា ប្រសិនបើ វៀតណាមជាប់ឆ្នោតមែននោះវានឹងអាចប៉ះពាល់ដល់ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិមួយនេះ។
កាលពីពេលថ្មីៗនេះអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំវៀតណាមសំដែងក្តីបារម្ភជុំវិញការឃាត់ខ្លួនយុវជនខ្មែរក្រោមលោក ដួងខាយ ដោយចោទប្រកាន់លោករឿងចែកចាយឯកសារសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម។វៀតណាមក៏ចាប់ផ្តើមកាត់ទោសមានលក្ខណៈធ្ងន់ធ្ងរទៅលើសកម្មជនសិទ្ធិមនុស្សនិងដីធ្លីពីបទប្រឆាំងនឹងរដ្ឋវៀតណាមដែលអង្គការសហប្រជាជាតិចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
យុទ្ធនាការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនេះកើតឡើងក្រោយពេលក្រសួងការបរទេសវៀតណាមប្រកាសថាវៀតណាមចង់ក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណតិ្តបីឆ្នាំពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ វៀតណាមអះអាងថា រដ្ឋាភិបាលកុម្មុយនីស្តមួយនេះនឹងប្តេជ្ញាការពារជនងាយរងគ្រោះបំបាត់អំពើហិង្សាលើកតម្កើងសមភាពយេនឌ័រនិងដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក។ វៀតណាមធ្លាប់ក្លាយជាសមាជិកក្រុមប្រឹក្សានេះម្តងរួចហើយកាលពីចន្លោះឆ្នាំ២០១៤និង២០១៦។
ពាក់ព័ន្ធនឹងរឿងនេះអនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ម៉ៅ មុន្នី អះអាងថា វៀតណាមនឹងពិបាកទទួលបានជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណតិ្តនេះដោយសារតែវៀតណាមបានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិព្យួរសមាជិកភាពរបស់រុស្ស៊ី (Russia) ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិដោយសារតែប្រទេសនេះធ្វើសង្គ្រាមឈ្លានពានលើប្រទេសអ៊ុយគ្រែន (Ukraine)។
លោក ម៉ៅ មុន្នីចោទសួរថា តើគេគួរឲ្យវៀតណាមធ្វើជាសមាជិកស្ថាប័នសិទ្ធិកំពូលដែរទេនៅពេលដែលវៀតណាមការពារប្រទេសរំលោភសិទ្ធិមនុស្សដូច្នោះ៖ «ឥឡូវអ្វីដែលធ្ងន់ជាងគេរដ្ឋាភិបាលយួនបាក់មុខហ្នឹងពេលអង្គការសហប្រជាជាតិបោះឆ្នោតទម្លាក់ប្រទេសរុស្ស៊ីចេញពី (Human Rights Council) ហ្នឹងរដ្ឋាភិបាលបោះឆ្នោតគាំទ្រ ( រុស្ស៊ី ) រឿងហ្នឹងធ្វើឲ្យប្រទេសមួយចំនួនមើលរដ្ឋាភិបាលយួនឡើងវិញតើរដ្ឋាភិបាលយួនធ្វើត្រឹមត្រូវដែរទេ។បើរដ្ឋាភិបាលយួនគាំទ្រប្រទេសដែលឈ្លានពានប្រទេសគេហ្នឹងរដ្ឋាភិបាលយួននឹងពិបាកឆ្លើយនឹងក្រុមប្រឹក្សាសិទ្ធិមនុស្សដែរ»។
បច្ចុប្បន្ន ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមានសមាជិក១៥ប្រទេសដែលបានចាប់ផ្តើមអាណត្តិតាំងពីដើមឆ្នាំ២០២១។ អង្គការសហប្រជាជាតិនឹងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅចុងខែតុលាឬដើមខែវិច្ឆិកាខាងមុខនេះ។សម្រាប់អាណត្តិនេះមានប្រទេសចំនួន៧បានដាក់បេក្ខភាពប្រកួតប្រជែងគ្នាដើម្បីយកកៅអីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួន ៤ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។